លោក អ៊ុំ សំអាន បញ្ចេញ​ផែន​ទី​សម័យ​សង្គមរាស្ត្រ​និយម​បង្ហាញ​ថាកោះ​គុត​ជា​របស់ខ្មែរ

អ្នក​មាន​បទពិសោធន៍​ខាង​ព្រំដែន​ លោក អ៊ុំ សំអានបង្ហាញ​ភស្តុតាង​ផែនទី​ថ្មី​មួយទៀត របស់ អ្នក​ជំនាញ​ព្រំដែន នាសម័យ​សង្គ​ម​រាស្រ្តនិយ​ម ដែល​មន្ត្រី​ជំនាញ​ព្រំដែន​នា​សម័យនោះ​ គឺលោក ស៊ាន ប៉េងសែ បាន​ចង​ក្រង​ និង​បញ្ជាក់ថា កោះគុត​ជា​របស់​ខ្មែរ ខណៈ​កោះ​នេះ​ថៃ​កំពុង​គ្រប់​គ្រង។

ការ​បង្ហាញ​នេះ ចំ​ពេល​ដែល​មេ​ដឹកនាំ​ខ្មែរ​គ្រួសារ​ហ៊ុន គ្រង​អំណាច​ជាង ៤ទសវត្សរ៍ ទៅនេះ នៅ​រក្សា​ភាព​​ស្ងៀម​ស្ងាត់ មិនប្តឹង​ករណីកោះគុត ទៅតុលាការ​អន្តរជាតិ ដើម្បី​ទាមទារ ទោះ​ថៃ​កំពុង​គ្រប់​គ្រង​ទាំង​ស្រុង។

លោក អ៊ុំ សំអាន ឱ្យដឹងនៅថ្ងៃ ទី៦ ខែធ្នូ នេះថា បើ​តាម​សៀវភៅ​ព្រំដែន​ដែល​ចង​ក្រង​ដោយ​អតីត​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​ នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​នៃ​កោះគុត ​ជារបស់កម្ពុជា។

លោក​បន្ត​ថា សៀវភៅ​នេះ​សរសេរថា «ព្រំប្រទល់ រវាង​ប្រទេសឥណ្ឌូចិន(កម្ពុជា) និងសៀម ចាប់​ផ្តើម​ពីមាត់​សមុទ្រ ចំ​ត្រង់​ចំណុច​មួយ​នៅ​ពី​មុខ​កោះ​គុត ហើយ​កាត់​ត្រង់​ទៅ​លើ​កំពូល​ខ្ពស់​ជាង​គេ​បំផុត»។

ប្រភព​នោះសំអាង​ថា លោក ស៊ាន ប៉េងសែ ជាបិតា​ព្រំដែន​សមុទ្រ​កម្ពុជា និង​ជា​អ្នកជំនាញ​ព្រំដែន​ទី២​របស់​កម្ពុជា បន្ទាប់​ពីបិតា​ព្រំដែន​កម្ពុជា លោក​បណ្ឌិត សារិន ឆាក។

សម្រាប់​លោក អ៊ុំ សំអាន  លោក ស៊ាន ប៉េងសែ ជាវិស្វករ ជា​អតីត​រដ្ឋមន្រ្តី​ក្រសួងរ៉ែ និង​ថាមពល និង​ជា​អតីត​ប្រធាន​គណៈ​កម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង គាត់​ជា​អ្នក​គូស​ផែនទី​សមុទ្រ​កម្ពុជា​ចំនួន​ជិត ១០ផ្ទាំង ក្នុង​សម័យ​សង្គមរាស្រ្តនិយម (សម័យសម្តេចសីហនុ) និងសម័យ​លោក នល់ ណុល។

ផែនទី​ទាំង​នេះ ភ្ជាប់​នឹង​ក្រិត្យ​ស្តី​ពី​ខ្ពង់​រាប​ដែន​សមុទ្រ​កម្ពុជា​របស់​លោក លន់ ណុល ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៧២។ លោក ស៊ាន ប៉េងសែ បានស្លាប់​នៅឆ្នាំ​២០១៨។

លោក អ៊ុំ សំអាន គូស​បញ្ជាក់​ថា ការ​បន្ត​បង្ហាញ​ភស្តុតាង​នេះ ដើម្បី​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ឱ្យ​ដឹង​ថា កោះ​គុត​ជា​កម្មសិទ្ធិ​របស់ខ្មែរ ខណៈ​គ្រួសារ​ហ៊ុន​រក្សា​ភាព​ស្ងៀម​ស្ងាត់ មិន​ប្តឹង​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ។

លោកថា៖ «លោក ស៊ាន ប៉េងសែ គាត់​ជាអ្នក​ជំនាញ​ព្រំដែន ហើយ​បើ​គិត​ទៅ​តាម​ផែនទី​ដែល​គាត់​គូស​ហ្នឹង គឺ​បញ្ជាក់​ថា​កោះគុត​ជា​របស់​កម្ពុជា​ផង​ដែរ ព្រោះ​ដែល​គាត់​គូស​ហ្នឹង ព្រំ​ដែន​សមុទ្រ​រវាង​កម្ពុជា និង​ថៃ​ដើរ​តាម​ចំណុច​ខ្ពស់​បំផុត​នៃកោះ​គុត ហើយ​ចំណុច​ខ្ពស់​បំផុត​នៃកោះ​គុត​ហ្នឹង យ៉ាង​ហោច​ណាស់​យើង​បាន​ពាក់​កណ្តាល​នៃកោះ​គុត​ ហើយ​អ្វី​ដែល​គាត់​គូស​ផែនទី​សមុទ្រ​នឹង គឺ​សំអាង​ទៅ​លើ​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧​ ហើយ​និង​អនុសញ្ញា​ទីក្រុង​ហ្ស៊ឺ​ណែវ​ឆ្នាំ១៩៥៨ ស្តី​ពី​ខ្ពង់​រាប​បាតសមុទ្រ»

លោក​បន្ត​ថា ទឹកដី​កម្ពុជា​នឹង​បន្ត​បាត់​បង់​បន្ថែម​ទៀត ក្រោម​ស្នាដៃ​គ្រួសារហ៊ុន បើ​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​នៅ​តែ​ខ្លាច​រអា​ មិន​ហ៊ាន​ងើប​រើ​បម្រះ​ទាម​ទារ​ឱ្យ​គ្រួសារ​នេះ​ប្តឹង​ករណី​កោះគុត ទៅ​តុលាការ​អន្តរជាតិ។

លោកថា៖ «គ្រួសារ​ហ៊ុន​មិន​អើ​ពើ​កោះ​គុត​ ហ្នឹង​ដោយ​សារ​លោក ហ៊ុន​ សែន គាត់​បាន​កាត់​កោះ​គុត​ទៅ​ឱ្យ​ថៃ​តាម MOU តាំង​ពី​ឆ្នាំ​២០០១ ម្ល៉េះ អញ្ចឹង​ហើយ​បាន​ជា​ទាំង​ឳ​ ទាំង​កូន​ មិន​ហ៊ាន​ប្រកាស​ថា​កោះ​គុត​ជា​របស់​កម្ពុជា​ទេ ក៏ប៉ុន្តែ​ដូច​ដែល​ខ្ញុំ​ថា​ចឹង​គាត់​អត់​ទាន់​ហ៊ាន​ប្រកាស​ការ​កាត់​កោះ​គុត​ជា​ផ្លូវ​ការ​ទៅ​ឱ្យ​ថៃ​នោះ​ទេ ព្រោះ​ដូច​ដែល​គាត់​បាន​ប្រាប់​អតីត​រដ្ឋមន្រ្តី​ការបរទេស​ថៃ​ចឹង ថា​កុំ​ទាន់​អាល​ប្រកាស បើ​សិន​ជា​ប្រកាស អាច​មាន​បញ្ហា​ផ្ទៃ​ក្នុង​របស់​កម្ពុជា ហើយ​ខ្លាច​ប្រជាពលរដ្ឋ​បះបោរ»

បន្ថែមពីនេះ សកម្មជន​គណបក្ស​ប្រឆាំង​ដែល​លោក ហ៊ុន សែន ​ប្រកាស​ប្រមាញ់​ចាប់​ខ្លួន គឺលោក ផន ផាន់ណា និយាយ​ប្រាប់​ វីអូឌី នៅថ្ងៃនេះថា គ្រួសារ​លោក​ ហ៊ុន សែន គ្មាន​ឆន្ទៈ​ការពារ​បូរណភាព​ទឹកដី​របស់​ដូន​តា​ទេ ដែល​លោក​បារម្ភ​ថា កោះ​គុត​នឹង​ធ្លាក់​ក្នុង​ដៃ​ប្រទេស​ថៃ​រហូត បើ​គ្មាន​ចរន្ត​ដាក់​សម្ពាធ​មេ​ដឹក​នាំ​ឱ្យ​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ទាម​ទារ​ត្រឡប់​មក​វិញ​ទេ​នោះ។

លោកថា៖«យើង​ឃើញ​ថា​ ក្រោម​ការ​ដឹក​នាំ​របស់លោក ហ៊ុន សែន ទឹក​ដី​កម្ពុជា​យើង​ឃើញ​ថា​បាត់​ទាំង​ស្រស់ៗ​ដូច​ជា​បាត់​ក្នុង​ទឹក​ដីកោះ​ត្រល់​យើង​ឃើញ​ជា​គំរូ​មួយ​ហើយ​ ដែល​មាន​សន្ធិ​សញ្ញា​បំ​ពេញ​បន្ថែម​ឆ្នាំ២០០៥ ហ្នឹង​គឺ​យើង​ធ្វើ​ឱ្យ​បាត់​បង់​កោះ​ត្រល់​ហ្នឹង ហើយ​ដូច​ជា​មាន​ករណី​ដោះ​ដូរ​ដីតាម​ព្រំ​ដែន​អី​ជា​ដើម​ហ្នឹង យើង​ឃើញ​ថា​ភាគី​កម្ពុជា​យើង​​បាត់​បង់​ទឹក​ដី​តាម​ព្រំដែន​ជាច្រើន​គីឡូ​ម៉ែត្រ​ការ៉េ»

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយ​ប្រាប់ វីអូឌី ថា ក្រុម​អ្នក​ទាមទារ​ករណីកោះ​គុត ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​យក​ករណី​កោះ​គុត​ធ្វើ​ជា​នយោបាយ​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។

លោក​បន្ត​ថា បញ្ហា​កោះ​គុត​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កំពុង​ចចារ​គ្នា ស្វែង​រក​ដំណោះ​ស្រាយ​រួម ដើម្បី​បញ្ចៀស​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា ឬ​មើល​មុខ​គ្នា​មិន​ចំ ដូច្នេះ​លោក​ថា​កុំ​បញ្ឆេះ​កំហឹង​ឱ្យ​ផ្ទុះ​សង្រ្គាម។

លោកថា៖ «ខ្ញុំ​ចោទ​ប្រកាន់​តែ​ម្តង​​ ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ខ្លួន​ឯង​រត់​ចោល​ស្រុក បាន​ជា​ខ្លួន​ឯង​ហ្នឹង​ក្បត់​ជាតិ​ហើយ អត់​មាន​គិត​ពី​ទឹក​ដី​ទេ ហើយ​ឥឡូវ​ខ្លួន​ឯង​ទៅ​រស់​នៅ​ក្រៅ​ប្រទេស ខ្លួន​ឯង​អាង​តែ​និយាយ​បាន​តាម​អំពើ​ចិត្ត អាហ្នឹង​ខ្លួន​ចេះ​តែ​ចោទ​ប្រកាន់​មក​លើ​រាជរដ្ឋាភិបាល»

ដោយ​ឡែក ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា ការ​មិន​អើ​ពើ​ប្តឹង​ ករណី​កោះ​គុត​ទៅ​តុលា​ការ​អន្តរជាតិ ឆ្លុះ​បញ្ចាំង​ថា មេ​ដឹក​នាំ​គ្រួសារ​ហ៊ុន​គ្មាន​ឆន្ទៈ​ការ​ពារ​កោះ​គុត​នោះ​ទេ។

លោក​បន្ត​ថា កម្ពុជា​មាន​ភស្តុតាង​គ្រប់​គ្រាន់ ដើម្បី​ប្តឹង​ទៅ​អន្តរជាតិ​ទាមទារ​កោះ​គុត​ពីថៃ ដូច្នេះ​ការ​គំរាម​ផ្ទុះ​សង្រ្គាម​ជា​មួយ​ប្រទេស​ជិត​ខាង ជា​លេស​មេ​ដឹក​នាំ​ចង់​បិទ​បាំង​កំហុស​ខ្លួន​កាត់​ដី​ឱ្យ​បរទេស​​ប៉ុណ្ណោះ។

ម្យ៉ាង​វិញ​ទៀត​លោក​ថា នេះ​ជា​យុទ្ធ​សាស្រ្ត​ទុច្ចរិត​របស់​មេ​ដឹក​នាំ​គ្រួសារ​ហ៊ុន ចង់​បម្រើ​មហិច្ចតា​ឈ្លាន​ពាន​របស់​បរទេស​លេប​ទឹក​ដី​របស់​ដូនតា ដើម្បី​ការពារ​អំណាច​ផ្តាច់​ការ ​ត​ត្រកូល​របស់​ខ្លួន។

លោកថា៖ «មេ​ដឹក​នាំ​ ដែល​គិត​​តែ​​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ដើម្បី​ការពារ​អំណាច​ហ្នឹង ពឹង​ពួក​បរទេស​ជិត​ខាង​ហ្នឹង​ឱ្យ​មក​ជួយ​ការពារ​ដែរ គឺ​ការពារ​អំណាច​ខ្លួន​ហ្នឹង ដល់​ពេល​ឱ្យ​គេ​ជួយ​ការពារ​អំណាច​ខ្លួន​ឯង ជៀស​មិន​ផុត​ គឺ​ត្រូវ​កាត់​ឆ្វៀល​ទឹក​ដី​ព្រំដែន​របស់​ជាតិ​ហ្នឹង ទៅ​ឱ្យ​ជន​បរទេស​ជិតខាង»

បន្ថែម​ពីនេះ លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​គ្រួសារ​ ហ៊ុន ត្រូវ​តែ​ប្តឹង​ករណី​កោះគុត​ទៅ​តុលាការ​អន្តរជាតិ​ដើម្បី​ការពារ​ទឹក​ដី​របស់​ដូនតា​ និង​ត្រូវ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ដែល​ឈឺ​ឆ្អាល​ពី​បញ្ហា​បូរណភាព​ទឹក​ដី​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​បង្ហាញ​ពី​ឆន្ទះ​ការពារ​បូរណភាព​ទឹក​ដី ដូច​មាន​ចែង​ក្នុ​រដ្ឋ​ធម្មនុញ្ញ។

លោក​សង្គត់​ធ្ងន់​ថា បញ្ហា​បូរណភាព​ទឹក​ដី ​ជា​អាយុ​ជិវិត​ជាតិ ដែល​អ្នក​នយោបាយ​ត្រូវ​បង្ហាញ​តម្លា​ភាព រាល់​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​មាន​ការ​ឯកភាព​ជាតិ បើ​ពុំនោះ​ទេ វា​នឹង​បន្សល់​ទុក​ជម្លោះ​ពូជ​សាសន៍ តជំនាន់ ដែល​ជា​ហេតុ​បង្ក​វិនាស​សកម្ម​ដល់​ប្រទេសជាតិ។

កោះ​គុត​ស្ថិត​នៅខេត្ត​កោះកុង មានផ្ទៃ​ក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។

មាត្រា​៥៥ ចែងថា សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹក​ដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុបចោល។

រាជរដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​រក្សា​ការពារ​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹក​ដី អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការពារ​ឯកភាព​ជាតិ។

យោង​​តាម​​សៀវភៅ​​ភូមិវិទ្យា​​កម្ពុជា មាន​​ចំណង​ជើង​ថា ភូមិ​សាស្ត្រ​ប្រទេស​កម្ពុជា​​ដែល​​ត្រូវ​​បាន​​បោះ​ពុម្ព​អំឡុង​​ឆ្នាំ​២០១៥ បាន​​បញ្ជាក់​នៅ​ក្នុង​​ជំពូក​១ ដោយ​បង្ហាញ​​លើ​​ផែនទី​​ថា កោះ​គុត គឺ​ជា​​កម្ម​សិទ្ធិ​​របស់​ខ្មែរ។

អ្នក​វិភាគ​​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ សរសេរ​សារ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្តការ​ដោះស្រាយ​ការ​រំលោភ​យក​កោះគុត​ពីភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា៥ នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើតាម​មាត្រា៥ នៃ​កិច្ច​ព្រមព្រៀង​២៣តុលា បញ្ជាក់​ថា បើ​មាន​ការ​ គំរាម​កំហែង​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​ពិគ្រោះ​ជា​បន្ទាន់​ដើម្បី​អនុម័ត​រាល់​វិធានការ​សមស្រប ដើម្បី​ដោះស្រាយ​រាល់​ការ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិវិធី។

វិធាន​ការ​ដោះ​​​ស្រាយ រួម​មាន រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សសហប្រជាជាតិ ឬ​ប្រើ​ប្រាស់​មធ្យោបាយ​ដំណោះ​ស្រាយ​នូវ​ទំនាស់​ដោយ​សន្តិវិធី ​យោង​តាម​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់ព័ន្ធ​ក៏​អាច​សុំ​ការ​ឧបត្ថម្ភ​ពី​សហ​ប្រធាន​ នៃ​សន្និ​សិទ​ប៉ា​រីស​ស្តី​ពី​កម្ពុជា រួម​មាន​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ដូ​ណេស៊ី​ផង​ដែរ។

ជាង​នោះ​ទៅ​ទៀត ក្នុង​ករណី​រំ​លោភ​យ៉ាង​ធ្ងន់​ធ្ងរ​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ភាគី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​ស្នើ​ដល់​អង្គការ​មាន​សមត្ថកិច្ច​នៃ​អង្គការ​សហប្រជាជាតិ​អោយ​ចាត់​វិធានការ​ដទៃ​ទៀត ដែល​សម​ស្រប​ដើម្បី​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​រំលោភ​បំពាន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ។

បើ​តាម​លោក បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថលេខី​ទាំង​ ១៨ប្រទេស ដែល​ជា​សាក្សី នៃ​កិច្ច​ព្រមព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ​ផង ត្រូវ​ទទួល​ស្គាល់ និង​គោរព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី អព្យាក្រឹតភាព និងឯក​ភាព​ជាតិ​កម្ពុជា។ ដោយ​ឡែក ក្រម​ព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​បរទេស នូវ​ដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ