អគ្គស្នងការនគរបាលជាតិ ពង្រឹងវិធានរឹតបន្តឹងការប្រើប្រាស់ឯកសណ្ឋាន ដើម្បីរក្សាគុណតម្លៃស្ថាប័ន ដោយសំអាងថា បញ្ហានេះ វាបានកើតឡើងលើបណ្តាញសង្គម ជំរុញឱ្យមានការិះគន់ ពីមហាជន ធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃកងកម្លាំងនគរបាលជាតិ។
នេះបើតាមសេចក្តីណែនាំរបស់អគ្គស្នងការនគរបាលជាតិ ស្តីពីការប្រើប្រាស់ឯកសណ្ឋាន នគរបាលជាតិលើបណ្តាញសង្គមផ្សេងៗ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
នគរបាលជាតិបានលើកឡើងថា បច្ចុប្បន្នមានមន្ត្រីនគរបាលជាតិមួយចំនួនតូច បានប្រើប្រាស់ឯកសណ្ឋាន ដើម្បីបង្ហាញរូបភាព និងវីដេអូកំសាន្តជាលក្ខណៈផ្ទាល់ខ្លួនជាច្រើន និងបានផ្សព្វផ្សាយលើបណ្តាញសង្គម ដូចជា Facebook, TikTok, Instragram ជាដើម។
នគរបាលជាតិ បានអះអាងទៀតថា វីដេអូមួយចំនួនមានភាពមិនសមរម្យ បានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ ហើយក៏ទទួលបានការរិះគន់ពីសាធារណជនផងដែរ។
ប្រភពដដែលគូសបញ្ជាក់ថា មន្ត្រីនគរបាលជាតិទូទាំងប្រទេស ត្រូវប្រើប្រាស់ឯកសណ្ឋានឱ្យស្របតាមអនុក្រឹត្យ ស្តីពីការកែសម្រួលឯកសណ្ឋាន និងផ្លាកសញ្ញារបស់នគរបាលជាតិ។
បន្ថែមពីនេះ ត្រូវរឹតបន្តឹងលើការប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ ក្នុងការថតសម្តែងជាវីដេអូកំសាន្តតាមរយៈបណ្តាញសង្គមនានា ដើម្បីចៀសវាងការភាន់ច្រឡំណាមួយពីសាធារណជន។
បន្ថែមពីនេះទៀត នគរបាលជាតិសង្កត់ធ្ងន់ថា កងកម្លាំងត្រូវប្រើប្រាស់ឯកសណ្ឋាន ឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ ក្នុងពេលបំពេញការងារ បំពេញប្រតិបត្តិការ សន្និសីទសារព័ត៌មាន ជាពិសេសមន្ត្រីនគរបាលជាតិ ដែលប្រើប្រាស់ឯកសណ្ឋានស៊ីវិល មិនត្រូវចូលរួមថតរូបជាមួយកម្លាំងប្រតិបត្តិការ និងមិនត្រូវឈរថតពីក្រោយជនល្មើស ឬជនសង្ស័យឡើយ។ ចំណែកការបង្ហោះរូបភាពផ្សេងៗលើបណ្តាញសង្គម ដែលប្រើប្រាស់ឯកសណ្ឋាននគរបាលជាតិ សាមីខ្លួនត្រូវពិចារណាឱ្យបានហ្មត់ចត់ ពីសេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់មន្ត្រីនគរបាលជាតិ៕
ដោយ៖ កញ្ញា កែវ មរកត