កម្មករជិត៥០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ អាតស៊ីវើស្ស ក្នុងខេត្តកំពង់ស្ពឺបានដួលសន្លប់ ដោយសារភាយសារធាតុគីមីថ្នាំសម្លាប់សត្វល្អិតនៅបរិវេនរោងចក្រ ដែលបញ្ហានេះរងការរិះគន់ថា កង្វះការចុះធ្វើអធិការកិច្ចនៅតាមបណ្តារោងចក្រជាបញ្ហាប្រឈមដែលរដ្ឋាភិបាលត្រូវរឹតបណ្តឹងដើម្បីធានាដល់សុវត្តិភាពកម្មករ។
អភិបាលស្រុកគងពិសី លោក ហន ពិសិដ្ឋ ប្រាប់ វីអូឌី ថា កម្មករកម្មការនីនៅរោងចក្រ យីហោ អាតស៊ីវើស្ស សរុប៤៧នាក់ បានដួលសន្លប់ នៅថ្ងៃទី១៦ ខែធ្នូនេះ ដោយសារក្លិនបាញ់ថ្នាំសម្លាប់ដែលភាគីរោងចក្របានបាញ់នៅបរិវេណរោងចក្រ។
លោកថា ក្រោយទទួលបានដំណឺងពីការដួលសន្លប់នេះ មន្រ្តីបានបញ្ចូលកម្មករទាំងនោះមកសម្រាកនៅមន្ទីរពេទ្យបង្អែកស្រុកគងពិសី ភ្លាមៗផងដែរ ហើយមកទល់ពេលនេះកម្មករភាគច្រើនបានត្រលប់ទៅសំរាកនៅផ្ទះ ដោយនៅសល់ប្រមាណ៤នាក់ប៉ុណ្ណោះដែលកំពុងសំរាកនៅមន្ទីរពេទ្យ។
លោកថា៖ «ឥលូវហ្នឹង ក្រុមការងាររបស់មន្ទីរ ការងារជាមួយហ្នឹង ក្រសួងគេកំពុងចុះមក មើលមានគណៈកម្មការវាយតម្លៃ ការដួលសន្លប់របស់រោងចក្រ។ គេមកចាត់វិធានការម៉េចៗ គេណែនាំ បច្ចេកទេស គឺនៅបន្ទុកក្រុមការងារហ្នឹងគេអនុវត្តបន្ត។ សម្រាប់អាជ្ញាធរ យើងបានដឹកពួកគាត់មកមន្ទីរពេទ្យបង្អែកហើយ »។
បើតាមអភិបាលស្រុកគងពិសី កម្មករដែលកំពុងបំរើការនៅរោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ អាតស៊ីវើស្ស នេះមានសរុបជាង៤០០នាក់ ដែលមានទីតាំងស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ បញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ករណីនៃការដួលសន្លប់របស់កម្មករ មានការធ្លាក់ចុះ ប៉ុន្តែលោកថា វានៅតែជាបញ្ហាប្រឈមដែលទាមទារឱ្យរដ្ឋាភិបាលយកចិត្តទុកដាក់ ជាពិសេសការចុះធ្វើអធិការកិច្ចជាប្រចាំពីមន្រ្តីជំនាញ នៅតាមរោងចក្រ ដើម្បីធានាដល់សុវត្តិភាពកម្មករ។
លោកថា៖ «មានតែការជំរុញការអនុវត្តឱ្យបានពេញលេញតាមរយៈ ការធ្វើអធិការកិច្ចជាប្រចាំទេ អាហ្នឹងបានវាអាចមានប្រសិទ្ធភាព ហើយធ្វើហ្នឹង ធ្វើឱ្យទៀងទាត់នៅក្នុងកន្លែង ឬសហគ្រាស ឬក៏រោងចក្រណាដែល មើលឃើញថា ការស្តុកដាក់នូវសម្ភារៈ ឬក៏វត្ថុធាតុដើមមិនត្រឹមត្រូវ តាមបច្ចេកទេស ហ្នឹងគឺមន្រ្តី អធិការកិច្ចហ្នឹងហើយគាត់មាន សមត្ថកិច្ច ជំរុញទៅភាគីរោងចក្រ និយោជកដើម្បីរៀបចំទុកដាក់ឱ្យបានត្រឹមត្រូវ »។
ប្រធានសហព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា វាជាការធ្វេសប្រហែសពីភាគីរោងចក្រ ធ្វើឱ្យមានករណីដួលសន្លប់ ដោយសារតែសារធាតុគីមីនេះ ហើយអ្នកស្រីបានជំរុញឱ្យមានការទទួលខុសត្រូវខ្ពស់ពីភាគីនិយោជក។
អ្នកស្រីថា៖ «ប្រាកដណាស់ខ្ញុំគិតថាត្រូវតែមានការទទួលខុសត្រូវចំពោះគាត់(កម្មករ)ហើយ។ វាអត់មានអីដែលអត់មានការទទួលខុសត្រូវចំពោះគាត់ទេ មិនអាចចោទប្រកាន់ថា ការដួលសន្លប់របស់កម្មករ និយោជិតហ្នឹង ខ្សោយខ្លួនឯងគាត់អស់កម្លាំងខ្លួនឯងវាអត់ត្រូវទេ ជាទូទៅបើមើលក្នុងការដួលសន្លប់នេះវា កើតឡើងក្នុងអំឡុងពេលដែលកម្មករនិយោជិតធ្វើការងារពេញទំហឹង»។ របាយការណ៍បេឡាជាតិរបបសន្តិសុខសង្គមក្នុងឆ្នាំ២០១៧ បញ្ជាក់ថា ការដួលសន្លប់របស់កម្មការិនី បណ្ដាលមកពីបញ្ហាក្លិនគីមីនៅក្នុងរោងចក្រ ទីតាំងរោងចក្រចង្អៀត ករណីកម្មករស្លុតដួលតាមគ្នា សុខភាពកម្មករមានសភាពទន់ខ្សោយដោយសារការសម្រាកមិនគ្រប់គ្រាន់ ការហូបអាហារមិនទៀងទាត់ និងគ្មានជីវជាតិជាដើម៕
ដោយ៖ លោក សែន សច្ចៈ