អ្នក​ឃ្លាំ​មើល​បារម្ភ​ថា​​កោះ​គុត​នឹង​មាន​វាសនា​ដូច​កោះ​ត្រល់​ បើ​ពល​រដ្ឋ​ខ្មែរ​មិន​ហ៊ាន​លះ​បង់

អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន បង្ហាញ​ក្តី​បារម្ភថា កោះ​គុត នឹង​ត្រូវ​ថៃលេប​ត្របាក់​យក​ជារៀង​រហូត ដូច​ករណី​វៀតណាម​លេប​កោះ​ត្រល់ បើ​ពលរដ្ឋ​ខ្មែរ​មិន​ហ៊ាន​ធ្វើ​ពលីកម្ម បង្កើន​សម្ពាធ​ទៅ​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ឱ្យ​ប្តឹង​ប្រទេស​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ  ដើម្បី​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ទេ​នោះ។

ក្តីបារម្ភ​នេះ ស្រប​ពេល​ដែល​មេដឹក​នាំ​គ្រួសារ​ហ៊ុន នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់ មិន​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ប្តឹង​ ការពារ​បូរ​ណភា​ព​​ទឹក​ដី​របស់​ដូនតា រួម​ទាំង​កោះ​គុត ដែល​ថៃ​កំពុង​គ្រប់​គ្រង​ទាំងស្រុង។

តំណាង​រាស្រ្ត​បក្ស​សង្គ្រោះ​ជាតិ អ៊ុំ សំអាន និយាយ​ប្រាប់ វីអូឌី នៅថ្ងៃទី១១ ខែធ្នូ​នេះថា បញ្ហា​បូរណភាព​ទឹក​ដី​ គឺ​ជា​អាយុ​ជីវិត​ជាតិ​ និង​ប្រជាព​លរដ្ឋ ត្រូវ​ហ៊ាន​ចូល​រួម​ឈឺឆ្អាល​យ៉ាង​ផុស​ផុល ដើម្បី​ដាក់​សម្ពាធ​មេដឹក​នាំ​ ប្តឹង​ទៅ​អន្តរជាតិ​ ការពារ​ទឹក​ដី​របស់​ដូនតា។

លោក​បន្ត​ថា បុព្វ​បុរស​ខ្មែរ​ខំ​លះបង់​ឈាម​ស្រស់​ដើម្បី​ការពារ​ទឹកដី​សម្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​ ដូច្នេះ​ពលរដ្ឋ​ខ្មែរ​ស្នេហាជាតិ​ មិន​ត្រូវ​សម្ងំស្ងៀម​បណ្តោយឱ្យ​ជន​ផ្តាច់ការ​កាត់​ទឹកដី​ដូនតា​ឱ្យបរទេស​នោះទេ។

លោកថា៖ «​ប្រជា​ពលរដ្ធ​កាលណា​យើង​អត់ខ្វល់​ពី​ទឹកដី ប្រទេស​ក៏អាច​បាត់បង់​ដែរ​ពេល​អនាគត ហើយ​នៅ​ពេល​ដែល​មេដឹក​នាំ​គិត​តែ​ពី​អំណាច​របស់​ខ្លួន​ មិន​គិត​ពី​ទឹក​ដី  សុខ​ចិត្ត​កាត់​ទឹក​ដី​របស់​ខ្មែរ​ឱ្យប្រទេស​ជិត​ខាង​ដើម្បី​ការពារ​អំណាច​របស់​ខ្លួន វា​នឹង​ធ្វើឱ្យទឹកដី​របស់​យើង​បាត់​បង់​នាពេល​អនាគត​ដូច​ប្រទេស​ចំប៉ា និង​កម្ពុជា​ក្រោម​អី​ចឹង»

លោក​បារម្ភ​ថា បើ​ពលរដ្ឋ​ខ្មែរ​នៅតែ​មិន​អើ​ពើ ដាក់​សម្ពាធ​មេដឹក​នាំ​គ្រួសារ​ហ៊ុន ឱ្យ​ប្តឹង​ករណី​កោះគុត​ទៅ​តុលាការ​អន្តរជាតិ​ទេ កោគុត​នឹង​ត្រូវ​ថៃ​លេប​ប្របាក់​យក​ស្ងាត់ៗ​ដូច​ករណី​កោះត្រល់​ដែល​ធ្លាក់​ក្នុង​ដៃ​វៀតណាម រហូតបច្ចុប្បន្ន។

លោកថា៖ «ទោះ​តម្លៃ​ណាក៏​ដោយ ទោះ​បី​យើង​ត្រូវ​លះបង់​ជីវិត ក្ដី​សុខ ពេល​វេលា ថវិកា​ផ្ទាល់​ខ្លួន​ក៏​ដោយ​ ក៏​​យើង​ត្រូវ​តែ​ទាម​ទារ​កោះគុត​ឱ្យបាន»

បន្ថែម​ពី​នេះ កាល​ពី​ថ្ងៃទី១០ ខែធ្នូ តំណាង​រាស្រ្ត​បក្សសង្គ្រោះជាតិ​រូប​នេះ ក៏​បាន​បង្ហោះសារ​ជា​ថ្មី​ទៀត ដោយ​និយាយ​ថា «យើង​ខ្ញុំ​សូម​អំពាវ​នាវ​ដល់​ពលរដ្ឋ​ខ្មែរ ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស សូម​ចូល​រួម​ឲ្យ​បាន​ផុល​ផុស​ តាម​រយៈ​នៃការ​ធ្វើ​យុទ្ធនាការ​នានា ដូច​ជា​តាម​បណ្តាញ​សង្គម និង​បាតុ​កម្ម ទាម​ទារ​ចំណែក​ណា​មួយ​ នៃ​កោះគុត​មក​ឲ្យ​ភា​គី​កម្ពុជា​គ្រប់​គ្រង​វិញ​ឲ្យខាន​តែ​បាន ទោះ​ត្រូវ​លះបង់​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ មួយ​វិញ​ទៀត​លោក ទទូច​ស្នើ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​កោះគុត​មក​វិញ​ជា​ដាច់​ខាត»

ដូចគ្នា​នេះ​ដែរ សកម្មជនគណបក្ស​ប្រឆាំង​ដែល​លោក ហ៊ុន សែន ​ប្រកាស​ប្រមាញ់​ចាប់​ខ្លួន​គឺ​លោក ផន ផាន់ណា និយាយ​ថា កម្ពុជា​អភ័ព្វ​ណាស់​មាន​មេដឹកនាំ​ក្បត់​ឆន្ទៈ​រាស្រ្ត លួច​បម្រើ​ហិច្ចតា​បរទេស​ឈ្លាន​ពាន​ដី​របស់​ដូនតា​ខ្មែរ​ក្នុង​សម័យ​ទំនើប​នេះ។

លោក​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ​ស្នេហាជាតិ​​ទាំង​​ក្នុង និង​ក្រៅ​ប្រទេស នឹង​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ បន្ត​ដាក់​សម្ពាធជំរុញ​មេដឹក​នាំ​គ្រួសារ​ហ៊ុន ប្តឹង​ករណី​កោះ​គុត​ទៅ​តុលាការអន្តរជាតិ​ដើម្បី​ការពារ​ទឹកដី​ដូនតា។

លោកថា៖ «ដី​កម្ពុជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​យើង​ជា​ជនជាតិ​ខ្មែរ ព្រោះ​ដូនតា​យើង​ខំ​បន្សល់​ទុក​ឱ្យហើយ យើង​ជំនាន់នេះយើង​ការពារ​មិនបាន ចឹង​ហើយ​យើង​មានការ​ឈឺ​ចាប់ បើ​សិន​ជាយើងការពារ​មិន​បាន​ទៀត​ក្នុង​ជំនាន់​យើងក៏​អត់​មាន​មុខ​មាត់​ណា​ទៅ​ជួប​កូន​ចៅជំ​នាន់​ក្រោយ​ដែរ បើ​អ្នក​ជំនាន់​យើង​ការពារ​ទឹក​ប៉ុនឹ​ងមិនបាន»

ជុំវិញ​រឿង​នេះ វីអូឌី មិន​ទាន់​អាច​ទាក់​ទង អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំការ​បញ្ជាក់​បន្ថែម​ជុំ​វិញ​បញ្ហា​នេះបាន​នៅឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយនេះ។

តែយ៉ាងណា កន្លង​ទៅ នាយក​រដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​ជំហរ​ថា រដ្ឋាភិបាល​អាណត្តិ​លោក មិន​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ប្តឹង​ទាមទារ​កោះគុត​ ពី​ប្រទេស​ជិត​ខាង​នោះទេ។

លោកថា៖ «ដោយ​ឡែក​ព្រំដែន​សមុទ្រ​យើង មិន​ទាន់​ដែល​ឯកភាព​គ្នា​ពី​កាល នៅ​ចរចារ​គ្នា​ច្រើន​ដង​ហើយ​មិន​ទាន់​មាន​ការ​ឯកភាព បើ​មិន​ទាន់​មាន​ការ​ឯកភាព ថា​តើ​យើង​បាត់​ស្អី ខ្ញុំ​សួរ ចេះ​តែ​ថា ក្បត់​ជាតិ បាត់​កោះ បើ​មិន​ទាន់​មាន​ការ​ឯកភាព​ផង​នឹង ហើយ​ឱ្យទៅ​ប្ដឹង​នៅ ICJ ម៉េច បើ​យើង​មិន​ទាន់​មាន​ការ​ឯកភាព​ផង​ប្ដឹង​អី គេ​សួរ​ប្ដឹង​អី»

ដោយ​ឡែក ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត អះអាងថា ករណី​កោះគុត ​នៅ​ទាម​ទារ​វិញ​បាន បើ​ពលរដ្ឋ​ខ្មែរ​ស្រុះ​គ្នា​ដាក់​សម្ពាធ​មេ​ដឹកនាំ​គ្រួសារ​ហ៊ុន ឱ្យ​អនុវត្ត​​យន្តការ​អន្តរជាតិ​នោះ។

លោក ម៉ែន ណាត ពន្យល់​ថា ករណី​កោះគុត​ដូចគ្នា​ទៅ​នឹង​ករណី​ប្រាសាទ​ព្រះវិហារ គឺ​ត្រូវ​ប្តឹង​តវ៉ា​ទៅ​តុលាការ​អន្តរជាតិ​​ដោយ​យក​តាម​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ ទើប​អាច​ការពារ​កោះគុត​បាន។

លោក អះអាងថា បើកម្ពុជា​ប្តឹង​ប្រទេស​ថៃ​ទៅ​កាន់​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ (PCA) នោះ​កម្ពុជា​នឹង​មាន​សង្ឃឹម​ឈ្នះថៃ ដូច​ករណី​នៅ​ប្រាសាទ​ព្រះវិហារ​ចឹង។

លោកថា៖ «បើ​សិន​ជា​ប្រជា​ពលរដ្ធ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់ មិន​អើពើ​រឿង​ការពារ​បូរណភាព​ទឹក​ដី​ទេ នោះ​វានឹង​ប្រឈម​ហានិភ័យ​បាត់​បង់​ដែន​គោក ដែន​សមុទ្រ​ខ្មែរ​បាត់​បង់​ទៀត បាត់​បង់​តទៀត​ឱ្យ​ថៃ ផែន​ទី​កម្ពុជា​ច្បាស់​ជា​រួម​តូច​ទៅៗ​ ហើយ​បើ​បន្ត​ឱ្យ​រួម​តូច​តទៅ​ទៀត ថ្ងៃ​ណា​មួយ​កម្ពុជា​នឹង​បាត់​បង់​សិទ្ធិ​គ្រប់​គ្រង​ខ្លួន​ឯង​ ដូច​ករណី​ទឹកដី​កម្ពុជា​ក្រោម​ទៀត»

លោក​សង្គត់​ធ្ងន់​ថា បញ្ហា​បូរណភាព​ទឹក​ដី​ជា​អាយុ​ជិវិត​ជាតិ ដែល​អ្នក​នយោបាយ​ត្រូវ​បង្ហាញ​តម្លា​ភាព រាល់​ការ​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​មាន​ការ​ឯកភាព​ជាតិ បើ​ពុំ​នោះ​ទេ វា​នឹង​បន្សល់ទុក​ជម្លោះ​ពូជសាសន៍ តជំនាន់ ដែល​ជាហេតុ​បង្ក​វិនាសកម្ម​​ដល់​ប្រទេសជាតិ។

កាលពីថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ប្រធាន​ចលនាជាតិ​តស៊ូ លោក សម រង្ស៊ី ជុំវិញ​ឱ្យ​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ ធ្វើ​មហាបាតុកម្ម ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដាក់​សំណុំ​រឿង​កោះគុត និង​ដែន​សមុទ្រ​ត្រួត​ស៊ី​គ្នា ទំហំ​ជាង ២៦០០០ គីឡូ​ម៉ែត្រ​ក្រឡា ទៅ​តុលាការ​អន្តរជាតិ ឲ្យកាត់​សេចក្ដី។

លោក​បញ្ជាក់​ថា កម្ពុជា​មាន​សាក្សី​បារាំង ភស្ដុតាង​ក្នុង​ប្រវត្តិ​សាស្ត្រ និង​មាន​ច្បាប់​សមុទ្រ​របស់​អង្គការ​សហប្រជាជាតិ ជា​ពិសេស សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ ដូច្នេះ​កោះ​គុត​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

ម្យ៉ាង​វិញ​ទៀត​លោក​បំផុស​ថា យើង​ជា​កូនខ្មែរ ត្រូវ​នាំ​គ្នា​ប្រឆាំង​ការ​ចរចា​ទ្វេរ​ភាគី ហើយ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ជំរុញ​ឲ្យ​រដ្ឋាភិបាល​ភ្នំពេញ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ជុំ​វិញ​បញ្ហា​បូរណភាព​ទឹក​ដី​ខ្មែរ។

ចំណែក អ្នក​វិភាគ​​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក របស់​ខ្លួន​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្តការ​ដោះស្រាយ​ការ​រំលោភ​យក​កោះគុត​ពីភាគី​ថៃ ដោយ​ប្រើ​ប្រាស់​មាត្រា​៥ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

បើ​តាម​មាត្រា​៥ នៃ​កិច្ច​ព្រមព្រៀង​២៣​តុលា បញ្ជាក់​ថា បើ​មាន​ការ​ គំរាម​កំហែង​រំលោភ​លើ​អធិបតេយ្យភាព​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​ពិគ្រោះ​ជា​បន្ទាន់​ដើម្បី​អនុម័ត​ រាល់​វិធានការ​សម​ស្រប ដើម្បី​ដោះ​ស្រាយ​រាល់​ការ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិ​វិធី។

វិធាន​ការ​ដោះ​ស្រាយ រួម​មាន រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬប្រើ​ប្រាស់​មធ្យោបាយ​ដំណោះ​ស្រាយ នូវ​ទំនាស់​ដោយ​សន្តិ​វិធី​ យោង​តាម​មាត្រា​៣៣ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់​ព័ន្ធ​ក៏​អាច​សុំ​ការ​ឧបត្ថម្ភ​ពី​សហប្រធាននៃស​ន្និសីទទីក្រុង​​ប៉ារីស​ស្តី​ពី​កម្ពុជា រួម​មាន​ប្រទេស​បារាំង និង​ប្រទេស​ឥណ្ដូណេស៊ី​ផង​ដែរ។

ជាង​នោះ​ទៅ​ទៀត ក្នុង​ករណី​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ភាគី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​ស្នើ​ដល់​អង្គការ​មាន​សមត្ថកិច្ច​នៃ​អង្គការ​សហប្រជាជាតិ​ អោយ​ចាត់​វិធានការ​ដទៃ​ទៀត ដែល​សម​ស្រប​ដើម្បី​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​រំលោភ​បំពាន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដែល​ពាក់​ព័ន្ធ។

បើ​តាម​លោក បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថលេខី​ទាំង​១៨​ប្រទេស ដែល​ជា​សាក្សី នៃ​កិច្ច​ព្រម​ព្រៀង​នេះ រួម​ទាំង​ប្រទេស​ថៃ​ផង ត្រូវ​ទទួល​ស្គាល់ និង​គោរព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិប​តេយ្យ​ភាព ឯករាជ្យ បូរណភាព​ និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី អព្យា​ក្រឹត្យ​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

កោះ​គុត​ស្ថិត​នៅខេត្ត​កោះកុង មានផ្ទៃក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រ​ការ៉េ មាន​បណ្តោយ​ប្រវែង ២៥គីឡូ​ម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។

មាត្រា៥៥ ចែងថា សន្ធិ​សញ្ញា និង​កិច្ច​ព្រម​ព្រៀង​ទាំងឡាយ​ណា​ដែលមិន​ស្រប​នឹង​ឯករាជ្យ អធិប​តេយ្យ បូរណភាព​ទឹក​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុបចោល។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌ​មាត្រា ៤៤០ ចែងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬភ្នាក់ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត»៕

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ