មន្ទីរពេទ្យ​ និងទីតាំង​​សេវា​ព្យាបាល​ឯកជន​ខុសច្បាប់​​ក្នុង​ប្រទេស​កម្ពុជា

មួយរយៈ​ចុង​ក្រោយ​នេះ វិស័យ​សុខាភិបាល​នៅ​កម្ពុជា បាន​រង​នូវការ​​រិះគន់​ខ្លាំងឡើង​ៗ ជាថ្មី​ម្តង​ទៀត ក្រោយ​​មាន​ករណី​ស្ត្រី​ម្នាក់​​បាន​ស្លាប់ អំឡុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ ​ដោយ​សារតែ​មាន​ប្រតិកម្ម​ពីការ​ចាក់ថ្នាំ នៅ​គ្លីនិក​ឯកជន​មួយ​ឈ្មោះ សុងហាក់ ម៉ារីណា ដែល​​មាន​​​ទីតាំង​​ស្ថិត​នៅ​ស្រុក​​បាទី ខេត្តតាកែវ។

អ្វី​ដែល​ជា​រឿង​គួរ​ឱ្យ​អាណោច​អាធម និង​អមនុស្ស​ធម៌​​នោះ គឺ​ក្រោយ​ពីការ​ស្លាប់​របស់ស្ត្រី​រូបនេះ ម្ចាស់​គ្លីនិក​ ដែល​​ក្រសួង​សុខាភិបាល​​អះអាង​ថា បើក​ដំណើរ​ការ​ដោយ​គ្មាន​ច្បាប់​នោះ បាន​យក​សព​ស្ត្រី​វ័យ៤១ឆ្នាំ​ម្នាក់​នោះ និង​​ក្មេង​អាយុ​៣ឆ្នាំម្នាក់ ដែល​នៅ​រស់ ទៅ​ប្លុង​ចោល​​នៅ​គម្ពោធ​ព្រៃ​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​បឹង​ពញ្ញា​គុក ឃុំ​ត្រពាំង​ក្រសាំង ស្រុក​បាទី ដែល​គេ​ប្រទះ​ឃើញ​កាល​ពី​ថ្ងៃ​ទី១៩ ខែវិច្ឆកា ឆ្នាំ២០២៤នេះ។

សេចក្តីរាយការណ៍​នានា បាន​អះអាង​ថា ទីតាំង​ដែល​គេ​យក​សព​ស្ត្រី និងក្មេង​ស្រី​ទៅ​ទម្លាក់ចោល​ក្នុងព្រៃ​នោះ មាន​ចម្ងាយ​ប្រមាណ​ជា​៣០០ម៉ែត្រ​ពី​គ្លីនិក។

ទោះ​យ៉ាង​ណា ម្ចាស់គ្លីនិក​នោះ ត្រូវបាន​​តុលាការ​សម្រេច​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន ​នៅ​ពន្ធនាគារ ក្រោយ​ការ​ចាប់​ខ្លួន ដោយ​តុលាការ​បាន​ចោទ​ជា​ច្រើន​បទ​ល្មើស។ ក្នុង​នោះ​មាន​ទាំង​បទ «មនុស្សឃាត​ដោយ​អចេតនា» បទ «ប្រកប​វិជ្ជា​ជីវៈ សុខាភិបាល​ដោយ​គ្មាន​អាជ្ញាប័ណ្ណ ប្រកប​វិជ្ចា​ជីវៈសុខាភិបាល» និងបទ «ទារុណកម្ម និង​អំពើ​ឃោរឃៅ​មាន​ស្ថាន​ទម្ងន់​ទោស ទាក់ទង​នឹង​ជនរង​គ្រោះ» ជាដើម។

នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន របស់​អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តតាកែវ ចុះ​ថ្ងៃ​ទី២២ ខែវិច្ឆកា ឆ្នាំ២០២៤។

បន្ទាប់​ពី​មាន​ករណី​នេះ​កើត​ឡើង ក្រសួង​សុខាភិបាល​ក៏​បាន​ចុះ​ពិនិត្យទីតាំង​​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​ចំនួន ១២ទីតាំង ផ្សេង​ទៀត​ក្នុង​ខេត្តនេះ។ ក្រោយ​មក ​ក្រសួង​បាន​រក​ឃើញ​ថា មាន​គ្លីនិក​ឯកជន​ចំនួន​ ៥ទីតាំង​ផ្សេង​ទៀត មិន​មាន​ច្បាប់ ហើយ​​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បិទ​ទ្វារ​ទាំងស្រុង។

តាមរយៈ​ហេតុការណ៍​នេះ ក្រសួង​សុខាភិបាល ក៏​បាន​ចេញ​សេចក្តី​ជូនដំណឹង​ រំលឹក​ឱ្យ​​អភិបាល​ខេត្ត-រាជធានី ពង្រឹង​និយ័តកម្ម​សេវា​សុខាភិបាល​ឯកជន និង​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ នៅ​តាម​មូលដ្ឋាន​សេវា​សុខាភិបាល​​ឯកជន និង​លុប​បំបាត់​សេវា​សុខាភិបាល​ឯកជន​ខុស​ច្បាប់។

កាល​ពីខែ​វិច្ឆិកា ឆ្នាំ២០២៤ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏បាន​​បង្ហាញ​ការ​មិនទុក​ចិត្ត​ ទៅ​លើ​ការ​​ព្យាបាល​នៅ​តាម​​មន្ទីរ​ពេទ្យ​រដ្ឋ និងឯកជន​នៅ​កម្ពុជា​ផង​ដែរ ដោយ​ពួក​គេ​សម្រេច​ចិត្ត​ទៅ​រក​សេវា​ព្យាបាល​នៅ​ក្រៅ​ប្រទេស​ ដូចជា ប្រទេស​​វៀតណាម ថៃ និងសឹង្ហបុរីជា​ដើម។

ជាក់​ស្តែង បុរស​​វ័យ ៦៣ឆ្នាំ​មួយ​រូប​ រស់​នៅ​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​​ប្រាប់ វីអូឌី ថា លោក​តែង​តែ​ទៅ​ព្យាបាល​ជំងឺក្រពះ និងសន្លាក់​នៅ​មន្ទីរពេទ្យ​វៀតណាម ដោយ​សារ​តែ​ការ​​ព្យាបាល​នៅ​ទីនោះ​មាន​ប្រសិទ្ធិភាព​ជាង ការ​ជួយ​ដល់​អ្នក​ជំងឺ​មាន​ភាពរហ័ស​រហួន តម្លៃ​ព្យាបាល​ធូរ​ថ្លែ និង​សេវា​លឿន​ដោយ​មិនទុក​អ្នកជំងឺ​ចោល ហើយ​គ្រូពេទ្យ និង​​បុគ្គលិក​​ពេទ្យ​ មាន​​​ការ​យក​ចិត្ត​ទុក​ដាក់​លើ​អ្នកជំងឺ​ជាង​នៅ​កម្ពុជា។

បុរស​រូប​នោះបន្ត​ថា តាមពិត​ទៅ​លោក​​មិនចង់​ទៅព្យាបាល​​ជំងឺ​នៅក្រៅ​ប្រទេស​​នោះទេ ដោយ​សារ​ត្រូវ​ចំណាយ​​ច្រើន​លើ​​សាហ៊ុយ និងការ​ស្នាក់នៅ។ ប៉ុន្តែ​ដោយសារ​ការ​មិនទុក​ចិត្ត​​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក បូក​រួមការ​​ព្យាបាល​​​មាន​​រយៈពេល​យូរ និង​​ការ​ព្យាបាល​មិន​ត្រូវ​នឹង​ជំងឺ ព្រម​ទាំង​មាន​តម្លៃថ្លៃ​ផង​នោះ ទើប​លោក​សម្រេចចិត្ត​​ទៅរក​​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្រៅប្រទេស។​

ចំណែក កាល​ពី​អំឡុង​ខែមីនា ឆ្នាំ២០២៣ ក៏មាន​ករណី​​ស្ដ្រីម្នាក់​​វ័យ​​៤០ឆ្នាំ​ម្នាក់​ បាន​ស្លាប់​ក្នុង​មជ្ឈមណ្ឌល​កែសម្ផស្ស អន្តរជាតិ M25 នៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូន​ពេញ រាជធានី​ភ្នំពេញ បន្ទាប់ពី​វះកាត់​កែ​ដើម​ទ្រូង។ ក្រោយ​ហេតុការណ៍​នេះ ក្រសួង​សុខាភិបាល​ក៏បាន​បិទ​មជ្ឈមណ្ឌល​កែសម្ភស្ស​នោះ ដោយ​សារ​តែ​​បុគ្គលិក​​នៅ​​ទីនោះ​មិនមាន​ជំនាញ​វិជ្ជាជីវៈ​សុខាភិបាល​ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់។

ដោយ​ឡែក កាល​ពីចុង​ខែ​ធ្នូ ឆ្នាំ២០២២ ក៏​មាន​ករណី​ស្ត្រីម្នាក់​ស្ទើរ​តែបាត់​បង់ជីវិត និង​​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ (ក្រោយ​មកគាត់​ក៏​បាន​ស្លាប់ បន្ទាប់​ពី​ព្យាបាល​បាន​មួយរយៈ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ) ក្រោយ​មន្ទីរ​សម្រាក​ព្យាបាល និងសម្ភព​ដើមអង្គ្រង (ផ្សារព្រៃទទឹង) នៅស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ បានធ្វេស​​ប្រហែស​​​ក្នុង​ការ​​​រំលូត​គភ៌​ដល់​ស្ត្រី ដែល​មាន​​ទារក​ស្លាប់​ក្នុងផ្ទៃ​រូបនោះ​​ផងដែរ​​។ ករណីនេះ ក្រសួងសុខាភិបាល​​ថា បញ្ហានេះ បានកើតឡើង​​ដោយ​សារឆ្មប​នៅ​មិនទាន់​បាន​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ផ្នែក​រំលូត​កូន​ទេ ហើយ​មន្ទីរពេទ្យ​នេះ ក៏​មិនបាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​ជា​ផ្លូវការ ដើម្បី​ធ្វើការ​ងារ​រំលូត​កូន​នេះដែរ។

ក្រៅពី​នោះ ក៏​មាន​​ករណី​​ស្លាប់​​របស់​​លោក ​ឡាំ តៅគង់ អាយុ​២៨​ឆ្នាំ កាល​​​ពី​​ខែ​ឧសភា ឆ្នាំ២០១៦​ ដោយ​​ក្រុម​​គ្រួសារ​​សព​​ជន​រង​គ្រោះ​​ បាន​ចោទ​​ប្រកាន់​​គ្លីនិក​​មួយ​ឈ្មោះ​ ឃឹម រ៉ានី ដែល​មាន​ទីតាំង​នៅ​ខណ្ឌ​​ទួល​គោក រាជធានីភ្នំពេញ ​ថា​បាន​​ចាក់​​ថ្នាំ​​ដល់​ជន​រងគ្រោះ​រហូត​ដល់​ស្លាប់។ ភ្លាម​ៗ​នេះ​ដែរ ក្រសួង​សុខាភិបាល ក៏​បាន​ចេញ​លិខិត​បិទ​គ្លីនិក​មួយ​នេះ​នៅ​ថ្ងៃ​បន្ទាប់​នោះ​ផង​ដែរ។ 

មិន​មែន​មានតែ​ករណី​​ខាងលើ​នេះទេ នៅមានករណីផ្សេងៗទៀត ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់ ជុំវិញ​ការ​រិះគន់​របស់​ប្រជាពលរដ្ឋ​​ខ្មែរ ទៅ​លើ​​សេវា​សុខាភិបាល ខណៈកន្លង​មក​ក៏​មាន​ករណី​គ្រូពេទ្យ​ប្រចាំ​ភូមិ​ម្នាក់​ឈ្មោះ ញ៉ែម ជ្រិន ​បាន​​ចម្លង​​មេរោគ​អេដស៍​​​ដល់​​មនុស្ស ​ក្មេង​ ចាស់ ​ប្រុស ​ស្រី ​ស្ទើរ​តែ​​ទាំង​ភូមិ​​ប្រមាណ​ ៣០០នាក់​ តាម​រយៈ​ការ​​ប្រើ​​ម្ជុល​ដដែលៗ ​ចាក់​​ថ្នាំ​​រួមគ្នា។

ជា​រឿយៗ​គេ​សង្កេត​ឃើញ​ថា នៅពេល​ដែល​មន្ទីរ​ព្យាបាល​ ឬ​​គ្លីនិក​​​ឯក​ជន បាន​ព្យាបាល​​អ្នក​ជំងឺ​​ខុស​បច្ចេក​ទេស និង​​​មិនមាន​​ជំនាញ​ត្រឹមត្រូវ បណ្តាល​ឱ្យ​អ្នក​ជំងឺ​ស្លាប់ គឺខាង​​ក្រសួងសុខា​ភិបាល តែង​រក​ឃើញ​ថា មន្ទីរ​​ព្យាបាល​ ឬគ្លីនិក​ទាំង​​​​នោះ គ្មាន​ច្បាប់​អនុញ្ញាត ឬក៏មិន​មាន​ច្បាប់​គ្រប់​គ្រាន់ ហើយ​ក៏​បាន​បិទ​ទីតាំង​នោះ ព្រមទាំង​​ព្រមាន​​ចាត់​វិធាន​ការ​ច្បាប់​តាម​ក្រោយ។​

តើ​កត្តា​អ្វីខ្លះ ដែល​ធ្វើ​ឱ្យ​មន្ទីរពេទ្យ ឬគ្លីនិក​ព្យាបាល​​ជំងឺ​ឯកជន​ទាំង​នោះ អាច​បើក​ដំណើរ​​ការ​​ទៅ​​បាន​ដោយ​​គ្មាន​​ច្បាប់​​អនុញ្ញាត​​ត្រឹម​​ត្រូវ ឬពេញ​លេញ​នោះ​? ហើយ​​បើសិន​ជាបញ្ហា​នេះនៅ​​តែ​​បន្ត​​មាន​ តើវា​នឹង​បង្ក​ផល​ប៉ះពាល់​​យ៉ាង​​ណាខ្លះ​​ដល់​សង្គម និង​សុខមាល​ភាព​ប្រជា​ពល​រដ្ឋ​​ដែល​ទៅ​រក​សេវា​ព្យាបាល​នោះ?

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវ​ជ្រាវ លោក សេក សុជាតិ យល់ថា ក្នុង​ករណី​ដែលមាន​​​មន្ទីរ​​ព្យាបាល ឬគ្លីនិក​​​ឯកជន​ដែល​មិន​មាន​ច្បាប់ អាច​បើក​ដំ​ណើរ​ការ​ព្យា​បាលអ្នក​ជំងឺ​ទៅ​បាន​នោះ អាច​បណ្តាល​មក​​ពី​​កត្តា​ចំនួន២ ដែលកត្តាទី១ គឺ​បង្ហាញ​​ពី​ភាព​​ធ្ងន់​ធ្ងរ​​របស់​មន្ត្រី ដែល​​ទទួល​​បន្ទុក​ក្នុង​​វិស័យ​សុខា​ភិ​បាល និង​អាជ្ញាធរ​នៅ​មូលដ្ឋាន ដែល​មិន​​បាន​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​បន្ថែម​​ពី​លើ​អ្វី​ដែល​មន្ទីរ​ពេទ្យ ឬគ្លីនិក​​​នោះ ឬ​អនុញ្ញាត​ឱ្យ​មន្ទីរ​ព្យាបាល ឬគ្លីនិក​ទាំងនោះ​បើក​ដំណើរ​ការ ដោយ​សារ​តែ​ម្ចាស់​ទីតាំង​នោះ​ជា​បក្ខ​ពួក​​របស់​ខ្លួន ​ខណៈ​កត្តា​​មួយ​​ទៀត អាច​ជាប់​​ពាក់ព័ន្ធ​​នឹង​​អំពើ​​ពុក​​រលួយ ឬ​​ក៏​មាន​​ការ​​​បើក​​ដៃ​ពី​​មន្ត្រី ដែល​កត្តាទាំង​នេះ​​​បង្កើត​​​ជា​​បញ្ហា​​​​ធំ​​នៅ​ក្នុង​សង្គម​ជាតិ និង​អាយុជីវិត របស់​ប្រជា​ពលរដ្ឋ។

ស្រដៀង​គ្នានេះ​ដែរ ប្រធាន​​អង្គការ​​ប្រជាធិបតេយ្យ​​ខ្មែរ​ (KDO) ប្រចាំ​​ប្រទេស​​អូស្ត្រាលី  លោក ស៊ឹង សែនករុណា ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាលពីចុង​ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះដែរ​ថា រដ្ឋា​ភិ​បាល​​កម្ពុជា ​គួរ​តែ​​បើក​​ការ​​ស៊ើប​អង្កេត និង​​ចាត់​វិធានការ​​ឱ្យ​​បាន​​ម៉ឺង​ម៉ាត់​ ទៅ​លើ​ម្ចាស់​​គ្លីនិក ​ឬ​ឱសថ​ស្ថាន​​មួយ​​ចំនួន​ដែល​​បើក​​ព្យាបាល​​​អ្នក​​ជំងឺ​​ខុស​​ច្បាប់។

លោក​​បន្ត​​ថា ដើម្បី​ពង្រឹង​​វិស័យ​សុខាភិបាល​​ឱ្យ​​មាន​​ប្រសិទ្ធ​ភាព​ទៅ​​បាន​ គឺ​ទាល់​តែ​រដ្ឋាភិបាល​​លុប​​បំបាត់​​អំពើ​​ពុក​រលួយ និង​បោ​ស​​សំអាត​​មន្ត្រី​មិនល្អ​ពី​​ថ្នាក់​​លើ​​រហូត​ដល់​ថ្នាក់​​ក្រោម​​ជា​មុន​​សិន។

យោង​តាម​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​អ្នក​ប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល មាត្រា៦ ចែងថា បុគ្គល​ទាំង​ឡាយ​ណា​​ដែល​មាន​បំណង​ប្រកបវិជ្ជាជីវៈសុខាភិបាល ត្រូវ​មាន​អាជ្ញាបណ្ណ​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ដែល​មាន​​សុពល​ភាព គោរព​ក្រមសីលធម៌​វិជ្ជា​ជីវៈ បទដ្ឋាន​វិជ្ជា​ជីវៈ និង​និយាម​វិជ្ជា​ជីវៈ និង​អនុវត្ត​ការងារ​ក្នុង​ដែន​វិជ្ជាជីវៈសុខាភិបាល។

ជារឿយៗ រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​សុខាភិបាល​ បាន​​បង្ហាញ​ពីការ​ប្តេជ្ញា​ធ្វើកំណែ​ទម្រង់ ដើម្បី​ឱ្យ​សេវា​សុខាភិបាល​មាន​ភាព​ល្អ​ប្រសើរ។

ក្រោយ​ឡើង​កាន់​តំណែង​ថ្មីៗ លោក​ ហ៊ុន ម៉ាណែត តែង​តែ​បង្ហាញ​ពីឆន្ទៈ​កែលម្អ​វិស័យ​​សុខាភិបាល​ជា​ហូរហែរ។ ប៉ុន្តែ​តាំង​ពី​​ជំនាន់​ដឹក​នាំ របស់​ឪពុក​លោក គឺ​លោក ហ៊ុន សែន រហូត​មក​ដល់​ជំនាន់លោក​ ដែល​កាន់​តួនាទីជានាយករដ្ឋមន្ត្រី​​បច្ចុប្បន្ន គេ​នៅ​មិន​ទាន់​ឃើញ​ប្រសិទ្ធ​ភាព​ខ្ពស់​នៃ​ការ​ធ្វើ​កំណែ​ទម្រង់​នោះ​នៅឡើយទេ។

បញ្ហា​នៅ​ត្រង់​ថា ​មាន​មន្ទីរ​​ព្យាបាល និង​គ្លីនិក​មួយចំនួន​ នៅ​តែ​​បន្ត​​បើក​ដំណើរ​ការ ​​ដោយ​​ខុស​ច្បាប់​ដដែល ហើយ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ក្នុងការ​​ព្យាបាល ពី​សំណាក់​​ក្រុម​​គ្រូពេទ្យ និងជំនាញ​ព្យាបាល ​​​ឬសង្គ្រោះ​របស់​ក្រុម​គ្រូពេទ្យ​​នៅ​​មាន​​កម្រិត ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​​រងគ្រោះ​ រហូត​​ដល់​​បាត់​បង់​ជីវិត​ជាហូរ​ហែរ។

ទោះ​ជា​យ៉ាង​ណា ក្នុង​ពិធី​​បើក​ការ​ដ្ឋាន​សាង​សង់ “មន្ទីរ​ពេទ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល” នៅ​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ាណែត ក៏បា​ន​ណែ​នាំជា​​ថ្មី​​ទៅ​ក្រសួង​សុខាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ ឱ្យ​ចុះ​ត្រួតពិនិត្យ​គុណភាព​​ជា​ប្រចាំ​នៅ​ទីតាំង​​សុខាភិបាល​ឯកជន​ទាំង​អស់ និងត្រូវ​​​រឹត​បន្តឹង​លើការ​ផ្តល់អាជ្ញាបណ្ណ ដល់​គ្រឹះស្ថាន​វិស័យ​ឯកជន ទៅ​លើ​ក្រម​ប្រតិបត្តិ និង​ការ​ទទួល​ខុសត្រូវ​​ក្រមសីលធម៌​វិជ្ជាជីវៈ ធ្វើ​យ៉ាង​ណា​​ឱ្យ​ស្រប​​ច្បាប់ និង​ត្រូវ​កំណត់​វាយតម្លៃ ពី​គុណ​ភាព​សេវា​ព្យាបាល​​ឱ្យ​​​បាន​​ច្បាស់​​លាស់ ដោយ​ថា​​​​សុខ​​ភាព​​​មនុស្ស​ជារឿងសំខាន់បំផុត។

លោក​​បន្ត​ថា កន្លង​មក ក៏មាន​​សំណូម​ពរ​ពី​ប្រជាពលរដ្ឋ តាមរយៈក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ ជុំវិញ​​បញ្ហា​​សុខា​ភិបាលនេះ​ផង​ដែរ ដែល​ករណី​នេះ លោក​ក៏​បាន​ណែ​នាំ​ដល់​ក្រសួង​សាម៉ី ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​​បាន​​ជា​ប្រចាំ ​ចំពោះ​ការ​​ផ្តល់សេវា​ព្យាបាល​នៅ​តាម​ផ្ទះ ព្រោះ​ទីតាំង​ខ្លះ​ទទួល​បាន​ការ​អនុញ្ញាត​ត្រឹម​តែ​ ជា​កន្លែង​បន្ទប់​​ពិគ្រោះ​យោបល់ និង​​មិន​តម្រូវ​ឱ្យ​​អ្នកជំងឺ​ស្នាក់​នៅ និង​ព្យាបាល​នោះ​ទេ ប៉ុន្តែ​ពួកគេ​​បែរ​ជា​​ផ្តល់​សេវា​​ស្នាក់​នៅ និង​ព្យាបាល​ទៅ​វិញ។

ចំណែក កន្លែង​ផ្តល់​សេវា​សុខាភិបាល​រដ្ឋ នៅ​តាម​មូលដ្ឋាន​វិញ លោក ហ៊ុន ម៉ាណែត ក៏​បាន​ណែនាំ​​ឱ្យ​ពង្រឹង​មន្ទីរ​ពេទ្យ​រដ្ឋ នៅ​តាម​មូលដ្ឋាន​​ផង​ដែរ ទៅ​លើ​ការ​​ព្យាបាល ការ​​​គ្រប់គ្រង​ថ្នាំ​សង្កូវ ការ​ធ្វើ​ទំនើបកម្ម ​លើ​សេវា​ព្យាបាល និង​​ត្រូវ​ជួយ​សង្គ្រោះ​ពលរដ្ឋ​​ដែល​មាន​ជំងឺ​ឱ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ។

បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ឈាង រ៉ា​ ថ្លែង​​ក្នុង​វេទិកា «ស្ថានភាព​សុខាភិបាល​កម្ពុជា៖ បញ្ហា​ប្រឈម និងឱកាស» កាល​ពីខែកញ្ញា ឆ្នាំ២០២៤ បាន​ឱ្យ​ដឹង​​ថា បច្ចុប្បន្ន​នេះ​ការ​ពិនិត្យ និង​ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ នៅតាម​មណ្ឌលសុខភាព និង​មន្ទីរពេទ្យ​បង្អែក​ទូទាំង​ប្រទេស មាន​ចំនួន​កើន​ឡើង តែទោះ​ជាយ៉ាង​ណា​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៅ​ទទួល​សេវា​ពិនិត្យ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដែល​ជា​ជម្រើស​របស់​អ្នក​ជំងឺ និង​គ្រួសារ​​អ្នកជំងឺ។

ប្រភព​ដដែល​បន្ត​ថា ជាក់​ស្ដែង​នៅ​ក្នុង​ឆ្នាំ២០២៣ កន្លង​ទៅ ក្រសួង​សុខាភិបាល​​ បាន​ប៉ាន់​ប្រមាណ​ចំនួន​នៃ​អ្នក​ដែល​ចេញ​​ទៅ​ទទួល​សេវា​សុខាភិបាល​នៅ​ក្រៅ​ប្រទេស ​​មាន​​ចម្លោះ​​ប្រមាណ​​ពី​ ២០ម៉ឺន​នាក់​ ទៅ​​២៥ម៉ឺន​នាក់ ស្មើនឹង ១.៥% រីឯ​អ្នក​ជំងឺ​ដែល​ទទួល​ពិនិត្យ​ព្យាបាល​នៅ​ក្នុង​ស្រុក​​វិញ មាន​ចំនួន​ប្រមាណ​ជា ១៣លាន ៤សែន ៤ម៉ឺននាក់ ស្មើនឹង ៩៨.៥%។ ប្រទេស​ដែល​ពលរដ្ឋខ្មែរ ចេញ​ទៅ​ព្យាបាល​នោះ​មាន​ដូចជា សឹង្ហបុរី ម៉ាឡេស៊ី វៀតណាម ថៃ បារាំង និង​អ៊ីតាលី​ជាដើម។ ​ទោះ​ជា​យ៉ាង​ណា អ្នក​​ឃ្លាំ​​មើល​សង្គម ​ផ្ដល់​​យោបល់​​ថា ដើម្បី​ពង្រឹង​​គុណភាព​​ក្នុង​វិស័យ​​សុខាភិបាល និង​​សេវា​​ព្យាបាល​​​នៅ​តាម​​ថ្នាក់​មូលដ្ឋាន ​ឱ្យ​មាន​​ប្រសិទ្ធភាព និង​បង្កើន​ទំនុក​ចិត្ត​​ពី​សំណាក់​ប្រជាពលរដ្ឋ​ទៅ​លើ​សេវា​ព្យាបាល​នោះ រដ្ឋាភិបាល​កម្ពុជា ​គួរ​តែ​​លុប​​បំបាត់​​អំពើ​ពុករលួយ លុប​បំបាត់​មន្ទីរពេទ្យ គ្លីនិក ឬបន្ទប់​ពិគ្រោះយោបល់​សុខភាព​ដែល​គ្មាន​ច្បាប់​អនុញ្ញាតិ ពង្រឹង​​សីលធម៌ និង​​ពង្រឹង​សមត្ថភាព​វិជ្ជាជីវៈ​​គ្រូពេទ្យ​​បន្ថែម​​ទៀត ​ដើម្បី​​ធ្វើ​​ឱ្យ​​ពលរដ្ឋ​​មាន​​ជំនឿ ​លើ​​សេវា​សុខាភិបាល​នៅ​ក្នុង​ស្រុក​ឡើងវិញ៕

ដោយ៖ កញ្ញា ប៉ា សុខេង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ