ការ​បន្ត​ធ្វើ​ទុក្ខ​បុកម្នេញ​ បង្ក​ការ​ឈឺចាប់​ដល់​ខ្មែរ​​គ្នា​ឯង​ ​គឺ​ជា​ការ​បន្ត​​ដើរ​ជាន់​ដាន​​ប្រវត្តិ​សាស្ត្រ

បញ្ញវ័ន្ត​​ខ្មែរ​​មួយ​ចំនួន​ និង​​​ថ្នាក់​​ដឹកនាំ​​រដ្ឋាភិបាល​​បច្ចុប្បន្ន ​​រួម​​ទាំង​​អ្នក​​នយោបាយ​​​ក្រៅ​​រដ្ឋាភិបាល​​ បានបន្ត​លើក​ឡើង​ពីមូល​ហេតុ​​ដែល​​នាំឱ្យ​ខ្មែរ​​ចុះខ្សោយ​​បាត់​បង់​ទឹកដី​​​ដ៏ធំល្វឹង​​ល្វើយ​មក​នៅ​​តូច​​ដូចសព្វ​ថ្ងៃ ថា​​ដោយ​​​សា​រ​​តែ​ខ្មែរ​​មាន​​​ជម្លោះ​​ផ្ទៃ​ក្នុង​ ​​បែក​បាក់​​ជាតិ​ ប៉ុន្តែ​​ពួកគេ​​ពុំ​បាន​​បង្ហាញ​ពីយន្តការ​​ណា​មួយ​ក្នុង​ការ​​​ដោះ​ស្រា​យ​​​​ជ​ម្លោះ​​រវាង​ខ្មែរ​និងខ្មែរ ​ដែល​​កំពុង​​តែ​បន្ត​​អូស​បន្លាយ​​នោះ​​ទេ។​

ការលើក​ឡើងនេះ ចំពេល​មេដឹក​នាំ​គ្រួសារហ៊ុន កំពុង​ក្លាយ​ជា​ផ្ទាំង​ស៊ីប របស់​គណបក្ស​ប្រ​ឆាំង ដែល​ក្រុម​ជំទាស់ បាន​ចោទ​ប្រកាន់​ថា ក្រោមការ​ដឹកនាំ​របស់​គ្រួសារហ៊ុនជាង ​៣ទសវត្សរ៍ ទៅនេះ បាន​ធ្វើ​ឱ្យ​ទឹក​ដី​ខ្មែរ​មួយ​ផ្នែក​ខ្លះ​ទៀត ទាំង​ព្រំដែនគោក និងព្រំ​ដែន​សមុទ្រ រួម​ទាំង​ប្រជុំកោះ​ក្រចកសេះ កោះ​ត្រល់ ធ្លាក់​ក្នុង​ដៃ​វៀតណាម និង​កោះគុត​ដែល​ថៃ​កំពុង​គ្រប់គ្រង តែ​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច មិន​ព្រម​ប្តឹង​ករណី​នេះ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏ព្រោះ​តែខ្លាច​បាត់​បង់​អំណាច។

ដែល​ជាការ​ឆ្លើយតប​ទៅនឹង​ការ​ចោទ​នេះ មេបក្សកាន់​អំណាច​គ្រួសារហ៊ុន បាន​បង្កើន​វិធាន​ចាប់​ឃុំ​ខ្លួន​ពល​រដ្ឋជិត ១០០នាក់​ ដាក់​ពន្ធនាគារ ពាក់​ព័ន្ធ​គម្រោង​អភិវឌ្ឍន៍​រួម តាម​ព្រំដែន​ជា​មួយ​វៀត​ណាម​​ CLV ​និង​ថ្មីៗ​នេះជនភាសខ្លួន​ខ្មែរ ៦នាក់ ត្រូវ​បាន​ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ មក​កាត់​ទោស​នៅ​កម្ពុជា ចោទ​ពី​បទ​ក្បត់​ជាតិ ដោយ​សារ​ពួក​គេ​ជំរុញ​ឱ្យ​មេ​ដឹក​នាំ​ការ​ពារ​កោះ​គុត។

លោក​បណ្ឌិត ​សុខ ទូច​ ប្រធាន​​រាជ​បណ្ឌិត​សភា​កម្ពុជា​​​របស់​រដ្ឋាភិបាល បាន​​ថ្លែង​​នៅ​ក្នុង​​កិច្ច​​ពិភាក្សា​តុ​មូល​នៅ​​រាជ​​បណ្ឌិត​​សភា​ ​កាល​ពីថ្ងៃទី​៦ ​ខែធ្នូ​​ ឆ្នាំ​២០២៤ ​ដោយ​​លើក​ឡើង​​ពី​ប្រវត្តិ​សាស្ត្រខ្មែរ​​​តាំង​​ពី​​ក្រោយ​សម័យ​​អង្គរ​​ដែល​​មាន​​ជម្លោះ​បាក់​បែក​ផ្ទៃ​ក្នុង​​​ថា​ ពេល​ណា​ដែល​ខ្មែរ​ខ្សោយ​​ ខ្មែរ​​ទៅ​​ពឹង​​អា​ណាម ខ្មែរ​ទៅ​ពឹង​សៀម ពឹង​ចុះ​ពឹងឡើង ធ្វើ​​ឱ្យ​​ខ្មែរ​​បាត់​​បង់​​ទឹកដី​​អស់ ​២១​ខេត្ត ​ទៅ​ប្រទេស​​វៀតណាម​ និង​បាត់​​បង់ ​​១៩​​ខេត្ត​​ទៅ​​ប្រទេស​​ថៃ​ ដែល​​ទាំង​​អស់​​នេះ​​ជា​មេរៀន​ ​ដែល​​ខ្មែរ​​ត្រូវ​​ដឹង​។

លោក​​បណ្ឌិត​​បាន​​ចោទ​សួរ​​ថា ដោយ​​សារ​ខ្មែរ​បន្ត​​មាន​​ជម្លោះ​​ផ្ទៃ​ក្នុង​ ដោយ​​សារ​​ខ្មែរ​​កាប់​ចាក់​​គ្នា​​​ដើម្បី​តែ​អំ​ណាច​ តើ​ពេល​ណា​ខ្មែរ​​រៀបចំ​ខ្លួន ​ដើម្បី​​ធ្វើ​ជា​ម្ចាស់​ទឹក​ដី ធ្វើ​​ជា​ម្ចាស់​​ជោគវាស​នា​​​លើ​​ប្រទេស​ជាតិ​​របស់​ខ្លួន?។

លោកថា៖ «ដើម្បី​​ធ្វើ​ជា​ម្ចា​ស់វាសនា ​ត្រូវ​​មើល​​រដ្ឋធម្មនុញ្ញ​ រដ្ឋធម្ម​នុញ្ញ​​គេ​ចែង​ហើយ​​ថា ប្រជា​ជន​ជា​​ម្ចាស់​ឆ្នោត​​ជា​ម្ចាស់​អំណាច អី​ចឹង​វា​ល្មម​​ពេល​ដែល​​អ្នក​​ឯង​​មើល​ប្រវត្តិសាស្ត្រ​ ហើយ​ថា​ខ្មែរ​បែក​​បាក់​គ្នា​​ ខ្មែរបាត់​​បង់​​អី? បាត់​បង់ទឹកដី។ វ៉ៃ​ខ្សោយ​​ទៅ​ពឹង​គេ គេ​ដឹង​ខ្សោយ​គេ​ខោក​ក្បាល។ ចឹង​យើង​​ឃើញ​ទាំង​អស់ហ្នឹង​ដែ​ល​​​ជា​រឿង​សោកនាកម្ម ដែល​​ធ្វើ​ឱ្យ​យើង​​លំ​បាក។​ នេះ​​យើង​​មើល​​ទាំង​អស់គ្នា​ ​វា​​ជា​ការ​សោក​សង្រេង​មួយ​​ ដែ​ល​​យុ​វជន​ត្រូវ​ចងចាំ»

ការថ្លែងរបស់ លោក​បណ្ឌិត សុខ ទូច ចំ​ពេល​ដែល​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​គ្រង​ដោយ​គ្រួសារ​ហ៊ុន កំពុង​រង​ការ​ចោទ​ប្រកាន់ ពីគណបក្ស​ប្រឆាំង​ថា បាន​កាត់​ទឹក​ដី​ឱ្យ​ទៅ​វៀត​ណាម រួម​ទាំង​កោះត្រល់ និង​មិន​ប្តឹង​ប្រទេស​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បីទាម​ទារ​កោះគុត ដែល​ថៃ​កំពុង​គ្រប់​គ្រង​ ដើម្បី​រក្សា​អំណាច ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ ពី​តំណាង​រាស្ត្រ​គណបក្សសង្គ្រោះជាតិ ដែល​មាន​បទ​ពិសោធន៍​កិច្ចការ​ព្រំដែន​គឺ លោក អ៊ុំ សំអាន។

លោកថា៖ «ខ្ញុំ​និយាយ​ពី​បញ្ហា​ព្រំដែន គ្មាន​បំណង​ណា​មួយ​វាយ​ប្រហារ​រដ្ធាភិបាល​នោះទេ។ គ្រាន់​តែ​ចង់​ឱ្យ​រដ្ធាភិបាល​ឈឺ​ឆ្អាល​បញ្ហា​ព្រំដែន ការពារ​​ព្រំដែន​កុំ​ឱ្យ​បាត់​បង់ កុំ​ឱ្យ​ចេះ​តែ​កាត់​ទឹក​ដី​ខ្មែរ​យើង​ទៅ​ឱ្យ​បរទេស​ ដើម្បី​តែ​រក្សា​អំណាច។ ខ្ញុំ​ចង់​ធ្វើម៉េច​ឱ្យ​មាន​ការ​បណ្ដុះ​គំនិត​ជាតិ​ឱ្យ​កូន​ខ្មែរ​ចេះ​​ស្រលាញ់​ ការពារ​ទឹក​ដី​របស់​យើង​ កុំឱ្យ​បាត់​បង់ គង់​វង្ស​ត​កូនតចៅទៀត។ បើ​មិន​ចឹង​ទេ ប្រទេស​ជាតិ​របស់​យើង​អាច​បាត់បង់​ដូច​ទឹក​ដី​ចំ​ប៉ា (ចាម) ​ដូច​កម្ពុជា​ក្រោម​ ហើយ​យើង​មើល​វៀតណាម និង​ថៃ គេ​បណ្ដុះ​គំនិត​ជាតិ​និយម​ ឱ្យកូន​ចៅ​របស់​គេ​ស្នេហា​ជាតិ។ ប៉ុន្ដែ​មេដឹក​នាំ​យើង​ខុស​ពី​ប្រទេស​គេ តែ​នរណា​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន គឺ​ចាប់​ដាក់​គុក​អស់​ហើយ »

ការ​បន្ត​លើក​ឡើង​ពី​បញ្ហា​បូរណភាព​ទឹក​ដី ពី​សំណាក់​អ្នក​នយោបាយ​មិន​ចំណុះ​ឱ្យ​បក្ស​កាន់​អំណាច​នេះ​  ក៏​ចំ​ពេលដែលលោក ហ៊ុន សែន បន្ត​បើក​យុទ្ធនាការ​ចាប់​ពលរដ្ឋ​​ ដែល​សកម្ម​និយាយ​​អំពី​បញ្ហា​ព្រំដែន​ដាក់​ពន្ធនាគារ និង​បន្ត​ប្រើ​តុលាការ​សម្លាប់​ជីវិត​នយោបាយ​មេដឹកនាំ​គណបក្សប្រ​ឆាំង ដែល​មាន​សក្តានុពល​ប្រ​កួត​​​ប្រជែង​អំណាច លើ​ទីលាន​បោះឆ្នោត​មាន​លោក សម រង្ស៊ី និង​លោក កឹម សុខា ជាដើម។

ជា​មួយ​គ្នា​​នេះដែរ ​លោក​​បណ្ឌិត ​មាស នី ​អ្នក​​សិក្សា​​ស្រាវ​ជ្រាវ​​ពី​ការ​​អភិវឌ្ឍ​​សង្គម ​​ក៏​​បាន​​ថ្លែង​​នៅ​​ក្នុង​​កិច្ច​ពិភាក្សា​​តុ​មូល ​ដែល​​រៀប​ចំ​ឡើង​​ដោយ​​រាជ​បណ្ឌិត​​សភា​កម្ពុជា​​ពេល​នោះ ក៏​បាន​រំឭក​ប្រហាក់​ប្រហែល នឹង​លោ​ក​បណ្ឌិត សុខ ទូច ដែរ ពី​ស្នាម​របួស​របស់​កម្ពុជា​ពី​អតីតកាល ដែល​ធ្វើ​ឱ្យ​​ប្រទេ​ស​ជិ​ត​ខាង​​អាច​ស​ម្រេ​ច​ម​ហិ​ច្ឆតា​លេប​ទឹក​ដី​ខ្មែរ​​​បានពេលនោះ។

លោក​បណ្ឌិត មាស នី បាន​គូស​បញ្ជាក់​ថា បញ្ហា​ខ្មែរ បើ​កុំ​តែ​​មាន​កិច្ច​ព្រមព្រៀង​ទី​ក្រុងប៉ារីស គឺ​គ្មាន​ការ​ដក​កង​ទ័ព​វៀត​ណាម​ចេញ​ពី​កម្ពុជា​នោះ​​ទេ​ ហើយ​ថា​បើ​គ្មាន​​កិច្ច​ព្រមព្រៀង​​ទីក្រុង​ប៉ារីស ក៏​​គ្មាន​សន្តិភាព​​ដែរ​ ហើយ​​មិន​ដឹង​ថា ខ្មែរ​ត្រូវ​ច្បាំង​គ្នា​ដល់​ពេល​​ណា ឬ​រហូត​ដល់​ពេល​ណា​នោះ​ទេ ។

លោក​សង្កត់​ធ្ងន់​ថា ខ្មែរ​​យើង​ឈ្លោះ​​គ្នា​​តាំង​​ពី​​ក្រោយ​សម័យ​​អង្គរ​មក​​ម្ល៉េះ ​មិន​​មែន​​​ទើប​​​តែ​​ឈ្លោះ​នៅ​ពេល​នេះ​ទេ រហូត​​ដល់​​ចាស់ៗ​​គាត់​​ដំណាល​​តគ្នា​​ថា ខ្មែរ​​យើង​ឱ្យ​​តែ​មាន​​​គ្នា​​លើស​ពី​២​នាក់ គឺ​ខាំ​គ្នា​​ដែល​​ទាំង​​នេះ​វាជា​ចរិក​​មួយ​​​ដែល​​វា​​កើត​​ចេញ​​​តាំង​​​ពី​​ក្រោយ​​សម័យ​​អង្គរ​។

មួយ​វិញ​ទៀត​លោក​​ថា នេះ​ជា​រឿង​​មួយ​​ដែល​​វា​ដិតដាម​​ នៅ​ក្នុង​​វប្បធម៌​ខ្មែរ ដែល​កើតឡើង​នៅ​គ្រប់​ជំនាន់ ​តាំង​​ពី​ជំនាន់​​សង្គម​​រាស្ត្រ​និយម ​មក​​ដល់​ជំនាន់​​ប៉ុលពត និង​នៅ​​តែបន្ត​រហូត​មក​ដល់​បច្ចុប្បន្ន។

លោកថា៖ «រៀង​​រាល់​​ពេល​​ដែល​​ខ្មែរ​​​មាន​ជម្លោះ​ធំៗ ​ជា​មួយ​​អ្នក​​ខាងក្រៅ​ ខ្មែរ​យើង​អត់​​សូវ​​ចំណាយ​​ពេល​ប្រមូល​គ្នា​​​ដើម្បី​​ដោះ​​ស្រាយ​​បញ្ហា​​ប្រឈម​​ទេ ច្រើន​​តែ​ងាក​​មក​​ហើយ​​ចោទ​​ដាក់​​គ្នា ​ទៅ​​វិញ​ទៅ​​មក​ ដែល​យើង​​ឃើញ​ពាក្យ​​ក្បត់ជាតិ​ពាក្យ​អី​ ដែល​​ជំនាន់​សង្គមរាស្ត្រនិយមអី​ក៏​មាន​ដែរ។​ តាម​​ពិត​​នៅ​​ពេល​ហ្នុង​បើ​សិន​​ជា​ខ្មែរ​យើង​​រួមគ្នា​​ហើយ​​ដោះ​ស្រាយ​​ មើល​​សត្រូវ​​​រួម​​ទាំង​​អស់​គ្នា​តែ​មួយ វា​អត់​អី​​ទេ​ ប៉ុន្តែ​​នៅ​​ពេល​​ដែល​យើង​​បែរ​មក​ឈ្លោះ​គ្នា​​​ វា​ទៅ​​ជាផ្តល់​ឱកាស​ឱ្យគេ​វិញ»។

លោក​​បណ្ឌិត ​មាស នី ​ថ្លែង​​ទៀត​ថា ទំនាស់​​ច្រើន​​​ជំនាន់​មក​ជា​​ចំណុច​​ខ្សោយ​​មួយ​​​របស់​អ្នក​​នយោបាយ​​​​ខ្មែរ​នៅ​​ពេល​​ដែល​​ប្រឈម​នឹង​អ្នកក្រៅ មិនចេះ​រួមគ្នា​ទទប់​ទល់​ ​តែ​បែរ​ជា​វិល​​មក​ចោទ​ដាក់​គ្នា​​ឯង។

លោក​សង្កត់​ធ្ងន់​ថា ទាំង​​នេះ​​​ជា​រឿង​​​មួយ ​​ដែល​​​វាកើត​​ទៅ​​ជា​​រឿង​លាប​ពណ៌​​គ្នា ហើ​យ​ថា​​​រឿង​​លាប​​ពណ៌​​​នេះ ​ក្នុង​​សង្គម​​​ ដែល​​កម្ពុជា​បាន​ឆ្លង​​កាត់ ​វិបត្តិ​​ផ្ទៃ​ក្នុង​​ច្រើន​​ពេក ​គឺ​ការ​លាបពណ៌​​វា​ជាលក្ខណៈ​​ធម្មជាតិ​មួយ ​ដែល​​វា​ត្រូវ​​តែ​កើត​ឡើង​។​

មិន​​មែន​​មាន​​តែ​បញ្ញ​វ័ន្ត​ ​ដែល​​គ្មាន​​អំណាច​នៅក្នុង​ដៃ​នោះ​ទេ ដែល​​លើក​​ឡើង​​ពីជម្លោះ​​ផ្ទៃ​ក្នុង ​ខ្មែរ​គ្នា​​ឯង ​នាំ​ឱ្យ​ខ្មែរ​​ចុះ​ខ្សោយ​​បាត់​បង់​ទឹក​ដី លោក​​នាយក​​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត ក៏​​បាន​​លើក​​ឡើង​​ដូចគ្នា​​នេះ​​ផង​ដែរ​។

​នៅ​ក្នុង​ពិធី​មួយនៅ​ភ្នំពេញ កាល​ពី​ថ្ងៃទី​៥ ​ខែកញ្ញា​ ឆ្នាំ​២០២៤ លោក ​ហ៊ុន ម៉ាណែត ​បាន​​លើក​ឡើង​​​ថា កម្ពុជា​​បាត់​បង់​​ទឹកដី ពី​អាណា​ចក្រខ្មែរ​​មក​នៅ​​ដូចសព្វថ្ងៃ បញ្ហា​​ធំគឺ​ការ​បែក​បាក់​ផ្ទៃ​ក្នុង​​ជាតិ​ ហើយ​ចុង​ក្រោយ​គឺ​​ការ​​កើត​​មាន​​រដ្ឋ​ប្រហារឆ្នាំ១៩៧០ ​ដែល​​ឈាន​​ទៅ​ដល់​​ការ​​កាប់​ចាក់​​គ្នា​ រហូត​​ទៅ​​ដល់​ឆ្នាំ១៩៩៨​បាន​​យើង​ចប់ ធ្វើ​ឱ្យ​​ប្រជា​ពលរដ្ឋ​​រាប់លាន​នាក់ ​ត្រូវ​​បាត់​​បង់​ជីវិត​​ ហើយ​​ប្រទេស​ជាតិ​​​ចុះខ្សោយ។

​លោកថា៖ «តែឥឡូវ យើង​មិន​​អាច​​អង្គុយ​​យំ​ស្តាយ​​អ្វី​​ដែល​​កើត​​មានហើយ ​មាន​​តែ​ធ្វើ​យ៉ាង​ម៉េច​ កុំ​ឱ្យ​កង់​ប្រវត្តិសាស្ត្រ​ត្រឡប់​​មក​​វិញ​​ គឺការ​បែក​បាក់​​ផ្ទៃ​ក្នុង​​របស់​យើង»។

បើ​​ទោះ​​បី​ជាលោក ​ហ៊ុន ម៉ាណែត​ បាន​​ថ្លែង​​ទទួល​​ស្គាល់​​បែប​​នេះ​​ក៏ដោយ ​​ក៏​ប៉ុន្តែ​​ចាប់​​តាំង​​ពី​ពេល​​នោះ​មក លោក​​​មិន​​ត្រឹម​តែ ​មិន​​ដែល​​ឃើញ​​បង្ហាញ​​ពី​ឆន្ទៈ​ក្នុង​ការ​​ធ្វើ​ឱ្យ​ខ្មែរស្រុះ​ស្រួល​គ្នា ​ឈាន​​ទៅ​​រក​​ការ​បង្រួប​បង្រួម​​គ្នា​​នោះ​ទេ រដ្ឋាភិបាល​​ក្រោម​​ការ​​ដឹកនាំ​​របស់​​លោក ​ថែម​ទាំង​​នៅ​​តែបន្ត​​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ​​ទៅ​​លើ​​អ្នក​នយោបាយ ​​និង​​សកម្មជន​សង្គម​​​ ដោយ​​​ចាប់​​ឃុំ​​ខ្លួន​​ជា​បន្ត​​បន្ទាប់​ ដោយ​គ្រាន់​​តែ​ពួក​គេ​​បញ្ចេញ​មតិ​មិន​ស្រប​នឹង​រដ្ឋាភិបាល​​របស់​លោក​​។

បើ​​តាម​​អង្គការ​​លីកាដូ​ គិត​​មក​​ត្រឹម​​ខែធ្នូ​នេះ ​មាន​​អ្នក​​ទោស​​មនសិការ​ចំនួន​៧៦​នាក់ ​កំពុង​​បន្ត​​ជាប់​ឃុំ​​ក្នុង​ពន្ធនាគារ​​ ក្នុង​​នោះ​​ក៏​មាន ​លោក ​កឹម សុខា ប្រធាន​គណបក្ស​​សង្គ្រោះ​ជាតិ ​ដែល​​ជា​អ្នក​នយោបាយ​ជា​និមិត្តរូប​​ប្រកាន់​​គោលការណ៍​​អហិង្សា​និយម​​ផងដែរ។

 ប៉ុន្តែ​​ទោះ​​យ៉ាង​ណា​ លោក ប៉ែន បូណា​ ប្រធាន​​អង្គភាព​​អ្នក​​នាំ​ពាក្យ​​រាជ​រដ្ឋា​ភិបាល​ ​បាន​​ចាត់​​ទុក​​​​ថ្នាក់​​ដឹក​នាំ ​និង​​អ្នក​​គាំ​ទ្រ​​​អតី​ត​គណបក្ស​សង្គ្រោះ​​ជាតិ ​ដែល​​មាន​​ស្ទើ​​កន្លះ​​ប្រទេស​​ថា ជាក្រុម​ «មួយ​ក្តាប់​តូច​»។

បន្ថែម​ពីនេះ​លោក​គូស​បញ្ជាក់​ថា ​រដ្ឋា​ភិបាល​​នឹង​​ពុំ​​មាន​ការ​​បង្រួប​​បង្រួម​​ផ្សះ​​ផ្សា​​ជាមួយ ​«ក្រុម​ឧទ្ទាម​មួយ​ក្តាប់​​តូច» នេះ​ឡើយ ដោយ​​លោក​ថា ការ​​ផ្សះ​ផ្សា​បង្រួប​​បង្រួម​​ជាតិ​ ​រាជរដ្ឋាភិបាល​​ដឹក​នាំ​​ដោយ​​គណបក្ស​ប្រជាជន​​កម្ពុជា ​បាន​​​ធ្វើ​រួច​​រាល់​​អស់​ហើយ​​តាំង​ពី​ឆ្នាំ១៩៩៨ ដែល​​កាល​​នោះ ​​ភាគី​​ខ្មែរ​ក្រហម​​ដែល​​ជា​ក្រុម​ចុង​​ក្រោយ បាន​​ចូល​​មក​​បង្រួប​​បង្រួម​​គ្នា​​ដាក់​​អាវុធ​​ចុះ ​ដូរ​សម្លៀក​​បំពាក់ ចូល​​មក​ក្នុង​​រាជរដ្ឋាភិបាល​​តែមួយ ​​រស់​ក្រោម​​ដំបូល​​​រដ្ឋធម្ម​នុញ្ញ​​តែ​មួយ។

​ប៉ុន្តែ ​លោក នី សុខា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ​បាន​​ថ្លែង​​កាល​ពី​ពេល​​ថ្មីៗ​​នេះ​ថា លោក​មាន​​​​ការ​​ព្រួយ​បារម្ភ​​នៅ​​​​ពេល​ដែល​​រដ្ឋាភិបាល​​នៅ​តែ​​បន្ត​​​ចាប់​​​ឃុំ​ខ្លួន​​ក្រុម​​អ្នក​ដែល​​មាន​សំឡេង​មិនស្រប​​ជាមួយ​​រដ្ឋា​ភិបាល ដែល​​វា​កាន់​តែ​ធ្វើឱ្យ​​មាន​​ការ​​បែក​បាក់​​នូវ​​សាមគ្គី​ភាព ​និង​ការ​ឯកភាពជាតិ ​រវាង​គណបក្ស​​កាន់​អំណាច​ និង​​គណ​បក្ស​​ប្រឆាំង​​។

​លោក​ នី សុខា​ បាន​លើក​​ឡើង​​​ថា កម្លាំង​​របស់​គណបក្ស​​ប្រឆាំង​​អ្នក​​ដែល​គាំទ្រ​​គណបក្ស​​ប្រឆាំង​​​កន្លង​មក​នេះ​គឺ​​មាន​​រាប់​លាន​នាក់​​មិន​មែន​​តិចតួច​ទេ​ ហើយ​​​នៅ​ពេល​​​ដែល​មានការ​​ប្រទូសរាយ​​គ្នា​​​ខាង​ទស្សនៈ​​​នយោបាយ ​​​​ដែល​​មិន​ស្របគ្នា​​ឃើញ​មាន​ការ​​បែងចែក​ ​រវាង​​ប្រជា​ពលរដ្ឋ​​ដែល​​ប្រកាន់​​នយោបាយ​ប្រឆាំង​និង​​ប្រជាពលរដ្ឋ​​ដែល​​ប្រកាន់​​នយោបាយ​​ស្រប​​ជាមួយ​​នឹង​រដ្ឋាភិបាល​​ហាក់​​បីដូច​ជា​មាន​​ទស្សន​បែក​បាក់​គ្នា​កាន់​តែ​ធំ​ទៅ​​​ៗ​។

លោកថា៖ «​ហី​នេះ​​ហើយ​​​ជារឿង​​មួយ ​ដែល​​យើង​មានការ​​ព្រួយ​បារម្ភ​​ណាស់ ទៅ​ថ្ងៃ​អនាគត​​ចំពោះ​​ប្រទេស​ជាតិ​​យើង​ ​ដែល​មិនមាន​​ការ​សាមគ្គីភាព ​មិនមាន​ការ​​ឯកភាព​ជាតិ​​តែ១ នេះ​​គឺ​ថា​​ជា​​ធម្មតា​នៅ​ពេល​​ដែល​ប្រទេស១ ​ដែល​​ប្រជាពលរដ្ឋ​​មានការ​​បែកបាក់ ​​ឬក៏​អ្នក​នយោបាយ​​មាន​ការ​បែកបាក់​​សាមគ្គីគ្នា​ គឺ​​ជា​រឿង​១ ដែល​​មានវិបត្តិ​ធំណាស់​ ​មិន​មែន​​ជារឿង​​១​ ល្អ​សម្រាប់​​ប្រទេស​ជាតិ​១ទេ​»។

ចំណែក​លោក អ៊ូ ច័ន្ទរ័ត្ន អតី​ត​​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ និង​​ជាសហស្ថាប​និក​​គណបក្ស​កែ​ទម្រង់​កម្ពុជា​​ក៏​បាន​​បន្ទរ​​លើ​​បញ្ហា​នេះ​​ផងដែរ​ថា​ យើង​ឃើញ​​ក្នុង​​ប្រវត្តិសាស្ត្រ​ ​កាលណា​មានការ​បែកបាក់​ផ្ទៃ​ក្នុង​​ជាតិ​ ធ្វើឱ្យ​ងាយ​ស្រួល​​​ដល់​​ប្រទេស​​ជិត​ខាង​​ គេលូក​ជ្រៀត​ជ្រែក ​រហូត​​​ធ្វើឱ្យកម្ពុជា​​បាត់បង់​ទឹក​ដី​មក​ដល់​សព្វ​ថ្ងៃ​នេះហើយ​នៅ​​តែបន្ត​​បែកបាក់​​​ជាតិ​​មក​ដល់​សព្វ​ថ្ងៃនេះ មិន​ទាន់​​ឃើញ​​មាន​ឯក​ភាព​ជាតិ​នៅ​ឡើយ​​ទេ​ ​​គឺ​​នៅ​តែ​​មាន​​ការ​​ប្រឆាំង​​តតាំង​គ្នា ​ដោយ​​សារ​​តែ​​ទស្សនៈ​​មិន​​ចុះ​សម្រុង​គ្នា។

លោក ច័ន្ទរ័ត្ន​ បញ្ជាក់​ថា កម្ពុជា​​​​មិន​ដូច​​ប្រទេស​​ដែល​​ប្រកាន់​​យក​​របប​​ប្រជាធិប​តេយ្យ​​ដទៃ​ទេ​ យើង​តែង​តែ​ឈ្លោះ​​គ្នា​​ដោយ​សារ​​តែ​​មានទស្សនៈ​ខុសគ្នា​​នេះ ​​​អត់​​ជជែក​គ្នា​ដើម្បី​​សម្រប​​សម្រួលប្រកាន់​យក​គោល​ការណ៍​​​ណាមួយ​​ដើម្បី​ស្វែងរក​​ឯកភាព​ជាតិទេ ដោយ​​អ្នក​នយោ​បាយ​​ខ្មែរ​​ នៅ​​​តែ​​បន្ត​​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​កម្ទេចគ្នា​ទៅវិញ​ទៅមក។

 សម្រាប់​​លោក ​អ៊ូ ច័ន្ទ​រ័ត្ន វាមិន​ពិបាក​​ពេក​ទេ​ក្នុងការ​​បង្រួប​បង្រួម​​ផ្ទៃក្នុង​​ជាតិ​​ខ្មែរ ​ដើម្បី​​ស្វែង​រក​​ការ​ឯកភាព​ជាតិ​ ផ្សះផ្សា​​ជាតិ​ឱ្យតែ​អ្នក​ដឹក​នាំ​នយោ​បាយ​ខ្មែរ​​​គ្រប់​ភាគី​​មានឆន្ទៈ​​នយោបាយ​​​ច្បាស់លាស់​ ដោយ​​ចាត់​ទុក​​ផល​ប្រយោជន៍​​ជាតិ គឺ​​ជា​រឿង​សំខាន់​សម្រាប់​​ទាំងអស់​គ្នា។ ​សម្រាប់​​រូបលោក លោក​​គិត​​ថា បើសិន​ប្រទេស​កម្ពុជា​​ជ្រើសរើស​​យក​​លទ្ធិប្រជាធិបតេយ្យ​ ដើម្បីគ្រប់​គ្រង​ជាតិ​​ទៅ​​ហើយ​ ដូច្នេះ​ជំហាន​ទី​១ យើង​​ត្រូវគោរព​ទៅតាម​​គោល​ការណ៍​​ប្រជា​ធិបតេយ្យ ​និង​គោលការណ៍​សិទ្ធិ​មនុស្ស​​​ឱ្យ​បាន​​ច្បាស់​លាស់ និង​​​ត្រូវ​​​ធ្វើ​ការ​​សម្រប​​សម្រួល​​ផ្សះផ្សា​ជាតិ។ ជំហានទី២ យើង​​ត្រូវ​តែ​មាន​ការ​​ស្រុះស្រួល​គ្នា​​ ទៅលើ​​គោល​​នយោបាយ​​ជាតិ​​ធំៗ ជាពិសេស​បញ្ហា​បូរណភាព​ទឹក​ដី​ គឺ​​ត្រូវ​តែ​មាន​ការ​ឯកភាព​ពី​គ្រប់​ភាគី ហើយ​​បើ​មិនអាច​​ឈាន​​ទៅ​រក​​ការ​ព្រម​ព្រៀង​គ្នា​​បាន​​​ដូច្នោះ​​ទេ​ យើង​​អាច​​យក​ប្រជាពលរដ្ឋ​​ជាធំ​ ដោយ​​​ធ្វើ​​ប្រជា​មតិ​​ដើម្បី​ឱ្យ​អ្នក​​នយោបាយ​ស្រុះស្រួល​​គ្នា​៕

ដោយ៖ កញ្ញា កែវ​ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ