នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត អំពាវនាវឱ្យមានការផ្សព្វផ្សាយ ពីក្រមាខ្មែរដែលត្រូវបានដាក់បញ្ជូលជាបេតិកភណ្ឌវប្បធម៌ពិភពលោក ដោយថា ជាមោទនភាពជាតិ ក្នុងអាណត្តិទី៧របស់លោក។ នេះបើតាមលិខិតចំហមួយរបស់រដ្ឋាភិបាល ចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
លោក ហ៊ុន ម៉ាណែត បាននិយាយថា ការដែលអង្គការយូណេស្កូបានអនុម័ត យល់ព្រមចុះ «ក្រមា» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាមោទនភាពថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលបានសម្រេចនូវសមិទ្ធផល សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល។
ការចុះបញ្ជីនេះបានផ្តល់នូវតម្លៃដូចគ្នាចំពោះកម្ពុជា និងសហគមន៍អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ។
ក្រៅពីនេះលោក ហ៊ុន ម៉ាណែត ក៏បានសម្តែង នូវអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាល ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់។ លោកសង្កត់ធ្ងន់ថា ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ លោកអំពាវនាវ ចំពោះស្ថានីយ៍វិទ្យុ ទូរទស្សន៍ និង បណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ ដែលជាមោទនភាពជាតិដ៏មាន សារៈសំខាន់នេះឱ្យបានទូលំទូលាយបំផុត។
ដោយ៖ លោក សែន សច្ចៈ