លោ​ក អ៊ុំ សំអាន បង្ហាញ​ភស្តុតាង​ថ្មីទៀត​ពីលទ្ធភាព​កម្ពុជា​ឈ្នះ​ក្តី​ថៃ​ករណីកោះគុត

អ្នកមាន​បទ​ពិសោធន៍​កិច្ចការ​ព្រំដែន​ដែល​មិន​ចំណុះ​រដ្ឋាភិបាល ​គឺលោក អ៊ុំ សំអាន បាន​បញ្ចេញ​ភស្តុតាង​ថ្មី​ទៀត​ពី​លទ្ធភាព​ដែល​កម្ពុជា​អាច​ឈ្នះក្តី​ប្រទេសថៃ​ នៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ចំណែក​កោះ​គុត ដែល​ថៃ​កំពុង​គ្រប់គ្រង​ទាំងស្រុង ក្នុងដែន​សមុទ្រនេះ។

លោក អ៊ុំ សំអាន បានបង្ហោះ​សារ​លើហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៣ ខែធ្នូ​នេះថា​សៀវភៅ​កម្ពុជា​បាត់​បង់​ទឹកដី​នៅ​ភាគ​ខាងលិច របស់​បណ្ឌិត ឥន សុផល បាន​សរសេរ​ថា កោះគុត​ជារបស់​កម្ពុជា ហើយ​ថា ផែន​ទី​បា​រាំង​ក្នុ​​ង​សៀវ​ភៅនេះ​ក៏បង្ហាញ​ថា យ៉ាងហោច​ណាស់​ពាក់កណ្តាល​នៃកោះគុត​ ជារបស់កម្ពុជា។

លោក​បន្ត​ថា សៀវភៅ​នេះសរសេរ​ថា «សន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ គឺព្រំប្រទល់រវាងឥណ្ឌូចិន​បារាំង ​និងសៀម​នៃ​ព្រំដែន​សមុទ្រ គឺស្ថិតនៅ​ត្រង់​ចំណុច​ខ្ពស់​បំផុត​នៅ​លើ​កោះ​គុត»។

សម្រាប់​លោក​ អ៊ុំ​ សំអាន  ផែនទី​ដែលភ្ជាប់​មក​ជាមួយ​សន្ធិសញ្ញានេះ បានបង្ហាញ​ឱ្យឃើញ​នូវខ្សែ​បន្ទាត់​រឹង ដែល​តភ្ជាប់​ចំណុច​ខ្ពស់បំផុត​នៅលើកោះ​គុត​ទៅ​ចំណុចដំបូង​នៃព្រំដែន​អន្តរជាតិ​រវាងប្រទេស​ទាំងពីរ​នៅ​លើ​ឆ្នេរ​សមុទ្រ​ដីគោក។

សៀវភៅ​នេះសរសេរ​ថា «ខ្សែបន្ទាត់​ព្រំដែនសមុទ្ររវាង​បារាំង-សៀមឆ្នាំ១៩០៧ គឺ​ចេញ​ពីចំណុច​ខ្ពស់​បំផុត​នៅលើកោះ​គុត ត្រង់មក​ភ្ជាប់​បង្គោល​ព្រំដែន​គោកនៅលើ​ឆ្នេរ​សមុទ្រ»។

បើ​យោង​តាម​និក្ខេប​បទ​របស់​ព្រះអង្គ​ម្ចាស់ នរោត្តម រណប្ញទ្ធិ ស្តីពី​ព្រំដែន​សមុទ្រ​កម្ពុជា​សរសេរ​នៅ​ឆ្នាំ១៩៧៦ ព្រះអង្គ​ម្ចាស់​បានយោង​ទៅលើ​ផែន​ឧបសម័្ពន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង-សៀមឆ្នាំ១៩០៧ រួច​បាន​បញ្ជាក់​ថា ខ្សែ​ព្រំដែន​សមុទ្ររវាង​កម្ពុជា និងថៃ ចេញ​ពីចំណុច​ខ្ពស់បំផុត​នៃកោះគុត​តភ្ជាប់​មក​បង្គោល​ព្រំដែន​នៅលើ​ឆ្នេរ។

មួយវិញ​ទៀត «ព្រះអង្គ​ម្ចាស់ នរោត្តម រណប្ញទ្ធិ ចេះ​ភាសា​បារាំង​ច្បាស់លាស់ និង​ការ​ស្រាវ​ជ្រាវ​សរសេរ​និក្ខេបបទ​តាម​បែប​វិទ្យាសាស្រ្ត ដូច្នេះ​ការ​លើក​យក​ផែន​ទី​កំណត់​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា និងថៃ មក​ធ្វើការ​ពន្យល់​បក​ស្រាយ​គឺមាន​លក្ខណៈ​ច្បាស់​លាស់»។

តំណាង​រាស្ត្រណបក្ស​ប្រឆាំង​រូបនោះ​សង្កត់​ធ្ងន់ថា សៀវភៅ​ស្តីពី​កម្ពុជា​បាត់បង់​ទឹកដី​នៅភាគ​ខាងលិច​របស់​បណ្ឌិត ឥន សុផល បង្ហាញ​ភស្តុតាង ឯកសារ និងប្រវត្តិសាស្រ្ត​យ៉ាង​លម្អិត និងច្បាស់​លាស់ ដែល​ជា​ឯកសារ​ដ៏​សំខាន់សម្រាប់កម្ពុជា​យកជា​សំអាង​ក្នុងការ​តតាំងក្តី​ជាមួយ​ថៃ​នៅតុលាការ​អន្តរជាតិ ដើម្បី​ទាម​ទារ​យក​កោះ​គុត​មក​វិញ ហើយ​ថា ភស្តុតាង និង​ឯកសារ​ក្នុងសៀវភៅ​នេះ​នឹង​ធ្វើ​អោយ​កម្ពុជា​ឈ្នះ​ក្តី​ទៅ​លើ​ថៃ​នៅតុលាការអន្តរ​ជាតិ ហើយ​ទាមទារ​យក​កោះគុត​មក​វិញ​យ៉ាង​ងាយស្រួល​ដូចបក​ចេក។

ជាការ​សង្កេត ការបង្ហាញ​ភស្តុតាងថ្មីទៀតពី​សំណាក់​លោក អ៊ុំ​ សំអាន ក្រោយ​ពី​មេបក្ស​កាន់​អំណាច នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់ មិន​ព្រម​ប្តឹង​ករណី​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ បើទោះ​បីកោះ​គុតពេល​នេះ ត្រូវ​បាន​ថៃគ្រប់គ្រង​ទាំងស្រុង​ទៅហើយ​ក្តី។

ក្រៅ​ពីនេះ​លោក អ៊ុំ សំអាន ​ធ្លាប់​បង្ហាញ​ឯកសារដែលបញ្ជាក់​ថា លោក ហ៊ុន សែន បាន​កាត់​កោះ​គុត​ឱ្យ​ទៅ​ថៃ​ស្ងាត់ៗ ឱ្យទៅ​ប្រទេសថៃ តាមរយៈ​អតិតមន្ត្រីស្និទ្ធិ ដែល​មាន​ឥទ្ធិពលក្នុងជួរ​បក្ស គឺ លោក សុខ អាន តាម​រយៈ​ចុះ​អនុសារណៈ នៃ​ការ​យោគ​យល់ ហៅថា MOU នៅឆ្នាំ​២០០១។ ដោយ៖ លោក ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ