មន្រ្តីជាន់ខ្ពស់គណបក្សកម្លាំងជាតិបញ្ជាក់នៅថ្ងៃនេះថា ខ្លួនត្រូវផ្អាកទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ភ្លាមៗ ដែលគ្រោងនឹងប្រារព្វនៅចំថ្ងៃនេះ ក្រោយមានបញ្ហាមិនប្រក្រតីកើតឡើង នៅទីតាំងរៀបចំពិធី។
ថ្លែងប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃអង្គារនេះ លោក រ៉ុង ឈុន ដែលជាទីប្រឹក្សាជាន់ខ្ពស់គណបក្សកម្លាំងជាតិ លើកឡើងថា វាជាការសោកស្តាយដែលកម្មវិធីគ្រោងនឹងដំណើរការនៅថ្ងៃនេះ ត្រូវផ្អាកទៅវិញ។
លោកបន្តថា តាមពិតទៅរដ្ឋបាលខេត្តកំពង់ធំ បានព្រមព្រៀងរួចហើយ ក្នុងការអនុញ្ញាតឱ្យគណបក្សកម្លាំងជាតិ ប្រារព្វកម្មវិធីទៅតាមផែនការដែលគ្រោងទុក។ ប៉ុន្តែបែរជាកម្មវិធីនេះ ត្រូវអាក់ខានទៅវិញ ព្រោះតែម្ចាស់កម្មសិទ្ធិដីធ្លី ដែលបានជួលឱ្យគណបក្សកម្លាំងជាតិរៀបចំទិវា១០ធ្នូនេះ ត្រូវបញ្ចប់កិច្ចសន្យាទាំងតក់ក្រហល់ និងប្រញាប់ប្រញ៉ាល់។
បើតាមលោក រ៉ុង ឈុន ការបដិសេធវិញភ្លាមៗ បែបនេះ ប្រាកដណាស់ពិតជាមានរឿងនៅពីក្រោយ ដែលពិបាកស្មាន។ ហើយលោកចាត់ទុកថា ករណីនេះអាចមិនមែនជាចេតនាផ្ទាល់របស់ម្ចាស់ដីឡើយ។
លោកថា៖ «ជុំវិញការជួលស្នាក់ការហ្នឹង យើងបានចុះកិច្ចកុងត្រាគ្នាមានការដឹងឮដល់ចៅសង្កាត់ដល់អីហើយជាការឯកភាព។ ប៉ុន្តែនៅពេលហ្នឹងបើតាមសេចក្តីរាយការណ៍ ពីសហការីរបស់ខ្ញុំថា កូនជំទាស់ ប៉ុន្តែវាមានអ្វីនៅពីក្រោយកូនហ្នឹងទៀត។ តាមពិតគាត់ចង់ជួយ គាត់ខំចាក់ដីចាក់អីឱ្យគណបក្សកម្លាំងជាតិ ដល់អីចឹងទៅនៅពេលដែលគាត់មកសុំផ្តាច់កិច្ចសន្យា ក៏យើងមិនជំទាស់ដែរ ព្រោះយើងដឹងហើយនៅកម្ពុជាយើងហ្នឹងយើងដឹងហើយ»។
បន្ថែមពីលើនេះ គណបក្សកម្លាំងជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយជូនដំណឹងទៅរដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ដោយបញ្ជាក់ថា ខ្លួននឹងប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នេះនៅចំថ្ងៃទី១០តែម្តង។
កម្មវិធីនេះនឹងរៀបចំឡើង ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ នៅពេលព្រឹក។ ប៉ុន្តែគេនៅចុងខែវិច្ឆិកា រដ្ឋបាលខេត្តកំពង់ធំ បានចេញលិខិតមួយតបវិញ ដោយតម្រូវឱ្យគណបក្សកម្លាំងជាតិ ត្រូវចាត់មន្រ្តីដែលជាតំណាងរបស់ខ្លួន ចូលប្រជុំនៅសាលាខេត្ត។
ហើយខ្លឹមសារ នៃកិច្ចពិភាក្សា ដូចមាននៅក្នុងលិខិតជូនដំណឹង គឺផ្តោតសំខាន់លើការប្រមូលផ្តុំ ដូចដែលគណបក្សកម្លាំងជាតិ គ្រោងប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ នៅឆ្នាំនេះ។
បើទោះជាបែបណា រដ្ឋបាលខេត្តកំពង់ធំ ក៏បានចេញលិខិតដាច់ដោយឡែកមួយថ្មីទៀត។ ការជូនដំណឹងជាលើកទី២ កាលពីថ្ងៃទី៦ ខែធ្នូនេះ រដ្ឋបាលខេត្តកំពង់ធំ បានសម្រេចបើកផ្លូវឱ្យគណបក្សកម្លាំងជាតិ រៀបចំកម្មវិធីទៅតាមផែនការ ដូចដែលបានគ្រោងទុក ប៉ុន្តែបានកំណត់អ្នកចូលរួមត្រឹមតែ២០០នាក់។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺបន្ថែមជុំវិញរឿងនេះ ពីលោក អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ ដែលទទួលបន្ទុកក្នុងរឿងនេះ និងអ្នកស្រី រស់ ស៊ីណាត ម្ចាស់កម្មសិទ្ធិដីធ្លី ដែលជួលដីឱ្យគណបក្សកម្លាំងជាតិបានទេ នៅថ្ងៃទី១០ ខែធ្នូនេះ។
យ៉ាងណា លិខិតជួលដី ដែលគណបក្សកម្លាំងជាតិ បានផ្សព្វផ្សាយស្តីពីការបញ្ចប់កិច្ចសន្យា កាលពីថ្ងៃទី៦ ខែធ្នូ ឱ្យដឹងថា ម្ចាស់ភាគី គឺអ្នកស្រី រស់ ស៊ីណាត លើកឡើងនៅក្នុងសេចក្តីបំភ្លឺរបស់ខ្លួន ទៅកាន់គណបក្សកម្លាំងជាតិថា ទីតាំងដីដែលធ្លាប់ជួលឱ្យគណបក្សនេះ ត្រូវបញ្ចប់ហើយ។ មូលហេតុដែលលុបកិច្ចសន្យាដ៏ប្រញាប់ប្រញាល់នេះ ដោយផ្អែកលើការជំទាស់ពីកូនចៅ តែយ៉ាងណាអ្នកស្រីនឹងប៉ះប៉ូវសងការខូចខាត ឱ្យគណបក្សកម្លាំងជាតិវិញ។
តាមរយៈលិខិតជូនដំណឹង ដែលសរសេរដោយដៃ អ្នកស្រីនឹងផ្តល់ទីតាំងឱ្យគណបក្សក្រៅរដ្ឋាភិបាលនេះ អាចប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ មុននឹងអ្នកស្រីត្រូវបញ្ចប់កិច្ចសន្យានេះ ភ្លាមៗជាថ្មីទៀត ដោយមិនដឹងពីមូលហេតុ។
បើទោះជាបែបណា សម្រាប់លោក រ៉ុង ឈុន លើកឡើងថា ក្រោយពេលទទួលបានដំណឹងថាម្ចាស់ដីបានជំទាស់ មិនឱ្យរៀបចំកម្មវិធីនៅលើទីតាំងដី ដែលស្ថិតនៅក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ដូចនេះហើយ តំណាងគណបក្សក៏បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋាន ដោយបង្វែរការប្រារព្វទិវា១០ធ្នូ នេះទៅទីតាំងផ្សេង។ ប៉ុន្តត្រូវបានអាជ្ញាធរជំទាស់វិញម្តង។ ប្រភពបន្តថា នៅចំពោះមុខនេះ គណបក្សនៅតែរក្សាជំហរ រៀបចំកម្មវិធីដូចមុន។
ប៉ុន្តែគណបក្ស ត្រូវរង់ចាំការឆ្លើយតបជាមុនសិន ពីរដ្ឋបាលខេត្តកំពង់ធំ ដែលសន្យាថានឹងផ្តល់ភ្លើងខៀវ ឱ្យគណបក្សកម្លាំងជាតិ បានរៀបចំកម្មវិធី នៅថ្ងៃទី១២ ខែធ្នូ ខាងមុខជំនួសវិញ។ តែយ៉ាងណា លោកអះអាងថា ដំណឹងនេះនៅតែបន្តស្ងប់ស្ងាត់នៅឡើយ។
លោកថា៖ «ឥឡូវយើងរង់ចាំការឆ្លើយតបពីអាជ្ញាធរដែលសន្យាថា ឱ្យថ្ងៃ១២ហ្នឹង តែមកដល់ពេលនេះយើងអត់ទាន់បានឃើញលិខិតពីអាជ្ញាធរខេត្តនៅឡើងទេ។ យើងនឹងរៀបចំនៅផ្ទះថ្នាក់ដឹកនាំរបស់គណបក្សកម្លាំងជាតិយើង»។
យ៉ាងនេះក្តី លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ យល់ឃើញថា បញ្ហាសិទ្ធិមនុស្សនេះ គឺជាអ្វីដែលគ្រប់គ្នាត្រូវដឹង និងគោរពកាតព្វកិច្ចជាអន្តរជាតិមួយនេះ ជាពិសេសរដ្ឋាភិបាល។
លោកបន្តថា កម្ពុជាបានផ្តល់ការយល់ព្រម លើបទដ្ឋានអន្តរជាតិមួយនេះ ជាច្រើនអន្លើណាស់មកហើយ ហើយសិទ្ធិមនុស្សនេះ ក៏បានបញ្ញត្តិ និងដាក់បញ្ចូលទៅទៀតនៅក្នុងរដ្ឋធម្មនុញ្ញ។ ហេតុនេះ គ្រប់ភាគីគួរត្រូវទទួលបានសិទ្ធិប្រារព្វទិវានេះដោយស្មើភាពគ្នា និងដោយគ្មានឧបសគ្គឡើយ។
ផ្ទុយទៅវិញ ការរារាំង និងការបិទខ្ទប់មិនឱ្យមាន ការប្រារព្វទិវានេះឡើង ជាឆ្លុះបញ្ចាំងឱ្យឃើញមានការរើសអើស ប្រកាន់បក្សពួក និងនិន្នាការនយោបាយ។
ហើយរដ្ឋដែលជាភាគី នៃម្ចាស់ហត្ថលេខី លើក្របខណ្ឌអន្តរជាតិទាំងនេះ មិនបានអនុវត្តឱ្យបានពេញលេញទៅទៀត លើស្មារតី និងធម្មនុញ្ញជាសាកលនេះ។
លោកថា៖«ទិវាសិទ្ធិមនុស្ស១០ធ្នូ ជាទិវាសកលទូទាំងពិភពលោក អីចឹងមិនថាគណបក្សនយោបាយ រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ឬក៏មន្ត្រី ឬសង្គមស៊ីវិលប្រជាពលរដ្ឋអីទេ គឺមានសិទ្ធិរំឭកសិទ្ធិមនុស្សទិវាសិទ្ធិមនុស្ស១០ធ្នូ ខួបទី៧៦ហ្នឹង។ ពីព្រោះបញ្ហាសិទ្ធិមនុស្សកម្ពុជាយើង យើងបានផ្តល់សច្ចាប័នច្រើន ក្នុងចំណោមសន្ធិសញ្ញា កតិកាសញ្ញាសំខាន់ៗចំនួន៩ កម្ពុជាផ្តល់ដល់ទៅ៨រួចទៅហើយ»។
រដ្ឋាភិបាលកាលពីឆ្នាំ២០២០ បានសម្រេចលុបចោលថ្ងៃទី២៣ ខែតុលា និងថ្ងៃទី១០ធ្នូ នេះចេញពីប្រតិទិន ឈប់សម្រាកប្រចាំឆ្នាំ។ ប៉ុន្តែក្រោយមក គេសង្កេតឃើញ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ខំព្យាយាមបញ្ចូលទិវាចងកំហឹងវិញ។
ហើយទិវាសំខាន់ៗទាំងនេះ ដែលសង្គមស៊ីវិល និងគណបក្សនយោបាយ នៅក្រៅរដ្ឋាភិបាល ចាត់ទុកថា មានភាពចាំបាច់ មិនត្រូវបានបន្តលើកទឹកចិត្តទៀតឡើយ មកដល់ពេលបច្ចុប្បន្ន។ យ៉ាងណា ការរុះរើទិវាថ្ងៃ២៣ ខែតុលា និងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ដែលលោក ហ៊ុន សែន សម្រេចចិត្តលុបចេញនេះ ត្រូវរង់ការរិះគន់ជាបន្តបន្ទាប់ ដោយពួកគេចាត់ទុកថា អ្វីដែលអតីតនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន ធ្វើនេះគឺមានន័យថា កំពុងដឹកនាំកម្ពុជាឱ្យវិលទៅរករបបផ្តាច់ការឡើងវិញ ដូចក្នុងសម័យខ្មែរក្រហម៕
ដោយ៖ កញ្ញា កែវ មរកត