អំពើពុករលួយចាក់ស្រេះក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា បានក្លាយជាជម្រកពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ បង្កការភ័យខ្លាចដល់ប្រទេសក្នុងតំបន់ ដែលជាផ្នែកមួយ ត្រូវបានភាគីអាមេរិក លើកឡើងនៅចំពោះមុខ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ។
ការសំអាងបែបនេះ ក្រោយពីប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានបញ្ចេញព័ត៌មានមួយចំនួន លើបណ្តាញសង្គម ក្រោយជួបពិភាក្សា ជាមួយភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាគឺ អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) កាលពីថ្ងៃទី១៧ ខែធ្នូនេះ។
លោក ហ៊ុន សែន បាននិយាយនៅលើហ្វេសប៊ុក របស់លោកថា ក្នុងជំនួបនោះ ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគឺ អ្នកស្រី ប្រៃហ្គេត អែល វ៉កឃឺរបានរំលេចពីក្តីព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលថា ជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ សេដ្ឋកិច្ច នៅកម្ពុជា និង នៅក្នុងតំបន់។
លោកបានគូសបញ្ជាក់តបវិញថា បទល្មើសអនឡាញមានទម្រង់ និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយ ទៅប្រទេសមួយទៀត ដែលនេះទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ ហើយថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បាននឹងកំពុងយកចិត្តទុកដាក់ ពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។
ដោយឡែក តំណាងរាស្ត្របក្សសង្រ្គោះជាតិ លោក សួន សូរីដា និយាយប្រាប់ វីអូឌី នៅថ្ងៃទី១៨ ខែធ្នូនេះថា ក្តីបារម្ភរបស់អាមេរិក ជុំវិញអំពើឆបោកនៅកម្ពុជានេះ ឆ្លុះបញ្ចាំងថា ក្រោមការដឹកនាំរបស់គ្រួសារហ៊ុន គ្មានសមត្ថភាពទប់ស្កាត់ ឬបង្រ្កាបបទល្មើសឆបោកនោះទេ។
លោកថា អំពើពុករលួយជាប្រព័ន្ធ បក្ខពួកនិយមចាក់ស្រេះ ក្នុងសង្គម បង្កជាក្តីបារម្ភដល់សហរដ្ឋអាមេរិក និងសហគមអន្តរជាតិ បង្កការរាំងស្ទះការអភិវឌ្ឍន៍សង្គមកម្ពុជាក្រោមការដឹកនាំផ្តាច់ការ។
ម្យ៉ាងវិញទៀតលោកថា បទល្មើសឆបោកអនឡាញនៅកម្ពុជា គឺជាជំងឺរ៉ាំងរ៉ៃក្នុងសង្គម ហើយក្លាយជាមុខរបរទុច្ចរិតរបស់មន្រ្តីខិលខូច ឬក្រុមអ្នកមានអំណាចមួយចំនួន ដែលជាប់ខ្សែស្រឡាយមេដឹកនាំធំៗ។
លោកថា៖ «ប្រព័ន្ធច្បាប់នៅកម្ពុជាហ្នឹងមានភាពខ្វះចន្លោះ និងភាពស្តង់ដារពីរក្នុងការអនុវត្ត ដែលជាហេតុធ្វើឱ្យឧក្រិដ្ឋជនដែលប្រព្រឹត្តិបទល្មើសនានាហ្នឹងតែងតែរួចខ្លួនពីសំណាញ់ច្បាប់ តាមរយៈអំពើពុករលួយផង និងតាមរយៈនៃការកាងពីក្រោយខ្នង នៃជនមានអំណាច។ រឿងទី២ គឺដោយសារតែអ្នកដែលធ្វើការជាមួយនឹងក្រុមឧក្រិដ្ឋជនឆបោកទាំងនោះគឺសុទ្ធតែជាជនដែលស្និទ្ធស្នាលជាមួយគ្រួសារហ៊ុន»។
សម្រាប់លោក សូរីដា អះអាងថា អំពើឆបោកតាមប្រព័ន្ធអនឡាញនេះ បានធ្វើឱ្យកម្ពុជាស្អុយឈ្មោះលើឆាកអន្តរជាតិ ធ្វើឱ្យអ្នកវិនិយោគទុនពីប្រទេសលោកសេរីបាត់ទំនុកចិត្តលែងហ៊ានមកកម្ពុជាជាដើម។
លោកបន្តថា អ្នករងគ្រោះគឺប្រជាពលរដ្ឋ ដែលធ្វើឱ្យពួកគេបាត់បង់នូវប្រាក់ចំណូលពីវិស័យទេសចរណ៍ គឺប្រឈមនឹងគ្មានភ្ញៀវទេសចរណ៍ ឬអ្នកវិនិយោគមកលេង និងមករកស៊ីនៅកម្ពុជាបន្ថែមទៀត។
លោកថា៖ «ជាធម្មតាអំពើឆបោកដែលមានលក្ខណៈជាឧក្រិដ្ឋជនអន្តរជាតិបែបនេះ គឺវាប៉ះពាល់ខ្លាំងមែនទែនទៅដល់ ទី១មុខមាត់ដែលជាកិត្តិយសរបស់ប្រទេសជាតិកម្ពុជាទាំងមូល។ ទី២ វាទាក់ទងទៅនឹងសុវត្ថិភាព សន្តិសុខនៃអ្នកវិនិយោគទុនរកស៊ីទាំងឡាយ ដែលគេចង់បោះទុន មករកស៊ីនៅកម្ពុជា ចឹងប្រសិនបើប្រទេសកម្ពុជា ជាជម្រកនៃឧក្រិដ្ឋជនក្នុងការឆបោក ឬជួញដូរមនុស្ស នឹងហើយដែលជាការធ្វើឱ្យអ្នកវិនិយោគទាំងអស់នោះមានការភ័យខ្លាចក្នុងការបោះទុនមករកស៊ីនៅកម្ពុជា»។
ដូចគ្នានេះដែរ អនុប្រធានអង្គការពលរដ្ឋយើង លោក មាន ព្រហ្មមុនី និយាយថា ការរីករាលដាល នៃអំពើឆបោកតាមអនឡាញនេះ បណ្តាលមកពីការដឹកនាំឯកបក្ស ស្លាប់ប្រជាធិបតេយ្យ គឺរំលាយគណបក្សប្រឆាំងចេញពីសង្វៀននយោបាយដែលជាកញ្ចក់ឆ្លុះសង្គម។
លោកបន្តថា បទល្មើសឆបោកនៅកម្ពុជា មិនអាចបង្រ្កាប ឬទប់ស្កាត់បានទេ ដរាបណា គ្រួសារហ៊ុនបន្តដឹកនាំប្រទេសបែបផ្តាច់ការ ប្រព្រឹត្តិអំពើពុករលួយ បក្សពួកនិយម និងសម្លាប់ប្រជាធិបតេយ្យនោះ។
លោកថា៖ «ការដឹកនាំបែបហ្នឹង វាជាលក្ខណៈដឹកនាំបែបម៉ាហ្វៀរយ៉ា ដឹកនាំរំលោភទៅលើច្បាប់ ដឹកនាំបំពានទៅលើច្បាប់ រក្សាតែអំណាចផ្តាច់ការអត់គិតផលប្រយោជន៍ជាតិ ផលប្រយោជន៍សេដ្ឋកិច្ច និងការពារសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋ និងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ»។
ជុំវិញរឿងនេះ វីអូឌី មិនទាន់អាចទាក់ទង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំការពន្យល់បន្ថែមបាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាក្រុមឧកញ៉ាឆបោកមួយចំនួន ដែលបង្ហាញខ្លួនស្និទ្ធនឹងមេដឹកនាំ ត្រូវតុលាការចោទពីបទឆបោក និងបទសម្អាតប្រាក់ រួមទាំងបទល្មើសផ្សេងទៀត មានទាំងអតីតឧកញ៉ា ឡេង ចាន់ណាជាដើម។
មួយវិញទៀត ឧកញ៉ា លី យ៉ុងផាត់ ជាអ្នកកាន់ហិរញ្ញវត្ថុឱ្យគណបក្សប្រជាជន ក៏គ្មានចំណាត់ការច្បាប់ណាមួយ កើតឡើងដែរ ទោះបីសហរដ្ឋអាមេរិក រកឃើញពាក់់ព័ន្ធនឹងការបង្ខាំងមនុស្ស និងចាប់ជំរិតក្តី។
មួយវិញទៀត ឧក្រិដ្ឋជនចិន លោក ចេន ហ្ស៊ី (Chen Zhi) ដែលត្រូវតុលាការប្រទេសចិនរកឃើញថា មានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការបនល្បែងអនឡាញ (Online) ខុសច្បាប់ ត្រូវបានតែងតាំងឱ្យធ្វើជាទីប្រឹក្សាប្រធានណបក្សប្រជាជនកម្ពុជាលោក ហ៊ុន សែន ជាដើម។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថាបញ្ហាឆបោកតាមអនឡាញនេះ ជះឥទ្ធិពលអាក្រក់ដល់វិស័យផ្សេងៗក្នុងប្រទេស រួមទាំងសេដ្ឋកិច្ចជាតិផងដែរ។
លោកថា វិធានការបង្ក្រាបបទល្មើសវិញ លោកសង្កេតឃើញថា ហាក់នៅមិនទាន់មានប្រសិទ្ធភាពនៅឡើយ។
លោកផ្តល់ជាយោបាល់ថា វិធានបង្ក្រាបបទលើ្មសប្រទភេទនេះអាចធ្វើទៅបាន វាលុះណាតែរដ្ឋាភិបាលមានឆន្ទៈ លុបបំបាត់អំពើពុករលួយជាប្រព័ន្ធ មានកិច្ចសហការពីសហគមន៍អន្តរជាតិជាដើម ទើបអាចទប់ស្កាត់បាន។
លោកថា៖ «ពួកអ្នកដែលរកស៊ី អ្នកដែលធ្វើកិច្ចការងារហ្នឹង គឺហាក់បីដូចជាមានខ្នងបង្អែករឹងមាំមែនទែន ក្នុងការប្រព្រឹត្តិ ឬការអនុវត្តអ្វីរបស់គាត់ហ្នឹង។ ហើយក៏អាចមានជាប់ពាក់ព័ន្ធជាមួយនឹងមន្រ្តីជាន់ខ្ពស់មួយចំនួន ដែលពួកគាត់នៅពីខាងក្រោយ នៃជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងដូចគ្នាដែរ ដែលនេះសុទ្ធសឹងតែជាហានីភ័យ ដែលធ្វើឱ្យរដ្ឋាភិបាលពិបាកនៅក្នុងការសម្រេចគោលដៅរបស់ខ្លួន។ ហើយមួយវិញទៀត យើងឃើញហើយច្បាប់ ហើយនិងសមត្ថភាព ធនធានមនុស្ស និងមន្រ្តីជំនាញដែលទាក់ទងជាមួយនឹងការលុបបំបាត់ប្រព័ន្ធឆបោក ឬការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានឹងគឺនៅមានកម្រិតមែនទែន»។
យ៉ាងណា ល្បែងអនឡាញខុសច្បាប់ រួមទាំងបទឧក្រិដ្ឋ ចាប់ជំរិត បង្ខាំងមនុស្ស ត្រូវបានគេមើលឃើញថា វាបានកើនឡើងយ៉ាងគំហុក នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះរដ្ឋាភិបាលបានប្រកាសបិទល្បែងអនឡាញនេះច្រើនឆ្នាំទៅនេះក្តី។
ជាហូរហែ រដ្ឋាភិបាលតែងតែប្រកាសទប់ស្កាត់បទឧក្រិដ្ឋនេះ តែបទឧក្រិដ្ឋឆបោកតាមប្រព័ន្ធអនឡាញ និងអំពើចាប់ជំរិតហាក់មិនថយចុះទេ ដែលថ្មីៗប្រទេសកូរ៉េតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន បានទាញសញ្ញាអាសន្ន ឈប់ឱ្យពលរដ្ឋខ្លួនធ្វើដំណើរមកកម្ពុជា ដោយមានពលរដ្ឋខ្លួនបានរាយការណ៍ថា បានជួបបញ្ហានេះនៅកម្ពុជា។
ដោយឡែកប្រទេសឥណ្ឌា ក៏ដូចគ្នាដែរ ធ្លាប់បានប្រកាសថា ពលរដ្ឋខ្លួនរាប់រយនាក់ បានរងគ្រោះនឹងអំពើឆបោកតាមអនឡាញនេះ នៅកម្ពុជាដែរ។
បន្ថែមពីនេះ ឥណ្ឌា ក៏បានប្រកាសផ្សព្វផ្សាយ ឱ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ពីបទឧក្រិដ្ឋឆបោកតាមអនឡាញនៅកម្ពុជា នៅពេលដែលពួកគេមានបំណងមករកការងារធ្វើនៅកម្ពុជានោះ។
ពាក់ព័ន្ធនឹងអំពើពុករលួយវិញ អង្គការតម្លាភាពអន្តរជាតិចេញផ្សាយរបាយការណ៍ថ្មីមួយ នៅដើមឆ្នាំ២០២៤នេះ រកឃើញថាកម្ពុជាមានកម្រិតអំពើពុករលួយខ្ពស់ជាប់គ្នាជិត១០ឆ្នាំ បើធៀបនឹង ប្រទេស ១៨០ ដែលអង្គការនោះបានសិក្សា។ ដោយឡែក របាយការណ៍របស់អង្គការសហប្រជាជាតិ ចេញផ្សាយនៅចុងខែសីហា ឆ្នាំ២០២៣ បង្ហាញថា កម្ពុជា និងមីយ៉ាន់ម៉ា ជាប្រទេសដែលមានការឆរបោក និងជួញដូរ មនុស្សទ្រង់ទ្រាយធំនៅតំបន់ អាស៊ីអាគ្នេយ៍។ របាយការណ៍នេះរកឃើញថា មនុស្សប្រមាណ១សែននាក់ រងគ្រោះក្នុងអំពើឆរបោក និងចាប់ជំរិតនៅកម្ពុជា៕
ដោយ៖ លោក ប៉ុល សម្បត្តិ