ក្រសួង​មហា​ផ្ទៃ​កំណត់​យក​ថ្ងៃទី១១ ខែធ្នូ​ជា​ការ​អនុវត្ត​ផែនការ​ទប់ស្កាត់​ល្បែង​ស៊ី​សង​គ្រប់​ទម្រង់

នៅថ្ងៃទី១១ ខែធ្នូ ជាពេលវេលាដែល​ក្រសួងមហាផ្ទៃ បានកំណត់​អនុវត្តវិធានការ​​ក្តៅ ប្រឆាំង​ល្បែង​ស៊ី​ស​ង​គ្រ​ប់ទម្រង់ ក្រោយពីបានបិទបញ្ចប់ នៃឱសានវាទ របស់ខ្លួនក្នុងរយៈពេល៧ថ្ងៃកន្លងទៅនេះ ប៉ុន្តែសម្រាប់​​គណ​បក្សក្រៅរដ្ឋាភិបាល និងអ្នកតាមដានសង្គមវិញ យល់ឃើញថា អ្វីដែលជាការប្តេជ្ញាចិ​ត្តនេះប្រហែ​ល​ជា​​នឹ​​ងមិ​​ន​មិនទទួលបានជោគជ័យទេ។

កាលពីថ្ងៃទី៤ ខែធ្នូ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់ចេញនូវ​គោលការណ៍​ដោយ​មិន​យោគ​​​​យល់ ប្រ​​ឆាំ​ងល្បែងស៊ីសងគ្រប់ទម្រង់។តាមរយៈសេចក្តីថ្លែងការណ៍កម្រាស់ជិត២ទំព័រ ដែលមិន​បាន​​លើ​​​​ក​ឡើង​ពីថ្ងៃនៃឱសានវាទរបស់ខ្លួន។

ប៉ុន្តែអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភា​សន៍ឱ្យក្រុម​អ្នក​​កា​​​សែតដឹង គឺវិ​ធា​​នការណ៍នេះ រដ្ឋម​ន្រ្តី​ក្រសួ​ងមហាផ្ទៃថ្មី បានទុកពេល៧ថ្ងៃ ដែលវិធាននេះនឹងត្រូវផុ​ត​កំ​ណត់ត្រឹ​មថ្ងៃ​ទី​១​០ ខែធ្នូ ដោយ​បង្គា​ប់ឱ្យ​គ្រប់​ម្ចាស់អាជីវកម្ម​បនល្បែងទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់។

បើទោះជាបែបនេះក្តី សម្រាប់ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ហាក់មិន​មានជំ​នឿ​​សោះ​ថា​ អ្វីដែលក្រសួងមហាផ្ទៃប្តេជ្ញាចិត្ត ក្នុងការទប់ស្កាត់ល្បែងស៊ីសងនេះ អាចនឹងមានប្រសិទ្ធិភាពនោះទេ​។

លោ​ក​​ប​ន្តថា ល្បែងគ្រប់ប្រភេទដែលកំពុងតែដំណើរការសព្វថ្ងៃនេះ សុទ្ធសឹងតែអ្នកមានតួនាទីធំៗនៅ​ក្នុងជួ​រ​​រ​ដ្ឋា​​​ភិបាល។

លោកថាទីតាំងខ្លះទៀត ត្រូវជាសាច់ញាតិ និងខ្សែស្រឡាយរបស់អ្នកកា​ន់អំណាចផងក៏មា​នដែរ​។​ ហេតុ​នេះ ការបង្រ្កាប់ ឬចង់លុបបំបាត់ល្បែងស៊ីសងនេះ ប្រហែលជាពិបាក និងមានភា​ពស្មុគ​ស្មាញប​ន្តិច​សម្រាប់​ក្រសួងមហាផ្ទៃ។

លោកថា៖ «ចំណាត់​ការ​នេះ​មិនមែនជារឿងថ្មីទេ។ រឿងការ​ប្រកាស​វាជា​ផ្នែកមួយ សំខាន់​ចំណាត់​ការ​ផ្លូវ​ច្បាប់។ ពីព្រោះ​អ្នក​ដែល​បង្កើត​ល្បែង​អនឡាញ​ហ្នឹង បើ​តាម​យើង​ដឹងសុទ្ធ​តែ​ជា​អ្នក​មាន​ធន​ធាន និង​មាន​ឋាៈ និង​តួនាទី ហើយបើ​គ្រាន់តែ​ប្រកាស តែការអនុវត្ត​ច្បាប់ មិនធ្វើ​ឱ្យក្តៅទេ ពេល​ហ្នឹង​ការលុប​បំបាត់​ល្បែង​ស៊ីសង​អនឡាញ​ហ្នឹងមិនអាចទៅរួចទេ»។

លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងនៅក្នុងសារាចរណែនាំ ដែលដាក់ចេញកាលពីថ្ងៃទី៤ ខែធ្នូ ដោយបញ្ឈប់ជាបន្ទាន់ឱ្យតែពាក់ព័ន្ធនឹងល្បែងស៊ីសង មិនថាការផលិតជារូបភាព វីដេអូ និងមាតិកា​នៅ​តា​​ម​​បណ្តាញសង្គមឡើយ គឺគ្រប់ទម្រង់នៃល្បែងស៊ីសងទាំងនោះ ត្រូវប្រាកដថានឹ​ងមិនមានស​កម្មភា​ព​ទៀ​​តទេ។ សេចក្តីប្រកាសដែលមានកម្រាស់ជិត២ទំព័រ សង្កេតឃើញថានៅចំពោះមុខនេះ រូបភាពនៃកា​​រអូសទាញ ឱ្យចូលទៅក្នុងទម្រង់ល្បែងស៊ីសងនេះ មានគ្រប់រូបភាព ទាំងតាមរយៈអនឡាញក៏មាន ថែមទាំ​ង​​មា​នការចូលរួមពីបុគ្គលដែលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំ​​នួនទៀតផង។

ស្ថិត​ក្រោ​មហេតុផលនេះ ក្រសួងមហាផ្ទៃព្រមានចាត់វិធានការដោយមិនយោគយល់ និងបន្តនីតិ​វិធីទៅ​តុ​លា​​ការ ប្រសិនបើរកឃើញថា នៅតែប្រព្រឹត្តបទល្មើសនេះទៀត។

សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបំភ្លឺជុំវិញរឿងនេះបន្ថែមពីលោក ទូច សុខៈ អ្នកនាំពាក្យរង នៃក្រសួងមហាផ្ទៃបានទេ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។

បើទោះជាបែបណា សំឡេងប្រជាធិបតេយ្យ វីអូឌី ធ្លាប់បានរាយការណ៍ករណី នៃការស៊ើបអង្កេ​តមួយ​​ទា​ក់​ទ​​ងទីតាំងនៃល្បែងស៊ីសងដ៏ធំមួយកន្លែង នៅក្នុងក្រុងព្រះសីហនុ ជាកម្មសិទ្ធិរបស់លោក ហ៊ុន តូ ដែ​​ល​​ត្រូវ​ជា​​​ក្មួ​យរបស់អតីតនាយករដ្ឋមន្រ្តី ហ៊ុន សែន។

ទីតាំងល្បែងស៊ីសងនេះ គឺជាប្រភេទល្បែងតាមអនឡាញ ដែ​​លអាចបើកផ្លូវឱ្យលោក ហ៊ុន តូ អាចរ​ក​បាន​ប្រា​ក់ចំណេញពីល្បែងស៊ីសងនេះ មិនតិចលាន​ដុល្លា​រឡើ​យ​។

ក្រៅពីនេះ នៅមានលោកឧកញ៉ា កុក អាន ជាសមាជិ​ក​​គ​ណ​​បក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធ​សភា​​​​កូតា​គ​ណបក្សកាន់អំណាច ក៏មានមានទីតាំងល្បែ​ង​​ស៊ី​​​សងមិនតិចកន្លែងដែរទេ។

លោក កុក អាន ជា​ម្ចា​ស់​ក្រុមហ៊ុន អានកូ គ្រុប ក្រៅពីជោគជ័យក្នុង​​មុខ​​ជំ​នួញ​ប​ន្តបន្ទាប់ហើយ សមា​ជិក​​គណ​​ប្ស​កាន់​អំណា​ច​រូប​នេះ​​ក៏​បាន​បន្តពង្រីក​មុខ​របរ​ខាង​ល្បែងស៊ី​​ស​ង ហើយក៏ក្លា​យជា​ម្ចាស់​កាស៊ីណូ​ឈ្មោះ Crown Reso​rts​ នៅ​​ក្រុង​ប៉ោយប៉ែត នៅជាប់ព្រំដែន​កម្ពុជា​-​ថៃ នៅ​ខេត្ត​ប៉ៃ​លិន នៅ​ក្រុង​ជ្រៃ​ធំ ខេត្តកណ្តាល និង​ក្រុង​បាវិត ខេ​​ត្តស្វាយរៀង ជាប់​ព្រំដែន​កម្ពុជា​-​វៀតណាម​ ជាដើម។ 

សម្រាប់លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ សាទរចំពោះ​​កា​រប្រឹ​ងប្រែង​របស់ក្រសួងមហាផ្ទៃ ដែលមានចេតនាចង់លុ​បបំបាត់ល្បែងស៊ីស​ងគ្រប់ទម្រង់​នេះ។ ប៉ុន្តែអ្ន​ក​វិភាគរូបនេះ នៅតែមាន​ទុទិដ្ឋិនិ​យមថា ចង់ដោះបញ្ហានេះវាមិនមែនជារឿងងាយស្រួលឡើយ សម្រា​ប់​​ស្ថា​​​ប័នជំនាញមួយនេះ។

បើតាមលោក សេក សុជាតិ បើគេពិនិត្យទៅលើទីតាំងល្បែងស៊ីសង មិនមែនអ្នកតូចតាចដែលអាច​បើ​ក​អា​​ជីពនេះបានឡើយ។

លោកបន្តថា មានរបាយការណ៍ជាច្រើនករណីមកហើយ ដែលបានបង្ហាញពីកា​រ​រ​ក​ស៊ី​ក្នុងអំពើល្បែងនេះ ជាឧកញ៉ា ឬជាមន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ឬជាសាច់ញាតិ​​របស់អ្នកកា​ន់អំ​ណា​​​​ចជាដើម ដែល​បោះទុ​ន​វិនិយោគក្នុងល្បែងស៊ីសងនេះ។

លោកថា៖ «​ទាក់ទងនឹងចំណាត់ការរបស់ក្រសួងមហាផ្ទៃខ្ញុំគិតថា ជាការផ្តួចផ្តើមមួយដ៏ល្អ ហើយសង្ឃឹមថា ការប្តេជ្ញា​ចិត្តហើយ​នឹងការ​គាំទ្រ​របស់​ក្រសួង​មហាផ្ទៃ និងរាជរដ្ឋាភិបាល​នឹង​ធ្វើ​ឱ្យ​ការប្តេជ្ញា​ចិត្តនេះ សម្រេ​​ច​គោលដៅ។ ​ប៉ុន្តែសិន​ជាខ្វះការចាត់​ចែង និងការ​ទទួលខុស​ត្រូវ​របស់ថ្នាក់ដឹក​នាំ​នៅ​ក្នុង​ស្ថានប័ន​ជាជំ​នា​​ញ​​មានជាប់ពាក់ព័ន្ធ នឹង​អំពើ​ពុក​រលួយជាប្រព័ន្ធ ឬក៏មាន​ការឃុប​ឃិត​ណាមួយ​រវាង​អាជ្ញាធរ និងភាគី​ពាក់​ព័ន្ធ ខ្ញុំយល់ថា វា​នឹង​បង្កើត​បញ្ហា​ដែល​ការ នេះមិន​សម្រេច​គោលដៅបានទេ»។

បើទោះជាបែបណា គេសង្កេតឃើញថា នៅកម្ពុជាសព្វថ្ងៃនេះ ស្ទើរក្លាយជាទីតាំង និងជាជម្រកសម្រាប់​ជនជាតិចិន ដែលប្រើប្រាស់កម្ពុជា ធ្វើជាគោលដៅនៃការធ្វើអាជីវកម្មល្បែ​ងស៊ីសងនេះទៅហើយ​។ កម្ពុជា​ត្រូ​​វរង់ការចោទប្រកាន់ថា ជាកន្លែងដែលលាងលុយកខ្វក់ តាមរយៈការ​បង្កើតល្បែង​ស៊ីសងទាំ​ង​នៅ​ក្នុ​​ង​ប្រ​​​​ទេសផង និងនៅជាប់ព្រំដែនផង។ នៅចំកណ្តាលទីក្រុងភ្នំពេញ អាគារកាស៊ីណូដ៏ធំ នៅក្បែរ​នឹ​​ងពុ​​ទ្ធ​​​សា​​​សនបណ្ឌិត គឺ ណាហ្គាវើល អាច​​បើកដំណើរដោយគ្មានឧបសគ្គ ហើយកូនប្រុសរបស់លោក ហ៊ុន សែ​​ន រង់ការចោទថា ជាអ្នកកាងបនល្បែងដ៏ធំមួយនេះ ក្រោមហេតុផលទទួ​លបាន​ផល​​ប្រយោជន៍​ប្រចាំខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ