ជនជាតិដើមភាគតិចព្នង និងកួយ ជាអម្បូរជនជាតិដើមមួយក្នុងចំណោមជនជាតិដើមភាគតិចផ្សេងទៀតដែលមានចំនួនប្រជាជនច្រើនជាងគេនៅកម្ពុជា ដែលជនជាតិទាំងនោះភាគច្រើនរស់នៅក្នុងខេត្តមួយចំ នួនដូចជា ខេត្តក្រចេះ ស្ទឹងត្រែង កំពង់ស្ពឺ កំពង់ធំ ព្រះវិហារ រតនៈគិរី និងមណ្ឌលគិរីជាដើម។
ទោះបីជាជនជាតិដើមទាំង២នេះមានប្រជាជនរស់នៅច្រើន ប៉ុន្តែសម្រាប់ការប្រើប្រាស់ភាសាដែលជាការកំណត់អត្តសញ្ញាណរបស់ពួកគេនៅតំបន់មួយចំនួនក្នុងខេត្តស្ទឹងត្រែង និងក្រចេះហាក់ស្ទើរតែបាត់បង់ដោយសារតែនៅក្នុងសហគមន៍ទាំងនោះ គេលឺតែសំនៀងនិយាយឆ្លើយឆ្លងគ្នាជាភាសាខ្មែរ ជំនួសឱ្យការនិយាយភាសាជនជាតិដើម ដែលខុសពីតំបន់នៅប៉ែកខាងខេត្តរតនគិរី មណ្ឌលគិរី និងព្រះវិហារ។
មានដើមកំណើតនៅភូមិអូរឡង់ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង លោក ស្រស់ ពឿន វ័យ ៨១ឆ្នាំ ជាជនជាតិដើមភាគតិចកួយ មានប្រសាសន៍ថា កាលដើមឡើយអ្នកភូមិតែងប្រើប្រាស់ភាសាជនជាតិដើម ដើម្បីប្រាស្រ័យទាក់ទងគ្នាជាប្រចាំ បើទោះបីជាពួកគាត់មិនចេះសរសេរអក្សរក៏ដោយ។
ប៉ុន្តែមកដល់ជំនាន់បច្ចុប្បន្ន ការប្រើប្រាស់ភាសាកួយក្នុងសហគមន៍ បានធ្លាក់ចុះយ៉ាងគំហុក ដោយសារតែយុវជនមិនចាប់អារម្មណ៍ក្នុងការនិយាយ និងបានធ្វើចំណាកស្រុកទៅធ្វើការនៅទីប្រជុំជន និងទីក្រុង។ លោកបន្តថា សូម្បីអត្តសញ្ញាណជាជនជាតិដើមភាគតិចកួយ ក៏អ្នកភូមិភាគច្រើនបានប្តូរក្នុងអត្តសញ្ញាណប័ណ្ណទៅជាជនជាតិខ្មែរផងដែរ។
លោកថា៖ «អ្នកភូមិខ្លះចង់ខ្មែរអស់ហើយឥលូវ កូនៗនិយាយខ្មែរ និយាយកួយអត់កើតទេ។ នៅក្នុងភូមិជំនាន់ពួកខ្ញុំនោះនិយាយខ្មែរមិនសូវកើតទេ ទៅរៀនមិនចង់ទៅសាលាទៀត ឥលូវនេះមានបាក់ឌុប បរិញ្ញាអីទៅ លែងនិយាយកួយ អត់សូវមានអ្នកនិយាយទេ ចង់បាត់ដែរ»។
ក្រៅពីភាសា ការប្រតិបត្តិនូវវប្បធម៌ ទំនៀមទំលាប់ និងជំនឿអរូបិយមួយចំនួនរបស់ជនជាតិដើមភាគតិចកួយ លោក ស្រស់ ពឿន ប្រាប់ថា ក៏ប្រឈមនឹងការបាត់បង់ផងដែរ ដោយសារការជ្រៀតចូលនូវវប្បធម៌ពីខាងក្រៅ។
ស្រ្តីវ័យ ៦៨ឆ្នាំ ជាជនជាតិកួយរស់នៅភូមិដូង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អ្នកស្រី កី ហែម មានប្រសាសន៍ស្រដៀងគ្នាដែរថា កូន និងចៅជំនាន់ក្រោយរបស់អ្នកស្រី ពុំចេះនិយាយភាសាកួយ និងហាក់មិនចាប់អារម្មណ៍ក្នុងការរៀននិយាយភាសាជនជាតិភាគតិចនេះទេ បើទោះជាអ្នកស្រីព្យាយាមបង្រៀនពួកគេក៏ដោយ។
អ្នកស្រីនិយាយថា៖ «កូនខ្ញុំអត់ចេះទេ អត់មានអ្នកណាចេះទេ មានតែខ្ញុំទេ បើវាអត់ដែលនិយាយពាក្យកួយផង បង្រៀនដែរ ប៉ុន្តែវាអត់ចាំ»។
ដោយពិបាកក្នុងការណែនាំ និងបង្រៀនដល់ក្មេងៗជំនាន់ក្រោយពីភាសាជនជាតិដើម ស្ត្រីដែលនិយាយភាសាខ្មែរលាយឡំភាសាកួយមួយម៉ាត់ៗរូបនេះ ចង់ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ដាក់ចេញនូវកម្មវិធីសិក្សាដោយបញ្ចូលភាសាជនជាតិដើម នៅតំបន់របស់ពួកគេរស់នៅ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយ អាចរៀននិយាយ ឬសរសេរ និងជាការរក្សានូវភាសាជនជាតិដើមកុំឱ្យបាត់បង់។
សេចក្តីប្រកាសជាសកលរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើមភាគតិច មាត្រា១៤ ចែងថា ជនជាតិដើមភាគតិចមានសិទ្ធិបង្កើត គ្រប់គ្រងស្ថាប័ន និងប្រព័ន្ធអប់រំភាសារបស់ខ្លួនដោយផ្ទាល់ដោយលក្ខណៈសមស្រប និងវិធីសាស្ត្រតាមវប្បធម៌នៃការបង្រៀន និងរៀនសូត្ររបស់ពួកគេ។
ងាកទៅរកប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងនៅភូមិមួយចំនួន ក្នុងស្រុកចិត្របុរី ខេត្តក្រចេះវិញ ការប្រើប្រាស់ភាសាព្នង កួយ និងខោញ ក្នុងសហគមន៍ក៏មិនសូវមាននោះដែរ ដោយសារការជ្រៀតចូលនូវវប្បធម៌ពីខាងក្រៅ ក្នុងសម័យសកលភាវូបនីយកម្ម និងឌីជីថល រួមផ្សំនឹងការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត។
អ្នកស្រី ទ្រង សារាយ ជាចាស់ទុំមួយរូបរស់នៅក្នុងភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី មានប្រសាសន៍ថា យុវជនសម័យនេះ មិនចាប់អារម្មណ៍ក្នុងការរៀននិយាយភាសាជនជាតិដើមនោះទេ បើទោះបីជាអ្នកស្រីព្យាយាមបង្រៀនពាក្សខ្លះៗដែលប្រើប្រាស់ជាប្រចាំថ្ងៃក៏ដោយ។
អ្នកស្រីនិយាយថា៖ «វាធំឡើង វាចេះនិយាយខ្មែរហ្នឹងបណ្តោយ ហើយយើងក៏បង្រៀន ដល់បង្រៀនទៅវាអត់យកចិត្តទុកដាក់ ដល់ចឹងទៅវាចេះតែទៅខាងខ្មែរ អាកូនចៅ ណាស់តែយើងនេះ និងម្តាយវាចេះខ្លះៗដែរ ពាក្យស្រណុកៗ ហូបបាយ ហូបទឹក ហុចនេះហុចនោះ ពុកម៉ែវាចេះ ដល់ពាក្យជ្រៅៗ ក៏អត់ចេះដែរ»។
ស្រ្តីវ័យ ៧៣ឆ្នាំរូបនេះ បង្ហាញការព្រួយបារម្ភពីការបាត់បង់ភាសាព្នងដែលជាអត្តសញ្ញាណមួយរបស់ជនជាតិដើមភាគតិច នៅក្នុងសហគមន៍មួយនេះ ខណៈបច្ចុប្បន្ន ភាសា វប្បធម៌ និងប្រពៃណីរបស់ពួកគាត់ នៅពុំទាន់មានអ្នកចងក្រងទុកនៅឡើយ។
ករណីនេះ អ្នកស្រីបានអំពាវនាវដល់អាជ្ញាធរ និងក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើតថ្នាក់បង្រៀនភាសានៅក្នុងសហគមន៍ ឬដាក់បញ្ចូលភាសាជនជាតិដើមនៅក្នុងកម្មវិធីសិក្សា នៅក្នុងតំបន់ដែលមានជនជាតិដើម ដើម្បីឱ្យយុវជនជំនាន់ក្រោយអាចសិក្សា និងនិយាយភាសាជនជាតិដើមភាគតិចរបស់ពួកគេបាន។
អ្នកស្រី ឡុន សាវ៉ាត អាយុ៣២ឆ្នាំ ជាជនជាតិដើមភាគតិចព្នងរស់នៅឃុំថ្មីដែរនោះ ក៏ចង់ឱ្យមានថ្នាក់បង្រៀនភាសាជនជាតិដើមនៅក្នុងសហគមន៍ដែរ ដើម្បីឱ្យក្មេងជំនាន់ក្រោយបានរៀនភាសាដើមរបស់ខ្លួន។
អ្នកស្រីថា៖ «ចង់ឱ្យកូនរៀនភាសាហ្នឹងទៅ វាចេះខ្លះៗ ព្រោះអីឥលូវគេអត់រើសអើងជនជាតិអីផង ជនជាតិក៏បាន ខ្មែរក៏បាន តែចង់ឱ្យវាចេះភាសាច្រើន ខ្មែរក៏ចេះជនជាតិក៏ចេះ ពេលណាទៅស្រុកគេទៅ ចំពេលណាគេចេះជនជាតិទៅ វាអាចស្តាប់បាន បើអាឡែងតែអត់និយាយអញ្ចេះ កូនខ្ញុំក្រោយគ្មានចេះអីទេ យូរៗកូនបងថា ពុកម៉ែនិយាយជនជាតិអី និយាយកុំឱ្យវាស្តាប់បាន វាថាហើយម៉ែចាស់ពុកចាស់ កុំនិយាយភាសាថៃវាថាភាសាថៃវិញមានថៃណាមីអូនជនជាតិតើវាថាមិនដឹងស្អីទេបើខ្ញុំអត់ចេះ»។
មេឃុំថ្មី លោក មុំ ខាំ មានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរគឺបានព្យាយាមចុះពន្យល់ និងផ្សព្វផ្សាយពីវប្បធម៌ជនជាតិដើមភាគតិច ជាពិសេសភាសា ទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដែលមានទាំងជនជាតិព្នង កួយ និងខោញ ដើម្បីថែរក្សាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ជនជាតិដើមឱ្យបានគង់វង្ស។
លោកបន្តថា អ្វីដែលជាឧបសគ្គនោះ គឺការយល់ដឹងរបស់ពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់នោះហាក់នៅមានកម្រិត ស្របពេលដែលមានការជ្រៀតចូលនូវវប្បធម៌ខាងក្រៅ ដែលធ្វើឱ្យយុវជនហាក់ស្របខ្លួនទៅតាមយុគ្គសម័យថ្មី ហើយបំភ្លេចនូវអ្វីដែលជាវប្បធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់ខ្លួន។
ប្រធានអង្គការជនជាតិដើមភាគតិចកម្ពុជា លោកស្រី យុន ម៉ាណេ ក៏មានក្តីបារម្ភផងដែរពីការធ្លាក់ចុះនៃការប្រើប្រាស់ភាសាជនជាតិដើមនេះ ដោយសារលោកស្រីសង្កេតឃើញយុវជនជំនាន់ក្រោយហាក់មិនសូវចេះនិយាយភាសាខ្លួន។
លោកស្រីបន្តថា កត្តានេះ អាចបណ្តាលមកពីការប្រាស្រ័យទាក់ទងក្នុងសង្គម ប្រព័ន្ធអប់រំនៅមិនទាន់បញ្ជ្រៀបភាសាជនជាតិដើមឱ្យបានទូលំទូលាយ ហើយចាស់ទុំក៏មិនបានផ្ទេរចំណេះដឹងទៅយុវជនជំនាន់ក្រោយ ស្របពេលដែលយុវជនជំនាន់ក្រោយមិនចាប់អារម្មណ៍រៀនផងដែរ។
លោកស្រីថ្លែងថា៖ «មិនមែនថាបាត់ភាសា បាត់អ្វីៗទាំងអស់ទេ មិនមែនមានន័យអីចឹងទេ មានន័យថា វាបាត់បង់ចំណុចស្នូលមួយនៃអត្តសញ្ញាណជនជាតិដើមភាគតិច ព្រោះភាសាមែនទែន វាជាអត្តសញ្ញាណគោលគ្រឹះមួយនៅក្នុងការទំនាក់ទំនង ក្នុងការផ្ទេរចំណេះដឹង ក្នុងការចែករំលែក ក្នុងការរៀនសូត្រអីទាំងអស់ អីចឹងកាលពីបាត់បង់ភាសាហ្នឹង ក៏ធ្វើឱ្យយើងមានការពិបាក ទី១ គឺបាត់បង់អត្តសញ្ញាណមួយក្នុងចំណោមអត្តសញ្ញាណដទៃទៀត ហើយទី២ យើងអាចប៉ះពាល់សកលទៅលើភាសាជនជាតិដើមភាគតិចនិមួយៗ ហើយទី៣ អាចប៉ះពាល់ទៅដល់ភាពជឿជាក់ និងផ្តល់ទំនុកចិត្ត»។
ដើម្បីថែរក្សា និងពង្រឹងអត្តសញ្ញាណភាសារបស់ជនជាតិដើមភាគតិច ឱ្យមានជីវិតរស់រវើកឡើងវិញ គឺមានការពាក់ព័ន្ធនឹងតួអង្គច្រើន ក្នុងនោះ លោកស្រី ម៉ាណេ បានលើកឡើងពីតួអង្គចម្បងគឺជនជាតិដើមភាគតិចខ្លួនឯងផ្ទាល់ ដែលត្រូវចេះពង្រឹងការនិយាយ និងរៀននិយាយ ព្រមទាំងត្រូវផ្តល់តម្លៃលើភាសារបស់ខ្លួន កុំមានការខ្មាស់អៀន និងកុំខ្លាចគេរើសអើង។
តួអង្គបន្តគឺរាជរដ្ឋាភិបាល ត្រូវពង្រឹងនិងបញ្ចូលផ្នែកភាសាជនជាតិដើមនេះ ទាំងក្នុងការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ព្រមទាំងបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីឱ្យពលរដ្ឋមានការយល់ដឹងពីតម្លៃ និងសារសំខាន់នៃភាសាជនដើមនេះ។
លោកស្រីបន្ថែមថា៖«នៅក្នុងប្រទេសកម្ពុជាយើង មានគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិចឆ្នាំ២០១៩ ហើយនៅក្នុងហ្នឹងក៏មាននិយាយពីវិស័យអប់រំដែរ អីចឹងកន្លែងហ្នឹងយើងស្នើសុំឱ្យរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ លោកជួយដាក់កញ្ចប់ផែនការថវិកាជាក់លាក់ ដើម្បីផ្តោតទៅលើជនជាតិដើមភាគតិចហ្នឹងរឿងអប់រំផ្នែកភាសា ហើយក៏សុំក្រសួងហិរញ្ញវត្ថុ លោកអនុម័តថវិកាជាតិហ្នឹងដើម្បីធ្វើម៉េចជំរុញផែនការរបស់ក្រសួងអប់រំ ឬក៏ក្រសួងផ្សេងៗទៀតលោកអាចមានលទ្ធភាពពង្រឹងផ្នែកភាសាជនជាតិដើមភាគតិច ព្រោះកាលណាបាត់ភាសាអត្តសញ្ញាណជនជាតិដើមភាគតិច វាហាក់បីដូចបាត់អត្តសញ្ញាណ មិនមែនតែជនជាតិដើមភាគតិចទេ គឺសម្រាប់ជាតិយើងមួយដែរ ព្រោះជនជាតិដើមភាគតិចជាផ្នែកមួយ ធាតុមួយនៃពលរដ្ឋខ្មែរយើង»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា បានឆ្លើយតបយ៉ាងខ្លីថា បច្ចុប្បន្ន ក្រសួងបានអនុវត្តកម្មវិធីអប់រំពហុភាសានៅសាលារៀនចំនួន៩៦សាលា និងមានគ្រូបង្រៀនចំនួន ២៣៥នាក់ ខណៈសិស្សមានចំនួន ៤៤៧៩នាក់ នៅខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង។
លោកស្រីបន្តថា កម្មវិធីនេះមានភាសាគ្រឹង ទំពួន ចារាយ ព្នង កាវ៉ែត និងព្រៅ ដែលមានចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣ ដែលជាថ្នាក់ស្ពាន ដើម្បីឱ្យកុមារជនជាតិដើមភាគតិចអាចចូលរៀនបានដូចកុមារៗដទៃទៀត។
កាលពីឆ្នាំ២០០៩ រាជរដ្ឋាភិបាលបានអនុម័តគោលនយោបាយអភិវឌ្ឍន៍ជនជាតិដើមភាគតិចក្នុងវិស័យអប់រំ ក្នុងនោះក្រសួងអប់រំបានចម្រាញ់យក ភាសាជនជាតិដើមភាគតិចពីរទៅបីភាសា ដើម្បីរៀបចំឲ្យមានប្រព័ន្ធសរសេរសាកល្បងត្រឹមថ្នាក់ទី៣ នៅខេត្តភាគឦសាន រួមមាន ភាសាព្នង (ពូនង) ទំពួន ក្រឹង និងកួយ។
សារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ជនជាតិដើមភាគតិចដែលរស់នៅក្នុងប្រទេសកម្ពុជា មានចំនួន ២៤ក្រុម រួមមាន ជនជាតិដើមភាគតិចព្រៅ ជង ចារាយ កាចក់ កាវ៉ែត ខិ ខោញ កួយ គ្រឹង ក្រោល ព្នង ល្អិន លុន មិល ព័រ រដែ សំរែ សួយ ស្ពុង ទំពួន ស្ទៀង ថ្មូន រអង និងស្អូច ព្រមទាំងជនជាតិដើមភាគតិចផ្សេងទៀត ដែលមានចំនួនសរុបប្រមាណជា ១,៤ភាគរយ នៃប្រជាជនកម្ពុជាសរុប។
លោកបន្តថា ជនជាតិដើមភាគតិចទាំងនោះ កំពុងរស់នៅតាមខេត្តចំនួន១៥ ដូចជា ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងសៀមរាប ដោយពួកគេប្រកាន់យកនូវវប្បធម៌ ទម្លៀមទម្លាប់ ប្រពៃណី ជំនឿ និងភាសាផ្សេងៗគ្នាទៅតាមក្រុមរបស់ខ្លួន។
លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ក្នុងការការពារ អភិរក្ស និងថែរក្សាតម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក ជាពិសេសបានផ្ដល់ឱកាស និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។
លោកក៏បានលើកទឹកចិត្តដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ បន្តសហការដើម្បីលើកកម្ពស់ការអភិវឌ្ឍ និងការអភិរក្សជនជាតិដើមភាគតិចឱ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាពថែមទៀត។
ក្រសួងអភិវឌ្ឍន៍ជនបទ គិតត្រឹមខែសីហា ឆ្នាំ២០២៤នេះ បានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចបានចំនួន ១៩៤សហគមន៍ ក្នុងចំណោមសហគមន៍សរុបទាំងអស់ចំនួន ៤៥៥សហគមន៍។
ត្រឡប់មកកាន់ អ្នកស្រី ទ្រង សារាយ ជាចាស់ទុំមួយរូបរស់នៅភូមិប្អៀរ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ បានលើកឡើងថា៖ «ចង់ឱ្យចេះ កុំឱ្យបាត់បង់ជាតិយើង សាសន៍យើង ដូចចាមចឹង ខ្មែរក៏គេចេះរលាយ ហើយសាសន៍របស់គេ ក៏គេចេះរលាយដែរ គេនៅស្រុកខ្មែរ ខ្មែរក៏គេចេះ ហើយសាសន៍គេក៏គេនៅចេះ ទាំងកូនទាំងចៅគេទាំងអស់ តែយើងនេះ អាម៉េចបានវាអញ្ចឹង យើងនឹកឆ្ងល់ខ្លួនឯងចឹងដែរ ឆ្ងល់ថា បង្រៀនវាអត់តាម »។ អ្នកស្រីគូសបញ្ជាក់ថា បើសិនជាយុវជនខ្មែរជំនាន់ក្រោយ នៅតែមិនចូលរួមក្នុងការថែរក្សា និងអភិរក្សទេ នោះវប្បធម៌ ប្រពៃណី ជាពិសេសអត្តសញ្ញាណភាសារបស់ជនជាតិដើមនឹងបាត់បង់នៅជំនាន់កូនៗរបស់ពួកគេជាក់ជាមិនខាន៕
ដោយ៖ កញ្ញា កែវ មរកត