នាវា​ចម្បាំង​អាមេរិក​នឹង​បង្ហាញ​ខ្លួន​នៅ​កម្ពុជា ក្រោយ​អវត្តមា​ន៨ឆ្នាំ​ដោយ​សារ​បញ្ហា​សិទ្ធិ​មនុស្ស

នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក​មួយ នឹង​ចូល​ចត​នៅកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​លើក​ដំបូង នៅ​សប្តាហ៍​ក្រោយនេះ ដើម្បីបង្កើន​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្រោយ​ពីអវត្តមាន​៨ឆ្នាំ ដោយ​សា​រ​​កម្តៅការ​ទូត ជុំវិញការ​ដែល​កម្ពុជា​រងការ​ចោទថា រំលោភ​សិទ្ធិមនុស្ស និង​យាយី​គណបក្ស​ប្រឆាំង។​

​ក្រសួងការពារជាតិ​និយាយក្នុង​លិខិតជូនដំណឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះថា នាវាចម្បាំង​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិក ចំនួន១០៣នាក់ នឹង​ធ្វើការ​ចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូនេះ ពោល គឺមានរយៈពេល៥ថ្ងៃ។

ប្រភពនោះ​បញ្ជាក់ថា ការចូល​សំចតនាវារបស់សហរដ្ឋអាមេរិកនេះ ក្នុងគោលបំណងពង្រឹង និងពង្រីក​ចំណង​មិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេរភាគី​រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ក្រសួងការពារជាតិ​កម្ពុជា​រំឭកថា ចាប់តាំងពី​ឆ្នាំ២០០៧ ការចូល​សំចត​នាវា​ចម្បាំង​កងទ័ព​ជើងទឹក​សហរដ្ឋអាមេរិក មានចំនួន២៧គ្រឿង ដែលការ​ចូលសំចតលើកនេះ ជាលើកដំបូង បន្ទាប់ពី​ខកខាន អស់រយៈពេល៨ឆ្នាំ។

ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល ៥ថ្ងៃនេះ គណៈប្រតិភូនាវា​បាន​រៀបចំ​ផែន​ការ​សកម្មភាព​ជាបន្តបន្ទាប់ផងដែរ ដើម្បីជំរុញការ​ផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការ ដែល​ដំណើរ​មកដល់កម្ពុជា នាវាចម្បាំងនេះ តបតាមសំណើ​របស់​សហរដ្ឋអាមេរិក និង​ទទួល​បាន​ការ​ឯកភាព​ពី​ក្រសួង​ការពារជាតិកម្ពុជា។

​កម្ពុជាចាត់ទុកថា ដំណើរទស្សនកិច្ចខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀត នៃភាព​ជាដៃគូ​កាន់តែ​ប្រសើរ​ឡើង រវាង​ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក។

ជិត១០ឆ្នាំទៅនេះ កម្តៅការទូត រវាងកម្ពុជា និងអាមេរិក បានកើតឡើងជាញឹក​ញាប់ ក្រោយពី​មេបក្ស​កាន់អំណាច​កម្ពុជា​រំលាយ​គណបក្សសង្គ្រោះជាតិ គេចេញពីឆាក​នយោបាយ អំឡុងចុងឆ្នាំ២០១៧។

បរិបទ​នេះ ប្រធាន​គណបក្ស លោក កឹម សុខា ត្រូវ​បាន​រដ្ឋាភិបាល ចោទ​ថា បាន​ឃុប​ឃិត​ជា​មួយ​សហរដ្ឋអាមេរិក​ចង់​ផ្តួលរំលំ រដ្ឋាភិបាល។ ប៉ុន្តែ សហរដ្ឋអាមេរិក​ធ្លាប់បដិសេធការចោទប្រកាន់នេះរួច​មក​ហើយ។ ផ្ទុយទៅវិញ​ អាមេរិក​ចាត់ទុកលោក កឹម សុខា ជាមនុស្សស្អាត​ស្អំ ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌ ក្រោម​ការ​ចោទ​ប្រកាន់មិនពិត។

បន្ថែម​ពីនេះ អាមេរិកថា ការផ្តន្ទាទោស លោក កឹម សុខា ដំណើរការច្រើនឆ្នាំ ផ្អែកលើ​បទ​សមគំនិត ប្រឌិត គឺ  ជាបរាជ័យនៃប្រព័ន្ធ​យុត្តិធម៌​កម្ពុជា។

អាមេរិក​សង្កត់​ធ្ងន់ថា ការ​ចោទ​ប្រកាន់​នេះ ជាការ​បដិសេធសេរីភាព​ក្នុងការ​បញ្ចេញមតិ និង​ធ្វើនយោបាយ​របស់ លោក កឹម សុខា និង​អ្នក​នយោបាយផ្សេង​ទៀត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់រដ្ឋ​ធម្មនុញ្ញ​កម្ពុជា បំណង​អន្តរជាតិ និងវឌ្ឍនភាព​កន្លងមក ដើម្បីក្លាយ​ជាសង្គម​ពហុបក្ស ប្រកប​ដោយបរិយាកាស​ល្អ​មួយ។

អាមេរិក ក៏ធ្លាប់​អំពាវនាវ​ឱ្យអាជ្ញាធរ​អនុញ្ញាត ឱ្យ​ប្រជាជន​កម្ពុជា​ទាំងអស់ ប្រើប្រាស់​សិទ្ធិ​មនុស្ស​ជាសាកល​ក្នុង​ការ​ប្រមូលផ្តុំគ្នា​ដោយ​សន្តិវិធី និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ព្រម​ទាំង​ការ​ចូលរួម​កសាង​ប្រព័ន្ធ ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ​នៅ​កម្ពុជា។ បន្ថែម​ពី​នេះ ជា​ញឹក​ញាប់ សហរដ្ឋ​អាមេរិក តែង​តែ​បង្ហោះ​សារ ដាក់​ការសង្ស័យ​ថា តំបន់​សមុទ្រ​រាម​របស់​កម្ពុជា អាច​ជាផ្នែក​មួយ​នៃវត្តមាន​កងទ័ពចិន ដែលថា​ជា​ក្តីបារម្ភ​របស់​ខ្លួន ពី​លទ្ធភាព​គំរាម​កំហែង​ដល់​សន្តិសុខ​តំ​បន់​ផង​ដែរ បើ​ទោះ​កម្ពុជា​​ធ្លាប់បាន​ច្រាន​ចោល។

ដោយ៖ ញឹម សុខន

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ