អ្នក​ឃ្លាំ​មើល​ហៅ​វិធាន​ទប់​ស្កាត់​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ថា​ជា​សារ​ប្រជា​ភិ​ថុ​តិ

ក្នុង​ខួប​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ នាថ្ងៃទី៩ ខែ​ធ្នូ​នេះ នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពង្រឹង​ប្រសិទ្ធិភាព​ការ​ ផ្តល់​សេវា​សាធារណៈ ប្រកប​ដោយ​តម្លា​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ ទប់​ស្កាត់​ទំនាស់​ផល​ប្រយោជន៍ និង​ការ​ពារ​សាក្សី​ដែល​រាយការណ៍​ពី​អំពើ​ពុក​រលួយ​ជា​ដើម។

ប៉ុន្តែ​សារ​នេះ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ចាត់​ទុក​ថា ជា​សារ​នយោបាយ បែប​បំភ័ន្ន​ភ្នែក​ពលរដ្ឋ ឬការ​ធ្វើ​ន​យោបាយ​ ​បែប​ប្រជាភិថុតិ បើ​ប្រព័ន្ធ​ដឹនាំ​នៅ​តែ​ប្រទាក់​ក្រឡាគ្នា ដោយ​គ្រួសារ​និយម​ដូច​បច្ចុប្បន្ន ដែល​គំរាម​កំហែ​ង​ប្រព័ន្ធ​នីតិរដ្ឋ​នោះ។

ការ​សំអាង​បែប​នេះ ក្រោយ​ពីនាយករដ្ឋមន្រ្តីកម្ពុជា ​លោក ហ៊ុន ម៉ាណែត ក្នុង​ទិវាអន្តរជាតិ​​ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុក​រលួយ ៩​​ធ្នូ​នេះ បាន​ជំរុញ​ឱ្យ​​អង្គភាព​​ប្រឆាំង​​អំពើ​ពុករលួយ និង​​តួអង្គ​​ពាក់​ព័ន្ធ​ផ្សេង​​ទៀត រួម​​គ្នា​អនុវត្ត​​​នូវិធាន​​​គន្លឹះ​​ចំនួន ​៥​ចំនុច សំ​ដៅ​​ដល់កា​​រប្រយុទ្ធ​ប្រឆាំ​ងអំពើ​​ពុក​រលួយ​ ​ ដើម្បី ​ពង្រឹង ​អន្ធការ​គ្រប់​គ្រង និង​ផ្តល់​សេវា​សាធារណៈ ប្រកប​ដោយ​លក្ខន្ត​ទំ​នើប និង​តម្លា​ភាព ជៀស​វាង​នូវ​អំពើ​ពុក​រលួយ បំពាន​ក្រម​សីលធម៌ វិជ្ជាជីវៈ ឬ​បំពាន​អំណាច​ក្នុង​ការ​អនុវត្ត​តួនាទី និង​ភារកិច្ច​ជាដើម។

បន្ថែម​ពីនេះ លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ដើម្បី​ការ​ងារ​នេះ​អាច​សម្រេច​ទៅបាន​ ប្រកប​ដោយ​ប្រសិទ្ធភាព យើង​ត្រូវការ​ចាំ​បាច់​នូវ រដ្ឋបាល​សាធារណៈ​ដែល​ស្អាត​ស្អំ ដែល​បម្រើ​រាស្ត្រ បម្រើ​រដ្ឋ​ប្រកប​ដោយ​មន​សិ​ការ​ និង​ការ​យក​ចិត្ត​ទុក​ដាក់ ទទួល​ខុស​ត្រូវ ក៏​ដូចជា​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ទាំង​អស់​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ប្រាប់​វីអូ​ឌីនៅថ្ងៃទី៩ ខែធ្នូ​នេះ​ថា អំពើ​ពុក​រលួយ​នៅ​កម្ពុជា បាន​ក្លាយ​ជា​ជំងឺ​មហារីក​សង្គម ពិបាក​ព្យាបាល ព្រោះ​មេដឹក​នាំ​បាន​ធ្វើ​គំរូ​មិន​ល្អ ដល់​សង្គម គឺ​លើក​បន្តុប ឬតែងតាំង​តួនាទី​តាម​ខ្សែ​ស្រឡាយ និង​បក្ស​ពួក​និយម។

ម្យ៉ាង​វិញ​ទៀត​លោក​ថា ការ​​តែង​តាំង​ខ្សែ​ស្រឡាយ និង​​បក្ខ​ពួក​​ខ្លួន​​ឯង​​ នៅ​​ក្នុង​​ស្ថាប័ន​​រដ្ឋ​ច្រើន​ វិធានការ​ទប់​ស្កាត់​អំ​ពើ​ពុក​រលួយ នឹង​មិន​មាន​ប្រសិទ្ធិភាព​ទេ ព្រោះ​បក្ស​ចាំ​ខ្សែ​ស្រឡាយអ្នក​មាន​អំណាច ខណៈ​ប្រព័ន្ធ​ច្បាប់​មិន​ទាន់​រឹងមាំ។

លោកថា៖«វា​ជា​ទ្រឹស្តី កាល​ណា​ក្រុម​បក្ស​ណា​មួយ​កាន់​អំណាចយូរ ឬ​នៅ​ក្នុង​អំណាច​យូរ​អំពើ​ពុក​រលួយ​ វា​ជៀស​មិន​ផុត​ទេ វា​តែង​តែ​មាន អាហ្នឹង​វា​ជា​ទ្រឹស្តី​វិទ្យាសាស្រ្ត​នយោបាយ ប៉ុន្តែ​យើង​អាច​ប្រសិន​ជា​យើង​ច្បាស់​លាស់​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ដោយ​មិន​គិត​ពី​ក្រុម​ ពីបក្ខពួក​អី​ជា​ដើម អា​ហ្នឹង​អាច​នឹង​ធ្វើ​ឱ្យ​ថម​ថយ​បាន ប៉ុន្តែ​ប្រសិន​ជា​ប្រព័ន្ធ​ដឹក​នាំ​ហ្នឹង​ វា​ពោរ​ពេញ​ទៅ​ដោយ​​ក្រុម​បក្ខ​ពួក ហើយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​ប្រយោជន៍​រាល់ខ្លួន​ទៅ​វិញ​ទៅ​មក អា​ហ្នឹង​ពិបាក​ណាស់ ពិបាក​នឹង​កាត់​បន្ថយ ឬ​លុប​បំបាត់​អំ​ពើ​ពុក​រលួយណាស់»

ចំណែក ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ប្រចាំអូស្ត្រាលី លោក ស៊ឹងសែន ករុណា និយាយថា សារ​របស់​លោក ហ៊ុន ម៉ាណែត នេះ​គឺ​ជា​នយោបាយ​ប្រជាភិថុតិ ដើម្បី​បិទ​បាំង​ភ្នែក​មហា​ជន ខណៈ​អំពើ​ពុក​រលួយ​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ ក្នុង​ស្រទាប់​មេ​ដឹក​នាំ​កំពូល​ៗ​ទៅ​ហើយ។

លោក​បន្តថា សារ​របស់​មេដឹក​នាំ​បក្ស​កាន់​អំណាច​នេះ អាច​ជា​សារ​លួង​ចិត្ត​មហាជន ដែល​កំពុង​រងគ្រោះ​នឹង​អំពើ​ពុក​រលួយ ប៉ុន្តែ​លោក​ថា វិធាន​នេះ មិន​អាច​ជួយ​ជន​រង​គ្រោះ​ ដែល​កំពុង​ដង្ហើយ​ហៅ​យុត្តិធម៌​បាន​ទេ ដរាណា​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ នៅ​តែ​ប្រមូល​ផ្តុំ​ដោយ​គ្រួសារ​និយម​នោះ។

លោក៖ «វា​គ្រាន់​តែ​ជា​ប្រជាភិថុត​ទេ បាទ មិន​អាច​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​អ្វី​​ធ្វើ​ការ​បោស​សម្អាត​អី​បាន​ទេ លុះ​ត្រា​តែ បើ​និយាយ​អំពី​ប្រឆាំង​អំពើ​ពុក​រលួយ​វា​ត្រូវ​សម្អាត​ពី​ថ្នាក់​លើ ឬ​ថ្នាក់​កំ​ពូល​មក ដូច​យើង​បោស​ផ្ទះ​អញ្ចឹង​ គឺបោស​សម្អាត​សំរាម​តាំង​ពី​លើ​ចុះ​មក​ក្រោម មិន​អាច​បោស​តែ​ពី​ខាង​ក្រោម​តូច​តាច ដែល​គេ​មើល​ឃើញ​ជា​មនុស្ស​ដែល​មិន​សំខាន់ៗ​ទាំង​អស់​ហ្នឹង​អី​ទេ សំខាន់​គឺ​ក្បាល​ម៉ាស៊ីន​ ឬ​ជួរ​ក្បាល​ម៉ាស៊ីន​ នឹង​ត្រូវ​បោស​សម្អាត​ឱ្យ​ស្អាត អាហ្នឹង​បាន​គេ​ជឿ​ជាក់​បាន»

ជុំវិញ​បញ្ហានេះ វីអូឌី មិន​​ទាន់​អាច​ទាក់​ទង អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ លោក សយ ចន្ទវិចិត្រ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាង​ណា​ថ្មីៗ​នេះ ប្រធាន​ព្រឹទ្ធ​សភា​លោក ហ៊ុន សែន នៅ​តែ​មិន​បន្ទន់​ឥរិយា​បទ ក្នុង​ការ​ចាប់​ខ្លួន​លោក លី សាម៉េត និង​ម​ន្រ្តី​​ជំនិត​មួយ​ចំនួន​ទៀត ជិត១០នាក់ រួម​ទាំង​លោក ដួង ដារា ពាក់​ព័ន្ធ​នឹង​ជំនួយ​ការ​លោក​គឺ លោក លី សាម៉េត ដែល​លោក លី សាម៉េត ត្រូវ​បាន​តុលាការ​ចោទ ក្នុង​សំណុំ​រឿង​អាស្រូវ​ពុក​រលួយ​រត់​ការ​លក់​តំណែង ក្នុង​ទំហំ​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ។

ដោយ​ឡែក អ្នក​ស្រាវ​ជ្រាវ​ពីការ​អភិវឌ្ឍ​សង្គម លោក​បណ្ឌិត មាស នី លើក​ឡើង​ថា សារ​របស់​មេ​ដឹក​នាំ​គ្រាន់​តែ​ជា​ឆ្លើយ​តប​នឹង​ទិវា​អន្តរជាតិ​ ប្រយុទ្ធ​​ប្រឆាំង​អំពើ​ពុក​រលួយ​ប៉ុណ្ណោះ។

លោក​ផ្តល់​យោបល់​ថា ដើម្បី​​ទប់​ស្កាត់​​អំពើ​ពុក​រលួយ​បាន វា​​​ចាំ​បាច់​​ណាស់​​ត្រូវហ៊ាន​គាស់​រំលើង​ឫសគល់​របស់​វា ដែល​ត្រូវ​លុប​បំបាត់​ការ​តែង​តាំង​បក្ខ​ពួក​និយម ជាពិសេស​​បដិសេធ​​ដាច់​​ខាត​​រាល់​សំ​ណូក​សូក​ប៉ាន់​ក្រោម​តុ​ជា​ដើម​។

លោកថា៖ «ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នេះ វា​មិន​មែន​ត្រឹម​តែ​ការ​អំ​ពា​វ​នាវ​ទេ ខ្ញុំ​ទទួល​ស្គាល់​ថា​ការ​អំពាវ​នាវ​ដូច​ជា​ការ​រំឭក ប៉ុន្តែ​យើង​យក​ច្បាប់​អំ​ពើ​ពុក​រលួយ ​យក​មកប្រើ​ឱ្យ​តឹង​តែង​ទៅ ហើយ​ព្យា​យាម សាច់​ណា​ដែល​ស្អុយ ទោះ​បី​នៅ​ក្នុង​គ្រួសារ​ក៏​ដោយ​ ប្រសិន​បើ​បុគ្គល​ខ្លះ​យក​គ្រួសារ​និយម​មក​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​ជាតិ ប្រព្រឹត្តិ​​អំពើ​ពុក​រលួយ​ផ្សេងៗ អា​នឹង​​គួរ​តែ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​នឹង គឺ​ត្រូវ​តែ​ចិត្ត​ដាច់​ក្នុង​ការ​ធ្វើ​ជា​គំរូ​បែប​ហ្នឹ​ងទៅ ទោះ​បី​ជា​ចំ​ខ្សែ​ណា​ក៏​​ដោយ បើ​រក​ឃើញ​ថា​មាន​អំពើ​ពុក​រលួយ អង្គភាព​ប្រឆាំង​អាច​ធ្វើ​បាន​ដែរ ឬហ៊ាន​ធ្វើ​ដែរ​ឬអត់»

បន្ថែម​ពី​នេះ លោក​បណ្ឌិត មាស នី យល់​ថា អំពើ​ពុក​រលួយ​មិន​ពិបាក​លុប​បំបាត់​ទេ​ សំខាន់​មេ​ដឹក​នាំ​មាន​ឆន្ទៈ​ពិត​ប្រាដក​ឬអត់ គឺ​រដ្ឋា​ភិបាល​ត្រូវ​ពង្រឹង​ការ​​អនុវត្ត​​ច្បាប់ ​ឱ្យ​​មាន​​តម្លា​ភាព លើក​​កម្ពស់​​វប្បធម៌​​​សុច្ចរិតភាព​លើ​​គ្រប់​​ស្រទាប់​​ នៃ​សង្គម​ឡើង​វិញ។

បើ​របាយការណ៍​អង្កេត​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត ខុម​ហ្វ្រែល ដែល​បាន​ស​ង្កេ​ត​ដំណើរ​ការ​រដ្ឋាភិបាល​ឆ្នាំ២០១៥ ហើយ​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពីខែ​មីនា ឆ្នាំ២០១៦ ហាក់​បាន​ឆ្លុះ​បញ្ចាំង​បញ្ហា​ដែល​បាន​កើត​ឡើង​នា​ពេល​បច្ចុប្បន្ន បើ​ទោះ​បី​ជា​របាយការណ៍​អង្កេត​នោះ​បាន​កន្លង​ទៅជិត ១០ឆ្នាំ​ក្តី។

តាម​ខុម​ហ្វ្រែល​ បាន​រក​ឃើញ​ពេល​នោះ​ថា បើ​ទោះ​បី​រដ្ឋា​ភិបាល​បាន​ចុះ​ហត្ថលេខា​ លើ​អនុសញ្ញា​អន្តរជាតិ ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ ​នៅ​ឆ្នាំ២០០៧ក្ដី តែ​ថា​យុទ្ធ​នា​ការ និង​ឆន្ទៈ​របស់​រដ្ឋាភិបាល​ក្នុង​កិច្ចការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ស្ថិត​ក្នុង​កម្រិត​ខ្សោយ។

ខ្សោយ​នៅ​ត្រង់​ថា មន្ត្រី​មាន​តួនាទី និង​ឋានៈ​ធំៗ​ នៅ​តែ​​​មាន​ឱកាស​ប្រព្រឹត្ត​អំពើ​ពុ​ក​​រលួយ ចំណែក​វិធាន​ការ​​របស់​​អង្គភាព​ប្រ​ឆាំ​ង​អំ​​ពើ​ពុក​រលួយ​វិញ នៅ​មា​ន​ការ​យោគ​យល់។

រី​ឯ​ការ​បញ្ជូ​ន​​ខ្លួ​នជន​សង្ស័យ​ទៅ​តុលាការ ភាគ​ច្រើន​ជា​មន្ត្រី​ដែល​មាន​ឋានៈ​តួនាទី​តូច​តាច ហើយ​ការ​ដាក់​ទោស​​ទណ្ឌ​​មា​ន​​​ក​ម្រិ​ត​ស្រាល និង​មាន​ការ​យោគ​យល់​ថែមទៀតផង។

មន្ត្រី​មាន​អំណាច និង​តួនាទី​ធំៗ​ខ្លះ​ក្នុ​ង​​​​​ក្រសួង និងស្ថាប័ន​រដ្ឋ នៅ​តែ​មាន​ឱកាស​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ តាម​រយៈ​កា​រ​រំលោភ​បំពាន​អំណាច ដើម្បីផ​ល​​​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​បក្ខ​ពួក។

ភាព​មិន​ប្រក្រតី​ នៃ​តំណែង​សម្រាប់​សាច់​ញាតិ​ខ្សែ​ស្រឡាយ​និយម​វិញ កើត​ឡើង​ស្ទើរ​គ្រប់​ក្រសួង ស្ថាប័ន នាយកដ្ឋាន និង​មន្ទីរ​តាម​បណ្ដា​រាជធានី​ក្នុង​ប្រទេស​កម្ពុជា ហើយ​គ្មាន​ដំណោះ​ស្រាយ បើ​ទោះ​បី​កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជា​សកល ដើម្បី​រួម​ចំណែក​ប្រឆាំង​អំពើ​ពុក​រលួយ​ក្ដី។

បើ​យោង​តាម​របាយការណ៍​នេះ អាច​ឆ្លុះ​បញ្ចាំង​បាន​ថា ឧបសគ្គ​រា​រាំង​ដល់​យន្តការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ បាន​កើត​ឡើង​យូរ​ឆ្នាំ​ណាស់​មក​ហើយ ក្នុង​ប្រព័ន្ធ​ដឹក​នាំ​របស់​គ្រួសារ​ហ៊ុន​​នេះ។

ការ​រក​ឃើញ​របស់ ខុមហ្វ្រែល កាល​ពី​ជិត​១០ឆ្នាំ មុន​នេះ ហាក់​ស៊ី​គ្នា​ទៅ​នឹង​ការ​រក​ឃើញ​ថ្មី​របស់​អង្គការ​តម្លា​ភាព​អន្តរជាតិ​ ដែល​ទើប​នឹង​ចេញ​ផ្សាយ​នៅ​ដើម​ឆ្នាំ២០២៤​នេះ ពី​កម្រិត​អំពើ​ពុក​រលួយ​ខ្ពស់​របស់​កម្ពុជា។

អង្គការ​តម្លាភាព​អន្តរជាតិ​ បាន​ចេញ​របាយការណ៍​ថ្មី​មួយ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ រក​ឃើញ អំពើ​ពុក​រលួយ​នៅ​កម្ពុជា ស្ថិត​ក្នុង​ចំណោម​ប្រទេស មាន​អំពើ​ពុក​រលួយ​ខ្ពស់ ជាប់​គ្នា ជិត​១ទសវត្សរ៍ បើ​ធៀប​នឹង​ប្រទេស ១៨០ ដែល​អង្គការ​នោះ​បាន​សិក្សា។

ប្រភព​នោះ​រក​ឃើញ​ថា ប្រទេស​ដែល​មិន​អាច​រើ​ខ្លួន​ពី​អំ​ពើ​ពុក​រលួយ​ញាំ​ញី​បាន បញ្ហា​ចម្បង​មួយ​គឺ ឥទ្ធិពល​នយោបាយ​ជ្រៀត​ជ្រែក​ប្រព័ន្ធ​យុត្តិធម៌ ហើយ​ថា​បរិបទ​នេះ​ នឹង​បង្ក​ការ​ឈឺ​ចាប់​ដល់​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ប្រទេស ក៏​ព្រោះ​តែ​ប្រព័ន្ធ​យុត្តិធម៌ មិន​អាច​ដាក់​ទោស​កំហុស​រដ្ឋាភិបាល​បាន។ ជា​ការ​ដោះ​ស្រាយ​បញ្ហា អង្កការ​តម្លាភាព​អន្តរជាតិ​រក​ឃើញ​ថា ត្រូវ​តែ​មាន​​លំហ​សេរីភាព​បញ្ចេញ​មតិ និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ឱ្យ​មាន​លក្ខណៈ​​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ