គណបក្ស​កម្លាំង​ជាតិ​ឱ្យ​មេ​ដឹកនាំ​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​វិបត្តិ​បំណុល

គណបក្ស​កម្លាំង​ជាតិ នៅ​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ធ្នូ​នេះ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច បើក​ការ​សន្ទនា​នយោបាយ លុប​បំបាត់​ការ​គំរាម​កំហែង​នយោបាយ​គ្រ​ប់រូប​ភាព ក្រោម​ហេតុផល​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ដើម្បី​សង្គ្រោះ​វិបត្តិ​បំណុល​ពលរដ្ឋ។

នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍ របស់​គណបក្ស​ចេញ​ផ្សាយ​នៅ​ថ្ងៃ​១០​ធ្នូ​នេះ ចំ​ខួប​លើក​ទី៧៦ នៃ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០ធ្នូ ​ឆ្នាំ២០២៤។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ១០ធ្នូ ១៩៤៨ – ១០ ធ្នូ ២០២៤ គឺ​ជា​ថ្ងៃ​រំ​លឹក នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិ​សាស្ត្រ ដែល​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ (UN) បាន​អនុម័ត​សេចក្តី​ប្រកាស​ជា​សកល ស្តី​ពី​សិទ្ធិ​មនុស្ស នៅ​ថ្ងៃ​ទី១០ ខែធ្នូ ឆ្នាំ១៩៤៨ ដែល​ទទួល​ស្គាល់​នូវ​សិទ្ធិ​សេរីភាព ជា​មូលដ្ឋាន​របស់​មនុស្ស​ជាតិ ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ សញ្ជាតិ ភេទ ពណ៌សម្បុរ សាសនា ភាសារ ឋានៈ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ។

គណបក្ស​កម្លាំង​ជាតិ កត់​សម្គាល់​ឃើញ​ថា ការ​រឹត​ត្បិត​សេរីភាព ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ មនុស្ស ក្នុង​ប្រទេស​កម្ពុជា នៅ​តែ​ច​ង្អៀត សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ព្រម​ទាំង​សិទ្ធិ​សេរីភាព​ធ្វើ​នយោបាយ​ត្រូវ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​ធ្ងន់​ធ្ងរ ផ្តើម​ចេញ​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង ដោយ​ប្រើ​អំណាច​តុលាការ​កំពូល ឆ្នាំ២០១៧។

បន្ថែម​​ពី​នេះ គណបក្ស​នោះ​ចាត់​ទុក​ថា វិធាន​ការ​រា​រាំង​គណបក្ស​ភ្លើង​ទៀន​ធំ​ជាង​គេ មិន​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត ឆ្នាំ២០២៣ ការ​បំបិទ​សិទ្ធិ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង មិន​ឱ្យ​ធ្វើ​នយោបាយ ការ​ចាប់​មេដឹក​នាំ និង​សកម្មជន​គណបក្ស​ប្រឆាំង សកម្មជន​ការពារ​សិទ្ធិ​មនុស្ស សកម្មជន​សហជីព សកម្មជន​ដី​ធ្លី សកម្ម​ជន​បរិស្ថាន ព្រម​ទាំង អ្នក​សារព័ត៌មាន​ឯករាជ្យ ដាក់​ពន្ធ​នាគារ​ជាដើម។

គណបក្ស​កម្លាំង​ជាតិ យល់​ឃើញ​ថា កម្ពុជា​ត្រូវ​ពង្រឹង និង​ស្តារ​ឡើង​វិញ នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង ប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញ​លេញ បើក​​លំហ​​សេរីភាព​នយោបាយ ដោយ​គ្មាន​ការ​រើស​អើង គោរព​សិទ្ធិ​សេរីភាព បញ្ចេញ​មតិ​របស់​ប្រជាពលរដ្ឋ លុប​បំបាត់​ការ​គំរាម​កំហែង​នយោបាយ​គ្រប់​រូប​ភាព ព្រម​ទាំង​ស្នើ​ឱ្យ​មាន​ការ​សន្ទនា ដោយ​ឈរ​លើ​ផលប្រយោជន៍​ជាតិ ជាមួយ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​ទទួល​បាន​ពេញ​លេញ មក​វិញ​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) និង (GSP) សំដៅ​លើក​កំពស់​ជីវភាព​កម្មករ និង ប្រជា​ពលរដ្ឋ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម នឹង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។

បន្ថែម​លើ​នេះ ទី​ប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ឱ្យ​វីអូឌី​ដឹង​បន្ថែម​នៅ​ថ្ងៃ​នេះ​ថា ប្រពន្ធ័​អនុគ្រោះ របស់​សហភាពអឺរ៉ុប និងអាមេរិក ជាផ្នែកជួយសង្គ្រោះវិបត្តិពលរដ្ឋ។

លោកថា៖ «ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​វា​ជួយ​ច្រើន​សម្រាប់​កម្ពុជា​យើង ទី១ រក្សាការងារ​ជូន​កម្មករ កម្មការី ទី២ ជួយ​រក្សា​នូវ​មុខ​របរ​ប្រជាពលរដ្ឋ​ដែល​លក់​ដូរ​នៅ​ជុំ​វិញ​រោងចក្រ ក៏​ដូច​ជា​ឡាន​ដឹក​បង​ប្អូន​កម្មករ និង​ក៏​ដូច​ជា​ផ្ទះ​ជួល​ផងដែរ»

ដូចគ្នា​នេះ​ដែរ ប្រធាន​​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​​ការងារ​​ បុគ្គលិក​កម្មករ​ខ្មែរ​ ​នៃ​ក្រុម​ហ៊ុន​​ណា​ហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និយាយ​ថា ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ  ​សក្តា​នុពល​ទាក់​ទាញ​អ្នក​វិនិយោគ  ដែល​ជា​ប្រភព​ចំណូល​របស់​ពលរដ្ឋ។ តែថា បើ​ប្រព័ន្ធ​នេះ​ត្រូវ​បាន​បាត់​បង់ វា​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​ជីវភាព។

កញ្ញាថា៖ «ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ បាន​អនុញ្ញាត​ឱ្យ​កម្ពុជា​យើង​នាំ​ទំ​និញ​ទៅ​ប្រទេស​អ៊ឺរ៉ុប​ដោយ​មិន​មាន​ការ​បង់ពន្ធ ចឹង​វា​ទាក់​ទាញ​អ្នក​វិនិ​យោគ​ច្រើន​មក​ស្រុក​ខ្មែរ ហើយ​ពេល​មាន​អ្នក​វិនិយោគ​មក​ស្រុក​ខ្មែរ ប្រជាពលរដ្ឋ​យើង​ក៏​មាន​ការងារ​ធ្វើ​ច្រើន ចឹង​ការ​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នឹង​ គឺ​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ជាតិ​របស់​យើង​ទាំង​មូល»។

ឆ្លើយ​តប​នឹង​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន ហាក់​មិន​ចាប់​អារម្មណ៍​និង​មាន​​ក្តីបារម្ភ និងការជំរុញនេះទេ។

លោកថា៖ «អាហ្នឹង​វា​ជា​រឿង​ធម្មតា វា​ជា​សិទ្ធិ​របស់គណៈកម្មាធិការអ៊ឺរ៉ុប គាត់​ចង់​ឱ្យ​ជា​រឿង​រ​បស់​គាត់ ហើយ​គាត់​មិន​ចង់​ឱ្យ​ជា​រឿងរ​បស់គាត់ តែ​ចាប់​បង្ខំ​យើង​ឱ្យ​ធ្វើ​តាម​គាត់​អា​ហ្នឹង​យើង​មិន​អាច​ធ្វើ​បាន​ទេ»

ដោយ​​ឡែក ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា និយាយថា ដើម្បី​ទទួល​បាន​ប្រព័​ន្ធ​អនុគ្រោះ​បន្ថែម ឬរក្សា​ប្រព័ន្ធ​អនុគ្រោះ៨០% នេះ​មិន​ឱ្យ​របូត រដ្ឋាភិបាល​គួរតែ​បន្ទន់​ឥរិយាបទ ងាក​មក​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ជួយ​សង្គ្រោះ​វិបត្តិ​សេដ្ឋកិច្ច​ជាតិ និង​វិបត្តិ​ពលរដ្ឋ។

លោក​បន្តថា ក្នុង​នាម​លោក​ជាមន្រ្តី​សង្គម​ស៊ីវិល មិន​​ចង់​​ឃើញ​​សហភាព​​អឺរ៉ុប ដក​​​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ ឬ​បន្ត​ព្យួរ​​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយសារ​តែ​កម្ពុជា​មិន​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នោះ​ទេ។

លោកថា៖ «រដ្ឋាភិបាល​ត្រូវ​តែ​បង្ហាញ​ជំហរ​ច្បាស់​លាស់ ហើយ​មិន​មែន​គ្រាន់​តែ​​ជំហរ​ទេ គឺ​ថា​មក​ដល់​ពេល​នេះ​ត្រូវ​តែ​បង្ហាញ​ឱ្យឃើញ ការ​អនុវត្ត​ឱ្យ​ឃើញ​ពី​រឿង​បញ្ហា​នៃ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​ទៅ​លើ​សង្គម​ស៊ីវិល​ ដូច​ជា​បើកលំហ​សេរីភាព​ទៅ​លើ​សកម្មជន​ទាំង​ឡាយ រួម​មាន​សកម្មជន​នយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជា​ដើម»

សភាអឹរ៉ុបបាន​អនុម័ត​សេចក្តី​សម្រេច​ឱ្យសើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ដល់​កម្ពុជា​ដែល​នៅ​សេស​សល់​ចំនួន​៨០% កាល​ពី​ថ្ងៃ​ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺ​ជា​ទណ្ឌកម្ម​ដ៏​ធំ​មួយ ចាប់​តាំង​ពី​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ត​ពី​ឪពុក​របស់​លោក​មក។

សហភាព​អឺរ៉ុប​បាន​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​នេះ ២០% ពី​កម្ពុជា​កាល​ពីពាក់​កណ្តាល​ឆ្នាំ​២០២០ ក្រោយ​ពី​អតីត​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​រំលាយ​គណបក្ស​សង្គ្រោះជាតិ ដែល​មាន​ប្រជាពលរដ្ឋ​គាំ​ទ្រ​ស្ទើរ​តែ​កន្លះ​ប្រទេស​ និង​បាន​ចាប់​ឃុំ​ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ «សន្ទិដ្ឋិភាព​ ជា​មួយ​បរទេស» ជា​បទ​ចោទ​ដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​ចាត់​ទុក​ថា ជា​រឿង​នយោបាយ។

បើ​តាម​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ គិត​ត្រឹម​ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ នេះ រដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​ច្បាប់​កម្ពុជា​បាន​នឹង​កំពុង​បន្ត​ឃុំ​ខ្លួន​អ្នក​ទោសមនសិការ យ៉ាង​ហោច​ណាស់ ៧៦នាក់។

ជុំវិញ​បញ្ហា​នេះ  លោក វិធិត មុនថាប៊ន អ្នករាយការណ៍​ពិសេស ស្តីពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក​ជាដើម បាន​ជំរុញ និង​ទាមទារ​ឱ្យ​កម្ពុជា​ដោះ​លែង​អ្នក​ទោស​នយោបាយ​ទាំង​អស់ បញ្ចប់​ការ​បង្ក្រាប​លើ​សំឡេង​ប្រឆាំង និង​ចាត់​វិធានការ​ចាំ​បាច់​នានា​ដើម្បី​ធានា​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី​យុត្តិធម៌ ដែល​មាន​ការ​ចូល​រួម​ពី​គ្រប់​គណបក្សនយោបាយ។

ការ​ជំរុញ​នេះ ក្រុម​ប្រទេស ប្លុក​លោក​សេរី​មើល​ឃើញ​ថា វិធាន​បង្ក្រាប​ទៅលើ​ក្រុម​សំឡេង​ជំទាស់ ពី​សំណាក់​មេ​ដឹក​នាំ​បក្ស​កាន់​អំណាច មាន​ចរិត​នយោបាយ ជា​ទង្វើ​ប្រាស​ចាក​ពីគន្លងប្រជាធិបតេយ្យ បំពាន​រដ្ឋ​ធម្មនុញ្ញ និង​កតិកា​សញ្ញា​អន្តរជាតិ ស្តី​ពី​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ។ ជាង​នេះ​ទៅ​ទៀត លោក មុនថាប៊ន បាន​និយាយ​ចំ​ៗ ក្នុង​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​លើកទី៥៧ នៅ​ទី​ក្រុង​ហ្វ្សឺណែវ អំឡុង​ដើម​ខែ​តុលា​ឆ្នាំ២០២៤ នេះ​ថា ការ​ផ្ទេរ​អំណាច​នៅ​កម្ពុជា ក្នុង​ឆ្នាំ២០២៣  ធ្វើ​ឡើង​តែ​នៅ​ក្នុង​រង្វង់​ក្រុម​គ្រួសារ គឺ​ជា​ការ​បន្ត​ក្តោប​ក្តាប់​អំណាច​ដោយ​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ និង​តម្លាភាព​ឡើយ៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ