សង្គម​ស៊ីវិល​ធ្វើ​ធម្មយាត្រា​ឆ្លងខេត្ត​ ជំរុញ​ឱ្យមេដឹកនាំ​ស្តារ​ប្រជាធិបតេយ្យ​ កុំឱ្យរបូត EBA

ក្រុមអង្គការសង្គមស៊ីវិល ធ្វើធម្មយាត្រាថ្មើរ​ជើង ពីខេត្ត​កំពត មក​រាជធានីភ្នំពេញ រយៈ​ពេល​៣ថ្ងៃ ដើម្បី​ផ្ញើសារ​ទៅ​មេដឹកនាំ ឱ្យ​ស្តារលទ្ធិ​ប្រជាធិបតេយ្យ កុំ​ឱ្យ​របូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅសល់ ៨០% ដោ​យថា ការ​បាត់​បង់​ប្រព័ន្ធ​នេះ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់​ធ្ងរ​ដល់​ជីវភាព​ពលរដ្ឋ​ច្រើន​លាននាក់។

បើ​តាម​សង្គម​ស៊ីវិល ធម្មយាត្រា​នេះ​ដើម្បី​ត្រៀម​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ធ្នូ នៅ​ពេល​ខាង​មុខនេះ​ផង និង​យក​ឱកាស​នេះ ​ជំរុញ​ឱ្យរដ្ឋាភិបាល​គិត​គូរ​ពី​ជីវភាព​ពលរដ្ឋ ក្រោយ​សភា​អឺរ៉ុប​ព្រមាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ ៨០% ជុំ​វិញ​ការ​រំលោភ​សិទ្ធ​មនុស្ស​នៅកម្ពុជា។

ប្រធាន​សមាគម​ការពារសិទ្ធិមនុស្សអាដហុក​លោក នី សុខា ដែល​ចូលរួម​ក្នុង​ធម្មយាត្រា បាន​ប្រាប់​ VOD ថា សកម្មភាព​នេះ ធ្វើ​ឡើង​រយៈពេល​ ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ​ដល់ថ្ងៃទី៨ ខែធ្នូ ដោយ​ថ្មើ​ជើង​​ដើរ​ចេញ​ពីរង្វង់មូល​ធូរ៉េន ខេត្តកំពត ឆ្ពោះ​មក​រាជធានីភ្នំពេញ។

មន្រ្តី​សិទ្ធិ​មនុស្ស​រូប​នេះ បញ្ជាក់​ថា គោល​បំណង​សំខាន់ គឺដើម្បី​ផ្ញើសារ​ឱ្យ​រដ្ឋាភិបាល គោរព​សិទ្ធិ​មនុស្ស លើក​កម្ពស់​យុត្តិធម៌​សង្គម​ឡើង​វិញ ខណៈ​លោក​ថា​សិទ្ធិ​សេរីភាព​ក្នុង​ការ សិទ្ធិ​បញ្ចេញ​មតិ ការ​ជួប​ជុំ និង​សិទ្ធិ​នយោបាយ ជាដើម​កំពុង​រង​ការ​រឹតត្បិត​ គួរ​ឱ្យព្រួយ​បារម្ភ។

លោកថា៖ «ប្រទេស​កម្ពុជា កំពុង​តែ​មាន​ស្ថានភាព​សិទ្ធិ​មនុស្ស​មិនល្អ​ប្រសើរ​ទេ ​ដួច​យើង​បាន​ដឹង​ស្រាប់​ទាក់ទង​បញ្ហា​ធ្លាក់ចុះ​នៃ​សិទ្ធិមនុស្ស​ពិសេស​ទាក់ទង​នឹង​សិទ្ធិ បញ្ចេញ​មតិ​ សិទ្ធិ​ជួប​ជុំ សិទ្ធិ​ចូល​រួម​សកម្ម​របស់​មនុស្ស នៅក្នុង​សង្គម​ នៅក្នុង​នយោបាយ  យើង​ឃើញ​ថា មាន​ការ​រឹតត្បឹត​ មាន​ការ​ធ្លាក់ចុះ។ នេះជា ចំណុចនៃការព្រួយបារម្ភ​របស់​យើង »

បើ​តាម​លោក នី សុខា ធម្មយាត្រា​ថ្មើ​ជើង​នៅថ្ងៃ​ដំបូង​នេះ មាន​អ្នក​ចូលរួម​ប្រមាណ ៥០នាក់ ដោយ​មិន​មាន​ការរារាំង​ពី​សំណាក់​អាជ្ញាធរ​ទេ​ប៉ុន្តែ​ក៏​មាន​ការ​តាម​ថត​រូប​ពី​អាជ្ញាធរ​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (CHRAC) លោក រស់ សុដ្ឋា ដែល​ដើរ​ហែរ​ក្បូន​ដែរ​​នោះ បាន​ប្រាប់ថា លោក​ព្រួយបារម្ភ​ខ្លាំង​ចំពោះ​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា បើ​រដ្ឋាភិបាល​មិន​ស្តារ​សិទ្ធិ​មនុស្ស​ឡើងវិញ​ដែល​នាំឱ្យ​ប្រឈម​ការសើរើ​ប្រព័ន្ធ​អនុគ្រោះពន្ធ​ EBA ដែល​នៅ​សល់ ៨០% ពីសភា​អឺរ៉ុប។

លោក ចាត់​ទុក​ថា នេះ​ជា​ទម្រង់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បន្ថែម​ទៀត សម្រាប់​កម្ពុជា ខណៈ​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ២០% កន្លង​ទៅ​ជា​សោកនាដកម្ម​មួយ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ពួក​គេ​ប្រឈម​វិបត្តិ​ជីវភាព​ដល់សព្វ​ថ្ងៃ។

លោកថា៖ «ប្រជា​ពលរដ្ឋ​យើង​គ្រប់ទិសទី​តែងតែ​លឺគាត់ ត្អូញពី​រឿង​បញ្ហា​ជំពាក់​បំណុល ធនាគារ។ ចឹង​ហើយ វិបត្តិ​សេដ្ឋកិច្ចពិភពលោក ដែល​ជះ​ឥទ្ធិពល​កូវីដ១៩ និង​សង្រ្គាម​ក្នុង​ពិភពលោក ធ្វើ​ឱ្យ​កម្ពុជា​មាន​ការ​លំបាក​បណ្តើរៗ​ហើយ។ ការ​បាត់​បង់ EBA ២០% ជា​ការ​រួមចំណែក​មួយ​ធ្វើឱ្យ​កម្ពុជា មាន​ស្ថានភាព​បច្ចុប្បន្ន បើ​បាត់​អស់​ ៨០% ទៀត​យើង​ស្រមៃ​មើល​ការប៉ះពាល់​ទំហំ​ប៉ុណ្ណា ព្រួយ​បារម្ភ​ធំ​ដែរ​សម្រាប់​ខ្ញុំ»។ 

ជុំវិញ​រឿងនេះ អ្នកនាំ​ពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត ឆ្លើយ​តប​ថា ការ​ដើរ​ហែរ​ក្បូន​នេះ​ហើយ ឆ្លុះ​បញ្ចាំង​​ពី​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែល​គ្មាន​ការ​រឹតត្បឹត​នោះ ហើយ​ថា​ចំពោះ​អ្នក​ល្មើស​ច្បាប់​វិញ​ នឹង​ត្រូវ​ជាប់​ទោស​ដោយ​មិនអនុវវត្ត​ចំពោះ​អ្នក​នយោបាយ​ប្រឆាំង សកម្មជន​សង្គម អ្វី​នោះ​ទេ។ ចំពោះ​បញ្ហា EBA វិញ លោក​ថា​រដ្ឋាភិបាល​មិន​ខ្វល់​ទេ ព្រោះ​មុន​នឹង​ក្រោយ​គង់​តែ​បាត់​បង់​នៅ​ពេល​កម្ពុជា​ក្លាយ​ជា​ប្រទស​អ្នកមាន​នៅ​ថ្ងៃ​មុខ។

លោកថា៖​​ «សម្តេច​តេជោ ហ៊ុន សែន លោក​បាន​លើក​ហើយ​ថា មិន​អាច យក​ឯករាជ្យ និង​អធិបតេយ្យភាព​ដោះ​ដូរ​យក EBA ពីពួក​អ៊ឺរ៉ុបមក​ទេ។ យើង​ត្រូវ​យល់​ថា អត់ EBA ក៏​ទំនិញ​កម្ពុជា នៅតែ​ត្រូវបាន​នាំចូល​ទៅ ទី​ផ្សារ​សហភាព​អឺរ៉ុបដែរ គ្រាន់​តែ យើង​បង់​ពន្ធ​ឱ្យ​គេ​តែ​ប៉ុណ្ណោះ​ទេ ជា​ក្រឹត្តិក្រម​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម ព្រោះ​មាន​ផល​ទៅ​វិញ​ទៅ​មក យើង​នាំ​ទំនិញ​ទៅ​ប្រទេស​គេ យើង​​គោរព​ច្បាប់​​គេ​​អ្នក​ឯង​ឱ្យ​លើក​ពន្ធ​យើង​អរ តែ​អ្នក​ឯង​មិន​ឱ្យ​ទេ យើង​ក៏​ជា​អ្នក​ជំនួញ​មួយ​ដែរ បង់​ឱ្យ​គេ​ទៅ​មាន​ស្អី។ រឿង EBA នេះ កុំ​ព្រួយ​បារម្ភ​អី អ្នក​ប្រឆាំង​ចេះ​តែ ទាញ​អាហ្នឹង​មក​វាយ​ប្រហារ​លើ​រដ្ឋាភិបាល ស្អែក ខាន​ស្អែក ប្រទេស​កម្ពុជា​ទៅ​ជា ប្រទេស​មាន​ចំណូល​ខ្ពស់​ហើយ​អាហ្នឹង​វាបាត់​ឯង »។

យ៉ាង​នេះក្តី តំណាង​រាស្រ្ត​គណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន ចាត់ទុកការ​ឆ្លើយតប​របស់ លោក សុខ ឥសាន្ត ឆ្លុះ​បញ្ជាំង​ពី​មន្រ្តី​ដែល​មិន​បាន​គិត​គូរ​ពីសុខ​ទុក្ខ​រាស្រ្ត ដោយ​ថា​ពលរដ្ឋ​នឹង​ត្រូវ​ប្រឈម​វិបត្តិ​ជីវភាព​ធ្ងន់ធ្ងរ បើ​បាត់​បង់ EBA ដែល​នៅ​សល់​ចុង​ក្រោយ ៨០% នេះ។

បើតាម លោក អ៊ំ សំអាន គ្រាន់​តែ​បាត់បង់​ប្រព័ន្ធ EBA ២០% ពលរដ្ឋ​កម្ពុជា​បាន​ប្រឈម​វិបត្ត​ជីវភាព​ធ្ងន់ធ្ងរ វិបត្តិ​បំណុល ខ្លះ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ដែល​នេះ​មាន​ន័យ​ថា ពលរដ្ឋ​កំពុង​តែ​ក្លាយ​ជារង​ថ្ម​បាក់​ ពីការ​ដឹកនាំ​របស់​គ្រួសារ​ហ៊ុន​ ពីការ រំលោភ​សិទ្ធិ​មនុស្ស និងប្រជា​ធិបតេយ្យ​ច្រើន​ឆ្នាំ​ទៅ​នេះ។

លោកថា៖ «លោក សុខ ឥសាន្ត ត្រកូនហ៊ុន គណបក្ស​ប្រជាជន ជាមនុស្សអាត្មានិយម ឱ្យតែការពារ​អំណាច​ខ្លួនឯង​បាន ការពារ​អំណាច​ត្រលកូល​ហ៊ុន​បាន អត់​ខ្វល់​ពី​សុខ​ទុក្ខ ប្រជាពលរដ្ឋ​ អត់ខ្វល់ពី​ជីវភាព​របស់​ប្រជាពលរដ្ឋ​ អត់​ខ្វល់​ពី​ឆ្នាំង​បាយ​របស់​កម្មករ ពេល គេ​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ១០០% ប្រាកដជាមាន​រោងចក្រ​ជា​ច្រើន​ថែម​ទៀត នឹង​បិទ​ទ្វារ កម្មករ​ជា​ច្រើន​ទៀត​នឹង​ត្រូវ​គេព្យួរ​ការងារ ពេល​ហ្នឹង​ប្រជាពលរដ្ឋ​ដែល​លក់ដូរ​ ក៏​លក់​មិន​ដាច់ កម្មករ​ក៏​អត់​ការងារ​ធ្វើ ចឹង​មាន​តែ​ចំណាកស្រុក​ទៅ​ធ្វើការ​នៅ​ថៃ និង​ជំពាក់​លុយ​ធនាគារ​​វ័ន្ត​ក វេទនា​តែ​ប្រជាពលរដ្ឋ​ ប៉ុន្តែ​​ត្រកូល​ហ៊ុន និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​គេ​ម៉េច​វេទនា មាន​លុយ​រាប់លាន​ដុល្លារ​ ពី​អំ​ពើ​ពុក​រលួយ ការ​ជញ្ជក់​ឈាមរាស្រ្ត »

បន្ថែម​លើ​នេះ អ្នក​នយោបាយ​បក្សក្រៅ​រដ្ឋាភិបាល​រូប​នេះ បញ្ជាក់​ថា បើ​និយាយ​ពី​ការ​រំលោភ​អធិបតេយ្យភាព​វិញ វា​គ្មាន​ពាក់​ព័ន្ធ​ជាមួយ​ប្រព័ន្ធ EBA នោះ​ទេ ព្រោះ​សភាអឺរ៉ុប​គ្រាន់​តែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​ស្មារតី​ច្បាប់​​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ និង​ស្តារ​ប្រជាធិបតេយ្យ​តប​ឱ្យ​ប្រសើរ​ឡើង​តែ​ប៉ុណ្ណោះ។

លោកថា៖ «រំលោភ​អធិបតេយ្យភាព​របស់​កម្ពុជា ហេតុ​អី​ឱ្យ​ប្រទេស​ជិតខាង ប្រទេស​យួន ប្រទេស​សៀម​អី រំលោភ​បូរណៈភាព ទឺក​ដី​កម្ពុជា​ហេតុ​អី​បាន កម្ពុជា​ហ្នឹង​ឱ្យ​វៀតណាម ឱ្យ​ចិន​ហ្នឹង រំលោភ​អធិបតេយ្យភាពរបស់​កម្ពុជា យក​កម្ពុជា​ជាឈ្នាន់​របស់​ខ្លួន បើ​សិន​ជា​ថា អត់​រណប​បរទេស អត់ប្តូរអធិបតេយ្យភាពរបស់​កម្ពុជា​ ឯករាជ្យភាព​របស់​កម្ពុជា មិន​ត្រូវ​ធ្វើ​ជា​កូន​ជើង​របស់​យូន របស់ចិន​ទេ ដូចច្នេះ​អ្វីៗ​​គាត់​និយាយ​ថា មិន​យក​អធិបតេយ្យភាព​ទៅដូរ EBA មិន​មែន​ជា​ការពិត​នោះទេ​ តាម​ពិត​គាត់​ចង់​ការពារ អំណាច​តពូជ​របស់​ត្រកូល​ហ៊ុន តែ​ប៉ុណ្ណោះ​ឯង »។  

សភាអឺរ៉ុប កាល​ពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៤  ជំរុញ​ឱ្យ​គណៈកម្មការ​អឺរ៉ុប និង​សហភាព​អឺរ៉ុប សើរើ​ឡើងវិញ​អំណោយ​ផល​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ដែល​នៅ​សល់​ចំនួន​ ៨០% ជាមួយ​កម្ពុជា និង​ពិចារណា​លើវិធាន​ដាក់​ទណ្ឌកម្ម​ជាក់លាក់​ លើ​ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ ដែល​ជាការ​ឆ្លើយ​តប​ទៅ​នឹង​ការ​មិន​អើ​ពើ​ស្តារ​ប្រជាធិបតេយ្យ ពី​សំ​ណាក់​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

សភា​អឺរ៉ុប ក៏​ជំរុញ​ឱ្យសហភាព​អឺរ៉ុប និង​រដ្ឋ​សមាជិក​របស់ខ្លួន ចាត់​វិធានការ​ជាបន្ទាន់ និង​ប្រកប​ដោយ​ប្រសិទ្ធភាព ដាក់​ទណ្ឌកម្ម​ជាក់​លាក់​លើ​ក្រុម​មនុស្ស​ទាំង​ឡាយ​ណា​ដែល​ទទួល​ខុស​ត្រូវ​លើការ​រឹតត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​រហូត​ទាល់តែ​អ្នក​ទោសនយោបាយ​ទាំងអស់​ត្រូវ​បាន​ដោះ​លែង។ ជុំវិញ​ការ​មិន​អើ​ពើ​ស្តារ​ប្រជាធិបតេយ្យ​វិញ សភាអឺរ៉ុប​បាន ថ្កោល​ទោស ពីការ​រួម​តូច​លំហ​សង្គម​ស៊ីវិល​នៅ​កម្ពុជា និង​អំពាវនាវ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​រាល់​អ្នកទោស​នយោបាយ សកម្មជន អ្នកកាសែត អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​តួអង្គ​សង្គម​ស៊ីវិល​ដ៏​ទៃ​ទៀត​ទាំង​អស់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​ ដែល​មាន​ចរិត​នយោបាយ។

ដោយ៖ លោក​ សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ