សហជីព និងកូដករណាហ្គាវើលដ៍ នៅប្រកាន់ជំហរបន្តការធ្វើកូដកម្មរហូតដល់មានដំណោះស្រាយ និងទាមទារឱ្យទម្លាក់រាល់បទចោទ បញ្ឈប់ការគំរាមកំហែង និងការលាបពណ៌នានា ព្រមទាំងទទួលយកពួកគេវិញ ខណៈវិវាទការងារនៅក្រុមហ៊ុនកាស៊ីណូមួយនេះ បានអូសបន្លាយអស់រយៈពេល៣ឆ្នាំមកហើយ។
ការប្រកាន់ជំហរ និងការទាមទារនេះ បានធ្វើឡើងក្នុងថ្ងៃខួប ៣ឆ្នាំ ដែលបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញធ្វើកូដកម្ម ចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
សេចក្តីថ្លែងការណ៍របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ ចុះថ្ងៃទី១៨ ខែធ្នូនេះ បានលើកឡើងថា រយៈពេល៣ឆ្នាំ មកហើយ ដែលវិវាទការងារនៅក្រុមហ៊ុនល្បែងមួយនេះ នៅមិនទាន់ដោះស្រាយនៅឡើយ ហើយអំឡុងពេលនៃការធ្វើកូដកម្ម ក្រុមកូដករ ដែលភាគច្រើនជាស្ត្រីបានរងនូវអំពើហិង្សា និងការបៀតបៀន ពីសំណាក់កងកម្លាំងមានសមត្ថកិច្ចដែលចូលទៅកាងឱ្យក្រុមហ៊ុនបរទេសមួយនេះ។
ប្រភពដដែលបន្តថា តំណាងសហជីព និងសកម្មជនសហជីពចំនួន ១១នាក់ ត្រូវបានតុលាការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាប់ និងចាប់ដាក់ពន្ធនាគារ ក្នុងនោះមានប្រធានសហជីពកញ្ញា ឈឹម ស៊ីថរ ដែលត្រូវបានផ្តន្ទាទោស និងអនុវត្តទោសចំនួន២ឆ្នាំក្នុង ពន្ធនាគារ ខណៈសមាជិកសកម្មក្នុងការតវ៉ាចំនួន ១៣នាក់ ផ្សេងទៀត ត្រូវបានក្រុមហ៊ុនប្តឹងពីបទ រំលោភលំនៅដ្ឋាន ទាំងដែលពួកគាត់កំពុងអនុវត្តសិទ្ធិកូដកម្មនៅមុខក្រុមហ៊ុន។
សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ដែរថា ក្នុងអំឡុងពេលធ្វើកូដកម្ម និងគ្មានវត្តមានសហជីពឯករាជ្យនៅក្នុងក្រុមហ៊ុន ណាហ្គាវើលដ៍នៅតែបន្តធ្វើទុក្ខបុកម្នេញ លើកម្មករនិយោជិត លូកលាន់កិច្ចការផ្ទៃក្នុងរបស់សហជីព ដោយបង្ខំឱ្យបុគ្គលិកជាសមាជិកលាលែងចេញពីសហជីព និងគំរាមកំហែងបុគ្គលិក មិនឱ្យជួបថ្នាក់ដឹកនាំសហជីពដែលកំពុងតវ៉ា ខណៈសមាជិក និងថ្នាក់ដឹកនាំសហជីព ក៏នៅតែបន្តស្ថិតក្រោមការតាមដានពីជនស៊ីវិលជាដើម។
បើទោះជាយ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍នោះ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ និងកូដករ បានបង្ហាញជំហរបន្តធ្វើកូដកម្មរហូតដល់មានដំណោះស្រាយទៅតាមលក្ខខណ្ឌច្បាប់ និងទាមទារឱ្យទម្លាក់រាល់បទចោទ និងទទួលយកពួកគេឱ្យចូលធ្វើការវិញ ព្រមទាំងទូរទាត់ប្រាក់រំលឹកចាប់ពីថ្ងៃបញ្ឈប់ រហូតដល់ថ្ងៃចូលធ្វើការវិញ។
ក្រៅពីនោះ ពួកគេក៏បានទាមទារឱ្យក្រុមហ៊ុនណាហ្គាវើលដ៏ គោរពសិទ្ធិសហជីព និងចរចាជាមួយតំណាងសហជីព លើបញ្ហារបស់កម្មករ បញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងសហជីព និងការគំរាមកំហែងគ្រប់ទម្រង់លើកម្មករនិយោជិត ព្រមទាំងបញ្ឈប់ការលាបពណ៌គ្រប់បែបយ៉ាង និងការបំបាក់ស្មារតីទៅលើសហជីព។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ បង្ហាញការសោកស្តាយចំពោះការអូសបន្លាយពេលវេលា ក្នុងការដោះស្រាយវិវាទការងារនេះ និងមានការលាបពណ៌គ្រប់បែបយ៉ាងទៅលើសហជីព និងកម្មករនិយោជិត ដែលកំពុងតវ៉ា។ ទោះយ៉ាងណា កញ្ញាថា កូដករនឹងនៅតែប្រកាន់ជំហរបន្តការតវ៉ារហូតទទួលបានយុត្តិធម៌ បើទោះជារងនូវការគំរាមកំហែង ហិង្សា និងការចាប់ថ្នាក់ដឹកនាំសហជីពដាក់ពន្ធនាគារ ព្រមទាំងប្រឈមនឹងបញ្ហាខ្វះខាតក្នុងជីវភាពក៏ដោយ។
កញ្ញាបានគូសបញ្ជាក់ថា៖ «រដ្ឋាភិបាលគួរដោះស្រាយរឿងហ្នឹងទៅ ៣ឆ្នាំហើយ ព្រោះអ្វីដែលកម្មករទាមទារមិនពិបាកទេ នៅក្នុងការដោះស្រាយ វាលើកលែងតែការមិនព្រមដោះស្រាយ ជាចេតនាក្នុងការគំរាមកំហែង ឬក៏បំបាក់ស្មារតីសហជីពផ្សេងទៀត កុំឱ្យចងក្រង កុំឱ្យកម្មករនិយោជិតហ៊ានតវ៉ាអីផ្សេងៗ។ បើសិនជាមានចេតនាបែបហ្នឹងទៅ គឺមែនទែនទៅ ជាជំហររបស់យើង គឺយើងមិនបោះបង់ចោលការទាមទារទេ យើងនឹងទាមទាររហូតដល់មានដំណោះស្រាយ ពីព្រោះយើងអត់អាចបណ្តោយឱ្យការរំលោភច្បាប់នៅក្រុមហ៊ុនមួយហ្នឹង ក្លាយទៅជាគំរូសម្រាប់ទៅសហជីពផ្សេងៗទេ ធ្វើឱ្យកម្មករខ្លាចអត់ហ៊ានតវ៉ា»។
បើតាមកញ្ញា ឈឹម ស៊ីថរ គិតមកដល់បច្ចុប្បន្ន កម្មករនិយោជិតណាហ្គាវើលដ៏ ដែលនៅមិនទាន់ទទួលបានដំណោះស្រាយមានប្រហែល ៤០០នាក់ ប៉ុន្តែអ្នកដែលតវ៉ានៅមុខក្រុមហ៊ុនមានខ្ទង់ ២០នាក់ទៅក្រោម ៥០នាក់ប៉ុណ្ណោះ ដោយសារពួកគាត់ត្រូវផ្លាស់វេណគ្នាធ្វើការ ដើម្បីរកចំណូលផ្គត់ផ្គង់ជីវភាព និងអ្នកខ្លះទៀតបានទៅស្រុកកំណើតវិញ ដោយសារតែពុំមានការងារធ្វើ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៏បានទេនៅថ្ងៃនេះ។
លោក ឃុន ថារ៉ូ មន្ត្រីកម្មវិធីការងារ នៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ យល់ថា ការរកដំណោះស្រាយដើម្បីបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៏ ដែលអូសបន្លាយជាច្រើនឆ្នាំមកនេះ អាចនឹងធ្វើទៅបាន បើខាងភាគីក្រុមហ៊ុន និងក្រសួងការងារ មានឆន្ទៈក្នុងការដោះស្រាយ និងផ្សះផ្សាបញ្ចប់វិវាទ ព្រោះរឿងនេះពាក់ព័ន្ធនឹងការទទួលយកកូដករឱ្យចូលធ្វើការងារវិញ និងការទទួលស្គាល់សហជីព ខណៈតួលេខកូដករ ដែលនៅតវ៉ាមានចំនួនតិចតួចទេ បើធៀបនឹងពេលកន្លងមក។
ករណីនេះ លោកជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ទាំងនិយោជក កម្មករនិយោជិត និងក្រសួងការងារដែលជាអ្នកសម្របសម្រួល លើកបញ្ហាដាក់លើតុរួមគ្នាដើម្បីចរចា និងធ្វើសម្បទានឱ្យគ្នាទៅវិញទៅមក នោះការរកដំណោះស្រាយនឹងអាចបញ្ចប់ទៅបាន។
លោកថា៖ «វាគ្មានអីក្រៅតែពីការចូលតុចរចាទេ ព្រោះកន្លងមកនេះ បើយើងនិយាយពីការរៀបចំការចរចាវាងភាគីទាំងពីរ ការផ្សះផ្សាស្ថិតក្រោមក្រសួងការងារហ្នឹង វាច្រើនលើកច្រើនសារហើយ អីចឹងដើម្បីដោះស្រាយ ដើម្បីចរចាឱ្យមានលក្ខណៈសម្បទានយល់គ្នា អាហ្នឹងវាគ្មានអីក្រៅពីការត្រឡប់មកវិញលើតុចរចាហ្នឹងទេ ដាក់នូវរបៀបវារៈសំណើរស្នើសុំពីភាគីកម្មករ និយោជិត ហើយនិយោជកអាចសម្បទាន ហើយអាជ្ញាធររដ្ឋហ្នឹង អាចដើរតួនាទីនៅក្នុងការផ្សះផ្សាសម្របសម្រួលទៅ ខ្ញុំគិតថារឿងហ្នឹងអាចដោះស្រាយចេញហើយ ព្រោះមកដល់បច្ចុប្បន្ននេះយើងឃើញថាអត់មានការសម្របសម្រួល នៅក្នុងយន្តការឯករាជ្យណាមួយដែលទទួលយកពីភាគីទាំងសង្ខាង»។
ក្រុមកូដករសហជីពរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញធ្វើកូដកម្មចាប់តាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១មក ពាក់ព័ន្ធនឹងវិវាទការងារដែលពួកគេចោទក្រុមហ៊ុនថា បានបញ្ឈប់បុគ្គលិក ជាងមួយពាន់នាក់ និងការមិនទូទាត់សំណងសមស្រប តាមច្បាប់ការងារ។ ក្រុមកូដករ តែងប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ស្ទើររៀងរាល់ថ្ងៃ ឬរៀងរាល់អាទិត្យ ដោយថ្ងៃខ្លះមានការតុបតែងខ្លួន និងសារអំពាវនាវប្លែកៗ ទៅតាមពេលវេលា និងព្រឹត្តិការណ៍ផ្សេងៗ។ អំឡុងពេលតវ៉ា៣ឆ្នាំមកនេះ ថ្នាក់ដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ជាច្រើននាក់ ត្រូវបានចាប់ខ្លួន និងចោទប្រកាន់ ពាក់ព័ន្ធនឹងការធ្វើកូដកម្ម ក្នុងនោះ កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីព ត្រូវសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទ «ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» ហើយសមាជិកសហជីពផ្សេងទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំទៅ ១ឆ្នាំកន្លះ ពីបទល្មើសដូចគ្នា ដោយអ្នកខ្លះដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងខ្លះទៀតត្រូវបានព្យួរទោស៕









