ភរិយារបស់មន្រ្តីគណបក្សប្រឆាំង ប្រចាំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ អំពាវនាវឱ្យតុលាការកំពូល ទម្លាក់ចោលរាល់បទចោទ ប្រឆាំងស្វាមីរបស់ខ្លួន ដោយចាត់ទុកថា អ្វីដែលសមត្ថកិច្ចចោទប្រកាន់ហើយតុលាការរកឃើញថា មានទោសនោះ គឺជារឿងមិនពិតនោះទេ។
ដូចការគ្រោងទុក នៅថ្ងៃទី១៦ ខែធ្នូ នេះ តុលាការកំពូលបានបន្តបើកសវនាការ លើសំណុំរឿងព្រហ្មទណ្ឌ ប្រឆាំងលោក វឿន សំណាង ដែលជាចៅសង្កាត់រង នៃគណបក្សប្រឆាំងនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល លោក តាំង ស៊ុនឡាយ លើកពេលប្រកាសសាលដីកា នៅពាក់កណ្តាលខែធ្នូខាងមុខនេះ។
លោកស្រី ទៀង ចិន្តា ដែលត្រូវជាភរិយាលោក វឿង សំណាង ប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃច័ន្ទនេះថា ស្វាមីរបស់របស់លោកស្រី ពិតជាមិនបានប្រព្រឹត្តល្មើសដូចការចោទប្រកាន់ របស់តុលាការឡើយ។ លោកស្រីបន្ត រាល់ភស្តុតាងដាក់បន្ទុក ដូចអ្វីដែលតុលាការរកឃើញ គឺជាភស្តុតាងដែលមិនឆ្លុះបញ្ចាំងពីការពិតទេ។
ម្យ៉ាងវិញទៀត ជនជាប់ចោទ គឺជាមនុស្សដែលស្លូតបូត និងទទួលបានគោរពស្រលាញ់ពីមនុស្សនៅជុំវិញខ្លួន ទាំងនៅកន្លែងការងារ និងនៅក្នុងគ្រួសារ។
មិនតែប៉ុណ្ណោះ ការចោទប្រកាន់ និងការចាប់ខ្លួននេះ គឺវាពិតជាបង្ហាញពីការមិនពេញចិត្តសោះឡើយ ដែលមួលបង្កាច់អ្នកដែលគ្មានទោសពៃរ៍បែបនេះ ហើយចោទប្រកាន់រហូតដល់ក្បត់ជាតិថែមទៅទៀត។
អ្នកស្រីថា៖ «គាត់ឈ្មោះ វឿង សំណាង ហ្វេសប៊ុកគាត់មានតែមួយឯកសារ(តុលាការចោទ) ហ្នឹងវាមិនច្បាស់លាស់មិនពិតប្រាកដអីចឹងខ្ញុំសង្គមថាតុលាការកំពូលនឹងផ្តល់យុត្តិធម៌ឱ្យគ្រួសាររបស់ខ្ញុំដោយសារឯកសារវាអត់ច្បាស់លាស់ ព្រោះគ្រាន់តែជាឯកសារបានយកចេញពីទូរសព្ទដែលពួកគាត់ (នគរបាលយុត្តិធម៌) យកទៅទុកហើយ យកចេញមកចោទថាមានឯកសារនេះឯកសារនោះអត់ច្បាស់លាស់អីចឹង»។
លោក វឿង សំណាង ជាអតីតចៅសង្កាត់រង នៃគណបក្សសង្រ្គោះជាតិ នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងលោក វឿន វាសនា ជាសកម្មជនបរិស្ថាន ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន បញ្ចូនខ្លួន ពីប្រទេសថៃក្រោយអនុវត្តដីការបស់តុលាការកម្ពុជា។
ពួកគេទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លួន តាមការចង់បានរបស់លោក ហ៊ុន សែន និងបញ្ជូនខ្លួនមកកម្ពុជាវិញ កាលពថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ ក្នុងពេលពួកគេសម្ងំលាក់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ ឆ្នាំ២០១៧។
បើតាមលោកស្រី ទៀង ចិន្តា ដែលត្រូវជាភរិយារបស់លោក វឿង សំណាង អ្វីដែលខ្លួនអាចធ្វើបាននៅពេលនេះ គ្មានអ្វីក្រៅពីទទូចឱ្យតុលាការ ពិនិត្យដោយល្អិតល្អន់ ក្នុងការផ្តល់យុត្តិធម៌សម្រាប់ជនជាប់ចោទ ក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ដោយតម្លាភាព។
ជាងនេះទៀត ជនជាប់ចោទ មិនមានអំពើល្មើសដូចការចោទប្រកាន់ថា មានចេតនាក្បត់ជាតិ ឬមានទិសដៅផ្តួលរំលំរដ្ឋាភិបាល ដូចបទចោទនោះឡើយ។
អ្នកស្រីថា៖ «ជាចុងក្រោយនាងខ្ញុំមានតែ ស្នើឱ្យតុលាការកំពូលគិតពិចារណាឡើងវិញទៅលើសំណុំរឿងប្តីខ្ញុំ សុំឱ្យទម្លាក់រាល់បទចោទទាំងអស់ ដើម្បីឱ្យគាត់មានសេរីភាពមកជួបជុំគ្រួសារវិញ»។
គិតពីថ្ងៃដែលតុលាការក្រុងភ្នំពេញ ចោទប្រកាន់ និងផ្តន្ទាទោសដាក់ពន្ធនាគារ ប្រឆាំងជនជាប់ចោទទាំងពីរនាក់នេះ គឺមានរយៈពេលជាង៣ឆ្នាំមកហើយ ក្នុងចំណោមទោសដែលតុលាការសម្រេចរយៈពេល៦ឆ្នាំ។ព្រះរាជអាជ្ញា នៃអយ្យការអមតុលាការកំពូល លោក ប៉ែន សារ៉ាត បាននិយាយនៅក្នុងដីកាបញ្ជូនរឿងមកជំនុំជម្រះ ដែលចេញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ថាលោក វឿង សំណាង ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់ និងបទចោទ ញុះញង់បង្ករឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម » ដែលបានប្រព្រឹត្តទៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ និងទី៦ ខែតុលា ឆ្នាំ២០២១ និងសកម្មភាពបន្តបន្ទាប់មកទៀត។
យ៉ាងណា បើតាមលោកស្រី ទៀង ចិន្តា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានប្រកាសនៅមុនបិទបញ្ចប់សវនាការ នៅថ្ងៃទី១៦ ខែធ្នូ ថាសំណុំរឿងព្រហ្មទណ្ឌនេះ តុលាការនឹងប្រកាសសាលដីកា នៅថ្ងៃទី២៤ ខែធ្នូ ខាងមុខនេះ។
ចំណែក លោក អែម ចន្ថា ជាមេធាវីតំណាងដោយអាណត្តិ ការពារក្តីឱ្យជនជាប់ចោទ ថ្លែងប្រាប់អ្នកកាសែត ក្រោយបិទបញ្ចប់សវនាការថា តាមពិតទៅមានរឿងដែលមានភាពមិនប្រក្រតីជាច្រើន កើតឡើងចំពោះកូនក្តីរបស់ខ្លួន ជាពិសេសទាក់ទងនឹងភស្តុតាងដាក់បន្ទុក។
លោកបន្តថា សវនាការដែលប្រព្រឹត្តទៅលើអង្គសេចក្តី ព្រឹកមិញនេះ គឺមានការសង្ស័យជាច្រើនចំណុច ដែលរកមិនឃើញពីបទល្មើស។
លោកបន្តថា តុលាការលើកយកតម្រុយ នៃការចោទប្រកាន់ ដោយផ្អែកទៅលើបណ្តាញប្រព័ន្ធទំនាក់ទំនងសង្គម ដែលភស្តុតាងទាំងនោះ វាមិនជាប់ពាក់ព័ន្ធណាមួយទាល់តែសោះ ជាមួយនិងកូនក្តីរបស់ខ្លួន។
លោកថា៖ «ជារបាយការណ៍ពីខាងកោសល្យវិច័យគេថា មានអាខោនជាច្រើនដកចេញពីហ្វេសប៊ុករបស់គាត់ ខ្ញុំក៏បានបញ្ជាក់ថា អាខោនទាំងអស់នេះ កូនក្តីខ្ញុំមិនបានទទួលស្គាល់ ហើយយើងមិនដឹងថាក្រោយពេលសមត្ថកិច្ចយកទូរសព្ទកូនក្តីខ្ញុំទៅ តើអាខោនេះវាកើតឡើងរបៀបណា?»។
អង្គការ ការពារសិទ្ធិមនុស្ស លីកាដូ បានចេញផ្សាយរបាយការណ៍សង្ខេបរបស់ខ្លួន កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅនេះ ដោយបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ មានការឃាត់ ចាប់ខ្លួន និងឃុំខ្លួនដាក់ពន្ធនាគារ សន្ធឹកសន្ធាប់ ប្រឆាំងលើសកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសាមញ្ញដទៃទៀត ។ មិនតែប៉ុណ្ណោះ ក្នុងឆ្នាំនេះ អាជ្ញាធរកាន់តែបន្តបំបិទសំឡេងអ្នកដែលតែងរិះគន់ដល់គោលនយោបាយរបស់រដ្ឋាភិបាល។ ហើយសកម្មជនដែលតែងតែតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងពលរដ្ឋសាមញ្ញដែលតែងបញ្ចេញមតិ ឬបង្ហាញពីការយល់ឃើញរបស់ពួកគេជាដើម ក៏ត្រូវចាប់ខ្លួន និងចោទប្រកាន់ឥតឈប់ឈរដែរ៕