ងារជាឧកញ៉ាឡើងថ្លៃ តែគុណតម្លៃរបស់ឧកញ៉ាចុះថោក

MC: ឧកញ៉ា គឺជាគោរមងារ​សម្រាប់​បុគ្គល​ណា ដែល​បាន​បរិច្ចាគ​ធនធាន​ផ្ទាល់​ខ្លួន​ក្នុង​ចំនួន​កំណត់ ដើម្បី​កសាង​សមិទ្ធិផល​ជាប្រយោជន៍​ដល់​សង្គមជាតិ។ នៅកម្ពុជា បុគ្គលដែលបានទទួលងារជាឧកញ៉ា មានចំនួន​កើនឡើងជារៀងរាល់ឆ្នាំ។ ប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះ គេសង្កេតឃើញថា តម្លៃ​នៃ​បុគ្គល​ជាឧកញ៉ា ក៏ធ្លាក់​ចុះគួរ​ឱ្យកត់សម្គាល់ផងដែរ ដោយសារតែទង្វើមិនគប្បីរបស់ឧកញ៉ាមួយចំនួន ធ្វើឱ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍របស់ពលរដ្ឋ សង្គមជាតិ និង​ប្រមុខ​រដ្ឋាភិបាល​ដែល​ជាអ្នក​ផ្ដល់​គោរមងារ​នេះ​ផង​ដែរ។ ដើម្បី​ជ្រាប​លម្អិត សូមប្រិយមិត្តទស្សនាវីដេអូស្តីពី «ងារជាឧកញ៉ាឡើងថ្លៃ តែ​គុណ​តម្លៃ​របស់​ឧកញ៉ា​ចុះ​ថោក» ដែលរៀបចំជូនដោយកញ្ញា ប៉ា សុខេង៖

នៅ​កម្ពុជា គោរមងារជា «ឧកញ៉ា» មាន​តាំង​ពីបុរាណ​មក​ម្ល៉េះ ដោយ​កាល​ណោះ «ឧកញ៉ា» គឺជា​ឋានន្តរសក្តិ​ជាមន្ដ្រី​រាជការ ចាប់​តាំង​ពីចៅហ្វាយ​ខេត្ត សេនាបតី ស្ដេចត្រាញ់ មេទ័ព និងអ្នក​ជំនួញ​ជាដើម។ បុគ្គល​ដែលមានគោរមងា​ជា «ឧកញ៉ា» សុទ្ធ​សឹង​តែ​ជាបុគ្គល ដែល​មាន​ចំណេះដឹង​ខ្ពង់​ខ្ពស់ មាន​ស្នាដៃបំរើផលប្រយោជន៍ជាតិ និងមានការគោរពស្ញប់ស្ញែងពីសង្គមទូទៅ។

នៅ​ក្នុង​សង្គម​ខ្មែរនា​សម័យមុន ឧកញ៉ា មាន​ចំនួនតិច​តួចបំផុត។ ជាក់ស្ដែង នៅ​ក្នុង​សម័យ​សង្គម​រាស្ត្រនិយម បុគ្គល​ដែល​បានទទួលគោរមងារជា «ឧកញ៉ា» មានចំនួន​មិន​ដល់១០នាក់ផង។

ការ​សិក្សាផ្លូវច្បាប់ថ្មីមួយ របស់​ក្រុមអ្នក​តស៊ូមតិ​កម្ពុជាហៅ (CAT) ចេញ​ផ្សាយ​ពីទីក្រុង​ ម៉ែល​ប៊ន​ កាល​ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ​២០២៤ ស្តីពី ​«ករណីឧកញ៉ាមានកេរ្តិ៍ឈ្មោះមិនល្អ ក្នុងប្រទេសកម្ពុជា» បាន​រក​ឃើញ​ថា ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ១៩៩១ មកដល់​ខែមីនា ឆ្នាំ២០២២ ពោល​គឺ​៣១​ឆ្នាំកន្លង​ទៅនេះ កម្ពជា​មាន​ឧកញ៉ា​សរុប​ចំនួន ១១៣២រូប ដោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​នោះ ផ្អែក​លើ​បញ្ជី​ឈ្មោះ​របស់​សមាគម​ឧកញ៉ា។

ដោយ​ឡែក CAT បានលើក​ឡើង​ថា បើតាម​ប្រវត្តិសាស្ត្រ​ខ្មែរ​សរសេរ ដោយ​ប្រវត្តិ​វិទូឈ្មោះ ដេវិឌ ឆាណ្ឌល័រ (David Chandler) ថា​មុនសម័យអាណានិគមបារាំងចន្លោះ ឆ្នាំ១៨២០ ដល់ឆ្នាំ១៨៤១ ឧកញ៉ា​ជំនាន់​នោះ គឺជា​វីរ​ជន​ដែល​ចេះ​ឈឺ​ឆ្អាល​រឿង​សង្គម និង​បាន​រំដោះ​ប្រទេស​ជាតិ ពីការ​ត្រួត​ត្រា​របស់​ទ័ព​យួន ដែល​មាន​មេទ័ព​ឈ្មោះ ទ្រី ប៊ិងយ៉ាង ក្រោម​ស្តេច​យួន។

សម័យ​នោះ ឧកញ៉ា បាន​ចង​ក្រង​កម្លាំង​ស្នេហា​ជាតិ វាយ​រំដោះ​យក​ទឹកដី​ចេញពី​កណ្តាប់​ដៃ​យួន​ឈ្លាន​ពាន ហើយ​លោក ដេវិឌ ឆាណ្ឌល័រ សន្និដ្ឋាន​ថា ឆ្នាំ១៨៤១ គឺ​ជា​ឆ្នាំ​ដំបូង​ដែល​ទ័ពយួន​បានរត់​ចេញ​ពី​កម្ពុជា​អស់ រួច​មេទ័ព​ឈ្មោះ ទ្រី ប៊ិងយ៉ាង បាន​សម្លាប់​ខ្លួន​ដោយ​បន្សល់​ទុក​លិខិត​សុំទោស​ស្តេចយួន​ថា មិន​បាន​ការពារ​ដី​ស្រប​ច្បាប់​របស់​ព្រះអង្គ​បាន។

ក្រុម​អ្នកតស៊ូ​មតិ​កម្ពុជា​បន្ថែម​ថា ឧកញ៉ាសម័យ​នេះ មិន​បាន​ល្បី​ខាង​លើក​កម្ពស់​ឯករាជ្យភាព​ជាតិ និង​ការពារ​ជាតិ​ទេ ក៏​ប៉ុន្តែ​ល្បី ល្បាញ​ខាង​ការ​ប្រព្រឹត្ត​អំពើ​ឆបោក ដើម្បី​បាន​ក្លាយ​ជា​ឧកញ៉ា ឬល្បី​ខាង​រំលោភ​បំពាន​ដី​ពី​អ្នកក្រ ឬល្បី​ខាង​យក​ស្ថាប័ន​ជាតិ​ដូច​ជា​ព្រឹទ្ធសភា ជា​កន្លែង​ជ្រកកោន​ជាម្លប់​សម្រាប់​មុខ​របរ​របស់​ខ្លួន ដែល​ថា​មាន​ឧកញ៉ា​យ៉ាង​ហោច​ណាស់​ពីរ​រូប ជាប់​ក្នុង​បញ្ជី​ខ្មៅ របស់​អន្តរជាតិ ពាក់ព័ន្ធ​រឿង​បំផ្លិច​បំផ្លាញ​ធនធាន​រ៉ែ និង​ព្រៃឈើ​ក្នុង​ប្រទេសកម្ពុជា ដែលនេះ​ជា​ជ្រុង​មួយ​បញ្ជាក់​ថា គុណតម្លៃ​ឧកញ៉ា​បច្ចុប្បន្ន មិន​ថ្លៃ​ថ្នូរ ឬគុណ​តម្លៃ​របស់​ឧកញ៉ា​សម័យនេះ​ចុះថោក។

ភាព​ផ្ទុយ​គ្នានៃ​គុណ​តម្លៃ​ឧកញ៉ា​នេះ អាច​កើត​ចេញ​ពី​ការ​វិវឌ្ឍ​នៃសម័យកាល​នីមួយៗ អាស្រ័យ​សមត្ថភាព​របស់​មេដឹក​នាំ ដែល​បាន​ឡើង​ធ្វើ​ជា​អ្នក​ដឹកនាំ​ប្រទេស។

គោរមងា​ជា «ឧកញ៉ា» បច្ចុប្បន្ន ត្រូវ​បាន​ផ្ដល់​ឱ្យ​ទៅ​អ្នកមាន​លុយ ជា​ចម្បង​ទៅវិញ។ យោង​តាម​អនុក្រឹត្យ​លេខ១៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែមេសា ឆ្នាំ១៩៩៤ ត្រង់មាត្រា២ បានចែងថា៖ “សប្បុរសជន ដែល​បាន​ធ្វើ​អំណោយ​ជូន​រដ្ឋ ជាថវិកា ឬសំភារៈ មាន​តម្លៃ​លើស​ពី​ដប់​ម៉ឺនដុល្លារ​អាមេរិក (១00,000$) ឡើង​ទៅ ត្រូវ​បាន​ជូន​មេដាយ​ស្ថាបនា​ជាតិ​ថ្នាក់លេខ១ និង​ត្រូវ​បាន​រាជរដ្ឋាភិបាល​ស្នើ​សុំ​ព្រះរាជយោបល់​ពី​ព្រះមហាក្សត្រ  ដើម្បី​ទ្រង់​ព្រះរាជទាន​គោរមងារជា «ឧកញ៉ា»”។

កត្តា​នេះ​បានលើក​ទឹកចិត្ត​ឱ្យអ្នក​រកស៊ី ដែល​ចង់​បានងារ​ជា «ឧកញ៉ា» ដើម្បី​មុខ​មាត់ កិត្តិយស និង​ភាព​ងាយ​ស្រួល​នៅ​ក្នុងការ​ប្រកប​របរ​រកស៊ី​ផ្ទាល់​ខ្លួន សម្រុក​នាំគ្នា​យកលុយ​ទៅទិញ​ងារជា «ឧកញ៉ា» ដែល​នាំឱ្យ​កំណើន​នៃចំនួន «ឧកញ៉ា» នៅកម្ពុជា មាន​ការ​កើន​ឡើង​គួរឱ្យ​កត់​សម្គាល់។

យោងតាមការ​ស្រាវជ្រាវ​ក្រៅ​ផ្លូវការ ដែល​ត្រូវបាន​ចុះផ្សាយ​ជាសាធារណៈ លើទំព័រ​កាសែត​ក្នុងស្រុក​យ៉ាងហោច​ណាស់៣ បាន​បង្ហាញ​ឱ្យឃើញ​យ៉ាង​ច្បាស់ អំពី​កំណើន​ឥត​ឈប់ឈរ​ នៃ​ចំនួន «ឧកញ៉ា» នៅកម្ពុជា។ ចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៤ កម្ពុជា​មាន​ឧកញ៉ាយ៉ាងហោច​ណាស់​២០០នាក់។

រហូត​ដល់​ឆ្នាំ​២០០៩ ចំនួន​ឧកញ៉ាបាន​កើន​ឡើង​ដល់​៤០០​នាក់ និង​បន្ត​កើន​ឡើង​ដល់​៧០០នាក់ គិតត្រឹមដើមឆ្នាំ២០១៤។ នៅក្នុង​រយៈពេល​៤ខែ ដើម​ឆ្នាំ២០១៥ បុគ្គល​យ៉ាង​ហោច​ណាស់​២០​នាក់ បាន​ទទួល​គោរមងារជា «ឧកញ៉ា»។ នេះបើផ្អែក​តាម​សៀវ​ភៅព្រះរាជ​កិច្ច ចេញ​ផ្សាយ​ចាប់​ពី​ខែ​មករា ដល់​ចុង​ខែ​មេសា ឆ្នាំ២០១៥។

ដោយសារ​ទីផ្សារ «ឧកញ៉ា» ត្រូវ​ប៉ាន់​ខ្លាំង រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​តម្លើងថ្លៃ​ចំពោះ​គោរមងារ «ឧកញ៉ា» ដល់​៥០ម៉ឺន​ដុល្លារសហរដ្ឋអាមេរិក (៥០០ ០០០$) ឡើងទៅ ទើប​ទទួល​បាន​គោរមងារ​ជា «ឧកញ៉ា»។ នេះ​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ដែលបោះត្រា និងចុះ​ហត្ថលេខា​ដោយ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ដែលបានផ្សព្វផ្សាយ​នៅថ្ងៃទី១ ខែមេសា ឆ្នាំ​២០១៧ ។

បើ​ទោះ​បី​ជា​គោរមងារ «ឧកញ៉ា» ឡើង​ថ្លៃ​យ៉ាងនេះ​ក្ដី ប៉ុន្តែ​ចំនួន «ឧកញ៉ា» នៅ​តែ​មាន​ការ​កើន​ឡើង​ជាលំដាប់។ រហូត​មក​ដល់​ត្រឹម​ដើម​ខែ​កក្កដា ឆ្នាំ២០២៤នេះ ចំនួន​អ្នក​ទទួល​បាន​គោរមងារជា «ឧកញ៉ា» បាន​កើន​ឡើង​ដល់​ជាង​១០០០រូប។ នេះ​បើ​យោងតាម​ការ​កត់​ត្រា​របស់​អង្គការ​ទិន្នន័យ​អំពី​ការ​អភិវឌ្ឍន៍ (ODC)។

ក្នុង​ការ​ទទួល​បាន​គោរមងារជា «ឧកញ៉ា» នេះ គឺ​បុគ្គល​នោះ​មិន​ត្រឹម​តែ​ត្រូវ​ចំណាយ​លុយ ធ្វើ​អំណោយ​ជូនរដ្ឋ ជាថវិកា ឬសំភារៈ ដែល​មាន​តម្លៃ​លើស​ពី៥០​ម៉ឺន​ដុល្លារ​អាមេរិក​ឡើងទៅ​ប៉ុណ្ណោះ​ទេ គឺ​ពួក​គេ​ក៏​ត្រូវ​បង់​វិភាគ​ទាន​ប្រចាំឆ្នាំ​ជូន​ដល់​រាជរដ្ឋាភិបាល ចន្លោះពី៣២លានរៀល ឬស្មើ​នឹង​ប្រមាណ ៨ពាន់ដុល្លារ ទៅ៤០០លានរៀល ឬស្មើ នឹងប្រមាណ ១០ម៉ឺនដុល្លារ ទៀតផង។

ចំនួន​នៃ​ទឹកប្រាក់​ ដែល​ត្រូវ​បង់​វិភាគទាន​ប្រចាំ​ឆ្នាំ​នេះ​ខុស​គ្នា ទៅ​តាម​ថ្នាក់​របស់​គោរមងារ ព្រោះ​គោរមងារ «ឧកញ៉ា» ត្រូវ​បាន​បែង​ចែក​ជា៣ថ្នាក់ គឺលោក​អ្នក​ឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា។

ការ​កើន​ឡើង​នូវ​ចំនួន «ឧកញ៉ា» នេះ គឺ​ត្រូវ​បាន​អ្នក​វិភាគ​សង្គម​ផ្សារភ្ជាប់​ទៅ​នឹង​កំណើន​នៃ​ចំនួន​ពាណិជ្ជករ ឬអ្នករកស៊ី។ អ្នក​រក​ស៊ី​ដែល​ជា​ឧកញ៉ាខ្លះ បាន​ប្រើប្រាស់​គោរមងារនេះតាមអំពើ​ចិត្ត​របស់​ខ្លួន ដែល​​បង្ក​​ជា​​ផលវិបាក​យ៉ាង​ច្រើន​ដល់​ប្រជាពលរដ្ឋ និងសង្គមជាតិ។

ជាក់​ស្ដែង​ដូចជា ឧកញ៉ា ៤រូប ដែល​ព្រះមហាក្សត្រ និង​ប្រមុខ​រដ្ឋស្ដីទី ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​បញ្ចប់​គោរមងារ​ ពី​ឧកញ៉ា​ជា​ហូរ​ហែរ ក្នុងនោះ​រួម​មាន៖ ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​បញ្ចប់​គោរមងារ​ជា «ឧកញ៉ា» បន្ទាប់​ពី​ឧកញ៉ា​រូបនេះ និង​បក្ខ​ពួក​រង​ការ​ចោទ​ប្រកាន់​ ពី​ប្រជាពលរដ្ឋ​ថា បាន​ឆបោក​ប្រាក់​របស់​ពួកគាត់​រាប់លានដុល្លារ។

ឧកញ៉ា ជា សារ៉ន ជា​អគ្គនាយក​ក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ត្រូវបាន​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា បន្ទាប់​ពី​ឧកញ៉ា​រូប​នេះ រង​ការ​ចោទ​ថា ជាប់​ពាក់​ព័ន្ធ នឹង​ករណី​ឆបោក​ប្រជាពលរដ្ឋ​ជាង ២៤០០គ្រួសារ។

ឧកញ៉ា ស្រី ស៊ីណា ត្រូវ​បាន​បញ្ចប់​គោរមងារ​ជា «ឧកញ៉ា» បន្ទាប់​ពី​បាន​បាញ់​ប្រហារ​ បណ្តាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់ និង​ពីរ​នាក់​ផ្សេង​ទៀត​រង​របួស។

ឧកញ៉ា ខុន បញ្ចសិទ្ធិ ដែល​មាន​អាជីព​ជា​មេធាវី​ផងនោះ ត្រូវ​បាន​បញ្ចប់​គោរមងារ​ជា​ឧកញ៉ា ក្រោយ​មាន​ការ​ចោទ​ថា ពាក់​ព័ន្ធ​នឹង​ករណី​បាញ់​បោះ​សេរី​ នៅ​ក្នុង​ក្លឹប​កំសាន្ត​មួយ​កន្លែង ក្នុង​ខណ្ឌ​ចំការមន រាជធានីភ្នំពេញ កាល​ពី​ចុង​ខែ​កក្កដា ឆ្នាំ២០២៤។

មិន​មែន​មាន​តែ​ឧកញ៉ា ដែល​បាន​រៀប​រាប់​ខាង​លើនេះ​ទេ ដែល​ត្រូវ​បញ្ចប់​គោរមងារ​នោះ បើ​យោង​តាម​ព្រះរាជក្រឹត្យ​ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឧកញ៉ា​ចំនួន ៤រូប ផ្សេង​ទៀត​ដែល​ត្រូវ​បាន​បញ្ចប់​គោរមងារ​ដែរ ក្នុង​នោះ​រួម​មាន៖ ១. ឧកញ៉ា ពូ សុធីរៈ  ២. ឧកញ៉ា តាំង ងួនសុង ៣. ឧកញ៉ា សំ ប៊ន និង ៤. ឧកញ៉ា ឌី បញ្ញា។ ប៉ុន្ដែ ក្នុង​ព្រះរាជក្រឹត្យ​នេះ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ណា​មួយ​នៃ​ការ​បញ្ចប់​គោរមងារ​​ឧកញ៉ា​ពី​បុគ្គល​ទាំង​ ៤ រូបនេះ​ឡើយ។

កាល​ពី​ដើម​ឆ្នាំ​២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​នោះ បាន​ព្រមាន​ដល់​មន្ត្រី​ពាក់ព័ន្ធ​ឱ្យ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ឈើ​ទៅ​កាន់​ប្រទេស​វៀត​ណាម ដោយ​លោក បាន​លើក​ចំ​ឈ្មោះ ឧកញ៉ា​ពីរ​រូប គឺ​ឧកញ៉ា លឹម ប៊ុនណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ថា​ជា​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​នេះ។

នេះ​ក៏​បញ្ជាក់​ផង​ដែរ ពី​គុណ​តម្លៃ​ធ្លាក់​ចុះ​របស់​ឧកញ៉ា​នាសម័យ​នេះ ដែល​ចេញ​ពី​មាត់​មេដឹកនាំ​ស្ថិត​ក្នុង​អំណាច​នៃ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ជោគវាសនា​ជាតិ។

ជុំ​វិញ​គុណ​តម្លៃ​ឧកញ៉ា​ចុះ​ថោក​នេះ ក៏​មាន​ករណី​ឧកញ៉ា​ទំនើង​មួយ​ចំនួន បាន​យក​គោរមងារជា «ឧកញ៉ា» ទៅ​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​យង់ឃ្នង​បែប​នេះ មិន​មែន​ទើប​តែ​មាន​នៅ​តែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទេ ពោល​ក៏​មាន​ករណី​បែប​នេះ​កើត​ឡើង​ជា​ហូរហែរ ពី​មុន​នេះ​មក​ហើយ​ដែរ ក្នុង​នោះ​រួម​មាន៖ អំពើ​របស់​ឧកញ៉ា សុខ ប៊ុន ដែល​បាន​ប្រើ​ប្រាស់​អំ​ពើ​ហិង្សា​លើ កញ្ញា សាសា បាន​ទទួល​ការ​បរិហារ​រិះគន់​យ៉ាង​ខ្លាំង​ពី​គ្រប់​មជ្ឈដ្ឋាន។

បើ​ទោះ​បី​ជា​ឧកញ៉ា​នេះ បាន​ទទួល​ស្គាល់​កំហុស និង​បាន​សន្យា​ថា​មិន​ឱ្យ​រឿង​នេះ​កើត​ឡើង​ទៀត​ក៏​ដោយ ក៏​សាធារណៈមតិ​នៅ​តែ​ថ្កោល​ទោស។

មិន​មែន​មាន​តែ​ឧកញ៉ា សុខ ប៊ុន ប៉ុណ្ណោះ​ទេ ដែល​ប្រព្រឹត្ត​គំរូ​អាក្រក់​ដល់​សង្គម​កម្ពុជា គ្រា​នោះ នៅ​មាន ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវ​បាន​តុលាការ​រកឃើញ​ថា ជា​មេក្លោង​សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ។

នៅមាន ឧកញ៉ា គឹម ម៉ាវិន្ថា បាន​សម្លាប់​ប្រពន្ធ​ចុង ព្រម​ទាំង​កូន​ស្រី​អាយុ៦ឆ្នាំ របស់​ខ្លួន ហើយ​យក​សព​ទៅ​បោះ​ចោល​នៅ​ជ្រោះ​ពេជ្រនិល​កាល​ពី​ឆ្នាំ២០១៤។

ទង្វើ​មិន​គប្បី​របស់​ឧកញ៉ា​មួយ​ចំនួន​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​តម្លៃ​របស់​ឧកញ៉ា​នៅ​កម្ពុជា​ធ្លាក់​ចុះ។

បើ​ទោះ​បី​ជា​ឧកញ៉ា​ខ្លះ​ជា​មនុស្ស​ល្អ ហើយ​បាន​ចូល​រួម​កសាង​ជាតិ​អស់​ពី​កម្លាំង​កាយ​ចិត្ត​យ៉ាង​ណា​ក្ដី ក៏​អំពើ​ល្អ​ទាំង​នេះ មិន​អាច​ទៅ​លុប​លាង​អំពើអាក្រក់ ដែល​ឧកញ៉ា​មួយ​ចំនួន​ទៀត​ប្រព្រឹត្ត​នោះ​ឡើយ។

ការ​នេះ បាន​ញ៉ាំង​ឱ្យ​ពលរដ្ឋ​មិន​ត្រឹម​តែ​ស្អប់​ខ្ពើម​ងារជា «ឧកញ៉ា» ប៉ុណ្ណ៉ោះ​ទេ ថែម​ទាំង​រិះគន់​ដល់​ស្ថាប័ន​ដែល​មាន​សមត្ថកិច្ច ក្នុង​ការ​ស្នើ​សុំ​ផ្ដល់​គោរមងារជា «ឧកញ៉ា» នេះ​ទៀត​ផង។

ប្រហែល​ដោយ​ហេតុនេះ​ហើយ​ទើប លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​ទៅ​ព្រះមហាក្សត្រ ស្នើ​សុំ​ចេញ​ព្រះរាជក្រឹត្យ ស្ដី​ពី គោរមងារ​ឧកញ៉ា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ដើម្បី​កំណត់​អំពី​គោលការណ៍ លក្ខខណ្ឌ បែប​បទ និង​នីតិវិធី​ក្នុង​ការ​ផ្តល់​គោរមងារ​ឧកញ៉ា ព្រម​ទាំងការ​គ្រប់​គ្រង និង​ការ​បញ្ចប់​គោរមងារ​ឧកញ៉ា ដើម្បី​ធានាបាន​នូវ​សេចក្ដី​ថ្លៃថ្នូរ ទំនៀម​ទម្លាប់ ប្រពៃណី​ល្អ សណ្តាប់​ធ្នាប់​សាធារណៈ សន្តិសុខ​ជាតិ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម។

ព្រះរាជ​ក្រឹត្យ​ថ្មីនេះ មាន១១​ជំពូក និង២១​មាត្រា។ បទប្បញ្ញត្តិ​ថ្មី​នេះ ក្រៅ​ពី​បើក​ផ្លូវ​ឱ្យ​នាយក​រដ្ឋមន្រ្តី ជា​អ្នកធ្វើ​សេចក្តី​សម្រេច​ខ្ពស់​បំផុត ក្នុង​ការ​អា​កាត់ ឬ​តម្លើង​តួនាទី​ហើយ ច្បាប់​ថ្មី​សម្រាប់​តែ​ក្រុម​ឧកញ៉ា​នេះ ក៏​បាន​បិទ​ផ្លូវ ដោយ​មិន​តម្រូវ​ឱ្យ​ពួក​គេ ត្រូវ​មាន​ភារ​កិច្ច​បង់វិភាគ​ទាន​ប្រចាំ​ឆ្នាំ ទៅ​រដ្ឋាភិបាល​ទៀត​នោះ​ដែរ។

ទាំង​អស់​នេះ​ស​បញ្ជាក់​ថា រដ្ឋាភិបាល​ខ្លួន​ឯង ក៏​ហាក់​ទទួល​ស្គាល់​ដោយ​ប្រយោល នូវ​គោរមងារ​ឧកញ៉ា​សម័យ​នេះ​ថ្លៃ តែ​គុណ​តម្លៃ​ឧកញ៉ា​ខ្លះ​ថោក​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា បច្ចប្បន្ន​ក៏​នៅ​មាន​ឧកញ៉ា​ ដែល​​ជា​​ម្ចាស់​​ក្រុម​​ហ៊ុន​មួយ​ចំនួន នៅ​តែ​បន្ត​រំលោភ​បំពាន​ច្បាប់ បង្ករ​ផល​ប៉ះ​ពាល់​ដល់​ប្រយោជន៍​ពលរដ្ឋ និង​ពុំមាន​ចំណាត់​ការ​ពី​រដ្ឋ​នៅ​ឡើយ។

ឧទាហរណ៍​ដូចជា ឧកញ៉ា ឡេង ភត្រា ហៅ (ឡេង ណាវាត្រា) ជាដើម ដែល​ឧកញ៉ា រូបនេះ គឺ​ជា​សេដ្ឋី​វ័យ​ក្មេង​មួយ​រូប ដែល​កំពុង​លេច​មុខ​មាត់​ខ្លាំង​ក្នុង​សង្គម។ ឧកញ៉ា ឡេង ភត្រា ហៅ (ឡេង ណាវាត្រា) បាន​ក្ដោប​ក្ដាប់​មុខ​ជំនួញ​ជាច្រើនមុខ​នៅ​កម្ពុជា រាប់​ចាប់​តាំង ពី​វិស័យ អចលនទ្រព្យ ហិរញ្ញវត្ថុ ធនាគារ កសិកម្ម រហូតដល់ វិស័យសិល្បៈ។

បច្ចុប្បន្ន ឧកញ៉ា​រូប​នេះ កំពុង​តែ​មាន​ទំ​នាស់ ជា​មួយ​ប្រជា​ពលរដ្ឋ ដែល​បាន​ទិញ​ផ្ទះ​ពី​គម្រោង​សាងសង់​បុរី​របស់​លោក ដែល​ក្រុម​អតិថិជន​តវ៉ា​ធ្លាប់​អះអាង​ថា បាន​បង់​លុយ​គ្រប់​ច្រើន​ឆ្នាំ តែ​ឧកញ៉ា​រូប​នោះ​គ្មាន​ផ្ទះ​ឱ្យ​តាម​កិច្ច​សន្យា រី​ឯ​ប្រព័ន្ធ​ច្បាប់​មិន​ហាន​ចាត់​ការ ឧកញ៉ា​រូប​នោះ ឱ្យ​គោរព​កិច្ច​សន្យា ដើម្បី​រក​យុត្តិធម៌​ ឱ្យ​អតិថិជន​ដែល​បាន​បង់​លុយ​គ្រប់​តាម​កិច្ច​សន្យា​នោះទេ ច្រើនឆ្នាំទៅនេះ។

តាម​ក្រមព្រហ្មទណ្ឌ ការ​បំពាន​កិច្ច​សន្យា ជា​បទ​ល្មើស “រំលោភលើទំនុកចិត្ត” មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ២០០៩ ចាប់​ពី​មាត្រា​៣៩១ ដល់​មាត្រា៣៩៦។

ប៉ុន្ដែ​រហូត​មក​ដល់​ពេល​នេះ ឧកញ៉ា​រូប​នេះ មិន​ទាន់​ត្រូវ​បាន​បញ្ចប់​គោរមងារ ឬ​មាន​ចំណាត់​ការណា​មួយ​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ។

ដូច្នេះ ដើម្បី​ស្ដារ​តម្លៃ​នៃ​ឧកញ៉ា​ឡើង​វិញ បុគ្គល​ដែល​មាន​ងារ​ជា​ឧកញ៉ា គួរ​តែពិចារណា​ពី​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ឡើង​វិញ។ សម្រាប់​សង្គម​កម្ពុជា​សព្វ​ថ្ងៃ ងារ​ជា​ឧកញ៉ា​លែង​មាន​តម្លៃ​ទៀត​ហើយ ប្រសិន​បើ​ងារ​នោះ ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​សម្រាប់​បម្រើ​តែ​ផល​ប្រយោជន៍​ខ្លួន និង​បក្ស​ពួក ដោយ​មិន​ខ្វល់​ពី​ទុក្ខ​លំបាក​របស់​ពលរដ្ឋ​សាមញ្ញនោះ៕

នាងខ្ញុំ ប៉ា សុខេង វីអូឌី!

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ