អង្គការ-សមាគមជាតិ និងអន្តរជាតិជាង១០ស្ថាប័ន ស្នើរដ្ឋាភិបាលកម្ពុជា ត្រូវធានាពីការការពារសិទ្ធិរបស់អ្នកសារព័ត៌មាន និងធានាឱ្យមានភាពយុត្តិធម៌សម្រាប់ករណីឃាតកម្ម ទៅលើអ្នកសារព័ត៌មានម្នាក់នៅខេត្តសៀមរាប ដើម្បីបង្ហាញថាការបង្កបទឧក្រិដ្ឋ ទៅលើអ្នកសារព័ត៌មាន នឹងមិនត្រូវបានអត់ឱនឡើយ។
ក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន១៤ ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងសារព័ត៌មាន បានលើកឡើងថា ពួកគេមានការតក់ស្លុតជាខ្លាំង ចំពោះករណីឃាតកម្មលើលោក ឈឿង ឈឹង អ្នកសារព័ត៌មាននៃអង្គភាពកម្ពុជាអភិវឌ្ឍន៍ ដែលធ្លាប់រាយការណ៍អំពីបទល្មើសព្រៃឈើ ត្រូវបានបាញ់សម្លាប់ក្នុងខេត្តសៀមរាប។
លោក ឈឿង ឈឹង ដែលមានវ័យ ៦៣ឆ្នាំ ត្រូវបានជនសង្ស័យលបបាញ់ដោយប្រើកាំភ្លើងកែច្នៃ ត្រូវចំ-ពោះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ខណៈគាត់កំពុងធ្វើដំណើរតាមផ្លូវស្ថិតក្នុងស្រុកជីក្រែង ខេត្តសៀមរាប។
ក្រោយទទួលការសង្គ្រោះមិនបានជោគជ័យ អ្នកសារព័ត៌មានរូបនេះបានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំដដែល។ ករណីនេះ អាជ្ញាធរបានចេញ សេចក្តីប្រកាសព័ត៌មានមួយ ដោយប្រកាសថា ពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់ក្នុងសំណុំរឿងនេះ ដោយជនសង្ស័យសារភាពថា ការបាញ់ប្រហារនោះ ដោយសារតែទំនាស់បុគ្គល។
អង្គការសង្គមស៊ីវិលទាំងនោះ បន្តទៀតថា នេះជាករណីឃាតកម្មលើកដំបូង លើអ្នកសារព័ត៌មាននៅកម្ពុជា ចាប់តាំងពីឆ្នាំដែលបានកត់ត្រា ក្នុងឆ្នាំ២០២៤ បានកើនឡើង បើធៀបនឹងឆ្នាំ២០២៣ ខណៈការគាបសង្កត់ភាគច្រើន បានសំដៅទៅលើអ្នកសារព័ត៌មាន ដែលរាយការណ៍ពីបញ្ហារសើបៗ ដូចជា ការបំផ្លិចបំផ្លាញបរិស្ថាន ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ និងឧក្រិដ្ឋកម្មក្នុងប្រទេស។
ករណីនេះអង្គការសង្គមស៊ីវិលទាំងនោះ បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអ្នកដែលប្រើអំពើហិង្សា ដើម្បីបំបិទមាត់អ្នកសារព័ត៌មាន និងបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវធានាថាយុត្តិធម៌ត្រូវតែទទួលបានសម្រាប់លោក ឈឿង ឈឹង ដើម្បីបង្ហាញថាការបង្កបទឧក្រិដ្ឋទៅលើអ្នកសារព័ត៌មានដែលបំពេញការងាររបស់ពួកគេ នឹងមិនត្រូវបានអត់ឱនឡើយ។
អង្គការ សមាគមទាំង១៤ ក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជា ត្រូវធានាពីការ ការពារសិទ្ធិអ្នកសារព័ត៌មាន ដោយថា គ្មានអ្នកសារព័ត៌មានណាម្នាក់ សមនឹងប្រឈមនឹងសេចក្តីស្លាប់ ដោយសារការងារសារព័ត៌មានរបស់ពួកគេនោះទេ ទោះបីជាពួកគេទាំងនោះធ្វើការឱ្យស្ថាប័នសារព័ត៌មានណាមួយក៏ដោយ។
អង្គការ សមាគមទាំងនោះ មានដូចជា អង្គការលីកាដូ សមាគមអាដហុក អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន អង្គការខុមហ្វ្រែល មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការសមាគមផ្នែកសារព័ត៌មានដែលមានមូលដ្ឋាននៅប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងទីម័រឡេសជាដើម។
មន្ត្រីជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត បានកត់សម្គាល់ថា នៅពេលដែលមានករណីឃាតកម្ម បាញ់សម្លាប់ ការធ្វើទារុណកម្ម ឬការបង្ករបួសស្នាមនៅតាមទីសាធារណៈ ទៅលើអ្នកសារព័ត៌មានដែលធ្វើរឿងរស៊ើប សកម្មជន ឬអ្នកនយោបាយ ខាងសមត្ថកិច្ចហាក់ដូចជាមិនសូវខ្នះខ្នែងក្នុងការរកយុត្តិធម៌ជូនជនរងគ្រោះឡើយ ដែលករណីនេះធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកសារព័ត៌មាន ឬជនរងគ្រោះ និងមុខមាត់របស់អាជ្ញាធរពាក់ព័ន្ធ។
លោកបន្តថា៖ «យើងសុំឱ្យចាត់វិធានការ ឱ្យបានម៉ឹងម៉ាត់ ហើយនិងរកអ្នកណានៅពីក្រោយពាក់ព័ន្ធករណីហ្នឹង ហើយយើងជឿថា មិនដែលនៅសុខៗអ្នកសារព័ត៌មានម្នាក់ត្រូវបានគេលួចបាញ់ដោយអយុត្តិធម៌ ពាក់ព័ន្ធទៅនឹងគ្រាន់តែគ្នាផ្សព្វផ្សាយប៉ុណ្ណោះទេ»។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបដិសេធអត្ថាធិប្បាយដោយថា លោកឆ្លើយតបតែចំពោះស្ថាប័នសារព័ត៌មានដែលចុះបានបញ្ជីប៉ុណ្ណោះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រាង និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អាស្នារិទ្ធ បានទេ។
តែយ៉ាងណា បើតាមការផ្សាយលើគេហទំព័ររបស់ក្រសួងព័ត៌មាន កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អ្នកនាំពាក្យក្រសួង លោក ទេព អាស្នារិទ្ធ បានលើកឡើងថា បច្ចុប្បន្ននេះ សំណុំរឿងលបលួចធ្វើឃាតកម្មលើអ្នកសារព័ត៌មានលោក ឈឿង ឈឹង កំពុងតែស្ថិតនៅក្នុងក្របខណ្ឌនៃការអនុវត្តនីតិវិធីច្បាប់របស់តុលាការខេត្តសៀមរាប។
លោកបន្តថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាល តែងតែផ្ដល់ការការពារ និងយកចិត្ដទុកដាក់លើកកម្ពស់សិទ្ធិសេរីភាពខាងផ្នែកសារព័ត៌មាន ព្រមទាំងបាននឹងកំពុងបន្ដផ្ដល់នូវបរិយាកាសអំណោយផលសម្រាប់ការប្រកបអាជីពជាអ្នកសារព័ត៌មាននៅទូទាំងប្រទេស។
ជាមួយគ្នានោះ លោកបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្ដន៍សកម្មភាពការងាររបស់ខ្លួននៅក្នុងដែននៃច្បាប់ដែលបានកំណត់ ជាពិសេសមិនត្រូវដើរហួសពីព្រំដែនដែលច្បាប់ស្ដីពីរបបសារព័ត៌មាន។
លោកក៏បានអំពាវនាវដល់អាជ្ញាធរផ្ដល់ការគាំទ្រ សហការ និងជួយសម្របសម្រួលដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងអនុវត្ដន៍ការងាររបស់ខ្លួនផងដែរ។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង១៤នោះ ឃាតកម្មដ៏រន្ធត់ទៅអ្នកសារព័ត៌មាននៅខេត្តសៀមរាបនេះ ត្រូវបានគេមើលឃើញថា កើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានជារឿយៗ រងនូវការគំរាមកំហែង និងការចាប់ដាក់ពន្ធនាគារ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជារឿយៗឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន តែងតែមិនត្រូវបានផ្តន្ទាទោស ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មានក្នុងប្រទេស ដែលបន្ថែមពីលើករណីថ្មីៗមួយចំនួន ដូចជា ការបិទស្ថាប័នសារព័ត៌មាន ដឹ ខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងវិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី នៅឆ្នាំ២០២៣ និងការបង្ខំលក់ស្ថាប័នសារព័ត៌មានភ្នំពេញប៉ុស្តិ៍ នៅឆ្នាំ២០១៨។
គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ កម្ពុជាបានបន្តធ្លាក់ចុះរហូតដល់ទៅ៩លេខ ក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដោយឈរនៅលេខរៀងទី១៥១ ក្នុងចំណោម ១៨០ប្រទេស ដែលមានន័យថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នៅមានការគំរាមកំហែងធ្ងន់ធ្ងរ ដោយសារតែការធ្វើទុក្ខម្នេញពីរដ្ឋាភិបាល។
ចំណែក សហព័ន្ធអ្នកកាសែតអន្តរជាតិ IFJ កាលពីថ្ងៃម្សិលមិញក៏បានបង្ហាញរបាយការណ៍មួយដែរថា ក្នុងឆ្នាំ២០២៤នេះ មានអ្នកកាសែតសរុប១០៤នាក់ ត្រូវបានសម្លាប់នៅជុំវិញពិភពលោក ដោយក្នុងចំណោមនោះជាងពាក់កណ្តាល គឺនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP។ IFJ បានបន្តថា តួលេខឆ្នាំ២០២៤នេះ មានការថយចុះពីតួលេខកាលឆ្នាំ២០២៣ ដែលមានអ្នកកាសែតស្លាប់ ១២៩នាក់ ប៉ុន្តែវានៅតែជាឆ្នាំដ៏អាក្រក់បំផុតមួយ ក្នុងកំណត់ត្រា៕