ការចាប់សកម្មជនសង្គមយ៉ាងគំហុក ក្នុងឆ្នាំ២០២៤ ជំរុញឱ្យមានការលើកឡើងថា ជាភស្តុតាងថ្មីទៀត បង្ហាញថា គ្រួសារហ៊ុនបន្តលេងល្បែងប្រជាធិបតេយ្យ ដើម្បីសម្រេចមហិច្ឆតាក្តោមអំណាច បែបផ្តាច់ការ បង្កវិនាសកម្មដល់ជាតិ និងពលរដ្ឋទូទាំងប្រទេស បើគ្មានចរន្តផ្តាស់ប្តូរ ទាន់ពេលនេះទេនោះ។
ការសំអាងនេះ ក្រោយពីអង្គការលីកាដូ កាលពីថ្ងៃទី១១ ខែធ្នូនេះ បានបង្ហាញទិន្ន័យកត់ត្រាត្រួសៗរកឃើញថា ឆ្នាំ២០២៤អាណត្តិលោក ហ៊ុន ម៉ាណែត នេះមានករណីចាប់ខ្លួនកម្មជនសង្គមយ៉ាងគំហុក យ៉ាងតិច ១០២នាក់ ពាក់ព័ន្ធនឹងការរិះគន់គោលនយោបាយរដ្ឋាភិបាល។
ជុំវិញបញ្ហានេះ ប្រធានអង្គការប្រជាធិបតេយ្យប្រចាំអូស្ត្រាលី លោក ស៊ឹងសែន ករុណា ប្រាប់ វីអូឌី នៅថ្ងៃទី១៣ ខែធ្នូនេះថា ករណីរកឃើញរបស់អង្គការលីកាដូ នេះឆ្លុះបញ្ចាំងថា មេដឹកនាំបក្សកាន់អំណាចកំពុងទាញទម្លាក់កម្ពុជាពីរបបប្រជាធិបតេយ្យកាន់តែខ្លាំង។
លោកសង្កត់ធ្ងន់ថា ការដឹកនាំបែបគ្រួសារនិយម ឬបក្សពួកនិយម ដោយចាប់ពរលដ្ឋតាមទំនើងចិត្តបែបនេះ វានឹងបង្កវិនាសកម្មដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ រស់នៅទាំងភាពភ័យខ្លាច និងរងទុក្ខវេទនា។
លោកថា៖ «ការដឹកនាំរបស់រដ្ធាភិបាលថ្មីឪពុក និងកូននឹងយើងឃើញថាគ្មានឆន្ទៈក្នុងការស្ដារ និងការពារប្រជាធិបតេយ្យដោយគោរពសិទ្ធិមនុស្សនោះទេ ផ្ទុយទៅវិញសកម្មភាពទាំងអស់នឹងហាក់ដូចជា ធ្វើខ្លាំងឡើងក្នុងន័យតែការពារផលប្រយោជន៍ និងអំណាចគ្រួសារ និងបក្សពួកនិយមប៉ុណ្ណោះ»។
សម្រាប់តំណាងរាស្រ្តបក្សសង្រ្គោះជាតិ អ៊ុំ សំអាន ហាក់ស្តីបន្ទោសថា មេដឹកនាំគ្រួសារហ៊ុន គ្មានចេះដឹកនាំអ្វី ក្រៅតែពីចាប់ចងពលរដ្ឋ ធ្វើបាបរាស្រ្ត បំផ្លាញប្រជាធិបតេយ្យ និងកាត់ដីឱ្យបរទេសនោះទេ។
លោកអះអាងថា មេដឹកនាំគ្រួសារហ៊ុន គ្មានថ្ងៃកែខ្លួនវិលទៅស្តារប្រជាធិបតេយ្យទេ ដរាបណា ពលរដ្ឋខ្មែរស្នេហាជាតិ និងអ្នកនយោបាយមិនសាមគ្គីគ្នា រើបម្រះទាញទម្លាក់របបផ្តាច់ការនេះចេញពីអំណាច។
លោកថា៖ «ត្រកូលហ៊ុនធ្វើទង្វើទុច្ចរិត ថោកទាប ឥតកេរ្ត៍ខ្មាស់យ៉ាងម៉េចក៏ពួកគាត់ធ្វើបានដែរ ចឹងវាបង្ហាញថា មេដឹកនាំនេះអត់គិតពីសុខទុក្ខប្រជាពលរដ្ធ ប្រទេសជាតិទេ គិតតែពីអំណាចរបស់ខ្លួន ទោះបីពួកគេរត់ទៅដល់ថៃក៏ចាប់ ទៅដល់ម៉ាឡេស៊ីក៏ចាប់ពួកគេមកវិញដែរ ដើម្បីធ្វើទុក្ខបុកម្នេញអោយពួកគេចុះចូលខ្លួនដូច្នេះខ្ញុំយល់ថា ទង្វើគំម្រក់ថោកទាបរបៀបនេះ សូម្បីប្រទេសកូរ៉េខាងជើង និងប្រទេសស៊ីរីមិនមានផង»។
ម្យ៉ាងវិញទៀតលោក អ៊ុំ សំអាន ថាការដឹកនាំបំផ្លាញប្រជាធិបតេយ្យ រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ធ្វើបាបរាស្រ្ត ឬចាប់ចងតាមទំនើងចិត្តនេះ នឹងគ្មានវាសនាដឹកនាំយូរអង្វែងទេ បើពលរដ្ឋអស់ការអត់ធ្មត់។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន្ត បានច្រានចោល ដោយលោកអះអាងថា វិធានចាប់ខ្លួន និងឃុំខ្លួន ជាការអនុវត្តច្បាប់។
លោកថា៖ «ការចាត់វិធានការផ្លូវច្បាប់ ទៅលើសកម្មជនបរិស្ថាននោះ គឺមិនខុសច្បាប់ទេ គឺធ្វើត្រឹមត្រូវទៅតាមច្បាប់ អ្នកដែលប្រព្រឹត្តខុសទេ ជាអ្នកត្រូវទទួលខុសត្រូវទទួលមុខច្បាប់»។
យ៉ាងណា កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីប្រកាសចូលកាន់តំណែងជានាយករដ្ឋមន្រ្តីនៅចំពោះព្រះភ័ក្រ្តអង្គព្រះមហាក្សត្រ លោក ហ៊ុន ម៉ាណែត ប្រកាសប្តេជ្ញាចិត្តថា នឹងខិតខំបំពេញបេសកកម្ម ដើម្បីបុព្វហេតុជាតិ និងការពារប្រព័ន្ធប្រជាធិបតេយ្យពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖«ការប្ដេជ្ញាចិត្តរបស់រដ្ធាភិបាលថ្មី ធានាឲបាននូវសុខសន្ដិភាព ស្ថេរភាពមិនឲបាត់ទៅវិញទេជាពិសេសកុំឲមានសង្គ្រាមកើតឡើងវិញ ទីពីរត្រូវធ្វើយ៉ាងណាពង្រីក សម្ធិផលបន្ថែមជូនប្រជាពលរដ្ធ ជាពិសេស គឹជីវភាពរបស់ប្រជាពលរដ្ធ សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ធ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ធយើងត្រូវការពារ និងផ្ដល់ឲបាន»។
ចំណាត់ការចាប់ខ្លួនសកម្មជនសង្គម និងសកម្មជននយោបាយយ៉ាងគំហុកនេះ នៅឆ្នាំ២០២៤ នេះ ហាក់ស៊ីគ្នាទៅនឹងសារបែកធ្លាយ របស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលមានមហិច្ឆតា ចង់កម្ទេចក្រុមអ្នកមាននិន្នាការប្រជាធិបតេយ្យ ដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឈ្នះឆ្នោតនៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ដោយគ្មានគូរប្រកួត។
លោកថា៖ «សុំឲគ្រប់ខេត្តទាំងអស់យកចិត្តទុកដាក់ពីពេលនេះទៅ ត្រូវតែវាយកម្លាំងនេះកុំឲទាស់មុខទាស់មាត់បន្តទៀត ហ៊ាននិយាយច្បាស់ចឹងតែម្ដង ទន្ទឹមនឹងបំផ្លាញកម្លាំងចោលហើយកេងកម្លាំងយកមកប្រើ»។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោកបណ្ឌិត មាស នី ហៅបញ្ហាដែលលីកាដូ បានរកឃើញ ហាក់ផ្ទុយនឹងការប្តេជ្ញាចិត្តរបស់អ្នកនយោបាយ ដែលលោកចង់ឃើញមេដឹកនាំ មានទំនួលខុសត្រូវ ចំពោះប្រទេសជាតិ និងម្ចាស់ឆ្នោត។
លោកថា៖ «ប៉ុន្តែបើយើងប្រើតែវិធីសាស្រ្តគំរាម បង្ក្រាប និងចាប់ខ្លួនតែមុខនេះ ជួនកាលវាអាចជះផលអវិជ្ជមានត្រឡប់មករដ្ធាភិបាលវិញ ហើយធ្វើឲស្ថានភាពកាន់តែមានភាពលំបាក ទីបំផុតរដ្ធខ្លាចរាស្ត្រ រាស្រ្តក៏ខ្លាចរដ្ធ ចឹងធ្វើឲសង្គមមានការពិបាក»។
សម្រាប់លោក ស៊ឹងសែន ករុណា ព្រមានថា មេដឹកនាំបក្សកាន់អំណាច នឹងមានវាសនា មិនខុសពីមេដឹកនាំផ្តាច់ការមួយចំនួននៅលើពិភពលោក ដូចបង់ក្លាដេស ដែលងើបបះបោរ បណ្តេញចុះពីអំណាច ប្រទេសបង់ក្លាដែស និងថ្មីៗនៅប្រទេសស៊ីរី។ តែយ៉ាងណាលោកថា សម្រាប់អ្នកតាមដានមិនចង់ឃើញកម្ពុជាដើរលើផ្លូវចាស់នោះទេ ព្រោះវាបានធ្វើឱ្យប្រទេសជួបវិនាសកម្ម ដែលមេដឹកនាំត្រូវប្រញាប់ភ្ញាក់ខ្លួន វិលទៅស្តារប្រជាធិតេយ្យ គោរពសិទ្ធិមនុស្ស និងបង្រួមបង្រួមជាតិ ដែលជាបំណងប្រាថ្នារបស់ពលរដ្ឋ និងសហគមន៍អន្តរជាតិ។
ដោយ៖ លោក ប៉ុល សម្បត្តិ