ពលរដ្ឋជាង៧០០គ្រួសារថ្មីទៀតទិញ ដីនៅក្រុមហ៊ុនភូមិខ្មែរគ្រុបជិត៣ឆ្នាំ តែក្រុមហ៊ុនគ្មានដីឱ្យ បានដាក់ញត្តិសុំការអន្តរាគមន៍ពីអាជ្ញាធរស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បន្ទាប់ពីមានសកម្មភាពឈូសឆាយលើដីដែលពួកគេទិញ ខណៈ លោក សោម សុធា ជាអគ្គនាយកក្រុមហ៊ុនកំពុងជាប់ពន្ធនាគារមិនបង់លុយគ្រប់ឱ្យម្ចាស់ដីដើមតាមការសន្យា។
តំណាងជនរងគ្រោះអ្នកស្រី ចាន់ រតនា ប្រាប់ វីអូឌី នៅថ្ងៃទី១៦ ខែធ្នូនេះថា គម្រោងមរតកថ្មសរ របស់ក្រុមហ៊ុនភូមិខ្មែរគ្រុប ដែលមានទីតាំងនៅស្រុកស្វាយជ្រំនេះ មានពលរដ្ឋរងគ្រោះជាង៧០០គ្រួសារថ្មីទៀត ដែលទិញដីតែក្រុមហ៊ុនមិនបានចេញប្លង់ឱ្យ។
ប្រភពបន្តថាបច្ចុប្បន្នម្ចាស់ដីដើម ដែលបានលក់ដីឱ្យលោក សោម សុធា អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប បានមកឈូសឆាយដីនៅទីតាំងដែលអតិថិជនទិញ ក្រោយលោក សោម សុធា មិនបន្តបង់លុយឱ្យម្ចាស់ដីគ្រប់ចំនួន។
បើតាមអ្នកស្រី ការដាក់លិខិតសុំការអន្តរគមន៍ពីថ្នាក់ស្រុកនេះ ដើម្បីឱ្យជួយរកដំណោះស្រាយ ដល់ពលរដ្ឋដែលបង់ប្រាក់គ្រប់ចំនួនទិញដី ក្នុងគម្រោងមរតកថ្មសរនេះជិត៣ឆ្នាំហើយ តែមិនបានដីរស់នៅនោះទេ។
ភាពចម្រូងចម្រាស់ក្នុងក្រុមហ៊ុនភូមិខ្មែរគ្រុបនេះ ក្រសួងរៀបចំដែនដី បានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃទី៨ ខែធ្នូ បញ្ជាក់ថា អតិថិជនដែលបង់រំលោះប្រចាំខែ ទិញដី ឬផ្ទះ ក្នុងគម្រោងនៅភូមិមរតក នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ត្រូវផ្អាកណ្ដោះអាសន្ន។
ដោយឡែកអតិថិជនបង់ប្រាក់គ្រប់ចំនួន១០០% និងអ្នកកំពុងបង់ប្រាក់រំលោះប្រចាំខែត្រូវដាក់ពាក្យស្នើសុំចុះបញ្ជីផ្ទេរកម្មសិទ្ធិ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តស្វាយរៀង។
ប៉ុន្តែក្នុងសេចក្តីជូនដំណឹងនោះ មិនបានបញ្ជាក់ពីដំណោះស្រាយសម្រាប់អតិថិជនទិញដីក្នុងគម្រោងមរតកថ្មសរ ស្ថិតនៅភូមិតាម៉ ឃុំតាសួស ស្រុកស្វាយជ្រំ នោះទេ ដែលធ្វើឱ្យក្រុមជនរងគ្រោះទាមទាររកយុត្តិធម៌សម្រាប់អ្នកទិញដីជាង៧០០គ្រួសារ តែក្រុមហ៊ុនគ្មានប្លង់ឱ្យ។ អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ពាក់ព័ន្ធការឆបោកលុយ និងលក់ដីខ្យល់ឱ្យអតិថិជន។ រីឯជំនួយការលោក ហ៊ុន សែន គឺលោក ដួងដារ៉ា ដែលធ្លាប់ចេញមុខធានាថា ក្រុមហ៊ុនភូមិខ្មែរគ្រុបមិនបោកពលរដ្ឋនោះ ក៏ត្រូវបានចាប់ខ្លួនដែរ ពាក់ព័ន្ធអំពើឆបោកពលរដ្ឋដូចគ្នា។
ដោយ៖ លោក សែន សច្ចៈ