មន្រ្តីយោធានៅភូមិភាគ៥ ចំនួន ២១នាក់ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានគេទម្លាយថា ជំពាក់លុយក្នុងម្នាក់ៗជាង២ពាន់ដុល្លារ សរុបជិត៥ម៉ឹនដុល្លារអាមេរិក មិនព្រមសងធ្វើឱ្យម្ចាស់បំណុលប្រឈមវិបត្តិជីវភាពធ្ងន់ធ្ងរ ខណៈធ្លាប់រកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន ម៉ាណែត ជិត២ឆ្នាំ តែគ្មានដំណោះស្រាយ។
អ្នកស្រី ម៉េង សៀវហុង រស់នៅខេត្តបន្ទាយមានជ័យ ដែលអះអាងថា ជាម្ចាស់បំណុល បានប្រាប់ វីអូឌី ថា ក្រុមមន្រ្តីយោធាទាំងនោះបានខ្ជីលុយគាត់ កាលពីកំឡុងខែមិថុនា ឆ្នាំ២០២១ និងខ្ជីជាបន្តបន្ទាប់ ចាប់ពី១០លានរៀលឡើងទៅក្នុងម្នាក់ៗ។
អ្នកស្រី ម៉េង សៀវហុង រៀបរាប់ថា មូលហេតុនៃការឱ្យលុយទៅក្រុមមន្រ្តីយោធាទាំងនោះខ្ចី ដោយសារស្គាល់គ្នាផង ហើយពួកគេថា យកលុយទៅបង្កបង្កើនផលដាំដំណាំស្រូវ ដំឡូង ផ្គត់ផ្គង់ជីវភាព តែមិនព្រមសងលុយឱ្យគាត់វិញទេ។
ប្រភពដដែលថា លុយដែលឱ្យពួកគេខ្ចីនោះ បានមកពីយកប្លង់ដីបញ្ជាំនៅធនាគារ ដែលក្នុងមួយខែៗត្រូវសងត្រលប់ទៅវិញជាង១ពាន់ដុល្លារ។ វិបត្តិនេះអ្នកស្រីស្នើឱ្យមេដឹកនាំជួយអន្តរាគមន៍បន្ទាន់ បានលុយដោះស្រាយជីវភាពក្រោយមន្រ្តីយោធាទាំងនោះមិនគោរពកិច្ចសន្យាខ្ជីប្រាក់។
អ្នកស្រីថា៖ «សំណូមពរទៅសម្តេចពុក តេជោ ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាលោកជំទាវ ហ៊ុន ស៊ីណាត សំណូមពរឱ្យលោកទាំង៣ ជួយដល់ខ្ញុំដែលមន្រ្តី២១នាក់នៅវីរៈ៥០៣ ភូមិភាគ៥ គាត់រួមគំនិតគ្នាជាប្រព័ន្ធ បោកប្រាស់ធ្វើបាបខ្ញុំ សូមឱ្យលោកទាំង៣ជួយ ដោះស្រាយ ដល់កូនចៅផង កូនចៅវេទនាខ្លាំងណាស់ ដែលគាត់អត់ព្រមមានទំនួលខុសត្រូវ សំណើរបស់ខ្ញុំទេ សូមឱ្យលោកទាំង៣ ជួយដល់កូនចៅផង គាត់ជាមន្រ្តីធ្វើបាបប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋពឹងអី»។
បើតាមកិច្ចសន្យាចងការ ប្រាក់ដែលអ្នកស្រី ម៉េង សៀវហុង យកគឺ ការប្រាក់គឺ៦ ទៅ៧% ក្នុងមួយខែនៃប្រាក់ដើម មានន័យថាការប្រាក់ប្រមាណ៦០ ទៅ៧០ម៉ឹនរៀលមួយខែក្នុងទំហំទឹកប្រាក់១០លានរៀល។
បន្ថែមលើនេះ ពាក្យបណ្តឹងរបស់ស្រ្តីរូបនេះ ធ្លាប់បានរកការអន្តរាគមន៏ពី លោក ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៣ តែគ្មានការអន្តរាគមន៍មកដលពេលនេះជិត២ឆ្នាំមកហើយ។
ក្នុងពាក្យបណ្តឹងនោះ បានប្តឹងមន្ត្រីយោធាចំនួន២១នាក់ នៅយោធភូមិភាគទី៥នៃ អង្គភាពកងការពារព្រំដែនលេខ ៥០៣ ស្ថិតក្នុងភ្នំស្លក្រាម ភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយ ចេក ខេត្តបន្ទាយមានជ័យ។
មន្រ្តីយោធាដែលមានឈ្មោះក្នុងពាក្យបណ្តឹងនោះរួមមានដូចជា លោក ណែម ចាន់ លោក ធន់ សម្បត្តិ លោក កង ចំរើន លោក ចាន់ វណ្ណា និងមន្រ្តីមួយចំនួនទៀត។
ជុំវិញរឿងនេះ មេបញ្ជាការយោធភូមិភាគទី៥ លោក ឯក សំអូន ប្រាប់ វីអូឌី នៅថ្ងៃទី១១ ខែធ្នូនេះថា លោកមិនបានដឹងករណីនេះនៅឡើយទេ ហើយលោកបានចុចផ្តាច់ទូរស័ព្ទ នៅពេលអ្នកសារព័ត៌មាន វីអូឌី ព្យាយាមសួរពីដំណោះស្រាយរឿងនេះ។
លោកថា៖ «បើអ្នកណាមានបញ្ហា ពាក់ព័ន្ធជាមួយកងទ័ព មានពាក្យបណ្តឹង យកមកគេដោះស្រាយ រឿងអត់មានពាក្យបណ្តឹង មិនដឹងនៅណា គេដោះស្រាយរបៀបម៉េចខ្ញុំអត់ដែលដឹងទេ»។
ទោះជា លោក ឯក សំអូន បដិសេធថា មិនបានដឹងរឿងនេះក្តី តែអ្នកស្រី ម៉េង សៀវហុង ប្រាប់ថា មេបញ្ជាការរូបនេះហើយដែលកាងមិនឱ្យមានការកាត់ប្រាក់ខែមន្រ្តីយោធាទាំងនោះមកសងខ្លួនវិញ។
អ្នកស្រីថា៖ «(លោក ឯក សំអូន) គាត់អត់ព្រមទទួលយក គាត់ដាច់ខាត គាត់អត់ព្រមឱ្យកាត់ប្រាក់ខែធ្វើតាមច្បាប់ហ្នឹងទេ ហើយមេជើងគោកគាត់ថាខ្ចីគេត្រូវតែសងគេទៅ ហើយណាមួយគ្នាអត់មានអីទេ គា្នសុខចិត្តសងការឱ្យហើយ»។
ជុំវិញរឿងនេះអ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ជំរុញឱ្យ ក្រសួងការពារជាតិ បើកការស៊ើបអង្កេតបន្ទាន់រកដំណោះស្រាយឱ្យពលរដ្ឋដែលរងគ្រោះពីកងកម្លាំងពាក់ព័ន្ធបញ្ហាបំណុលនេះ។
បន្ថែមលើនេះ លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលត្រូវដាក់ចេញវិធានការរអប់រំកងកម្លាំងកុំបាត់បង់កិត្តិយសដោយសារការខ្ចីបុល ព្រោះថាពលរដ្ឋនឹងរិះគន់លើវិស័យការពារជាតិកាន់តែខ្លាំង បើការបណ្តែតបណ្តោយឱ្យមានកងកម្លាំងគេចវេសពីការទទួលខុសត្រូវបែបនេះ។
លោកថា៖ «ជាបញ្ហារសើបមែនទែន ដែលមន្រ្តីរាជការ កងកម្លាំង ហើយមានអំណាចនៅក្នុង ខេត្ត នៅក្នុងមូលដ្ឋានហ្នឹង ខ្ចីលុយប្រជាពលរដ្ឋហើយមិនសង។ វាជាចំណុចមួយដែលរដ្ឋាភិបាលជាពិសេសក្រសួងការពារជាតិ ត្រូវតែពិចារណា ហើយបើកការស៊ើបអង្កេត រកវិធានដើម្បីដោះស្រាយបញ្ហាហ្នឹង ជូនបងប្អូនប្រជាពលរដ្ឋវិញ ដើម្បីកុំឱ្យកិត្តិយសហើយនិងសេចក្តីថ្លៃថ្នូរ របស់ក្រសួងការពារជាតិ កងកម្លាំងជាតិ ត្រូវបានបងប្អូនប្រជាពលរដ្ឋដ៏ទៃ ដែលបានដឹងរឿងហ្នឹងរិះគន់ខ្លាំងៗ ប៉ះពាល់ដល់កងកម្លាំងជាតិទាំងមូល»។ យ៉ាងណា សម្រាប់ អ្នកស្រី ម៉េង សៀវហុង បានប្រាប់ វីអូឌី ថា គាត់នឹងបន្តរកកិច្ចអន្តរាគមន៍ ពីស្ថាប័នពាក់ព័ន្ធ រហូតទាល់តែមានដំណោះស្រាយ ដើម្បីបានលុយដោះស្រាយវិបត្តិជីវភាព ដោយថានេះវាជាទម្រង់នៃអំពើបោកប្រាស់ ពីសំណាក់មន្រ្តីរាជការលើគ្រួសារគាត់ដែលគាត់ត្រូវទាមទាររកយុត្តិធម៌ដល់ទីបញ្ជប់៕
ដោយ៖ លោក សែន សច្ចៈ