អំណាច​គ្រូសារ​ហ៊ុន​ប្រឈម​នឹង​ហានិភ័យ​ក្រោយ​ចិន​ឈប់​ឱ្យ​លុយ​ខ្ចី

អ្នក​តាមដាន​ស្ថានការណ៍ នយោបាយ​ព្រមាន​ថា អំណាច​គ្រួសារ​ហ៊ុន នឹង​ប្រឈ​មហានិភ័យ​ខ្ពស់ បើមិន​វិល​ទៅរក​គន្លង​ប្រជាធិបតេយ្យ​វិញ ក្រោយ​ពី​មហាអំណាច​កុម្មុយនីស្ត​​ចិន ដែល​ជា​មិត្ត​ដែក​ថែប​មេដឹក​នាំ​កម្ពុជា​នោះ ឈប់​ឱ្យ​លុយ​ខ្ចី។

ការ​ព្រមាន​នេះ​ ចំ​​ពេល​ដែលរដ្ឋាភិបាល​គ្រួសារ​ហ៊ុន កំ​ពុង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​សហគមន៍​អន្តជាតិ ដែល​ជា​ការ​ឆ្លើយតប​ទៅនឹងការ​មិន​អើពើ ស្តារ​ប្រជាធិបតេយ្យ របស់​មេដឹក​នាំកម្ពុជា។

សារព័ត៌មាន​អន្តរជាតិ Reuters បាន​រាយការណ៍​កាល​ពីថ្ងៃទី១១ ខែធ្នូ ថា​ចិន​ដែលជា​ម្ចាស់​បំណុល​ឈរ​នៅ​លំដាប់​ទី១​ របស់​កម្ពុជា​បាន​ផ្អាក​អនុម័ត​ផ្តល់​កម្ចី ដល់​កម្ពុជា​ក្នុងឆ្នាំ២០២៤។

បើតាម Reuters ការ​ឈប់​ឱ្យ​កម្ពុជា​ខ្ចី​លុយ​នេះ អាច​ជា​សញ្ញា​ប្រុង​ប្រយ័ត្ន​របស់​ប្រទេសចិន​ ចំពោះ​ការ​វិនិយោគ​ព្រោះគម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ របស់​ចិន​នៅ​បណ្តា​ប្រទេសនានា ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ បានបរាជ័យ​ជាបន្ត​បន្ទាប់។

ជុំវិញ​រឿងនេះ តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​លោក អ៊ំ សំអាន កត់សម្គាល់​ថា មហា​អំណាច​កុម្មុយនីស្ត ចិន​កំពុង​ជួបវិបត្តិ​សេដ្ឋកិច្ច​ដូចនេះ​ប្រទេស​មួយនេះ មិន​អាច​ផ្តល់​កម្ចី​ដល់​កម្ពុជា​នោះ​ទេ ដែល​ធ្វើឱ្យ​អំណាច​របស់​រដ្ឋាភិបាល​គ្រួសារហ៊ុន យក​ចិន​ជា​ខ្នង​បង្អែក​ នឹង​ដូល​រំលំ​នៅថ្ងៃ​មុខ។

លោក​សង្កត់​ធ្ងន់​ថា ភស្តុតាង​ដែល​បង្ហាញ​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ការ​ជំនួយ​ពី​ចិន​ខ្លាំង​នោះ គឹការ​ជួបវិបត្តិ​សេដ្ឋកិច្ច​ជាតិ ខណៈ​ដែល​លោក ហ៊ុន ម៉ាណែត បាន​ឱ្យ​បោះពុម្ព​ក្រដាស​ប្រាក់​ជាង​១ពាន់លានដុល្លាអាមេរិក ក្នុង​ពេល​ថ្មីៗ​នេះ ដោយ​លោក​ថា ព្រោះ​ប្រឈម​គ្មាន​លុយ​បើក​ប្រាក់ខែ​ឱ្យ​មន្រ្តី​រាជការ។

លើស​ពីនេះ​សម្រាប់​លោក អ៊ំ សំអាន មើល​ឃើញ​ថា វិបត្តិ​សង្គម​ជា​ច្រើន​ដូច​ជា ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ទាំង GSP និងEBA បទ​ឧក្រិដ្ឋ​ឆបោក​ឆ្លង​ដែន អំពើ​ពុក​រលួយ បក្ស​ពួក​និយម និង​អំពើ​ឆបោក​ពីក្រុម​ឧកញ៉ា ស្និទ្ធិនឹង​មេដឹកនាំ​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​គ្រោះ​រាប់ម៉ឺន​នាក់ និង​មាន​អ្នក​ស្លាប់​ដោយសារ​បំណុល​ផង​នោះ សុទ្ធ​សឹង​តែ​ជា​ចំណោទ ដែល​រដ្ឋាភិបាល​ដោះ​មិន​ចេញ ដែល​បញ្ហា​ទាំងនោះ​វា​នឹង​ធ្វើ​ឱ្យ​បក្ស​កាន់​អំណាច​ ឈាន​ដល់ការ​បាត់បង់​អំណាច បើ​មេដឹក​នាំ​មិន​ប្រញាប់​ងាក​ទៅ​ដឹក​នាំ​ប្រទេស​ តាម​បែបប្រជាធិបតេយ្យ​ឡើង​វិញ​ទេ​នោះ។

លោកថា ៖ «គ្រាន់​តែ​អឺរ៉ុប​ដក ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA តែ​២០% ឃើញទេ បិទរោង​ចក្រ បណ្តើរៗ​ហើយ ហើយ​កម្មករ​ត្រូវគេ​ព្យួរ​ការងារ ជាច្រើន​រហូត​ដល់​អត់​មាន​ការងារ​ធ្វើ ទៅ​ធ្វើការ​នៅថៃ។ ចឹង​នៅ​ពេល​ដែល​ចិន​មិន​ផ្តល់កម្ចី​ ហើយ​សហគមន៍​អន្តរជាតិ ដាក់​គំនាប​បន្ថែម​ទៀត ទណ្ឌកម្ម​ផ្នែក​សេដ្ឋកិច្ច​ទៅដល់​រដ្ឋាភិបាល​លោក ហ៊ុ​ន ម៉ាណែត ហ្នឹង​បន្ថែម​ទៀត ដូច​ជា​អឹរ៉ុប​គេ​ អាច​នឹង​ផ្តាច់​ប្រព័ន្ធ អនុគ្រោះពន្ធ EBA រហូត​ដល់១០០% ដូចច្នេះ​រដ្ឋាភិបាល​ហ្នឹង នឹង​អាច​ដួលរំលំ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ហ្នឹងឯង »

សេចក្តី​រាយការណ៍​​របស់​ទីភ្នាក់ងារ​​ព័ត៌មាន Reuters បញ្ជាក់​ថា ប្រទេស​​ចិន​​ដែល​​ជា​ម្ចាស់​បំណុល​​ធំ​​ជាង​គេ​របស់​កម្ពុជា ពោល​គឺ​ជាង​​មួយ​ភាគ​បី​នៃ​​បំណុល​​ចំនួន​១១,៦​ពាន់​លាន​ដុល្លារ​របស់​​ខ្លួន​​បាន​​ផ្អាក​​ការ​ផ្តល់​​កម្ចី​​សម្រាប់រយៈ​ពេល​៣ត្រីមាសដំបូង នៃឆ្នាំ២០២៤។

ប្រភព​នោះ​ចុះផ្សាយ​ដោយ​​យោង​​ទៅ​​លើ​ព្រឹត្តិបត្រ ​ស្ថិតិ​បំណុល​​សាធារណៈ​កម្ពុជា របស់ ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ​​បញ្ជាក់​ថា ទោះ​កម្ពុជា និង​ចិន​មិន​មាន​​កិច្ចព្រម​ព្រៀង​​កម្ចី​​ថ្មី​ពិត​មែន ប៉ុន្តែ​កម្ពុជា​​បាន​​ចុះហត្ថលេខា​ជាមួយនឹង​ម្ចាស់បំណុល ឬ​ដៃគូ​ឥណទាន​​ផ្សេង​​ទៀត ដែល​មាន​​តម្លៃ​​ប្រមាណ​​១​ពាន់​លាន​ដុល្លារ។

ដោយ​ឡែក អ្នកស្រាវជ្រាវ​ពីការ​អភិវឌ្ឍន៍សង្គម លោកបណ្ឌិត មាស នី យល់ថា ការ​បន្ថយ​ដៃ​ផ្តល់​កម្ចី​ឱ្យ​កម្ពុជា​នេះ វា​អាច​មក​ពី​វិបត្តិ​សេដ្ឋកិច្ចចិន​ផង ហើយ​ជនជាតិ​ចិន​កំពុង​នាំ​មុខ​ដោយ​រឿង​អាស្រូវ បទ​ឧក្រិដ្ឋ​នៅកម្ពុជា​ផង ដែល​ចិន​ត្រូវ​បង្ខំ​ចិត្ត​ដកឃ្លា​ពី​កម្ពុជា​ដើម្បី​ការពារ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​លើឆាក​អន្តរជាតិ។

សម្រាប់​លោក បណ្ឌិត មាស នី វា​ជា​គ្រោះថ្នាក់​សម្រាប់​វិបត្តិនយោបាយ​របស់​បក្ស​កាន់​អំណាច​នៅពេល​រដ្ឋាភិបាល​ចិនផ្តាច់​ជំនួយ ព្រោះ​រដ្ឋាភិបាល​នឹងត្រូវ​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ហិរញ្ញវត្ថុ ស្រប​ពេល​រដ្ឋាភិបាល​ខ្លួនឯង​កំពុង​ខ្វះលុយ​ប្រមាណ​២ពាន់លានដុល្លារ​បន្ថែម​ទៀត​ដើម្បី​បង្រ្គប់​ការ​ចាយវាយ​សម្រាប់​ថវិកា​ជាតិ​ក្នុង​ឆ្នាំ២០២៥។

មិន​តែ​ប៉ុណ្ណោះ​លោក​ថា  បទ​ឧក្រិដ្ឋ​ជួញ​ដូរ​មនុស្ស អំពើឆបោក​តាមអនឡាញ នៅ​កម្ពុជា ដែល​រដ្ឋាភិបាល​ថ្មី​មិនអាច​ទប់ស្តាត់​បាន វាក្លាយ​ជា​របាំង​មិន​ឱ្យ​ក្រុម​ហ៊ុន​ល្អៗ​មក​បណ្តាក់​ទុក​នៅ​កម្ពុជា ហើយ​សូម្បី​តែ​ក្រុមហ៊ុន​ចិន​ក៏​ភ័យ​ខ្លាច​មក​រក​ស៊ី​នៅ​កម្ពុជា​ដែរ។ ជាង​នេះ​ទៀត​អ្វី​កាន់​តែ​គ្រោះថ្នាក់​សម្រាប់​អំណាច​គ្រួសារ​ហ៊ុន ពីការ​ខ្វះ​លុយ​ចាយ​វាយ​នោះ គឺ​ការ​ប្រឈមការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធE BA ទាំង​ស្រុង​ពី​សហគមន៍​អឺរ៉ុប ពាក់​ព័ន្ធ​ការ​សម្លាប់​ប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិ​មនុស្ស​ច្រើន​ឆ្នាំ​ទៅ​នេះ។

លោកថា៖«ឥឡូវនេះ​ចិន​មិន​ទាន់​មាន​ការដក​ខ្លួន​អី​ផ្នែក​ការ​គាំ​ទ្រ​នយោបាយ​ទេ ​គ្រាន់​តែ​ផ្អាកការ​ផ្តល់​ប្រាក់កម្ចី។ ប៉ុន្តែ​ការ​ផ្អាក​ប្រាក់​កម្ចី​ វា​នឹង​អាច​មាន​ផល​ប៉ះ​ពាល់​ស៊ី​ជម្រៅ ទៅ​លើ​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​យើង​ពឹង​ទៅ​លើ​ចិន​ហ្នឹង​ខ្លាំង។ កាល​ណាសេដ្ឋកិច្ច​ដោះស្រាយ​មិន​បាន អាហ្នឹង​ក៏រាល​ដាល​ទៅដល់​វិបត្តិ​នយោបាយ​ផ្សេងៗ»។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន្ត ឆ្លើយ​តប​ថា  ប្រទេសចិន​មិនទាន់​មាន​ការ​អះអាង​ជាក់លាក់​ណាមួយ ថា​ឈប់​ឱ្យ​កម្ពុជា​ខ្ចីលុយ​នោះទេ។

អ្នក​នាំពាក្យ​រូប​នេះ នៅ​តែ​មាន​ជំនឿ​យ៉ាង​មុត​មាំ​ថា ​ប្រទេសចិន​ដែលជាមិត្ត​ដែក​ថែប​របស់​កម្ពុជា​រាប់ទស្សវត្សរ៍​ទៅ​នេះ នឹងមិន​ទុក​ឱ្យ​កម្ពុជា​រស់​នៅ​ឯកោ​នោះឡើយ។

លោកថា៖ «ការ​សន្និដ្ឋាន​របស់​ក្រុម​ប្រឆាំង ជា​ពិសេស​ក្រុមឧទ្ទាម​ក្រៅ​ច្បាប់​ដែល​មាន មេ​ខ្លោង​នៅ​ក្រៅ​ប្រទេស គ្រាន់​តែ​និយាយ​មួយ​បង្កាច់​ការ​ពិត​តែប៉ុណ្ណោះទេ។ យើង​ដឹង​ហើយ​ទំនាក់​ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​ និងចិន វា​មានភាព​រឹងមាំ​ខ្លាំងណាស់ ដូចច្នេះ​ខ្ញុំយល់​ថា ចិន​មិន​បោះ​បង់ ចោល​កម្ពុជា​ទុក​នៅ​តែលតោល​តែ​ម្នាក់​ឯង​ទេ។ នេះ​យើង​ឃើញ​ហើយ​ថា ជា​មិត្ត​ភាព ដែកថែប ជាមិត្ត​រួមជោគ​វាសនា​តែ​មួយ មួល​ហេតុ​អី​បាន​ជា​អស់​លោក​ថា ចិន​បោះ​បង់​កម្ពុជា​ចោល វា​មិន​ត្រឹមត្រូវ តាម​គោល​ជំហរ នៃ​ប្រទេស​ទាំង​ពីរ ដែល​បាន​ឯកភាព​គ្នា ពី​ដើមរាង​មក​ទេ »

យ៉ាង​ណា​ក្តី អ្នក​នយោបាយនិរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក សម រង្សី និង​ជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច បញ្ចេញ​មតិ​លើហ្វេស​ប៊ុក​លោកថា ចិន​មិន​អាច​បន្ត​ការ​គាំទ្រ​ការ​ដឹកនាំ​របស់​គ្រួសារ​លោក ហ៊ុន សែន បាន​ទៀត​ទេ ព្រោះ​ប្រទេសចិន​ដឹង​ថា​របប​នេះ​នឹង​ដួល​រលំ​ដូច​នៅ​ប្រទេស​ស៊ីរី។ លោក​ចាត់​ទុក​នយោបាយ​សេដ្ឋកិច្ច​របស់​ លោក ហ៊ុន សែន ទៅ​អែប​ស្និទ្ធ​នឹង​ចិន​ បាន​ទាល់​ច្រក និង​បរាជ័យ ហើយ​វា​ជា​កំហុស​ដ៏​ធំ​បំផុត របស់លោក ហ៊ុន សែន ព្រោះ​មេដឹក​នាំរូបនេះ  សុខ​ចិត្ត​ចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ព្រោះ​អាង​ទៅ​លើការ​ខ្ចី​លុយ​ចិន តែ​ឥឡូវ​មិន​បាន​ទាំង​ពីរ ពោល​គឺចិន​ក៏លែង​ឱ្យ​ខ្ចី​លុយ​ ខណៈ​ប្រព័ន្ធ EBA ក៏​ប្រឈម​ការ​កាត់​ផ្តាច់​ទាំង​ស្រុង​ផង​ដែរ។

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ