វិបត្តិ​នយោបាយ​ជិត​១០ឆ្នាំ​ ជា​ប្រធាន​បទ​ក្តៅ​ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ធ្នូ

អ្នក​ការពារ​សិទ្ធិមនុស្ស និង​សិទ្ធិ​កម្មករ មើល​ឃើញ​ថា វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​ជិត​ ១០ឆ្នាំ​ទៅនេះ បាន​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ បង្ក​ជាក្តី​បារម្ភ​ទៅថ្ងៃ​អនាគត​ថា ពលរដ្ឋ​រាប់​លាន​នាក់​ដែល​កំពុង​ជួប​វិបត្តិ​បំណុល​ស្រាប់​ និង​រងគ្រោះ​ក្រោម​ដៃ​មេដឹកនាំ​បក្ស​កាន់​អំណាច បើ​មិន​ព្រម​ស្តារ​ប្រជាធិបតេយ្យ។

ការ​ថ្លែង​នេះ​ក្នុង​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​លើកទី​៧៦ ក្រោម​ប្រធាន​បទ​ «លើក​តម្កើង​សេរីភាព​បញ្ចេញ​មតិ ដើម្បី​សមភាព និង​យុត្តិធម៌​សង្គម» ​នៅទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ នាថ្ងៃទី​១០ ខែធ្នូ ឆ្នាំ២០២៤។

អនុ​ប្រធាន​​ផ្នែក​​សិទ្ធិ​​មនុស្ស ​និង​​ដីធ្លី នៃ​​សមាគម​​ការពារ​​សិទ្ធិ​​មនុស្ស​ អាដ​ហុក ​លោក យិន ម៉េងលី កត់​សម្គាល់​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ ក្រោយ​ឆ្នាំ២០១៧ មក ពោល​គឺ​ក្រោយ​មាន​ការ​រំលាយ​បក្ស​សង្រ្គោះ​ជាតិមក។

លោក​សង្គត់​ធ្ងន់​ថា វិបត្តិ​នយោបាយ​នេះ ជំរុញ​ឱ្យ​មានការ​រំលោភ​សិទ្ធិមនុស្ស​ជា​ប្រព័ន្ធ មាន​ការ​ប្រើ​ប្រាស់​ក្រម​ព្រហ្មទណ្ឌ​ចោទ​ប្រកាន់​លើក្រុម​សំឡេង​រិះគន់ ​យ៉ាង​សកម្ម​មកដល់​បច្ចុប្បន្ន។

លោកថា៖«បញ្ហា​នយោបាយ​នេះ ជះ​ឥទ្ធិពល ទៅដល់​បញ្ហា​សិទ្ធិ​មនុស្សនេះ។ ពីមុន​យើង​អត់​ដែល​​ឮ​ទេ​ពី​បទ​ល្មើស ដែល​មាន​ចែង​ក្នុង​ច្បាប់​ ហើយ​អត់​សូវ​មានការ​យក​មកចោទ​ប្រកាន់​ទេ ប៉ុន្តែ​ក្រោយ​ឆ្នាំ​២០១៨ គឺ​បទ​ល្មើស ជា​ច្រើន​ដែល​មាន​ចែង ក្នុង​ក្រម​ព្រហ្មទណ្ឌ ដែល​ជា​ឧបសគ្គ​នៅ​ក្នុង​ការអនុវត្ត សេរីភាព​បញ្ជេញ​មតិ សេរីភាព​ក្នុង​ការ​ជួប​ជុំ​នេះ នៅ​ក្រម​ព្រហ្ម​ទណ្ឌ​ពី​បទ​ញុះញង់​ពីបទ​បរិហារ​នេះ»។

ដោយ​ឡែក​កញ្ញា វណ្ណី ទេវី តំណាង​សហជីព​សេរីភាព បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ងាក​ទៅ​ការគោរព​សិទ្ធិ​មនុស្ស​ឡើងវិញ​ដើម្បី​ទទួលបាន​អំណោយ​ផល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហគមន៍​អន្តរជាតិ ដែល​ជាផ្នែក​មួយ​ជួយ​លើកកម្ពស់​ជីវភាព​កម្មករ ឱ្យ​មាន​ភាព​ល្អ​ប្រ​សើរ​ជាង​បច្ចុប្បន្ន។

កញ្ញា​និយា​យថា៖ «យើង​សង្ឃឹមថា រាជរដ្ឋាភិបាល នឹង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេរីភាព​សហជីព និង​ការ​លើក​កម្ពស់​សិទ្ធិ​សេរីភាព​សហជីព​ក្នុង​ការ​ការ​ពារ​ផល​ប្រយោជន៍​បង​ប្អូន​កម្មករ។ បន្ថែម​ពីនេះ​ក្នុង​នាម​ខ្ញុំ​ជា​អ្នក​តំណាង ឱ្យ​កម្មករ​ គឺចង់ បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA  ព្រោះ​វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​ដល់​បង​ប្អូន​កម្មករ ព្រោះ​ថា តាម​រយៈ​ការ​នាំចេញ ​ស្មើ​នឹង៥០% នាំ​[ទំនិញ]​ចេញ​ពី​កម្ពុជា​ ទៅ​ទីផ្សារ​អន្តរជាតិ»

ថ្លែង​ក្នុង​ពិធី​នោះ​ដែរ​ កញ្ញា ឈឺម ស៊ីថរ ដែល​ធ្លាប់​ជាប់​ពន្ធ​នាគារ​ ២ដង​ក្រោយ​អនុវត្ត​សេរីភាព​បញ្ជេញ​មតិ​ក្នុង​វិស័យ​ការងារ បាន​លើក​ឡើង​ថា ការ​បំពាន​សិទ្ធិ​មនុស្ស​ក្នុង​វិស័យការងារ​នៅ​តែ​កើត​មាន ព្រោះ​សហជីព​ឯករាជ្យ​រងការ​បញ្ឈប់​ពី​ថៅ​កែ និង​ការ​រឹតត្បិត​ផ្នែក​ច្បាប់​ ជុំវិញ​ដំណើរ​ការ​បង្កើត​សហជីព​ ដើម្បី​ការពារ​សិទ្ធិ​កម្មករ​មិន​ចំណុះ​ឱ្យ​ថៅ​កែ។

កញ្ញាថា៖ «មក​ដល់​ពេល​នេះ យើង​ឃើញ​កាន់​តែ​ច្បាស់​ពី​បញ្ហា​នៃ​ការ​បង្កើត​ច្បាប់​នៅ​ឆ្នាំ២០១៦ នោះ ដែល​សហជីព​គឺ​មាន​ការ​លំបាក​មែនទែន​ក្នុង​ការ​ចុះ​បញ្ជី។ សហជីព​ដែល​ពិបាក​ចុះ​បញ្ជី​នោះ គឺ​សហជីព​ទាម​ទារ​អត្ថ​ប្រយោជន៍​ឱ្យ​កម្មករ សហជីព​ដែល​ហ៊ាន​និយាយ​ពី​បញ្ហា​របស់​កម្មករ សហជីព​ដែល​ហ៊ាន​តវ៉ា​ពីការ​រើស​អើង បៀត​បៀន​អំពើ​ហិង្សា​កម្មករ​ជា​ពិសេស​ស្រ្តី​នៅ​កន្លែង​ការងារ ពិបាក​ចុះបញ្ជី»។

ទោះ​ជា​បែប​ណា លោក ប៉ែន បូណា ​ប្រធាន​​អង្គភាព​​អ្នក​នាំ​ពាក្យ​​រដ្ឋាភិបាល ក្នុង​ឱកាស​ទិវា​សិទ្ធិ​មនុស្ស​​១០ធ្នូ​នេះ បាន​លើក​ឡើង​ថា បើ​គ្មាន​ការ​លះបង់​របស់​ថ្នាក់​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​រំដោះ​ជាតិ​ពី​របប​ប្រល័យ​ពូជ​សាសទេ ក៏​គ្មាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដែរ​។ ក្នុង​ន័យ​នេះ លោក​ថា​ការ​ថែ​រក្សា​សន្តិភាព​ ដូច​ដែល​បក្សកាន់​អំណាច​រក្សា​បានមកដល់សព្វ​ថ្ងៃ​នេះ គឺ​ជា​ការ​ធានា​បាន​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ពេញ​លេញ។

លោកថា៖ «សន្តិភាព​ប្រៀប​បាន​ទៅ​នឹង​ប័ណ្ណ​ធានា​អាយុ​ជីវិត របស់​ប្រជាពល​រដ្ឋ​ខ្មែរ មិន​ឱ្យ​ស្លាប់​ដោយ​សារ​សង្រ្គាម​តទៅ​ទៀត មិន​ឱ្យ​របួស​ពិការ​ ដោយ​សារ​សង្រ្គាម​ត​ទៅ​ទៀត​ទេ នេះ​គឺ​ជា តម្លៃ​នៃ​សន្តិភាព​ពាក់​ព័ន្ធ​ទៅ​នឹង​សិទ្ធិ​មនុស្ស»។

ផ្ទុយ​ពីការ​លើក​ឡើង​នេះ គណបក្ស​កម្លាំង​ជាតិ តាម​រយៈ​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ កត់​សម្គាល់​ថា ការ​រឹត​ត្បិត​សេរីភាព​បញ្ជេញ​មតិ ការ​បំពាន​សិទ្ធិ​មនុស្ស ព្រម​ទាំង​សិទ្ធិ​ធ្វើ​នយោបាយ រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​យ៉ាង​ធ្ងន់ធ្ងរ។

ប្រភព​នោះ​ថា បញ្ហា​នេះ​ស្តែង​ចេញ​តាម​​រយៈ ការ​រំលាយ​គណបក្ស​សង្រ្គោះជាតិ​នៅឆ្នាំ​២០១៧ ការ​រា​រាំង​គណបក្ស​ភ្លើង​ទៀន ​មិន​ឱ្យ​ចូល​រួម​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣ ការ​បំបិទ​សិទ្ធិ​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ធ្វើ​នយោបាយ ការ​ចាប់​ខ្លួន​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្ស សកម្មជន​សហជីព សកម្មជន​ដី​ធ្លី សកម្មជន​បរិស្ថាន ព្រម​ទាំង អ្នក​សារ​ព័ត៌មាន​ឯករាជ្យ ដាក់​ពន្ធនាគារ​ជាដើម។

គណបក្ស​ក្រៅ​រដ្ឋាភិបាល​មួយ​នេះ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្តារ​ឡើង​វិញ នូវ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ បើក​លំហ​សេរីភាព​នយោ​បាយ គោរព​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ លុប​បំបាត់​ការ​គំរាម​កំហែង​នយោបាយ​គ្រប់​រូប​ភាព ព្រម​ទាំង​បើក​ឱ្យ​មាន​ការ​សន្ទនា​ដោយ​ឈរ​លើផល​ប្រយោជន៍​ជាតិ​ជា​មួយ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ដើម្បី​ទទួល​បាន​ពេញ​លេញ​មក​វិញ​នូវ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) និង (GSP) សំដៅ​លើក​កំពស់​ជីវភាព​កម្មករ និង​ប្រជា​ពលរដ្ឋ ដែល​បច្ចុប្បន្ន​កំពុង​ប្រឈម នឹង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ។

ដោយ​ឡែក ក្រុម​​អ្នក​​តស៊ូមតិ​​កម្ពុជា មាន​មូលដ្ឋាន​នៅ​ទី​ប្រទេស​អូស្រ្តាលី បាន​ចេញ​ការ​វិភាគ​ផ្លូវ​ច្បាប់​នៅ​ថ្ងៃទី៩ ខែធ្នូ រកឃើញថា អំណាច​រដ្ឋ​នៅ​កម្ពុជា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ក្រៅ​ប្រកខណ្ឌ​ច្បាប់ រយៈ​ពេល​ជិត​១០​ឆ្នាំ​ទៅ​នេះ។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា CAT បាន​ជំរុញ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​កោះ​ប្រជុំ​ឡើង​វិញ ដើម្បី​សង្គ្រោះ​កម្ពុជា​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ ក្រប​ខណ្ខ​ច្បាប់ សំដៅ​កម្ទេច​ក្រុម​អ្នក​មាន​សំឡេង​ជំទាស់ ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ដោយ​មិន​មានការ​ទប់ស្កាត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ ពីរដ្ឋាភិបាល​គ្រួសារ​ហ៊ុន។

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ