ក្រុមអ្នកតស៊ូមតិកម្ពុជា CAT ជំរុញឱ្យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងក្រុងប៉ារីស កោះប្រជុំឡើងវិញបន្ទាន់ ដើម្បីរកដំណោះស្រាយនយោបាយកម្ពុជា ក្រោយរកឃើញថា ជិត១០ឆ្នាំមកនេះ សិទ្ធិមនុសុ្សនៅកម្ពុជាត្រូវបានរំលោភជាប្រព័ន្ធ ក្រៅក្របខណ្ខច្បាប់ សំដៅកម្ទេចក្រុមអ្នកមានសំឡេងជំទាស់ ពីរដ្ឋាភិបាលគ្រួសារហ៊ុន ដោយមិនមានការទប់ស្កាត់ពីស្ថាប័នពាក់ព័ន្ធ។
នេះបើតាមសេចក្តីវិភាគកម្រាស់ ៧ទំព័រ របស់ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅកាត់ CAT ពីទីក្រុងម៉ែលប៊ន ប្រទេសអូស្រ្តាលី ចេញផ្សាយនាថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
CAT រកឃើញថា អំពើរំលោភសិទ្ធិមនុស្សជាប្រព័ន្ធមានភស្តុតាងច្បាស់លាស់ចាប់តាំងពីឆ្នាំ២០១៥ រហូតដល់ឆ្នាំ២០២៤ នេះ។
បើតាម CAT ការរំលោភសិទ្ធិមនុស្សនៅកម្ពុជានេះ ស្តែងចេញតាមរយៈការធ្វើច្បាប់ គោលនយោបាយ ការសម្រេចរបស់នគរបាល ព្រះរាជអាជ្ញា ចៅក្រម រដ្ឋសភា ព្រឹទ្ធសភា ជាដើម សំដៅរឹតត្បឹត លើក្រុមដែលមានមតិផ្ទុយ ឬមិនគាំទ្រគណបក្សដឹកនាំរដ្ឋាភិបាល។
ក្នុងន័យនេះ CAT ថា ពួកគេទាំងនោះប្រើសិទ្ធិស្របតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិមិនបាននោះទេ ព្រោះត្រូវបានរារាំង ឬធ្វើទុក្ខបុកម្នេញ ដោយរដ្ឋក្នុងគ្រប់ទំរង់ រួមមានសាលក្រម សាលដីកា សេចក្តីសម្រេចរបស់ស្ថាប័នរដ្ឋ ឬធ្វើច្បាប់ហាមឃាត់សិទ្ធិសេរីភាពជាដើម។
ជាក់ស្តែង CAT រកឃើញថា សកម្មភាពរំលោភសិទ្ធិមនុស្សទាំងនោះ រួមមាន ការបង្កើតច្បាប់ដាក់គំនាបដល់អង្គការក្រៅរដ្ឋាភិបាល ឱ្យបញ្ចេញទិន្នន័យឯកជនភាពរបស់បុគ្គល ការគំរាមកំហែងប្រព្រឹត្តដោយលោក ហ៊ុន សែន ប្រធានបក្សកាន់អំណាច តាមវោហាសាសន៍រាប់មិនអស់តាំងពីឆ្នាំ២០១៧ ការអនុវត្តច្បាប់លើពលរដ្ឋមានមតិផ្ទុយ អង្គការសង្គមស៊ីវិល អ្នកសារព័ត៌មានវិជ្ជាជីវៈ ដែលសម្តែងមតិ ពីរឿងទឹកដី នយោបាយ សេដ្ឋកិច្ច បញ្ហាជនអន្តោប្រវេសន៍វៀតណាម និងចិន ជាដើម ដែលពួកគេត្រូវចាប់ខ្លួនភ្លាមៗក្រោយបញ្ជេញមតិ។
ជាងនេះទៅទៀត ក្នុងសេចក្តីវិភាគរបស់ CAT ចាត់ទុក ការរំលាយគណបក្សសង្គ្រោះជាតិ និងដកសិទ្ធិធ្វើនយោបាយពីពលរដ្ឋខ្មែរ ១១៤នាក់ ដែលនៅក្នុងរចនាសម្ព័ន្ធថ្នាក់ដឹកនាំបក្សនេះ ជាការអនុវត្តក្រៅក្របខណ្ឌច្បាប់ ដែលជាការរំលោភសិទ្ធិមនុស្ស ខណៈការរំលាយនេះ ក្រោយបក្សកាន់អំណាចប្រឈមការចាញ់ការបោះឆ្នោតបើមានវត្តមានបក្សសង្គ្រោះជាតិចូលរួមប្រកួតនៅឆ្នាំ២០១៨ ។
បន្ថែមលើនេះ ការផ្តួចផ្តើមវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីយកអាសនៈរដ្ឋសភាទាំង៥៥ និងក្រុមប្រឹក្សាឃុំ-សង្កាត់ជាង ៥០០០អាសនៈរបស់គណបក្សសង្គ្រោះជាតិ ទៅចែកគណបក្សដែលពលរដ្ឋមិនបានបោះឆ្នោតឱ្យ និងបើកប្រាក់បំណាច់ថវិកាជាតិ ដោយមិនមានភាពជាតំណាង ក្នុងប្រព័ន្ធប្រជាធិបតេយ្យ គឺជា អំពើរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។
រីឯ ការដកសិទ្ធិសេរីភាពលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ទាំងមានអភ័យឯកសិទ្ធិសភា និងដំណើរការក្តីជាច្រើនឆ្នាំ ចាប់តាំងពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ បានក្លាយជាភស្តុតាងនៃការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ប្រព្រឹត្តដោយរដ្ឋអំណាចក្នុងទំរង់ជាការអនុវត្តនីតិវិធីតុលាការ ដែលមិនត្រឹមត្រូវ តាមគោលការណ៍ជំនុំជម្រះ ដោយយុត្តិធម៌ដែលមានចែងក្នុងនីតិវិធីព្រហ្មទណ្ឌ និងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
ក្នុងន័យនេះ ក្រុមអ្នកតស៊ូមតិ បានលើកទឹកចិត្ត ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងប្រទេសហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គួរកោះប្រជុំឡើងវិញ ដើម្បីរកដំណោះស្រាយនយោបាយ ធានាឱ្យខ្មែរនៅក្រៅប្រទេសចូលប្រទេសវិញបាន ហើយដោះលែងអ្នកជាប់ឃុំឃាំងដោយសារសកម្មភាពសម្តែងមតិ និងនយោបាយទាំងអស់ ឱ្យមានសេរីភាព ដែលជាការសង្គ្រោះកម្ពុជាពីការរំលោភសិទ្ធិមនុស្ស ជាប្រព័ន្ធពីរដ្ឋាភិបាលបច្ចុប្បន្ន។
បន្ថែមលើនេះ ប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា លោក ហុង លឹម និយាយថា ការដឹកនាំរបស់គ្រូសារហ៊ុន ចាប់ចងមនុស្សតាមទំនើងចិត្តបែបនេះ នឹងនាំឱ្យជាតិរងទណ្ឌកម្មពីលោកសេរីថែមទៀត ធ្វើឱ្យពលរដ្ឋជួបវិបត្តិជីវភាពកាន់តែធ្ងន់ធ្ងរ អាចផ្ទុះចលាចលសង្គមដូចបណ្តាប្រទេសផ្តាច់ការមួយចំនួន បើគ្មានការកែលម្អទាន់ពេលទេ។
លោកថា៖ «យើងបានឃើញឧទាហរណ៍ [បាតុកម្មទម្លាក់មេដឹកនាំ] នៅស៊ីរីឃើញឧទាហរណ៍នៅភូមា។ ចឹងយើងសង្ឃឹមថា ខ្មែរដែលកាន់តែទ្រាំមិនបាននឹងបះបោរ គឺថាត្រូវតែកម្ចាត់ដេញចោលពូជពង្សវង្សត្រកូល ដែលតិរិច្ឆាន ស៊ីសាច់ហុតឈាមអង្គាមឆ្អឹង»។
ជុំវិញរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានច្រានចោលការចោទថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មានការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ដោយថា វិធានការច្បាប់ធ្វើឡើងចំពោះមនុស្សទូទៅដែលប្រព្រឹត្តខុសច្បាប់ប៉ុណ្ណោះ មិនមែនអនុវត្តតែលើអ្នកនយោបាយប្រឆាំង ដូចការចោទទេ។
លោកថា៖ «ការចាប់ខ្លួន គេចាប់ខ្លួនអ្នកល្មើសច្បាប់ គេអត់ចាប់ខ្លួនគិតថា អ្នកនយោបាយ មន្រ្តីរាជការ យុវជន ឬស្រ្តីទេ ឱ្យតែអ្នកណាប្រព្រឹត្តល្មើសច្បាប់ គេចាប់ហើយអាហ្នឹង គេហៅថា លើកកម្ពស់ប្រជាធិបតេយ្យ និងពង្រឹងនីតិរដ្ឋ»។
ទោះជាបែបនេះក្តី ជុំវិញការរំលោភសិទ្ធិមនុស្សនេះ សភាអឺរ៉ុប កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើងវិញប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ ៨០% ជាមួយកម្ពុជា និងដាក់ទណ្ឌកម្មជាក់លាក់លើមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរឹតត្បិត ផ្នែកនយោបាយ ដែលជាការឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគ្រួសារហ៊ុន។ សភាអឺរ៉ុបបាន ថ្កោលទោស ពីការរំលោភសិទ្ធិមនុស្ស ការរួមតូចលំហសង្គមស៊ីវិលនៅកម្ពុជា និងអំពាវនាវឱ្យអាជ្ញាធរកម្ពុជា ដោះលែងរាល់អ្នកទោសនយោបាយ សកម្មជន អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដ៏ទៃទៀតទាំងអស់ ដែលត្រូវបានចោទប្រកាន់ ក្រោមបទចោទដែលមានចរិតនយោបាយ៕
ដោយ៖ លោក សែន សច្ចៈ