អង្គការលីកាដូរកឃើញថា អាណត្តិ លោក ហ៊ុន ម៉ាណែតមានករណីចាប់ខ្លួនសកម្មជនសង្គមយ៉ាងគំហុក យ៉ាងតិច១០២នាក់ នៅឆ្នាំ២០២៤នេះ ដោយសារពួកគេរិះគន់គោលនយោបាយរដ្ឋាភិបាល។
នេះបើតាមទិន្ន័យកត់ត្រាត្រួសៗ របស់អង្គការលីកាដូ ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូនេះ ក្នុងអត្ថបទមួយដែលលីកាដូ ដាក់ចំណងជើងថា «ឆ្នាំ២០២៤ រឿងរ៉ាវនៃការចាប់ខ្លួនរបស់សកម្មជនមួយចំនួននៅកម្ពុជា»
បើតាមលីកាដូ នៅក្នុងឆ្នាំ ២០២៤ នេះ មានការឃាត់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើសកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសាមញ្ញដទៃទៀត។
ឆ្នាំ២០២៤ នៃអាណត្តិលោក ហ៊ុន ម៉ាណែតនេះ សម្រាប់លីកាដូ អាជ្ញាធរកាន់តែបន្តបំបិទសំឡេងអ្នកដែលតែងរិះគន់ដល់គោលនយោយបាយរបស់រាជរដ្ឋាភិបាល សកម្មជនដែលតែងតែធ្វើការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងពលរដ្ឋសាមញ្ញដែលតែងបញ្ចេញមតិ ឬបង្ហាញពីការយល់ឃើញរបស់ពួកគេជាដើម។
អង្គការនោះគូសបញ្ជាក់ថា បើទោះបីជាខ្លួនមិនអាចចងក្រងចំនួន និងព័ត៌មាននៃការឃុំខ្លួនទាំងអស់ទូទាំងប្រទេសក៏ដោយ ក៏ លីកាដូ តាមរយៈគេហទំព័រ “អ្នកជាប់ឃុំដោយប្រើសិទិ្ធ” បានកត់ត្រាចំនួនអ្នកជាប់ឃុំឃាំងមួយចំនួនដោយគ្រាន់តែអ្នកទាំងនោះ ប្រើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ខ្លួន។
ចំនួនអ្នកជាប់ឃុំដែល លីកាដូ បានកត់ត្រា គឺចំនួន ១០២នាក់ នៅក្នុងឆ្នាំនេះ។ ៤៥នាក់ ត្រូវបានដោះលែង និង ៥៧នាក់ទៀត បន្តនៅក្នុងពន្ធនាគារដើម្បីអនុវត្តទោស ឬកំពុងឃុំខ្លួនបណ្តោះអាសន្ន។
លីកាដូសង្កត់ធ្ងន់ថា ក្រៅពីការកើនឡើង ដ៏គួរឱ្យព្រួយបារម្ភនៃចំនួនការចាប់ខ្លូន សាលាដំបូង និងស្ថាប័នអយ្យការខេត្ត បានចាប់ផ្តើមប្រើប្រាស់មាត្រា៨៨ នៃក្រមព្រហ្មទណ្ឌ មកលើអ្នកទាំងនោះ។
មាត្រានេះ នឹងធ្វើឱ្យអ្នកដែលធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសពីបទល្មើសមជ្ឈិម ត្រូវទទួលទោសទ្វេរដង ប្រសិនបើពួកគេត្រូវតុលាការផ្តន្ទាទោសពីបទមជ្ឈិមម្តងទៀតក្នុងរយៈពេល ៥ឆ្នាំ។
សម្រាប់លីកាដូ នៅក្នុងឆ្នាំនេះដែរ សកម្មជនមួយចំនួនត្រូវបានគេបង្ខំឱ្យធ្វើការសុំទោសជាសាធារណៈ ដើម្បីអាចមានសេរីភាព។
ការសុំទោសជាសាធារណៈនេះ ដែលជារឿយៗត្រូវធ្វើដោយមានកិច្ចសន្យា និងថតជាវីដេអូសុំទោស ទទួលស្គាល់កំហុស យល់ព្រមទៅលើលក្ខខណ្ឌមួយចំនួន ឬត្រូវធ្វើការចោទប្រកាន់ទៅកាន់អ្នកផ្សេង ថែមទៀតផង ហើយវីដេអូសុំទោសនេះ តែងតែត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុកដែលស្និទនឹងរាជរដ្ឋាភិបាល ។
បន្ថែមពីនេះ លីកាដូបញ្ជាក់ថា អ្នកជាប់ក្នុងពន្ធនាគារគិតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ មានចំនួន៧៦ នាក់។ អ្នកដែលត្រូវបានចាប់ និងឃុំខ្លួន ក្នុងឆ្នាំ២០២៤ មានចំនួន១០២នាក់។ មានអ្នកដែលត្រូវបានដោះលែង ក្នុងឆ្នាំ២០២៤ មាន៥៩នាក់។ វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបវិញអំពីការរកឃើញរបស់អង្គការលីកាដូនេះបានទេ ។ ប៉ុន្តែ រដ្ឋាភិបាលធ្លាប់បានច្រានចោល របាយការណ៍នានា ដែលជំរុញឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិកា និងច្រានចោលការរកឃើញថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាជាឧបករណ៍របស់បក្សកាន់អំណាច។
ដោយ៖ លោក ញឹម សុខន