លោក ហ៊ុន ម៉ាណែត ឱ្យ​ទប់​ស្កាត់​បរទេស​បង្ខូច​ឈ្មោះ​កម្ពុជា​ក្រោយ​រងការ​រិះគន់

មេដឹក​នាំ​កម្ពុជា​លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​​ផ្ទាល់​​មាត់​ទៅមន្ត្រី​ឱ្យ​បន្តទប់​ស្កាត់​ព័ត៌មាន​ក្លែងក្លាយ​ ដែល​សំដៅ​ដ​ល់​ជន​​បរទេស​មួយ​ចំនួន ដែលធ្លាប់​បានកើត​ឡើង ដោយ​ថា​ បាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​មុខ​មាត់​កម្ពុជា ដែ​ល​​សារនេះ​ជំរុញ​ឱ្យ​មានការ​លើក​ឡើង​ថា អ្នក​ធ្វើ​ឱ្យ​កម្ពុជា​បាក់​មុខ និង​ពលរដ្ឋ​រងគ្រោះ គឺ​គេ​ដឹក​នាំ។

ការ​លើក​ឡើង​នេះ ចំ​ពេល​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ថ្លែង​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស នៅថ្ងៃទី១២ ខែធ្នូនេះ ក្នុង​រាជធានី​ភ្នំពេញ​ថា កម្ពុជា​មិនមែន​មានតែ​បញ្ហា​ជួញ​ដូរ​មនុស្ស​ទេ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា​នោះ។

លោក​បញ្ជាក់​ថា ក្នុងនោះ​ក៏មាន​ព័ត៌មានក្លែង​ក្លាយ ប្រឌិត​ឡើង​ដោយ​ជនបរទេស​មួយ​ចំនួន ដូច​ជា​ជន​ជាតិ​កូរ៉េ និង​ជនជាតិ​ដទៃ​ទៀត ដែល​លោក​មិន​បញ្ចេញ​ឈ្មោះ ពាក់ព័ន្ធ​នឹង​ការ​បូម​ឈាម វិធានការ​ចាប់​ខ្លួន​បរទេស​មួយ​ចំនួន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​កម្ពុជា ជាដើម។

លោកថា៖ «យើង​មិន​បដិសេធ​ថា យើង​គ្មាន​បញ្ហា​ទេ កម្ពុជា​ក៏​មិន​ដែល​បដិសេធ​ថា​កម្ពុជា​មិន​ទទួល​ស្គាល់​ថា កម្ពុជា​គ្មាន​បញ្ហាការ​ជួញ​ដូរ​មនុស្ស ឬ បញ្ហា​អសន្តិសុខ​ផ្សេងៗដែរ​»

បន្ថែម​ពីនេះ លោក​ក៏បញ្ជា​ផ្ទាល់​មាត់ ឱ្យ​ទប់​ស្កាត់​ព័ត៌មាន​ក្លែង​ក្លាយ ដើម្បី​ជៀស​វាង​បន្ត​បង្ខូច​កិត្តយស​កម្ពុជា ក្រោម​រូបភាព​ប្រឌិត​របស់ជន​បរទេស​មួយ​ចំនួន​ដែល​មក​ជាន់ទឹកដី​កម្ពុជា។

លោកថា៖ «យើង​ទទួល​ស្គាល់​ថា​មាន​បញ្ហាតែ​យើង​ខិត​ខំ គណកម្មការ​​ប្រឆាំង​​ការ​​ជួញ​ដូរ​​មនុស្ស ក្រសួង​ស្ថាប័ន​មហាផ្ទៃ​ដឹកនាំ អគ្គ​ស្នងការ​នគរបាលជាតិ​ យើង​អនុវត្ត​រាជធានី​ខេត្ត​នីមួយៗ ខំ​អនុវត្ត ដោយ​សារ​យើង​ទទួល​ស្គាល់​បញ្ហា យើង​សហការ​ជា​មួយ​ដៃ​គូរ​មិត្ត​ជាតិ​ អន្តរជាតិ​ ដើម្បី​ធ្វើ ដោយ​សារ​យើង​ទទួល​ស្គាល់​ថា​វា​មាន​បញ្ហា ដើម្បី​កាត់​បន្ថយ​ទប់​ស្កាត់​បញ្ហា»

៣ឆ្នាំ​កន្លង​ទៅ​នេះ សហរដ្ឋអាមេរិក បាន​ដាក់​កម្ពុជា​ក្នុង​បញ្ជី​ខ្មៅ នៃ​អំពើ​ជួញដូរ​មនុស្ស​ឆ្លង​ដែន ដោយ​អាមេរិក​អះអាង​ពី​ការ​រកឃើញ​ថា បញ្ហា​ដែលបាន​កើតឡើង ដោយសារ​តែមន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ខ្លះ បាន​ឃុប​គិត នៅ​ក្នុង​បទ​ល្មើស និង​អំពើ​ពុក​រលួយ ជា​ហេតុ​នាំ​ឲ្យ​អំពើ​ជួញ​ដូរ​មនុស្ស នៅ​តែ​រីក​រាល​ដាល។

ជុំវិញ​បញ្ហា​នេះ តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ប្រាប់ វីអូឌី នៅថ្ងៃទី​១២ ខែ​ធ្នូនេះថា ការ​មិន​អាច​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស​បាន បង្ហាញ​ពី​កម្សោយ​មេដឹកនាំ​ អសមត្ថភាព​ដឹកនាំ​ប្រទេសជាតិ។

លោកថា ការ​ចោទប្រកាន់​បរទេស​ថា ជា​អ្នក​បំផ្លាញ​កិត្តិយស​កម្ពុជា ជា​ការ​គេចវេស​មិន​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​របស់​មេដឹកនាំ​គ្រួសារហ៊ុន ខណៈ​ខ្លួនជា​អ្នក​បណ្តោយ​ឱ្យ​មាន​ក្រុមឧក្រិដ្ឋ​ជន​ជួញ​ដូរ​មនុស្ស។

លោកថា៖ «ឆ្លុះ​បញ្ចាំង​ពីការ​ដឹកនាំ​របស់​ខ្លួន​គឺ​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ដោយសារ​តែ​អសមត្ថភាព​ក្នុងការ​ដឹកនាំ​ នេះ​ហើយ​ដែល​ធ្វើ​ឲការ​ជួញដូរ​មនុស្ស​នៅ​មាន​នៅ​ឡើយ កម្ពុជា​នៅ​មិន​ទាន់​រួច​ផុត​ពី​បញ្ជីខ្មៅ​របស់​អាមេរិក​នៅ​ឡើយ​នោះ​ទេ​ ពាក់ព័ន្ធ​នឹងការ​ជួញដូរ​មនុស្ស ដូច្នេះ​បង្ហាញថា​ត្រកូលហ៊ុន​គ្មាន​សមត្ថភាព​ក្នុងការ​បង្ក្រាប​បទ​ល្មើស​ជួញដូរ​មនុស្ស​នោះទេ»

សម្រាប់​លោក អ៊ុំ សំអាន អះអាង​ថា អ្នកដែល​បំផ្លាញ​កិត្តិយស កេរ្តិ៍​ឈ្មោះ​កម្ពុជា​ពិតប្រាដក គឺ​មេ​ដឹកនាំ​គ្រួសារហ៊ុន ឃុបឃិត​ជា​មួយ​ក្រុម​ម៉ាហ្វី​យ៉ា និងពួក​ឧក្រិដ្ឋជន​ យក​ប្រទេស​កម្ពុជា​ ជា​ទីលាន​សម្រាប់​ជួញ​ដូរ។

លោក​បន្ត​ថា មេដឹកនាំ​កម្ពុជា​មិនអាច​ទប់ស្កាត់​ឧក្រិដ្ឋ​ជន​ជួញដូរ​មនុស្ស ឬអំពើ​ជួញដូរ​មនុស្ស​បានទេ ដរាប​ណា ពួកគេ​មិនហ៊ាន​សម្អាត​អំពើ​ពុករលួយ​​ចំពោះ​មន្រ្តី​គ្រាក់ៗ​ ដែល​ស្និទ្ធ​នឹង​​មេ​ដឹកនាំ​គ្រួសារ​ហ៊ុន។

លោកថា៖«រដ្ធាភិបាល​ជិះសេះ​លែងដៃ គ្មាន​នរណា​ហ៊ាន​រិះគន់​ខ្លួន​ទោះបី​ខ្លួន​ធ្វើ​ខុស​ក៏គ្មាន​នរណា​ហ៊ាន​រិះគន់ ចឹង​វា​ធ្វើឲ​បទល្មើស​ទាំងអស់​នោះ​នៅ​តែ​កើតមាន​ឡើង ហើយ​មួយទៀត​ដោយ​សារ​តែ​រដ្ធាភិបាល​មិន​ហ៊ាន​អារសាច់​ស្អុយ​ដែល​មន្ត្រី​ជាន់ខ្ពស់​រដ្ធាភិបាល​ពាក់​ព័ន្ធ ឬ​ឃុបឃិត​នៅ​ពីក្រោយ​ខ្នង​រឿង​ការ​ជួញដូរ​មនុស្ស»

ចំ​ណែក អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​ បែប​ប្រជាធិបតេយ្យ លោក វ៉ន់ ចាន់ឡូត និយាយ​ថា សារ​បក​ស្រាយ​របស់​មេដឹកនាំ​​បក្សកាន់​អំណាច​ គ្រាន់តែ​សារ​ប្រជាភិថុត​ ដើម្បី​បិទ​បាំង​កំហុស​របស់​ខ្លួន​ប៉ុណ្ណោះ។

លោក​បន្ត​ថា អំពើ​ជួញ​ដូរ​មនុស្ស​អាច​កើត​មាន​ទៅ​បាន លុះ​ត្រា​តែ​មាន​អ្នក​នៅ​ពីខាង​ក្រោយ ទើប​ករណី​នេះ​អាច​ប្រព្រឹត្តិ​ទៅ​បាន ព្រោះថា​គ្មាន​អ្វី​កើតឡើង​ ដោយ​មិនមាន​ការ​រៀបចំ​ទុក​ជា​មុន​នោះ​ទេ។

លោកថា៖ «ប្រទេសជាតិ​មួយ​ នឹង​មិនអាច​ជាតិ​សាសន៍​ណាមួយ​ងាយ​នៅ​ ក្នុងការ​ប្រើ​ប្រាស់​ដើម្បី​ទៅ​ប្រព្រឹត្ត​បទ​ឧក្រិដ្ធ​នានា បានដោយ​ស្រួល​នោះ​ទេ ប្រសិន​បើមាន​នូវ​ការ​លប​លួច​លាក់​នៅ​ក្នុង​ការ​សហការ ឬ​ក៏​លួច​សម្រួល​ឲឧក្រិដ្ឋជន​ទាំង​អស់នោះ​អាច​ប្រើប្រាស់​មូលដ្ធាន​នៅ​ប្រទេស​កម្ពុជា ជា​ទឹក​ដី​ដើម្បី​ឆ្លង​កាត់ ឬ​ក៏ជា​ទឹកដី​ដើម្បី​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋកម្ម​របស់​ខ្លួន»

តែយ៉ា​ងណា សម្រាប់​លោក ចាន់ឡូត ផ្តល់​ជា​យោបល់ថាដើម្បី​​ទប់ស្កាត់​​ការជួញ​ដូរ​មនុស្ស វា​​​ចាំបាច់​ណាស់​​​ត្រូវ​ហ៊ាន​​គាស់​​រំលើង​ឫស​គល់​​របស់​វា គឺត្រូវ​លុប​បំបាត់​អំពើ​ពុក​រលួយ​បក្ស​ពួកនិយម ជា​ពិសេស​ហ៊ាន​ដាក់​ទោសទណ្ឌ​មន្រ្តី ស្និត​នឹង​មេដឹក​នាំ ឬគ្រួសារ​មេដឹក​នាំផ្ទាល់។

កាល​ពីឆ្នាំ២០២២ និង​ឆ្នាំ២០២៣ អាមេរិក​បាន​ចាត់​ចំណាត់​ថ្នាក់​ឱ្យ​កម្ពុជា ស្ថិត​នៅ​ក្នុង​កម្រិត​លេខ ៣ ដែល​ជា​ចំណាត់ថ្នាក់​អាក្រក់​បំផុត ក្នុងការ​​មិន​​បាន​​ប្រឹង​ប្រែង​​ប្រយុទ្ធ​ប្រឆាំង​​នឹងការ​ជួញ​ដូរ​មនុស្ស។

ក្នុង​របាយការណ៍ ​ស្តី​ពីការ​ជួញដូរ​មនុស្ស​របស់អាមេរិក​បានលើក​ច្រើន ពី​បញ្ហា​អំពើ​ពុក​រលួយ និង​និទណ្ឌភាព​​របស់​មន្រ្តី​ដែល​អាច​ជាប់​ពាក់ព័ន្ធ​​នឹង​​ការ​ជួញដូរ​មនុស្ស​​នៅកម្ពុជា។

អាមេរិក​​ចាត់​ទុកថា កម្ពុជា​ត្រូវបាន​​ក្រុម​ជួញដូរ​មនុស្ស ប្រើប្រាស់​​ជា​​កន្លែង​​បោក​បញ្ឆោត​តាម​ប្រព័ន្ធ​អ៊ីនធើណេត ឬហៅថា SCAM។ បើ​តាម​របាយការណ៍​របស់​អាមេរិក​បញ្ជាក់ថា ជនបរទេស និងជនជាតិ​ខ្មែរ​ក្នុង​ស្រុក​​ត្រូវ​​បាន​ក្រុម​ឈ្មួញ​ជួញដូរ​​មនុស្ស ដែល​ជាប់​ពាក់ព័ន្ធ​​នឹង​​ក្រុមហ៊ុន​ចិន ត្រូវ​បាន​បោក​បញ្ឆោត​​ឲ្យ​ធ្វើការ​​នៅ​តាម​អគារ​ក្នុង​ប្រទេស​​កម្ពុជា រហូត​​ដល់​​មាន​សេចក្តីរាយការណ៍​​ពីការ​ចាប់​បង្ខាំង​ទុក មិន​​ឲ្យមាន​សេរីភាព ការ​ធ្វើ​ទារុណកម្ម និង​ការ​ជំរិតទារ​ប្រាក់ជាដើម៕

ដោយ៖ ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ