ក្រោយរងការ​រិះគន់​ រដ្ឋាភិបាល​បង្ហាញ​ឆន្ទៈ​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ដែល​ត្រូវ​​គេ​បាញ់​សម្លាប់

មន្ត្រី​រដ្ឋាភិបាល និង​​សាលាដំបូង​ខេត្តសៀមរាប បានប្រកាស​ថា​ តុលាការ​​បាន​និង​កំពុង​ដំណើរការ​​និតិវិធី ដើម្បី​ផ្តល់​យុត្តិធម៌ ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកសារព័ត៌មាន​ប្រចាំខេត្ត​សៀមរាប លោក ឈឿង​ ឈឹង ខណៈ​អយ្យ​ការ​​​អមសាលាដំបូង នឹង​ស្នើ​ប្តូរ​បទចោទ​ប្រកាន់​​ពីការ​ប៉ុនប៉ង​ធ្វើ​ឃាតកម្ម ទៅជា​បទ​ចោទ​ ឃាតកម្ម​​វិញ ទៅ​លើ​ជនជាប់​ចោទ​ក្នុង​សំណុំរឿងនេះ។

ការ​លើក​ឡើង​របស់​មន្ត្រីរដ្ឋាភិបាល និង​សាលាដំបូង​ខេត្តសៀមរាប បាន​ធ្វើ​ឡើង​ក្រោយ​ពី​អង្គការ-សមាគម​​​​ជាតិ និង​អន្តរជាតិ​ចំនួន​១៤ ដែល​ធ្វើការ​​ផ្នែក​សិទ្ធិ​មនុស្ស និង​សារព័ត៌មាន​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ កាលពី​ថ្ងៃទី១០ ខែធ្នូ ដោយ​​ស្នើ​ទៅ​​រ​ដ្ឋាភិបាល​កម្ពុជា ​ត្រូវ​ធានា​ពី​ការ​​​ការពារ​សិទ្ធិ​របស់​​អ្នក​សារ​ព័​ត៌មាន និង​​ធានា​ឱ្យ​មាន​​ភាព​​យុត្តិធម៌ ​សម្រាប់​ករណី​ឃាតកម្ម​ទៅ​លើ​អ្នកសារព័ត៌មាន​​ម្នាក់​នៅ​ខេត្ត​សៀម​រាប។

អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​មក​ផ្សព្វផ្សាយ​​លើ​គេហទំព័រ​ក្រសួង​​ព័ត៌​មាន នៅ​ថ្ងៃទី១៥ ខែធ្នូ បាន​​លើក​ឡើង​ថា ករណី​ឃាតកម្ម​លើ​អ្នក​សារព័ត៌មាន​នោះ​ តុលា​ការ​បាន​​ដំណើរ​ការ​នីតិវិធី​របស់​ខ្លួន​ហើយ ដើម្បី​ធានា​ការ​ផ្តល់​យុត្តិធម៌ ជូន​ជន​រងគ្រោះ​តាម​ច្បាប់​ជា​ធរមាន។

ទោះ​ជា​យ៉ាង​ណា លោក​ថា គេ​​មិន​ត្រូវ​យក​ករណី​បាត់​បង់​ជីវិត​ របស់​អ្នក​សារព័ត៌មាន​អនឡាញ​ លោក ឈឿង ឈឹង នេះ​​មក​ប្រើប្រាស់​ជា​របៀបវារៈ ដើម្បី​កេង​ចំណេញ​ផ្នែក​​នយោបាយ​របស់​ក្រុមណា​មួយ​ឡើយ ដោយ​ត្រូវ​ទុកភារកិច្ច​អនុវត្ត​ច្បាប់​ជូន​ស្ថាប័ន​តុលាការ​ ក្នុង​ការ​អនុវត្ត​ទៅតាម​នីតិវិធី។

ចំណែក ​លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ​អាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​សៀមរាប បាន​បញ្ជាក់​ក្នុង​សន្និ​សីទ​​​សារ​ព័ត៌មាន កាល​ពី​រសៀល​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤​​ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ផេក​របស់​មន្ទីរ​ព័ត៌មាន​​ខេត្ត​​សៀមរាប​ថា តាម​ការ​​ស្រាវជ្រាវ ស៊ើប​អង្កេត និង​ចម្លើយ​សាក្សី ឃាតកម្ម​​លើ​​អ្នកសារព័ត៌មាន ឈឿន ឈឹង កើត​ចេញ​មក​ពី​ទំនាស់​បុគ្គល ​ដោយ​សារ​​តែ​​អ្ន​ក​​សារ​ព័ត៌​មាន​​រូបនោះ ​បាន​​ទាម​ទារ​​សំណូក ដើម្បី​ជាថ្នូរ​នឹងការ​មិន​ចុះ​ផ្សាយ​ព័ត៌មាន។

លោក​​បន្ត​ថា អយ្យការ​​អមសាលា​ដំបូង​ខេត្ត នឹង​​ស្នើ​សុំ​ប្តូរបទ​ចោទ​ទៅ​លើ​​ជន​ត្រូវ​​ចោទ ឈ្មោះ ស៊ី លឿយ ដែល​​បាន​ប្រើប្រាស់​កាំភ្លើង​ច្នៃ​បាញ់​ទៅ​លើ​​អ្នក​សារព័ត៌មាន​ ពីបទ​ប៉ុនប៉ង​​ឃាតកម្ម ទៅ​ជាបទ​ចោទ​ ឃាតកម្ម​​វិញ​ផង​ដែរ ខណៈកន្លង​មក តំណាង​​អយ្យការ​​ចោទ​ត្រឹម​ប៉ុនប៉ង​ឃាតកម្ម ដោយ​សារ​មិន​ទាន់​ទទួល​បាន​ដំណឹង​ពី​មរណភាព​របស់​លោក ឈឿន ឈឹង។

ព្រះ​រាជអាជ្ញា​រូបនេះ ក៏​​​បាន​​ប្រកាស​ពី​ជំហរ​​របស់​​អយ្យការ​អម​សាលាដំបូង​​ខេត្ត ក្នុងការ​អនុវត្ត​ច្បាប់ និង​ឃ្លាំ​មើល​​ការ​​​អនុវត្ត​​ច្បាប់​​ឱ្យ​​បាន​​ម៉ឺង​​ម៉ាត់ ដើម្បី​ធានា​ការ​​កាត់​ក្តី​មួយ​ដោយ​​យុត្តិធម៌ ដល់​លោក ឈឿន ឈឹង និង​​ធានា​​ថា មិន​មាន​​​និទណ្ឌភាព​​​នោះ​ឡើយ។

លោកថា៖ «​អយ្យការ​នឹង​ប្រកាន់​ជំហរ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​អនុវត្ត​ច្បាប់ ទោះបី​ជា​អ្នក​សារព័ត៌មាន​ត្រូវ​បាន​គេ​​សម្លាប់​ ក្រោម​​ហេតុ​ផល​នៃ​ទំនាស់​​រវាង​បុគ្គល​ផ្ទាល់ ពាក់ព័ន្ធ​នឹងការ​​ទារ​ប្រាក់ជា​ថ្នូរ​​នឹង​​ការ​មិន​ចុះ​ផ្សាយ និង​ការ​មិន​រាយការណ៍​ទៅ​កាន់​មន្ត្រី​មូលដ្ឋាន​ក៏​ដោយ អយ្យការ​​នឹង​​បន្ត​ជំហរ​ក្នុងការ​អនុវត្ត​​ច្បាប់ មិន​ត្រឹម​តែ​ដំណាក់​កាល​ចោទ​ប្រកាន់ ដំណាក់​កាលស៊ើប​សួរ និង​បន្ត​ឃ្លាំមើល​ទៅលើ​ការ​​អនុវត្ត​ច្បាប់​​​រហូត​ដល់​​ដំណាក់​កាល​ជម្រះ ដើម្បី​ធានា​ថា​​ជន​​ត្រូវ​ចោទ ស៊ី លឿយ នឹង​​ត្រូវ​​ទទួល​ខុសត្រូវ ​នូវ​​អំពើ​ប្រព្រឹត្ត​របស់​ខ្លួន​​ចំពោះ​មុខ​ច្បាប់ »

បើ​តាម​ព្រះរាជអាជ្ញា​រូប​នេះ ការ​ចោទ​ពីបទ​ឃាត​កម្ម​នេះ ជន​ដែល​ប្រព្រឹត្ត​​នឹង​​ត្រូវ​​ទទួល​ទោស​​​ទណ្ឌ​ជាប់​ពន្ធនា​គារ​​​​ចន្លោះ​ពី ១០ឆ្នាំ ទៅ១៥ឆ្នាំ ទៅតាម​មាត្រា​ចំនួន​២​នៃ​ក្រម​ព្រហ្មទណ្ឌ។​

វីអូឌី មិន​អាច​សុំការ​បញ្ជាក់​បន្ថែម​ពី លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា​អមសាលា​ដំបូង​​ខេត្ត​សៀមរាប​បាន​​ទេ​នៅថ្ងៃនេះ។

អ្នក​នាំពាក្យ​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​​ អាដហុក លោក យិន ម៉េងលី គាំ​ទ្រ​ចំពោះ​ការ​ដូរ​បទ​ចោទ​ទៅលើ​ជន​​ត្រូវ​​ចោទ ដែល​បាញ់​សម្លាប់​អ្នកសារព័ត៌មាន​នេះ ប៉ុន្តែ​លោក​ដាក់​ជា​សំណួរ​ថា ការ​ដូរ​បទ​ចោទ​នោះ អយ្យការ​​សាលាដំបូង​​ខេត្ត ដូរ​ទៅ​ជា​បទ​ចោទ ឃាតកម្ម​​គិត​ទុក​ជា​មុន ឬឃាត​កម្ម​មិន​គិត​ទុក​ជា​មុន។

លោកថា៖ «បើឃាតកម្ម​គិត​ទុក​ជាមុន បញ្ហា​នេះ​វា​អាច​​ធ្វើ​ឱ្យ​ជន​ប្រព្រឹត្ត​ទទួល​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត តែ​បើសិន​ជា​​ចោទ​ពី​បទឃាតកម្ម​មិន​បាន​​គិត​ទុក​ជា​មុន​ទេ បទ​ល្មើស​នេះ​មិនធ្ងន់ធ្ងរ​ទេ ចង់​និយាយ​ថា​វា​មិន​មែន​ជា​បទ​ឧក្រិដ្ឋ​លេខ១​ទេ អី​ចឹង​ចំណុច​នេះ​ក៏សុំ​ព្រះ​រាជ​អាជ្ញា លោក​​ពិនិត្យ​ឱ្យបាន​​ច្បាស់​​លាស់​​ថែម​​ទៀត តើ​ទាក់​ទិន​នឹង​គិត​ទុក​ជាមុន​ទេ​នៅ​ក្នុង​ការ​បាញ់​សម្លាប់​អ្នក​សារព័ត៌មាន​​នេះ»

ករណី​នេះ លោក​បាន​ស្នើ​ដល់​តុលាការ​​ប្រើប្រាស់​ឱ្យ​​អស់​លទ្ធភាព ក្នុងការ​​ស្វែង​រកយុត្តិធម៌​ជូន​​ជន​រងគ្រោះ និង​​សង្គម​ជាតិ ដើម្បីឱ្យការ​​គោរព​សេរីភាព​​សារព័ត៌មាន ​ឱ្យកាន់​តែ​មាន​ភាព​ល្អ​ប្រសើរ។

ចំណែក ការ​​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​​​សង្គម​ស៊ីវិល និង​សមាគម​​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ នា​​ពេល​​កន្លង​មក លោក យិន ម៉េងលី បាន​គូស​បញ្ជាក់​ដែរ​ថា ធ្វើ​ឡើង​​ដោយ​សារ​តែ​ការ​ព្រួយ​បារម្ភ​ពី​ស្ថានភាព​​សារព័ត៌មាន​ ស្រប​ពេល​ដែល​ចំណាត់​​ថ្នាក់​​សេរីភាព​សារព័ត៌មាន​​នៅ​​កម្ពុជា​​មាន​ការ​ធ្លាក់​ចុះ ដោយ​​​មិន​​មែន​​ធ្វើ​ឡើង​​​ក្នុង​បំណង​​កេង​ចំណេញ​​នយោ​បាយ​​ណា​មួយ​​​ឡើយ​។

លោកថា៖«តាមពិត​វា​អត់​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​រឿង​កេងចំណេញ​នយោបាយ​ទេ យើងចេះ​តែ​នាំ​គ្នា ពេល​ដែល​មាន​មតិ​ផ្ទុយ មានការ​​លើក​ឡើង​សម្តែង​នូវការ​កង្វល់ យើង​ចេះ​តែ​លើក​ថា​ចំណេញ​នេះ​​ចំណេញនោះ តាម​ពិត​អ្នក​ដែល​ចំណេញ គឺ​រាជរដ្ឋាភិបាល​ទៅ​វិញ​ទេ ហេតុអីបាន​ថា​អ្នកចំណេញ​ជា​រាជរដ្ឋាភិបាល ពីព្រោះ​នៅ​ពេលដែល​រាជរដ្ឋាភិបាល​ប្រឹងប្រែង​យក​ចិត្ត​ទុកដាក់ ធ្វើ​ឱ្យ​ស្ថានភាព​សារព័ត៌មាន​ មាន​ភាព​ប្រសើរ​​​ឡើង​ គេអត់​ដែល​សរសើរ​ ឬក៏​កោត​សរសើរ​​ដល់​សង្គម​ស៊ីវិល​ទេ ឈប់​លាបពណ៌​គ្នា​ទៀត​​ទៅ​ សំខាន់​យើង​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​ប្រទេស​ជាតិ​របស់​យើង»

លោក ឈឿន ឈឹង អាយុ ៦៣ឆ្នាំ ជាអ្នក​សារព័ត៌មាន​​នៅ​អង្គភាព​ កម្ពុជា​​​អភិវឌ្ឍន៍ នៅ​ខេត្ត​សៀម​រាប បាន​ស្លាប់​​​បាត់​បង់​ជីវិត កាល​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ​២០២៤ ​ក្រោយ​ពី​ខ្មាន់​កាំភ្លើង​បាញ់ឱ្យ​​របួស​ធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ក្នុង​អំឡុង​​ពេល​ចុះយក​ព័ត៌មាន ​ក្នុង​ស្រុក​ជីក្រែង ខេត្តសៀមរាប។ នៅ​ថ្ងៃ​បន្ទាប់ ក្រោយ​ពី​​ស្រាវ​​ជ្រាវ​កំណត់​​មុខ​​សញ្ញា សមត្ថកិច្ច​​ខេត្ត​​បាន​​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស៊ី លឿយ យក​មក​សាក​សួរ និង​បញ្ជូន​ទៅ​​សាលាដំបូង​​ខេត្តសៀមរាប ដោយ​តំណាង​អយ្យការ និង​ចៅក្រម​ស៊ើបសួរ បាន​សម្រេច​​ឃុំខ្លួន​​ជន​ជាប់​ចោទ​នៅ​ពន្ធនាគារ​​​ជាបណ្តោះ​អាសន្ន ​ក្រោម​ការ​​ចោទ​ពី​បទ ​«ប៉ុនប៉ងឃាតកម្ម»។

ករណី​បាញ់​សម្លាប់​អ្នកកាសែត​លោក​ ឈឿន ឈឹង បាន​បណ្តាល​ឱ្យ​មាន​ការថ្កោល​ទោស និង​​ប្រតិកម្ម​ពី​អង្គការ​អ្នក​កាសែត​​គ្មាន​ព្រំដែន នៅ​ប្រទេស​បារាំង និង​អង្គការ​យូណេស្កូ កាល​ពីថ្ងៃទី១១ ខែធ្នូ​ ដោយ​​ពួក​គេ​បាន​​​អំពាវនាវ​ឱ្យ​មានការ​ស៊ើបអង្កេត ​ដោយ​ហ្មត់​ចត់​អំពី​រឿង​នេះ ដើម្បី​ធានា​ថា ជន​ល្មើស​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

ក្រៅ​ពីនោះ អង្គការ​-សមាគមជាតិ និង​អន្តរជាតិ​ចំនួន១៤ ក៏បាន​ចេញ​សេចក្តី​ថ្លែងការណ៍រួម ដោយ​​ថ្កោល​ទោស​​យ៉ាង​​​ដាច់​អហង្ការ ​​ចំពោះ​​អ្នក​​ដែល​​ប្រើ​​អំពើ​ហិង្សា​ ​ដើម្បី​​​បំបិទមាត់​​អ្នក​​សារ​ព័ត៌មាន​ និង​បាន​​អំពាវ​នាវ​ដល់​​ភាគី​​ពាក់​ព័ន្ធ​​​ទាំងអស់​ ​ត្រូវ​​ធានា​​ថា​យុត្តិធម៌​​​ត្រូវ​តែ​​ទទួល​​បាន​​​​សម្រាប់​​​​លោក ឈឿង​ ​ឈឹង​ ​ដើម្បី​បង្ហាញ​ថា​​ការ​​បង្ក​​បទ​ឧក្រិដ្ឋ ​ទៅ​លើ​​អ្នក​​សារ​ព័ត៌មាន​​ដែល​​​បំ​ពេញ​​ការ​​ងារ​​របស់​​ពួកគេ​ ​នឹង​មិន​​ត្រូវ​​បាន​​អត់​ឱន​ឲ​ឡើយ​។​ អង្គការ-សមាគមទាំងនោះ ក៏បា​ន​​ស្នើ​ដល់​រដ្ឋាភិបាលកម្ពុជា​ ត្រូវ​​ធានា​ពី​ការ​ការពារ​សិទ្ធិ​អ្នក​សារព័ត៌មាន ដោយ​​ថា គ្មាន​​​អ្នក​​​សារ​ព័ត៌មាន​​ណា​​ម្នាក់​ សម​នឹង​​ប្រឈម​​នឹង​​សេចក្តី​​ស្លាប់​ ​ដោយសារ​​ការងារ​​សារ​ព័ត៌មាន​របស់​​ពួក​គេ​​នោះ​​ទេ​ ​ទោះ​បីជា​​ពួកគេ​​ទាំងនោះ​​ធ្វើការ​​ឱ្យ​ស្ថាប័ន​​សារ​ព័ត៌​មាន​​​ណា​មួយ​​​ក៏ដោយ​៕

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ