អ្នកឃ្លាំមើល​ថា​គ្រួសារ​ហ៊ុន​ជាប់​អន្ទាក់​ប្រទេស​ជិត​ខាង​ លែង​ហ៊ាន​ការពារ​ទឹក​ដី

អ្នកឃ្លាំមើល​និយាយថា បញ្ហា​បូរណភាព​ទឹកដី​នៅពេល​នេះ ត្រូវពឹង​លើភាព​អង់អាចរបស់ប្រជាពលរដ្ឋ ទើប​អា​ច​ទប់ស្កាត់​មហិច្ឆតា​លេបត្របាក់​ ពីប្រទេស​ជិតខាង​បាន ដូច​ករណី​​កោះគុត​ជា​ដើម នេះ​បើតាម​ការ​លើក​ឡើង​​របស់​​អ្នក​ឃ្លាំ​​មើល​​មួយ​​ចំនួន។

ពួកគេ​សង្កេត​​ឃើញ​ថា ជិត​៣ទសវត្សរ៍​ទៅនេះ ទឹកដី​ខ្មែរ​ទាំងព្រំដែន​គោក និង​សមុទ្រ ត្រូវបាន​ប្រទេស​ជិតខាង​លេប​ត្របាក់​ជាបន្ត​បន្ទាប់ គ្មាន​ការតវ៉ាពី​មេដឹក​នាំខ្មែរ  ទោះ​កម្ពុជា​មាន​ភស្តុតាងរឹង​មាំ សម្រាប់​តតាំង​ក្តី​នៅតុ​​លា​​​​​​​​ការអន្ត​រជាតិក៏ដោយ។

តែថា មេដឹក​នាំគ្រួសារ​ហ៊ុន មិនប្រើ​ជម្រើស​នេះទេ ដើម្បី​ទប់ស្កាត់​មហិច្ឆតា​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​ទេ តែ​ផ្ទុយទៅ​វិញ មេដឹកនាំ​គ្រួសារ​ហ៊ុន បែ​រ​ជា​ងា​កមកបង្ក្រាបខ្មែរគ្នាឯង ដែល​ជំរុញ​ឱ្យ​ប្រើ​​យន្តការ​អន្តរជាតិ​​ដើម្បី​ការពារ​បូរណភាពទឹកដី​ទៅវិញ​។

ការ​លើកឡើងបែបនេះ ស្របពេលដែល​អតីត​មេដឹក​នាំ​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ប្រកាស​​ក្តែងៗ​ការពារ​​កូនស្រី​​ខ្លួន​​ដែលកាន់​តំណែង​ជានាយករដ្ឋមន្ត្រី​ថៃ​ថា កោះ​គុត ជាកម្ម​សិទ្ធិ​ទាំង​ស្រុង​របស់​ថៃ ១០០% ខណៈមេដឹក​នាំ​គ្រួសារ​​ហ៊ុន អះ​អាង​​​​ថា បញ្ហា​នេះ នៅបន្ត​​ចរចា​​ទ្វេរ​ភាគី​​នៅ​ឡើយ និង​មិន​ប្រើ​ជម្រើស​ប្តឹង​ទៅតុលាការ​អន្តរជាតិ ដើម្បី​ទប់​ស្កាត់​មហិច្ឆតា​បរទេស​ឈ្លានពាន​នោះ។

កាលពី​ថ្ងៃទី​១៣ ខែធ្នូ​ អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា បាន​ចេញមុខ​អះអាង​នៅ​ចំពោះ​មុខ​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ដោយ​លោក​បញ្ជាក់​ថា កោះគុត ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​របស់​ប្រទេសថៃ​ផ្តាច់​មុខ ១០០%។

លោកថា៖ «កោះគុត ជាកម្មសិទ្ធិ​របស់ថៃ​តាំង​ពីយូរ​មកហើយ ហើយ​មាន​នៅក្នុង​សន្ធិ​សញ្ញា​បារាំង-សៀម តាំង​ពីសម័យ​បារាំង​គ្រប់គ្រង​កម្ពុជា​នាសម័យ​នោះ។ កោះគុត ជា​របស់​ថៃ ហើយ​កោះកុង​ជា​របស់​ខ្មែរ»

ការ​អះអាង​របស់គ្រួសារ​ថាន់ស៊ីន​ ដែលលោក ហ៊ុន សែន ថា​ជាបង​ប្អូនធម៌​នោះ ហាក់​ផ្ទុយ​ពី​ការ​អះអាង​ក្តែងៗ​ របស់រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ដោយ​គ្រួសារហ៊ុន។

នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់ប្រកាស​ជំហរ​ថា រដ្ឋាភិបាល​របស់​លោក គ្មានការ​ចាំបាច់​ប្រើ​យន្តការ​អន្តរជាតិ ដើម្បី​ការពារ​កោះគុត​ទេ ដោយថា​បញ្ហា​កោះគុត​ជា​ជម្លោះ​ផ្ទៃ​ក្នុង​ថៃ និង​ម្យ៉ាង​ទៀត​ថា បញ្ហា​កោះ​គុត គ្មាន​ភាគី​ណា​ជា​ម្ចាស់​ដាច់​មុខទេ។

លោកថា៖ «ដោយ​ឡែក​ព្រំដែន​សមុទ្រ​យើង​ មាន​ទាន់​ឯកភាពគ្នា​ពីកាល! នៅ​ចចារ​គ្នា​ច្រើន​ដង​ហើយ នៅ​មិនទាន់​ឯកភាព​ បើ​មិនទាន់​មាន​ការឯកភាព ថា​តើយើង​បាត់ស្អី ខ្ញុំសួរ! ចេះតែ​ថា​ក្បត់​ជាតិ​បាត់​កោះ​បាត់​ស្អី បើមិន​ទាន់​មានការ​ឯកភាពគ្នា​ផងហ្នឹង។ ហើយ​ឱ្យ​ទៅ​ប្តឹង ICJ យ៉ាង​ម៉េច​! បើ​យើង​មិនទាន់​មានការ​ឯកភាព​គ្នា​ផង សួរ​ថា​ប្តឹងអ្វី!»

ជុំវិញ​បញ្ហា​នេះ តំណាងរាស្រ្ត​បក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ប្រាប់​វីអូឌី នៅថ្ងៃទី១៦ ខែធ្នូ​នេះថា ភាព​ស្ងាត់ស្ងៀម​របស់​គ្រួសារហ៊ុន ជុំវិញ​វិធាន​ការពារ​បូរណភាព​ទឹកដីនេះ ឆ្លុះ​បញ្ចាំង​ថា ការ​ជាប់​ទន្ទាក់​បរទេស មិនហាន​ការពារ​បូរណភាព​ទឹកដី ដោយសារ​ខ្លួន​បានសាងកំ​​ហុស។

លោក​បាន​សង្កត់ធ្ងន់ថា ភាសា​មេដឹកនាំ​ថៃ ហាក់​បាន​ទះ​កំផ្លៀង​បង​ធម៌​របស់​ខ្លួន គឺ​លោក ហ៊ុន សែន ជុំវិញ​មហិច្ឆតា​លេប​ទឹកដី​ខ្មែរ ដូចទៅ​នឹង​វៀតណាម​ធ្លាប់​លេប​ទឹកដី​ខ្មែរ​តាម​បន្ទាត់​ព្រំដែន​គោក រួម​ទាំង​ប្រជុំ​កោះ​ក្រចក​សេះ និងកោះ​ត្រល់​ផងដែរ។

លោកថា៖ «គ្រួសារ​ត្រកូល​ហ៊ុននេះ​គឺ​ជា​គ្រួសារ​ត្រកូល​ក្បត់​ជាតិ ត្រកូល​ហ៊ុនអាច​នឹង​ក្លាយទៅ​ជា​ត្រកូល​ក្បត់ជាតិ​ ដូច​ត្រកូល​អភិយ្យវង្ស​ប៉ែន​អី​ចឹង​ឯង​ បម្រើ​សៀម ហើយ​ត្រកូល​ហ៊ុន​ អាច​ជា​ត្រកូល​ក្បត់ជាតិ​ត​ជំនាន់​ដូច​ជា​ត្រកូល​អភិយ្យវង្សប៉ែន។ មាន​ន័យថា​លោក ហ៊ុន សែន កាត់​កោះត្រល់​ឱ្យយួន​ដើម្បី​សងគុណ​យួន​ ដែល​បាន​លើក​បន្តុប​គាត់ ហើយ​លោក ហ៊ុន ម៉ាណែត អាច​នឹង​កាត់​កោះគុត​ទៅ​ឲថៃ​ដើម្បី​ឲ​ថៃ​ជួយ​ការពារ​អំណាច​របស់​ត្រកូល​ហ្នឹង ដូច្នេះទាំង​ឳ​ទាំង​កូននឹង​ក្លាយ​ជាជន​ក្បត់ជាតិ»

សម្រាប់​លោក អ៊ុំ សំអាន អះអាងថា បញ្ហាបូរណភាពទឹកដីកោះ​គុតនា​ពេលនេះ​ គឺ​ត្រូវ​ពឹងលើ​កម្លាំង​សាមគ្គី​ជា​ធ្លុង​មួយ​របស់​ពលរដ្ឋខ្មែរ​ស្នេហាជាតិ​មាតុភូមិ ទើប​អាច​ការពារ​ទឹកដី​របស់​ដូនតា​មិន​ឱ្យ​បាត់​បង់​បាន។

លោក​បន្តថា តំណាក់​កាលនេះ​មាន​តែ​កម្លាំង​សាមគ្គី​ពលរដ្ឋ​ខ្មែរទេ ទើប​ជំរុញ​ឱ្យ​គ្រួសារហ៊ុន ងាក​មក​គិត​គូរ​ពិចារណា​រឿង​បូរណភាព​ទឹកដី ប្តឹង​ថៃ​ករណីកោះ​គុត​ទៅតុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​មកវិញ។

លោកថា៖ «យើង​ប្រើ​ជម្រើស​ចុងក្រោយ គឺត្រូវ​តែ​ប្តូរ​ត្រកូលហ៊ុន​ចេញ ហើយ​ដាក់​មេដឹកនាំ​ដែល​ស្នេហា​ជាតិ​ទៅ គេប្រាកដ​ជា​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​កោះគុត និង​តំបន់​ត្រួតស៊ីគ្នា​ចំនួន ៣០​​គីឡូម៉ែត្រការ៉េមកវិញហើយ»

ដូចគ្នា​នេះ​ដែរ អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ច​បែបប្រជាធិបតេយ្យ លោក វ៉ន់ ចាន់ឡូត និយាយ​ថា នេះជា​កម្សោយ​នៃការ​ដឹកនាំ​ប្រទេស​របស់​គ្រួសារ​ហ៊ុន ដែល​គ្មាន​សមត្ថភាព​ការពារ​ទឹកដី​ដូនតា​ខ្មែរ។

លោក​ថា មេដឹកនាំ​ធ្វើឱ្យ​បាត់​បង់​ទឹកដី ឬឃុប​ឃិតជាមួយ​បរទេស ហ៊ានកាត់​ទឹកដី​ឱ្យបរទេស​ជិត​ខាង ត្រូវ​ហ៊ាន​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ប្រវត្តិសាស្រ្ត និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ខំ​ពលី​ឈាម​ស្រស់​ដើម្បី​ការពារ​ទឹក​ដី។

លោកថា៖ «រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត រក្សា​ភាពស្ងៀមស្ងាត់​នេះ គឺ​ជាការ​មួយ​ព្រម​ទទួលយក​ថា​កោះគុត​ជា​របស់ថៃ​ផ្តាច់​មុខ​ នៅ​ក្នុង​ការ​ដឹកនាំ​របស់​ខ្លួន​មិនហ៊ាន​ការពារ អះអាង​ទៅលើ​បញ្ហា​កោះគុត​នេះ​ទេ។ ទី២វា សបញ្ជាក់ថា ការមិនប្រតិកម្ម ការ​មិនហ៊ាន​ប្រឈម​មុខ​ជាមួយ​នឹង​បរទេស​ដូច​ដែល​អ្វី​ដែល​របប​ភ្នំពេញ ក្លាហាន​កម្ទេច​ទៅ​នឹង​ខ្មែរ​គ្នា​ឯង​នោះទេ»

សម្រាប់​លោក ចាន់ឡូត យល់ថា រឿង​បាត់បង់​ទឹក​ដី​នេះ អ្នក​នយោបាយ និង​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​មាតុភូមិ មិនអាច​បន្ត​ឈរ​ឳប​ដៃ​មើល​ជន​ផ្តាច់​ការ​ កាត់​ទឹកដី​របស់​ដូនតា​ ទៅឱ្យ​បរទេស​ជិត​ខាង​នោះទេ។

លោកថា៖ «ពលរដ្ឋខ្មែរ​មានសិទ្ធិ​ពេញលេញ​ក្នុង​ការ​សម្តែង​មតិ​ជាសាធារណៈ គ្រប់​ទម្រង់ រួម​ទាំង​ការ​ធ្វើ​បាតុកម្ម​ ដើម្បី​ធ្វើយ៉ាង​ម៉េច​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ការពារ នូវ​បូរណភាព​ទឹក​ដី​របស់​ខ្លួន»

ចំណែក ពលរដ្ឋ​ខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក កញ្ញា ម៉ិច អេលីស បារម្ភថា ទឹកដី​របស់​ដូនតា​ខ្មែរ​នឹង​បាត់បង់​ជាបន្ត​បន្ទាប់​ បើ​មេដឹក​នាំ​កម្ពុជា​គិត​តែ​ពី​អំណាច និង​ប្រយោជន៍​បក្ស​ពួក​និយម​នោះ។

កញ្ញាថា៖ «ទឹកដីវាស្មើ​នឹង​អាយុជីវិត​របស់​យើង​ម្នាក់ៗ ដូច្នេះ​ហើយ​បើ​យើង​បាត់បង់​ទឹកដី វា​ដូច​ជា​បាត់បង់​អាយុ​ជីវិត និង​បាត់បង់​ជាតិ​សាសន៍​របស់​ខ្លួន​ផងដែរ»

ឆ្លើយ​តប​នឹងរឿង​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ការ​លើក​ឡើង​របស់​លោក ថាក់ស៊ីន ជា​សិទ្ធិ​របស់​គាត់ ប៉ុន្តែ​បញ្ហា​កោះ​គុត​នេះ រដ្ឋា​ភិបាល​កម្ពុជា នឹង​ជជែក​ស្វែង​រក​ដំណោះ​ស្រាយ​រួម​បន្ថែម​ទៀត​ជាមួយភាគី​ថៃ។

លោកថា៖ «តាម​ខ្ញុំ​យល់​ជា​អត្តនោម័ត​របស់​ខ្ញុំ​ ចាប់​តាំង​ពីឆ្នាំ១៩០៧ ដែល​បារាំង​បាន​កិច្ច​ព្រម​ព្រៀង​ និង​សន្ធិសញ្ញា​ជាមួយ​សៀម​ហ្នឹង រហូត​មកដល់​ពេល​នេះ​មិន​មាន​រដ្ឋាភិបាល ឬ​ព្រះមហាក្សត្រ​តាំង​ពី​ជំនាន់​ហ្នឹង​ឆ្នាំ១៩០៧ ហ្នឹងទាមទារ​យក​កោះគុតទេ»

បន្ថែម​ពីនេះ ប្រធាន​គណបក្ស​កាន់​អំណាច និងជា​ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ធ្លាប់​គំរាម​ពលរដ្ឋ​ដែល​ឈឺ​ឆ្អាល​រឿង​បូរណភាព​ទឹក​ដី​ថា ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់។

លោកថា៖ «គេ​កំពុង​តែ​ដាក់​បញ្ហា​កោះគុត បង្វែរ​ពី​កម្ពុជា-វៀតណាម ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន ក៏អាច​ថាបាន ឥឡូវ​នេះ​គេបង្វែរ​មក​ទិសខាង​លិច​វិញ នៅ​ក្នុង​ប្រទេសថៃ​ក៏​បាន​ក្រុម​ជ្រុល​និយម​មួយ​ក្រុម​ បង្កើត​ឡើង​រឿងកោះគុត ឥឡូវ​នៅ​ប្រទេស​របស់​យើង​នេះ ត្រូវបាន​ពួក​និយម​ជ្រុល​នៅ​ក្រៅ​ប្រទេស​អំពាវ​នាវ​ឱ្យ​ធ្វើ​បាតុកម្ម ដើ​ម្បី​ទាមទារ​យកកោះគុត អី​ចឹង ខ្ញុំ​ករុណា​ខ្ញុំ​នឹង​ចាំ​មើល​ថា តើ​ប្រជាពលរដ្ឋ​យើង​គិត​យ៉ាងម៉េច»

ដោយ​ឡែក ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ថា ការ​លើកឡើង​របស់​លោក ថាក់ស៊ីន បានបង្ហាញថា គ្រួសារហ៊ុន ជា​អ្នក​បម្រើ​មហិច្ចតា​បរទេស​កាត់​ទឹកដី​ដូនតា​ឱ្យទៅ​គេ​ដើម្បី​អំណាច។

លោក​បន្ត​ថា  គ្រួសារហ៊ុន គ្មាន​ឆន្ទៈ​ការពារ​ទឹកដី​ដូនតា​ទេ គឺ​គេ​ធ្វើ​គ្រប់យ៉ាង​ដើម្បីតែ​អំណាច​ផ្តាច់ការ​តត្រកូល​របស់​គេ សុខចិត្ត​ឱ្យបរទេស​ឈ្លានពាន​ទឹកដី​ ក្នុង​សម័យ​ទំនើប​នេះ ដោយ​មិន​ខ្វល់​ពី​អ្វី​ទាំង​អស់។

លោកថា៖ «យើងគ្រាន់​តែ​ចង់​ប្រាប់​គ្រួសារ​ហ៊ុន​ថា​ ឱ្យ​ចេះ​ការពារ​បូរណភាព​ទឹកដី និង​ឱ្យចេះ​ស្រលាញ់​ជាតិ​ហ្នឹងទី១ ហើយ​ទី២ ប្រជាពលរដ្ឋ​ខ្មែរ​យើង​បើ​បាន​ជា​នាំ​គ្នា​ប្រតិកម្ម​ហើយ យើង​ត្រូវ​នាំគ្នា​បន្ត​ប្រតិកម្ម​ឱ្យ​ផ្ទុះ​លើ​បណ្តាញ​សង្គម​ទៅ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា ដូច​ទៅ​នឹង​អ្វី​ដែល​ពួក​បង​ប្អូន​ខ្មែរ​ខំ​តវ៉ា​រឿង CLV អីចឹង»

ចំណែក មនុស្ស​ជំនិត​លោក កឹម សុខា គឺលោក មុត ចន្ថា និយាយ​លើ​ហ្វេសប៊ុក​របស់លោក នៅ​ថ្ងៃទី​១៦ ខែធ្នូនេះថា «ប្អូនធម៌​ថាក់​ស៊ីន​ ថា​បង​ធម៌ ហ៊ុន​ សែន​ ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​ លេខ៤៤​ ប្រគល់​កោះ​គុត​ឱ្យថៃ!»។ អតីត​នាយក​រដ្ឋមន្រ្តី​ ថាក់ស៊ីន​ ស៊ីណាវ៉ាត្រា​ ដែល​ត្រូវ​ជា​ប្អូនធម៌​របស់​អតីត​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​អះអាង​ថា​ «កោះគុត» ជា​កម្មសិទ្ធិ​របស់​ប្រទេសថៃ​ យោងតាម​អនុស្សារណៈ​ លេខៈ​ ៤៤​ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​លោក​ ហ៊ុន​ សែន។

កាលពី​ពេល​ថ្មីៗ​នេះ​ លោក​ ហ៊ុន​ ម៉ាណែត​ បាន​ថ្លែង​ដោយ​មិន​ពេញចិត្ត​ចំពោះ​ការ​រិះគន់​ចំពោះ​រដ្ឋាភិបាល​របស់​ខ្លួន ​ដែល​ថា​មិន​អើពើ​ចំពោះ​បញ្ហា​កោះគុត ​ដែល​ប្រទេស​ថៃ​បាន​ទន្រ្ទាន​យក។ លោក​ ហ៊ុន​ ម៉ាណែត​ បាន​បញ្ជាក់​ថា​ រហូតមក​ដល់​ពេល​នេះ គ្មាន​នរណា​ទាមទារ​យក​កោះគុត​ទេ​ សូម្បី​តែ​ថៃ​ក៏​អត់មានដែរ។ ប៉ុន្តែ​អ្វី​ដែល​លោក​ ហ៊ុន​ ម៉ាណែត​ បាន​អះអាង​បែប​នេះ​ ត្រូវ​បាន​លោក​ ថាក់​ស៊ីន​ ទះ​មួយ​កំផ្លៀង​យ៉ាង​ធ្ងន់​ ដោយ​លោក​ ថាក់ស៊ីន​ បាន​អះអាង​នៅ​ចំពោះ​មុខ​តំណាង​រាស្រ្ត​គណបក្ស​ភឿថៃ​ថា​ «កោះគុត​ គឺជា​របស់ថៃ​ ១០០% »។

រី​ឯ​នាយករដ្ឋមន្រ្តី​ថៃ ​ដែល​ជា​កូន​ស្រី​របស់​លោក​ ថាក់ស៊ីន​ និង​ត្រូវ​ជា​ប្អូន​ស្រី​ធម៌​របស់លោក​ ហ៊ុន​ ម៉ាណែត​ ក៏​បាន​អះអាង​អំពី​កម្មសិទ្ធិ​របស់​ប្រទេស​ថៃ ទៅ​លើ​កោះគុត​​ផងដែរ។ ដូច្នេះ​ទាំង​ឪ​ ទាំង​កូន​ស្រី​ បាន​ទះកំផ្លៀង​លោក​ ហ៊ុន​ សែន​ ដោយ​ចំអក​សើច​ពេប​ជ្រាយ។

សម្រាប់​លោក មុត ចន្ថា ឆ្ងល់​ថា តើ​អនុស្សារណៈ​ លេខ​ 44​ ដែល​លោក​ ហ៊ុន​ សែន​ បាន​ចុះ​ហត្ថលេខា​ជា​មួយ​លោក​ ថាក់ស៊ីន​ អតីត​នាយករដ្ឋមន្រ្តី​ថៃ​ ដែល​ជា​ប្អូន​ធម៌​នោះ​ បាន​ប្រគល់​កោះគុត​ដែល​ជា​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា​ទៅ​ឱ្យ​ប្រទេស​ថៃ​មែន​ទេ?

លោក​បន្ត​ថា បើ​សិន​ជា​វា​មិន​ពិត​ទេ​ ហេតុ​អី​ប្អូន​ធម៌​ឈ្មោះ ថាក់​ស៊ីន​ ស៊ីណាវ៉ាត្រា​ ហ៊ាន​អះអាង​ពី​កម្មសិទ្ធិ​លើ​កោះ​គុត​ ឬ​មួយ​បាន​ប្រគល់​កោះគុត​ទៅឱ្យ​ប្អូនធម៌​មែន?

បើ​ទោះបី​មាន​អនុស្សារណៈ​ ដែល​បាន​ប្រគល់​កោះគុត ទៅ​ឱ្យ​ប្រទេស​ថៃ​មែន​​ក៏ដោយ​ ប៉ុន្តែ​វា​មិន​អាច​ធ្វើ​បាន​ទេ​ ព្រោះ​វា​បាន​រំលោភ​បំពាន​លើ​សន្ធិ​សញ្ញា​បារាំង-សៀម​ ឆ្នាំ១៩០៧​ ដែល​បាន​ក្លាយ​ជា​ច្បាប់​អន្តរជាតិ​ អំពី​បញ្ហា​ដែន​សមុទ្រ រវាងកម្ពុជា​ និង​សៀម។

សម្រាប់​លោក មុត ច​ន្ថា និយាយ​ថា ប្រជាពដ្ឋខ្មែរ​ទាមទារ​ឱ្យលោក​ ហ៊ុន​ សែន​ ចេញ​មុខ​បក​ស្រាយ​បំភ្លឺ​ចំពោះ​អនុស្សារណៈ​ លេខ៤៤​ ដែល​លោក​ ថាក់ស៊ីន​ បាន​អះអាង​ថា បាន​ប្រគល់​កោះគុត​ទៅ​ឱ្យ​ថៃ​រួច​ហើយនោះ។

ប្រសិន​ជា​ពិត​ដូច​ការ​អះអាង​របស់​លោក​ ថាក់ស៊ីន​ មែននោះ​ វាជា​អំពើ​ក្បត់​ជាតិ​មួយ​ធំ​ណាស់​ ប៉ុន្តែ​យើង​មិន​ទាន់​ជឿ​សម្តី​អះអាង​របស់​លោក​ ថាក់ស៊ីន​ នៅ​ឡើយ​ទេ។ ដូច្នេះ​ មាន​តែ​បង​ធម៌​របស់​លោក​ ថាក់ស៊ីន​ គឺលោក​ ហ៊ុន​ សែន​ ទេ​ ដែល​មាន​សិទ្ធិ​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក​ ថាក់ស៊ីន​ ដែល​ថា​អនុស្សារណៈ​ លេខ៤៤​ បាន​កាត់​កោះគុត​ទៅ​ឱ្យ​ថៃ​នោះ។

អ្នក​វិភាគ​​នយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់​បាន​បង្ហោះសារ​លើហ្វេសប៊ុក របស់​លោក​ថា កម្ពុជា​អាច​ប្រើ​ប្រា​ស់​យន្តការ​ដោះស្រាយ​ការ​រំលោភ​យក​កោះ​គុត​ពី​ភាគី​ថៃ ដោយ​ប្រើប្រាស់​មាត្រា៥ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស។

បើ​តាម​មាត្រា​៥ នៃ​កិច្ច​ព្រមព្រៀង​២៣តុលា បញ្ជាក់​ថា បើ​មាន​ការ​ គំរាម​កំហែង​ រំលោភ​លើ​អធិបតេយ្យ​ភាព​កម្ពុជា បណ្តា​ភាគី​ក្នុង​កិច្ច​ព្រមព្រៀងនេះ​ ត្រូវ​ពិគ្រោះ​ជា​បន្ទាន់​ ដើម្បី​អនុម័ត​រាល់​វិធានការ​សម​ស្រប ដើម្បី​ដោះស្រាយ​រាល់​ការ​រំលោភ​ទាំង​នេះ​តាម​មធ្យោបាយ​សន្តិវិធី។

វិធានការ​ដោះស្រាយ រួមមាន រាយការណ៍​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ឬ​ប្រើ​ប្រាស់​មធ្យោបាយ​ដំណោះ​ស្រាយ​ នូវ​ទំនាស់​ដោយ​សន្តិ​វិធី​យោងតាម​មាត្រា៣៣ នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ហើយ​ភាគី​ពាក់ព័ន្ធ​ ក៏អាច​សុំការ​ឧបត្ថម្ភ​ពី​សហប្រធាន​នៃ​សន្និសិទប៉ារីស ស្តី​ពី​កម្ពុជា រួម​មាន​ប្រទេស​បារាំង និងប្រទេស​ឥណ្ដូណេស៊ី​ផង​ដែរ។

ជាង​នោះ​ទៅ​ទៀត ក្នុង​ករណី​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ លើ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ភាគី​នៃ​កិច្ច​ព្រមព្រៀង​ត្រូវ​ស្នើ​ដល់​អង្គការ​មាន​សមត្ថកិច្ច នៃ​អង្គការ​សហប្រជាជាតិ​ អោយ​ចាត់​វិធានការ​ដទៃ​ទៀត ដែល​សមស្រប​ដើម្បី​ទប់​ស្កាត់ និង​លុប​បំបាត់​ការ​រំលោភ​បំពាន​ស្រប​តាម​ច្បាប់​អន្តរជាតិ​ដែលពាក់ព័ន្ធ។

បើ​តាម​លោក បណ្ឌិត ឡៅ ម៉ុងហៃ កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារី​ស​បញ្ជាក់​យ៉ាង​ច្បាស់​ថា ម្ចាស់​ហត្ថលេខី​ទាំង​១៨​ប្រទេស ដែល​ជា​សាក្សី​នៃ​កិច្ច​ព្រម​ព្រង​នេះ រួម​ទាំង​ប្រទេស​ថៃ​ផង ត្រូវ​ទទួល​ស្គាល់ និង​គោរព​គ្រប់​បែប​យ៉ាង​ទាំង​អស់ ដល់​អធិបតេយ្យភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែន​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា។

កោះគុត​ស្ថិត​នៅ​ខេត្តកោះ​កុង មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។

មាត្រា​៥៥ ចែង​ថា សន្ធិ​សញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត​ភាព និងឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវលុប​ចោល។ ដោយ​ឡែក ក្រម​ព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬភ្នាក់ងារ​បរទេស នូវ​ដែនដី​ជាតិ​ទាំងស្រុង ឬមួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត»៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ