អ្នកចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​មួយ​ក្រុម​ថ្មី​ទៀត​ផ្ទុះការ​តវ៉ា​ក្រោយ​បង់​លុយ​គ្រប់​ជិត​៣ឆ្នាំ​មិន​បាន​ដី

អ្នក​ចាញ់បោក​ក្រុមហ៊ុន​ភូមិខ្មែរគ្រុប​ មួយក្រុម​ទៀត​ផ្ទុះការ​តវ៉ា​រកដំណោះ​ស្រាយ ដោយ​អះ​អាង​ថា ពួកគេ​៥០០គ្រួសារ បាន​បង់​លុយ​គ្រប់​ជិត៣ឆ្នាំ តែ​ក្រុមហ៊ុន​គ្មាន​ដី​ឱ្យ ខណៈ ម្ចាស់​ដី​ឈូស​ឆាយ​យក​ដី​អាស្រ័យផល​វិញ ក្រោយ​លោក សោម សុធា អគ្គនាយក​ក្រុមហ៊ុន​ដែល​កំពុង​ជាប់​ពន្ធនាគារ​ មិន​បាន​បង់​លុយ​គ្រប់​ឱ្យ​ម្ចាស់ដី​​ដើមគ្រប់​ចំនួន។

ពលរដ្ឋ​ម្នាក់​ប្រាប់ វីអូឌី ក្នុង​លក្ខខណ្ឌ​មិន​បញ្ជេញ​ឈ្មោះ ថា លោក​ទិញដី​ក្នុង​គម្រោង​មរតក​ថ្មស​របស់​លោក សោម សុធា ស្ថិត​នៅភូមិ​តាម៉ ឃុំតា​សួស ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ចំនួន២​ឡូតិ៍ បង់លុយ​គ្រប់​ចំនួន​៦ពាន់ដុល្លារ កាល​ពីឆ្នាំ២០២២ តែ​មិនបាន​ដី​នោះទេ​ជិត​៣នេះ។

លោក​បន្ត​ថា សម្រាប់​គម្រោង​មរតក​ថ្មសរ​នេះ ពលរដ្ឋ​រងគ្រោះ​ទើប​តែ​បាន​ប្រមូល​ផ្តុំ​គ្នា​ជាលើក​ដំបូង​នៅ​ថ្ងៃទី១២ ​ខែធ្នូ នេះ ក្រោយ​ម្ចាស់ដី​ដើម​បានឈូស​ឆាយ​ដី នៅទីតាំង​ដែល​ពួក​គេ​ទិញ ខណៈ លោក សោម សុធា អគ្គនាយក​ក្រុមហ៊ុន​ភូមិខ្មែរ​គ្រុប​នេះ មិន​បន្ត​បង់​លុយ​ឱ្យ​ម្ចាស់​ដី​គ្រប់​ចំនួន។

ប្រភព​ដដែល ស្នើ​ឱ្យស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះ​ស្រាយ​ដោះដូរ​ដី​ឱ្យ​ពួក​គាត់​ដើម្បី​បាន​ដី​រស់នៅ ដោយ​បារម្ភថា ពេល​លោក សោម សុធា កំពុង​ជាប់​ពន្ធនាគារ អាច​នឹង​គ្មាន​ការដោះ​ស្រាយ​ឱ្យ​ក្រុម​អតិថិជន​​ ដែល​រង​គ្រោះ​រាប់រយ​គ្រួសារ​នេះ។

លោកថា៖ «ចង់​សំណូមពរ​ថា ឱ្យ​ជួយ​រក​ដំណោះ​ស្រាយ ខំ​ណាស់​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការ​រក​ដំណោះ​ស្រាយ(ពី) រដ្ឋបាល​ខេត្ត​គាត់ ដឹងឮរឿង​ហ្នឹង។ នេះ​អត់​មាន​ផង​ គេនិយាយ​តែ​គម្រោង មរតក ក្រោយ​សាកល មរកត​ថ្មសរ គេ​អត់​មាន​និយាយ អី​ទាំង​អស់ ចឹង ថ្មើរ​នឹង​​អត់ ដឹង​គេ​ដោះ​ មិនដោះ។ ពួកខ្ញុំ​សុទ្ធ​តែ​ពួកបង់លុយ​ដាច់ អត់មាន​បង់​រំលោះ​ទេ ច្រើន​គ្រួសារ​ណាស់»។

បើ​តាម​ប្រភព​ដដែល មាន​ពលរដ្ឋ​រងគ្រោះ​ប្រមាណ៥០០​គ្រួសារ ដែល​បាន​ទិញ​ដី​ក្នុង​គម្រោង​របស់ លោក សោម សុធា មិន​បាន​ប្លង់​ក្នុង​គម្រោង​មរតកថ្មសរ​នេះ។ 

ជុំវិញ​រឿង​នេះ វីអូឌី បានព្យាយាម​ទាក់​ទង​អ្នក​នាំ​ពាក្យ​សាលាខេត្ត​ស្វាររៀង លោក រស់ ផារិទ្ធិ តែ​គ្មាន​អ្នក​ទទួលទូរស័ព្ទ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​ នៃអង្គការ​សិទ្ធិ​មនុស្ស​លីការដូ លោក អ៊ំ សំអាត បាន​ជំរុញ​ស្ថាប័ន​ពាក់​ព័ន្ធ​រកយុត្តិធម៌​ ជូន​ក្រុម​ជន​រងគ្រោះ​ថ្មី​ទៀត​នេះ បើ​ពួកគេ​ទាំង​នោះ​មាន​ភស្តុតាង​គ្រប់​គ្រាន់ ដែល​បញ្ជាក់​ថា បាន​ចាញ់​បោក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​ពិតមែន។

លោកថា ក្រុមហ៊ុន​ឆបោក​ជ្រក​ក្រោម​វិស័យ​ចលនទ្រព្យ​នេះ កើត​មាន​ជា​បន្ត​បន្ទាប់ តែ​ដំណោះ​ស្រាយ​សម្រាប់​ជន​រង​គ្រោះ​នៅ​បន្ត​អូស​បន្លាយ ដែល​អាច​បង្ក​ជា​វិបត្តិ​សង្គម​កាន់​តែ​ធ្ងន់ធ្ងរ​ដូច​ជា​ការ ចំណាក​ស្រុក បែប​បាក់​គ្រួសារ វិបត្តិ​បំណុល ជាដើម។

លោកថា៖ «វា​មិន​មែន​ជា​រឿង​តូច ដែល​ត្រូវ​ព្រងើយ​កន្តើយ​ទេ អាជ្ញាធរ​គូរតែ​ធ្វើការ​ដោះ​ស្រាយ​ឱ្យ​បាន​ឆាប់ រួម​ទាំង​តុលាការ​ផង។ នីតិ​វិធីគួរ​តែ​មាន​ដំណើរការ​ឱ្យ​បាន​លឿន វា​ត្រូវ​មាន​កិច្ច​អន្តរាគមន៍​ផង​ដែរ​ពី​រដ្ឋាភិបាល​ទៅ​លើ​បញ្ហា​ទាំង​អស់​ហ្នឹង ​ពី​ព្រោះ​ពលរដ្ឋ​ដែល​រងគ្រោះ​ក៏​មិន​តិច​ដែរ បើ​បណ្តែត​បណ្តោយ ផល​លំបាក​គឺពលរដ្ឋ​គាត់​នឹង​ជួប​បញ្ហា​ច្រើន» 

អគ្គនាយក​ក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប លោក សោម សុធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន កាល​ពីថ្ងៃ​ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោម​បទ​ចោទ​ឆបោក​ពលរដ្ឋ តាម​រយៈ​ប្រមូល​លុយ​ពី​ពលរដ្ឋ​ក្រោម​រូបភាព​វិនិ​យោគ សន្យា​ឱ្យ​ការ​ប្រាក់ ៤.៤ភាគរយ​ក្នុង​មួយ​ខែ និង​ពាក់ព័ន្ធ​លក់​ដី​ខ្យល់​ឱ្យ​អ្នក​ភូមិ​រាប់​រយ​គ្រួសារ​នៅ​ខេត្ត​ស្វាយរៀង។

ក្រុម​អ្នករង​គ្រោះ​និយាយ​ថា ការ​ជឿជាក់​យក​លុយ​ទៅ​ទិញដី​ ក្នុង​ក្រុមហ៊ុន លោក សោម សុធា  ព្រោះ​ឃើញ លោក ដួង តារា ជំនួយ​ការ ​លោក ហ៊ុន សែន តែង​តែ​បង្ហាញ​សកម្មភាព​នានា​ក្នុង​ក្រុម​ហ៊ុន​នេះ និង​ថ្លែង​ការពារ​គម្រោង​លក់​ដីឡូរ និងផ្ទះ​របស់​លោក សោម សុធា ដោយចំហ​ផង​ដែរ​។

យ៉ាង​ណា​បុគ្គល​សំខាន់​២រូបនេះ គឺ​លោក ​សោម សុធា និង​ជំនួយ​ការ​លោក ហ៊ុន សែន គឺ​លោក ដួង​ ដារ៉ា ត្រូវ​បាន​ចាប់​ខ្លួន​ ពាក់​ព័ន្ធ​អំពើ​ឆបោក​ពលរដ្ឋ​ដូច​គ្នា។

ភាព​ចម្រូង​ចម្រាស់ ក្នុង​ក្រុមហ៊ុន​ភូមិខ្មែរ​គ្រុប​នេះ ក្រសួង​រៀប​ចំដែន​ដី បាន​សេចក្តី​ជូន​ដំណឹង​កាល​ពី​ថ្ងៃ​ទី​៨ ខែធ្នូ បញ្ជាក់​ថា ពាក់​ព័ន្ធ អតិថិជន​ដែល​បង់​ប្រាក់​តាម​ដំណាក់​កាល​ ឬ​បង់​រំលោះ​ប្រចាំ​ខែ ទិញ​ដី ឬ​ផ្ទះ ក្នុង​គម្រោង​នៅ​ភូមិ​មរតក​ ត្រូវ​ផ្អាក​បង់​ប្រាក់​ចូល​ក្រុមហ៊ុន​បណ្ដោះ​អាសន្ន។

ដោយ​ឡែក អតិថិជន​ដែល​បាន​បង់​ប្រាក់​ ថ្លៃលក់​ទិញ​ដី​ឡូតិ៍​គ្រប់​ចំនួន​១០០% និង​អ្នក​កំពុង​បង់​ប្រាក់​រំលោះ​ប្រចាំ​ខែ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ចុះ​បញ្ជី​ផ្ទេរ​កម្ម​សិទ្ធិ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​នៅ​មន្ទីរ​រៀបចំ​ដែន​ដី នគរូបនីយកម្ម សំណង់ និង សុរិយោដី​ខេត្ត​ស្វាយរៀង។ យ៉ាង​ណា ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ មិន​បាន​បញ្ជាក់​ពី​ដំណោះ​ស្រាយ សម្រាប់​អតិ​ថិជន ដែល​ទិញ​ដី​ក្នុង​គម្រោង​មរតក​ថ្មស របស់​លោក សោម សុធា ស្ថិត​នៅ​ភូមិ​តាម៉ ឃុំតា​សួស ស្រុក​ស្វាយជ្រុំ ខេត្ត​ស្វាយ​រឿង​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ក្រុម​ជន​រងគ្រោះ​ទាម​ទារ​រក​យុត្តិធម៌​សម្រាប់​អ្នក​ទិញ​ដី រាប់​រយ​គ្រួសារ​តែ​ក្រុមហ៊ុន​គ្មាន​ប្លង់​ឱ្យ៕

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ