លោក ហ៊ុន ម៉ាណែត បន្តលើកទឹកចិត្តវប្បធម៌ច្រានចោល

នាយករដ្ឋ​មន្ត្រី លោក ហ៊ុន ម៉ាណែត នៅថ្ងៃព្រហស្បតិ៍​នេះ លោក​បាន​លើក​ទឹកចិត្ត​វប្បធម៌​ច្រាន​ចោល​ដោយ​​សំអាង​ថា ការ​បញ្ចេញ​ព័ត៌មាន​ច្រានចោល​បាន​រហ័ស ដើម្បី​ការពារ​ភាពស្អាត​ស្អំ ទប់ទល់​ព័ត៌មាន​ក្លែង​ក្លាយ ដែល​ថាមាន​ចេតនា​បង្ខូច​កេរ្តិ៍​ឈ្មោះកម្ពុជា។

ការ​ថ្លែង​របស់​លោក ហ៊ុន ម៉ាណែត ធ្វើ​ឡើង​ក្នុង​ពិធីប្រារព្ធ «ទិវាជាតិ​ប្រយុទ្ធ​ប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស ១២ធ្នូ​» លើកទី​១៨ ក្នុង​រាជធានីភ្នំពេញ ដែល​ការ​ថ្លែង​នេះ ធ្វើ​ឡើង​នៅ​ចំពោះ​មុខ​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល ដែល​ពាក់ព័ន្ធ​រាប់សឹប​នាក់។

លោកថា៖ «អ្នកខ្លះ​គេ​ចោទថា រដ្ឋាភិបាល​កម្ពុជាមិន​ដែល​ទទួល​ការ​ពិត អាង​អី​​អាង​តែ​បដិសេធ ការពិត​យើង​ទទួល​ស្គាល់ មួល​បង្កាច់​យើង​ទៅ បដិសេធយើង​ទៅ យើង​ត្រូវ​ឆ្លើយតប។ ប៉ុន្តែ​អ្នក​ង​មក​លាបពណ៌​យើង ធ្វើ​មិន​ត្រូវ យើង​មាន​សិទ្ធិនៅ​ក្នុង​ការ​ការពារ​ខ្លួន»។​

ប្រសាសន៍​របស់​នាយក​រដ្ឋមន្ត្រី​ ដែលជា​ឈាម​ថ្មី​របស់​គណបក្ស​ជាជនកម្ពុជា​នេះ ស្តែង​ឡើង​ចំពេល​ដែល​កម្ពុជា រងការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ជុំ​វិញ​ការ​ប្រើ​តុលាការ​រំលាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុកបក្ស រំលោភ​សិទ្ធិ​មនុស្ស​ជាប្រព័ន្ធ បង្កើត​ឱ្យ​មាន​ការបោះ​ឆ្នោត​ក្លែង​ក្លាយ រំលោភ​រដ្ឋ​ធម្មនុញ្ញ។

រង​ការ​អំពើ​ជួញ​ដូរ​មនុស្ស ការ​រីករាល​ដាល​នៃ​អំពើ​ចាប់​ជំរិត បង្ខាំង​មនុស្ស​ខុស​ច្បាប់ អំពើ​ពុក​រលួយ អំ​ពើ​ឆបោក វិបត្តិ​បំណុល​ពលរដ្ឋ និង​ការ​ប្រកួត​អំណាច​ខ្វះ​សុច្ចរឹត​ភាព​ជា​ដើម។

បរិបទ​នេះ បាន​បន្សល់​ទុក​ជន​រង​គ្រោះរាប់លាន​នាក់ មិន​ទាន់​ទទួលបាន​យុត្តិធម៌ ដែល​ធ្វើឱ្យ​កម្ពុជា​ រង​សម្ពាធ​ពី​អន្តរជាតិ​ ដែល​ជា​ការ​ឆ្លើយតប​ទៅនឹង​ការ​មិន​អើពើ​ស្តារ​ប្រជាធិបតេយ្យ។ ពិសេស​អ្នក​រាយការណ៍​ពិសេស​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ របស់អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​លោក វិធិត មុនតាប៊ន និយាយ​ចំៗ​ក្នុង​កិច្ច​ប្រជុំ​ នៅ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្វឺ​ណែវ​ ថា ការ​ផ្ទេរ​អំណាច​ឆ្នាំ២០២៣ ធ្វើ​ឡើង​ក្នុងរង្វង់​គ្រួសារ គ្មាន​លក្ខណៈ​ប្រជាជាធិបតេយ្យ។ យ៉ាងណា លោក ហ៊ុន ម៉ាណែត ទទួល​ស្គាល់ដែរ​ថា ព័ត៌មាន​បំភ្លឺ​រដ្ឋាភិបាល​មាន​មនុស្ស​មើល​តិច​តួច តែ​ព័ត៌មាន​ដែល​លោក​ថា ក្លែង​ក្លាយ មាន​អ្នក​មើល​រាប់លាននាក់។

ដោយ៖ ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ