ការបន្តធ្វើទុក្ខបុកម្នេញទៅលើសកម្មជននយោបាយ និងសកម្មជនសង្គមដែលមានទស្សនមិនស្របនឹងរដ្ឋាភិបាល ការផ្ទុះការតវ៉ាប្រឆាំងនឹងតំបន់ត្រីកោណ CLV-DTA រហូតដល់មានការលុបគម្រោងនេះចោល ការសម្ពោធបើកការដ្ឋានព្រែកជីកហ្វូណន ដែលនៅពេលនេះជាប់គាំង រឿងវិវាទកោះគុតបូករួមទាំងការប្រឈមនឹងការបាត់បង់ EBA ៨០% ទៀត គឺជាព្រឹត្តិការណ៍ក្តៅប្រចាំឆ្នាំ២០២៤។
បន្ថែមពីនេះ អំពើឆបោកជាប្រព័ន្ធរបស់ក្រុមឧកញ៉ា បានធ្វើឱ្យប្រជារដ្ឋខ្មែររាប់ម៉ឺនគ្រួសារទទួលរងគ្រោះ រហូតដល់ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនសម្លាប់ខ្លួនដោយសារតែវិបត្តិបំណុលរើខ្លួនមិនរួច។
ការរីករាលដាលកាន់តែខ្លាំងនៃ គ្រឿងញៀន និងអំពើពុករលួយជាប្រព័ន្ធ ក៏ជាបញ្ហាក្តៅ ដែលបាននឹងកំពុងបន្តញ៉ាំញីសង្គមកម្ពុជាក្នុងឆ្នាំ២០២៤ផងដែរ ខណៈសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបាន គឺពុំឃើញមានអ្វីជាដុំកំភួនឡើយ។
បើមើលទៅលើការបង្ក្រាបសំឡេងប្រឆាំង គិតត្រឹមខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ដែលជាឧបករណ៍របស់គណបក្សកាន់អំណាច បានបន្តចាប់ឃុំខ្លួនអ្នកទោសមនសិការ ឥតស្រាកស្រាន្តដែលរហូតមកដល់ពេលនេះ យ៉ាងហោចណាស់មានអ្នកទោសមនសិការចំនួន ៧៦នាក់។
ក្នុងនោះមានអ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន សកម្មជនដីធ្លី សកម្មជនសហជីព អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមកំពុងជាប់ឃុំ ក្រោមការចោទប្រកាន់ ពីបទញុះញង់បង្កភាពអសន្តិសុខដល់សង្គម ដោយសារតែការបញ្ចេញមតិ ខ្វល់ខ្វាយពីបញ្ហាអយុត្តិធម៌សង្គម ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងបញ្ហាបូរណភាពទឹកដីជាដើម។
ក្នុងចំណោមអ្នកទោសមនសិការដែលកំពុងជាប់ឃុំទាំងនោះ ក៏មានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ ដែលត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិភាព ជាមួយបរទេស ជាបទចោទដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ។
ការបន្តបង្ក្រាបដោយចាប់ខ្លួនដាក់ពន្ធគារឥតស្រាកស្រាន្តនេះ បានធ្វើឱ្យមានការថ្កោលទោស និងរិះគន់យ៉ាងខ្លាំងពីប្រទេសលោកសេរី អង្គការសហប្រជាជាតិ អង្គការជាតិ និងអង្គការអន្តរជាតិនានាជាច្រើន។ នៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិលើកទី៥៧ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាលោក វិធិត មុនថាប៊ន លោកស្រី Tania Ghazar ភារៈធារីនៃស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ និងលោក OIKE Atsuyuki ឯកអគ្គរាជទូតជប៉ុននៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានស្នើឲ្យកម្ពុជាបញ្ឈប់ការបង្ក្រាបលើក្រុមអ្នកប្រឆាំង ដោយចាប់ឃុំខ្លួនតាមអំពើចិត្ត និងរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ក្នុងខណៈលំហសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកាន់តែរួមតូច។
ឥស្សរជនទាំង៣រូប រួមទាំងតំណាងប្រទេសលោកសេរីផ្សេងទៀតជាពិសេសសហភាពអឺរ៉ុប ក៏ស្នើឱ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត ដើម្បីឱ្យមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដែលមានគ្រប់ភាគីចូលរួម និងកែទម្រង់ប្រព័ន្ធយុត្តិធម៌ បញ្ចប់ការបង្ក្រាបលើសំឡេងប្រឆាំងផងដែរ។
បន្ថែមពីនេះក្នុងរបាយការណ៍ជាសកលឆ្នាំ២០២៤ របស់អង្គការអន្តរជាតិ CIVICUS Monitor ដែលទើបតែចេញថ្មីៗនេះបង្ហាញថា លំហពលរដ្ឋរបស់កម្ពុជាបានរួមតូច ដោយទទួលបានពិន្ទុត្រឹមតែ២៧ ក្នុងចំណោម១០០ ខណៈនៅតែមានការចាប់ឃុំខ្លួនអ្នកដែលមានសំឡេងមិនស្របនឹងរដ្ឋាភិបាលតាមទំនើងចិត្ត។
កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សភាអឺរ៉ុប បានរំឭកជាថ្មីទៀតដោយជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប ពិនិត្យសើរើឡើងវិញ ចំពោះការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញទាំងអស់លើកលែងតែអាវុធ (EBA)» ដែលនៅសល់ ៨០% ជាមួយកម្ពុជា។
បន្ថែមពីនេះ សភាអឺរ៉ុប ក៏បើកភ្លើងខៀវ ឱ្យពិចារណាដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា ដែលពាក់ព័ន្ធនឹងការរឹតត្បិតផ្នែកនយោបាយ ដែលធ្វើឱ្យដំណើរការប្រជាធិបតេយ្យធ្លាក់ចុះ រហូតទាល់តែអ្នកទោសនយោបាយ សកម្មជនអ្នកការពារសិទ្ធិមនុស្ស និងតួអង្គសង្គមស៊ីវិលដទៃទៀតទាំងអស់ ដែលត្រូវបានចោទប្រកាន់ក្រោមបទចោទដែលមានចរិតនយោបាយ ត្រូវបានដោះលែង។
យ៉ាងណាក្តី លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល និងលោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ តែងតែច្រានចោលចំពោះមតិរិះគន់នានាដោយថ្លែងថា «កម្ពុជាមិនមានអ្នកទោសនយោបាយនោះទេ មានតែអ្នកនយោបាយប្រព្រឹត្តខុសជាប់ទោស» និងថា ការលើកឡើងរបស់លោក វិធិត មុនថាប៊ន «មិនបានឆ្លុះបញ្ចាំងពីការរីកចម្រើនជាក់ស្តែង»នៅកម្ពុជាទេ។
ក្រៅពីនេះ សំណុំរឿងតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម CLV-DTA ក៏ជាប្រធានបទដ៏ក្តៅគគុកផងដែរ ដោយសំណុំរឿងនេះរដ្ឋាភិបាលបានចាប់ឃាត់ខ្លួនសកម្មជនរហូតដល់ប្រមាណ ១០០នាក់។
បាតុកម្មតវ៉ាក្នុងទ្រង់ទ្រាយធំមានអ្នកចូលរួមរាប់ម៉ឺននាក់នៅកូរ៉េខាងត្បូង នៅជប៉ុននៅអាមេរិក នៅអូស្ត្រាលី និងនៅតាមប្រទេសមួយចំនួនទៀត ។ការតវ៉ាទាំងនោះមានពលរដ្ឋខ្មែររស់នៅបានទាមទារឱ្យរដ្ឋាភិបាល លុបចោលគម្រោងCVL-DTA ជាបន្ទាន់។
ក្រុមអ្នកតវ៉ាលើកឡើងថា បើរដ្ឋាភិបានៅតែបន្តគម្រោងនេះកម្ពុជានឹងបាត់បង់ទឹកដីខេត្តខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរីទៅវៀតណាមដូចកម្ពុជាក្រោមមិនខាន ខណៈបច្ចុប្បន្នមានជនជាតិវៀតណាមយ៉ាងច្រើន បានសម្រុកចូលមករស់នៅក្នុងខេត្តទាំង៤នោះ។
ក្រុមអ្នកតវ៉ាលើកឡើងថា«ត្រកូលហ៊ុនក្បត់ជាតិ កំពុងប៉ុនប៉ងកាត់ខេត្តទាំង៤ឱ្យយួនដើម្បីសងគុណយួនដែលបានលើកបន្ទុប បន្ទាប់ពីកាត់កោះត្រល់ឱ្យយួនបានសម្រេច»។
បើទោះបីជាកាលពីដំបូងរដ្ឋាភិបាលបានបដិសេធដាច់ខាតមិនព្រមដកខ្លួនចេញពីគម្រោង CVL-DTA នេះយ៉ាងណាក្តី ក៏នៅទីបំផុតគឺនៅពាក់កណ្តាលអាធ្រាត្រឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ លោកហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល ពីការដកខ្លួនរបស់កម្ពុជាចេញពីគម្រោង CLV-DTA ក្រោមហេតុផលថា គិតគូពីក្តីកង្វល់របស់ប្រជាជនកម្ពុជាលើបញ្ហាទឹកដី និងដើម្បីដកអាវពីអ្នកនយោបាយប្រឆាំង កុំឱ្យមានលេសវាយប្រហារមកលើរដ្ឋាភិបាលទៀត។
ប៉ុន្តែនៅពេលដែលការរិះគន់លើគម្រោង CLV-DTAមិនបានថមថយ នៅថ្ងៃទី៨ខែវិច្ឆិកា រដ្ឋសភាក៏បានបើកកិច្ចប្រជុំសម្រេចជាឯកច្ឆន្ទ លុបចោលគម្រោងនេះផងដែរ។
បើទោះបីជា CLV-DTA ត្រូវបានលុបចោលក្តីក៏ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនវៀតណាមដែលមានទំហំរហូតដល់ជាង២៤ម៉ឺនហិកតា ក្នុងកិច្ចសន្យារយៈពេល៩៩ឆ្នាំនៅក្នុងខេត្តទាំង៤នោះមិនទាន់ត្រូវបានលុបចោលនៅឡើយ ដែលបញ្ហានេះនៅតែជាក្តីបារម្ភដ៏ធំពីការបាត់បង់ទឹកដីទៅប្រទេសវៀតណាមដដែល។
ចំណែកឯសកម្មជនដែលតវ៉ាប្រឆាំងគម្រោង CLV-DTA នេះប្រមាណ៦០នាក់ក្នុងចំណោមប្រមាណជាង១០០នាក់ ដែលត្រូវបានរដ្ឋាភិបាលចាប់ឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទល្មើសជាអាទ៍ រហូតមកដល់ពេលនេះ ក៏មិនទាន់ត្រូវបានដោះលែងនៅឡើយដែរ។
ក្រៅពីនេះ រឿងព្រែកជីកហ្វូណនក្នុងគម្រោងទឹកប្រាក់រហូតដល់១,៧ពាន់លានដុល្លារ ក៏ជារឿងក្តៅផងដែរខណៈលោក សម រង្ស៊ី ប្រធានចលនាជាតិតស៊ូនៅក្រៅប្រទេស បានអះអាងថា ការជីកព្រៃកនេះ មិនមែនគ្រាន់តែដើម្បីដឹកជញ្ជូនទំនិញតាមផ្លូវទឹក ដែលមិនទាន់ដឹងថា មានទំនិញប៉ុន្មានដែលត្រូវដឹកនោះទេ ក៏ប៉ុន្តែការជីកព្រែកនេះ ក៏ក្នុងគោលបំណងដើម្បីចល័តគ្រឿងសព្វាវុទ្ធរបស់យោធាចិន ពីកំពង់ផែរាមមកកាន់ទន្លេមេគង្គផងដែរ។
រដ្ឋាភិបាលកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤បានបើកសម្ពោធការដ្ឋានជីកព្រែក ហ្វូណន ដែលមានប្រវែងបណ្តោយ១៨០គីឡូម៉ែត្រ ទទឹងប្រវែងពី៨០ទៅ១០០ម៉ែត្រ និងជម្រៅ៥,៤ម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ស្ថិតក្នុងខេត្តកណ្តាល រហូតដល់សមុទ្រខេត្តកែប។
រដ្ឋាភិបាលបានហៅការបើកការដ្ឋានជីកព្រែកនេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដោយតម្រូវឱ្យមានការរៀបចំពិធីអបអរសាទរនិងទូងស្គរនៅទូទាំងប្រទេស។
យ៉ាងណាក្តី ចាប់តាំងពីថ្ងៃប្រកាសបើកការដ្ឋានមករហូតមកដល់បច្ចុប្បន្នគេពុំឃើញមានសកម្មភាពជីកព្រែកនៅឡើយទេ។
ជុំវិញភាពស្ងប់ស្ងាត់នេះទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី២១ ខែវិច្ឆិកា ថា គម្រោងព្រែកជីកហ្វូណនកំពុងជាប់គាំងដើរទៅមុខមិនរួច ដោយសារចិនគ្មានភាពច្បាស់លាស់ និងគ្មានការប្តេជ្ញាចិត្តក្នុងការផ្តល់ថវិកាវិនិយោគ។
ប៉ុន្តែនៅដើមខែធ្នូនេះ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញមុខមកបដិសេធចំពោះការចុះផ្សាយនេះថា គម្រោងព្រែកជីកហ្វូណន នឹងត្រូវបញ្ចប់ការសាងសង់ទៅតាមការគ្រោងទុកក្នុង ឬមុនកាលកំណត់ទៅទៀត។
ចំណែកបញ្ហាគ្រឿងញៀនវិញ គឺមានការកើនឡើង និងរីករាលដាលកាន់តែខ្លាំង។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៤នេះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនខុសច្បាប់រហូតដល់ ១៣,៣តោន គឺមានការកើនឡើងជិត៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលរឹបអូសបានត្រឹម ២,៨៥តោន។
ក្នុងនោះសមត្ថកិច្ចបានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនបានជាង ៩៣០០ករណី ឃាត់ខ្លួនមនុស្សបានជាង២៣០០០នាក់ ក្នុងនោះស្រី ១៨០០នាក់។
អ្នកឃ្លាំមើលសង្គមមួយចំនួនលើកឡើងថា ការដែលគ្រឿងញៀនមានការហក់ឡើងយ៉ាងគំហុក និងកាន់តែមានការរីករាលដាលខ្លាំង តាំងពីទីក្រុងរហូតដល់ជនបទនេះ គឺដោយសារតែកើតមានអំពើពុករលួយជាប្រព័ន្ធធ្ងន់ធ្ងរ ដោយមានមន្ត្រីជាន់ខ្ពស់មួយចំនួនជាអ្នកកាងមុខរបរជួញដូរគ្រឿងញៀនខុសច្បាប់នេះ។
ចំណែកសំណុំរឿងឆបោកពីសំណាក់ក្រុមហ៊ុនឧកញ៉ា និងអតីតឧកញ៉ាមួយចំនួន ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ ទទួលរងគ្រោះរហូតដល់ពលរដ្ឋខ្លះ បានបង្ខំចិត្តធ្វើអត្តឃាតដោយសារតែវិបត្តិបំណុលរើខ្លួនមិនរួច ក៏ជារឿងក្តៅមួយក្នុងឆ្នាំ២០២៤ផងដែរ។
ក្នុងនោះគ្រាន់តែ ក្រុមហ៊ុន ប្រ៊ីលានស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា ក្នុងខេត្តសៀមរាបមួយ បានឆបោកពលរដ្ឋរហូតដល់ជាង ១២០០០នាក់ មានទឹកប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក ស៊ាន បូរ៉ាត់ អនុប្រធានអគ្គភាពប្រឆាំងអំពើពុករលួយ និងជារដ្ឋលេខាធិការក្រសួងអប់រំ ត្រូវបានពលរដ្ឋរងគ្រោះចោទប្រកាន់ថា នៅពីក្រោយគម្រោងឆបោកនេះ។ ប៉ុន្តែខុទ្ទកាល័យលោក ហ៊ុន ម៉ាណែត និងលោក ស៊ាន បូរ៉ាត់ បានបដិសេធ។
ការច្រានចោលនេះ គ្មានការស៊ើបអង្កេតណាមួយត្រូវបានធ្វើឡើង ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងនោះទេ មកដល់ពេលនេះ ក្រៅពីលិខិតមួយសន្លឹក ដែលមន្ត្រីក្រោមឱវាទ បានចេញបដិសេធ ឆ្លើយតបទៅនឹងការអះអាងរបស់ជនរងគ្រោះ។
ក្រុមអ្នកច្បាប់ និងអ្នកឃ្លាំមើលសង្គមមួយចំនួនបានលើកឡើងថា ប្រជាពលរដ្ឋមិនងាយនឹងទទួលបានដំណោះស្រាយសមរម្យទេ ពីព្រោះថា អំពើឆបោកប្រាក់រាប់រយលានដុល្លារ ពីសំណាក់ឧកញ៉ា និងអតីតឧកញ៉ាមួយចំនួន ដូចជាអតីតឧកញ៉ា ជា សារ៉ន ប្រធានក្រុមហ៊ុន ជា សារ៉ន លោក គុយ វ៉ាត ប្រធានក្រុមហ៊ុន CIC ម្ចាស់ក្រុមហ៊ុន ពិភពដីមាស លោក ហ៊ី គឹមហុង ជំនួយការលោកហ៊ុន សែន គឺលោក ដួង តារា ដែលជាប់ពាក់ព័ន្ធរឿងបោកប្រាស់របស់ក្រុមហ៊ុន ភូមិខ្មែរគ្រុប មានក្រុមមន្ត្រីមានអំណាចជួយជ្រោមជ្រែងជាប្រព័ន្ធ ហើយមានបណ្ដាញអាជ្ញាធររដ្ឋនៅពីក្រោយខ្នងចាំជួយសម្រួលដល់អំពើឆបោកទាំងនោះ។
លោក ដួង តារា ក៏ជាប់ពាក់ព័ន្ធទៅនឹងសំណុំរឿងអំពើពុករលួយជាច្រើនទៀត ជាមួយលោក លី សាម៉េត អតីតទីប្រឹក្សាជាន់ខ្ពស់លោក ហ៊ុន សែន ដែលសំណុំរឿងពុករលួយនេះ ក៏នាំឱ្យមានការចាប់ឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។
ទាក់ទងនឹងអំពើពុករលួយ តាមរបាយការណ៍របស់អង្គការតម្លាភាពអន្តរជាតិ ចេញកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ បានបង្ហាញថាចំណាត់ថ្នាក់នៃស្ថានភាពអំពើពុករលួយនៅកម្ពុជាក្នុងឆ្នាំ២០២៣ មានសភាពធ្ងន់ធ្ងរខ្លាំងដោយកម្ពុជាទទួលបានពិន្ទុចំនួន២២ លើពិន្ទុ១០០។
ពិន្ទុនេះបានធ្វើឲ្យកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៥៨ ក្នុងចំណោមប្រទេស ១៨០ ពោលគឺធ្លាក់ចុះ ៨លេខ បើធៀបនឹងការវាយតម្លៃកាលពីឆ្នាំ២០២២ ដែលកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី ១៥០។ បើធៀបជាមួយប្រទេសក្នុងតំបន់អាស៊ាន កម្ពុជានៅតែស្ថិតជិតបាតតារាង ពោលនៅពីលើតែប្រទេសមីយ៉ាន់មាតែមួយគត់ដែលទទួលបានពិន្ទុ ២០។
ចំណែកទាក់ទងទៅនឹងសមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបានក្នុងឆ្នាំ២០២៤ នេះវិញគេមិនឃើញមានអ្វីជាដុំកំភួននោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពី «សមិទ្ធផល១ឆ្នាំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គិតចាប់តាំងពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ក្រៅពីលើកឡើងពីការថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា ទោះជាមិនទាន់ស្តារឡើងវិញទាំងស្រុងដូចមុនកូវីដ១៩ក៏ដោយ ក៏ចំនួនភ្ញៀវទេសចរកម្ពុជា មានកំណើនវិជ្ជមាន ដែលក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះមានកំណើនជាង ២២%។
លោកបន្តថា បន្ថែមពីនេះរាជរដ្ឋាភិបាលបានកសាងផ្លូវតាមបណ្តោយព្រំដែនជាមួយប្រទេសជិតខាងវៀតណាម ថៃ ឡាវ ក្នុងនោះ ព្រំដែនកម្ពុជា-វៀតណាមបាន ៦៨៦,៩៦គីឡូម៉ែត្រ លើផែនការសរុប១០៦៦គីឡូម៉ែត្រ និងក៏បានបង្កើតមូលនិធិកសាងផ្លូវតាមក្រវាត់ព្រំដែនផងដែរ។
ក្រៅពីនេះ រឿងបូរណភាពទឹកដីនៃកោះគុតដែលបើតាមសន្ធិសញ្ញាបារាំង សៀមឆ្នាំ១៩០៧ កម្ពុជាមានចំណែក ២/៣ នៅលើកោះដែលមានផ្ទៃដី១០៥គីឡូម៉ែត្រក្រឡា នេះប៉ុន្តែបច្ចុប្បន្នថៃបានចូលមកគ្រប់គ្រងកោះនេះទាំងស្រុង ក៏ជារឿងក្តៅនៅចុងឆ្នាំ២០២៤ នេះដែរ។
បើទោះបីជាទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បានចេញមកអះអាងថា កោះគុតជាតំបន់ត្រួតស៊ីគ្នាដែលកម្ពុជាកំពុងតែចរចាមិនទាន់មានការព្រមព្រៀងគ្នាជាមួយភាគីថៃក្តីក៏អ្នកនយោបាយប្រឆាំង និងប្រជាពលរដ្ឋខ្មែរជាច្រើនបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាយកបញ្ហាកោះគុតនេះដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈបច្ចុប្បន្នថៃបានចូលមករស់នៅ និងកាន់កាប់ទាំងស្រុងនៅលើកោះដែលមានចម្ងាយ ៣២គីឡូម៉ែត្រ ពីខេត្តកោះកុង និង ៨០គីឡូម៉ែត្រ ពីខេត្តត្រាតប្រទេសថៃនេះ។
ឆ្នាំ២០២៤ ជាឆ្នាំដែលមានការពុះកញ្រ្ជោលខ្លាំងលើបញ្ហាបូរណភាពទឹកដី ដោយអ្នកនយោបាយប្រឆាំងបានបង្កើនការវាយលុកទៅលើលោក ហ៊ុន សែន ថាបានកាត់កោះត្រល់ និងទឹកដីតាមព្រំដែនប៉ែកខាងកើតជាច្រើនគីឡូម៉ែត្រ ទៅឱ្យវៀតណាមហើយលោក ហ៊ុន ម៉ាណែត កំពុងបន្តនយោបាយពីលោក ហ៊ុន សែន ដែលអាចធ្វើឱ្យបាត់បង់កោះគុត និងតំបន់ដែនទឹកប្រវត្តិសាស្ត្រខ្មែរ ២៦០០០គីឡូម៉ែត្រការ៉េទៅថៃ ប្រសិនបើរដ្ឋាភិបាលកម្ពុជាមិនប្តឹងពីបញ្ហាកោះគុតនេះទៅតុលាការយុត្តិធម៌អន្តរជាតិទេនោះ។
អ្នកវិភាគ និងអ្នកឃ្លាំមើលសង្គមមួយចំនួនបានលើកឡើងថា បញ្ហាកោះគុត និងបញ្ហាការជំរុញរបស់សភាអឺរ៉ុប ដែលរំឭកឱ្យពិនិត្យសើរើឡើងវិញ ចំពោះការផ្តល់ EBA ដែលនៅសល់ ៨០% ជាមួយកម្ពុជា និងពិចារណាលើការដាក់ទណ្ឌកម្មជាក់លាក់លើក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជាដែលពាក់ព័ន្ធនឹងការរឹតដ្បិតផ្នែកនយោបាយ ធ្វើឱ្យដំណើរការប្រជាធិបតេយ្យធ្លាក់ចុះ។
ក្រៅពីការរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ជនរងគ្រោះពីអំពើឆបោក របស់ក្រុមឧកញ៉ា ដែលស្និទ្ធនឹងមេដឹកនាំ វាក៏បានលេចឡើងផងដែរ នូវបទឧក្រិដ្ឋជាច្រើន រួមទាំងពលរដ្ឋច្រើនលាននាក់ កំពុងរួមរឹតដោយវិបត្តិបំណុល ក្នុងអាណត្តិដឹកនាំថ្មីក្នុងរយៈ ១ឆ្នាំទៅនេះ ។
តួយ៉ាងដូចជា ពលរដ្ឋជិត៥លាននាក់ ជំពាក់បំណុលធនាគារ ការបន្តរីករាលដាលនៃគ្រឿងញៀន ល្បែងអនឡាញ និងការកើតមានអំពើពុករលួយជាប្រព័ន្ធនៅតាមស្ថាប័នរដ្ឋនានា រួមទាំងបញ្ហាមួយចំនួនទៀតនឹងនៅតែធ្វើឱ្យកើតមានវិបត្តិសង្គមកាន់តែធ្ងន់ធ្ងរ ក្នុងឆ្នាំ២០២៥ ខណៈដែលស្ថានភាពសេដ្ឋកិច្ចការប្រកបរបរទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋកំពុងតែជួបការលំបាកស្រាប់ នឹងកាន់តែជួបការលំបាកខ្លាំងឡើងថែមទៀត ប្រសិនបើរដ្ឋាភិបាលមិនព្រមចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពទេនោះ។ ទាំងអស់នេះ សបញ្ជាក់ថា យន្តការធ្វើកំណែទម្រង់ជិត១ឆ្នាំទៅនេះ របស់រដ្ឋាភិបាលថ្មី ហាក់មិនបានឆ្លើយតបទៅនឹងបញ្ហាពលរដ្ឋ និងស្តារមុខមាត់ប្រទេស លើឆាកអន្តរជាតិ ជុំវិញការថ្កោលទោស ពីការបំពានសិទ្ធិនុស្សជាប្រព័ន្ធ រំលាយប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស រួមទាំងបញ្ហាបូរណភាពទឹកដី។
ដោយ៖ លោក សែន សច្ចៈ