អង្គការសង្គមស៊ីវិល និងស្ថាប័នការពារអ្នកកាសែត អំពាវនាវអោយសមត្ថកិច្ចបើកការស៊ើបអង្កេតប្រកបដោយតម្លាភាព និងខណ្ឌចែកឱ្យដាច់ រវាងកំហុសវិជ្ជាជីវៈ និងការប្រព្រឹត្តបទល្មើសរបស់អ្នកសារព័ត៌មានពីររូប ដែលត្រូវបានចាប់ខ្លួននាពេលថ្មីៗនេះនៅខេត្តកណ្តាល។
ការអំពាវនាវនេះធ្វើឡើង ក្រោយនគរបាលខេត្តកណ្ដាលកាលពីថ្ងៃអាទិត្យ បានឃាត់ខ្លួនអ្នកកាសែតពីរនាក់ ដោយចោទពីបទល្មើសជំរិតទារប្រាក់ និងការចុះផ្សាយព័ត៌មានដែលប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ។
នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណប់ វី បានឱ្យដឹងនៅថ្ងៃទី១៧ ខែធ្នូនេះថា លោកចង់ឃើញសមត្ថកិច្ច ស៊ើបអង្កេតអង្គហេតុនៅពីក្រោយ នៃការកំហែងយកប្រាក់របស់អ្នកសារព័ត៌មានផងដែរ ដើម្បីធានាថា យុត្តិធម៌នឹងមានសម្រាប់អ្នករាល់គ្នា។
លោកថា កាលពីពេលកន្លងទៅ អ្នកសារព័ត៌មាន ជាញឹកញយបានជាប់អន្ទាក់នៅពេលមានការទាក់ទងគ្នាក្នុងការទទួលប្រាក់ជាថ្នូរមិនចុះផ្សាយព័ត៌មាន។
ប៉ុន្តែថា បុគ្គលដែលព្យាយាមបិទព័ត៌មានមិនត្រូវបានស៊ើបអង្កេត ឱ្យបានច្បាស់លាស់នៃហេតុផលដែលនាំឱ្យមានការកំហែងយកប្រាក់នេះទេ។
លោកថា៖ «ខ្ញុំស្នើអោយសមត្ថកិច្ច អោយមានតម្លាភាពនៅក្នុងការពិនិត្យ នៅក្នុងការស៊ើបអង្កេត ថាតើមូលហេតុពិតប្រាកដ នៃដំណើរដើមទងដែលឈានទៅដល់ការកំហែងយក របស់អ្នកសារព័ត៌មាន ថាតើមានរឿងអីដែលនៅពីក្រោយហ្នឹង មានបទល្មើសអីដែលកើតមានដែរឬទេ»។
បន្ថែមពីនេះ នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អ៊ុំ សំអាត អំពាវនាវឱ្យសមត្ថកិច្ច បើកការស៊ើបអង្កេតករណីនេះ ប្រកបដោយតម្លាភាព និងយុត្តិធម៌ ហើយខណ្ឌចែកឱ្យដាច់រវាងកំហុសវិជ្ជាជីវៈ និងការប្រព្រឹត្តបទល្មើស។
លោកក៏បានទទូចដែរថា ប្រសិនបើអ្នកកាសែតទាំងពីររូបបានប្រព្រឹត្តកំហុសវិជ្ជាជីវៈ តុលាការត្រូវប្រើប្រាស់ច្បាប់ ស្ដីពីរបបសារព័ត៌មាន ដើម្បីផ្ដល់យុត្តិធម៌ដល់ពួកគេ និងចៀសវាងរងការរិះគន់ផងដែរ។
លោកថា៖ «យើងជាអង្គការ សង្គមស៊ីវិល ដែលធ្វើការសិទ្ធិមនុស្សហ្នឹងគឺ សូមអោយមានការស៊ើបអង្កេត ដោយតម្លាភាព និងយុត្តិធម៌។ ហើយបែងចែកថា អ្វីដែលជាកំហុសឆ្គង ផ្នែកវិជ្ជាជីវៈសារព័ត៌មាន អ្វីជាបទល្មើសដើម្បីកុំអោយមានការប៉ះពាល់ទៅដល់សេរីភាពអ្នកសារព័ត៌មាន និងប៉ះពាល់ទៅដល់អាជីពអ្នកសារព័ត៌មាន»។
វីអូឌី នៅពុំទាន់អាចសូមការអត្ថាធិប្បាយពី ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្ត បានទេគិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា នគរបាលខេត្តកណ្ដាល បាននិយាយ លើបណ្ដាញសង្គមហ្វេសប៊ុក របស់ខ្លួនថា ស្ថាប័នព័ត៌មាន អេសអេសប៊ីធីវីញូស៍ ដែលមានបុគ្គលឈ្មោះ សូរ សំបូរ និង នឿប ប៊ុន ជាអ្នកកាន់កាប់នោះ កាលពីថ្ងៃទី១៣ និងទី១៤ ខែធ្នូ បានចុះផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់អាជ្ញាធរ និងថ្នាក់ដឹកនាំ។
បន្ថែមពីលើនេះ ពួកគេក៏ត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការគំរាមទារប្រាក់ចំនួន ២០០ដុល្លារ ពីគណនីតេឡេក្រាមឈ្មោះ Veasna ហើយក៏បានទទួលប្រាក់ទាំងនោះ ជាថ្នូរនឹងការមិនចុះផ្សាយ និងលុបចោលព័ត៌មានដែលបានផ្សាយកាលពីថ្ងៃទី១៣ និងទី១៤ ខែធ្នូនេះ។
នគរបាលខេត្តកណ្ដាល បន្តថា បច្ចុប្បន្ន អ្នកកាសែតឈ្មោះ សូរ សំបូរ ដែលជាចាងហ្វាង និង នឿប ប៊ុន ដែលជានិពន្ធនាយកនៃសារព័ត៌មាន អេសអេសប៊ីធីវីញូស៍ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងតាមនីវិធីច្បាប់។
យ៉ាងនេះក្តី នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ធ្លាប់បង្ហាញពីគុណតម្លៃ អ្នកសារព័ត៌មាន ដែលរាយការណ៍បញ្ហាកើតឡើងក្នុងសង្គម។ លោកចាត់ទុក វិស័យព័ត៌មានជាអំណាចទី៤ ដើរតួនាទីជាឆ្មាំត្រួតពិនិត្យតុលយ្យភាពសង្គមដ៏ស្មោះត្រង់មិនអាចខ្វះបាន ក្នុងសង្គមប្រជាធិបតេយ្យ។
លោកថា៖ «វិស័យព័ត៌មានបានរួមចំណែក ដោយផ្អែកលើមុខងារសំខាន់ៗ ដូចជាទី១ ចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ទី២ ផ្តល់ជូនព័ត៌មានពិតនិងរហ័សទាន់ពេល ទី៣ ផ្ដល់ព័ត៌មានបែបអប់រំនិងចំសណេះដឹង។ ទី៤ ជាច្បាប់ត្រួតពិនិត្យតុល្យភាពសង្គមដោយស្មោះត្រង់ និង ទី៥ ចូលរួមចំណែកកែលម្អសង្គម តាមរយៈការផ្ដល់ព័ត៌មានពិត គ្រប់ជ្រុងជ្រោយប្រកបដោយតម្លាភាព និងជាអ្នកផ្ដល់ធាតុចូលនៅក្នុងការរៀបចំគោលនយោបាយយុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល»។
ប៉ុន្តែការអនុវត្តជាក់ស្តែង ក្នុងអាណត្តិរបស់លោក ហាក់ផ្ទុយពីសារនយោបាយ។ ផ្ទុយនៅត្រង់ថា សារព័ត៌មានឯករាជ្យ ត្រូវបានបង្ក្រាបបំបិទមាត់ និងខ្លះត្រូវចោទប្រកាន់ និងចាប់ដាក់ពន្ធនាគារ បើការធ្វើសេចក្តីរាយការណ៍របស់ពួកគេ ប៉ះពាល់ដល់ចំនុចរសើបរបស់រដ្ឋាភិបាល ជុំវិញការរំលោភសិទ្ធិមនុស្ស បូរណភាពទឹកដី និងអំពើពុករលួយជាដើម បើទោះបីគោលការណ៍សិទ្ធិមនុស្សបានចែងថា អាជ្ញាធររដ្ឋចាប់រហូតដល់មេដឹកនាំជាកម្មវត្ថុនៃការរិះគន់ក្តី។
ជាក់ស្តែងថ្មីៗនេះ ក្រសួងព័ត៌មាន បានព្រមានចាត់វិធានការច្បាប់ និងដកអាជ្ញាបណ្ណនៃគេហទំព័រ Khplus ដែលមាន លោក ផាត់ ហ៊ន ជាចាងហ្វាង ប្រសិនបើមិនដកចេញ នូវរាល់ព័ត៌មាន ដែលពាក់ព័ន្ធនឹងការអត្ថាធិប្បាយប៉ះពាល់ដល់តុលាការខេត្តកំពង់ចាម។
បន្ថែមពីនេះ ក្នុងរបាយការណ៍ថ្មីមួយ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយកាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានវាយតម្លៃថា «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន នៅតែបន្តរងការវាយប្រហារ នៅក្នុងប្រទេសកម្ពុជា ដោយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សរងការបង្ក្រាប និងការដៅមុខសញ្ញា ដោយសារតែការអនុវត្តសិទ្ធិស្របច្បាប់ ក្នុងការរាយការណ៍ និងការតស៊ូមតិសំខាន់ៗរបស់ខ្លួន»។
លើសពីនេះ របាយការណ៍របស់សម្ព័ន្ធអ្នកសារព័ត៌មានខេមបូចា ឃ្លាំមើលប្រចាំត្រីមាសស្ដីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា ចាប់ពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៤ ឱ្យដឹងថា ការយាយីលើអ្នកសារព័ត៌មាន មានចំនួន ៧ករណី ប៉ះពាល់ដល់អ្នកសារព័ត៌មាន ១១នាក់។
រីឯការយាយីតាមប្រព័ន្ធតុលាការ មាន ៦ករណី ដោយមានអ្នកសារព័ត៌មាន ១០នាក់ ត្រូវបានកោះហៅទៅសាកសួរ ឃុំខ្លួន និងផ្ដន្ទាទោស ដែលធ្វើឡើងដោយនគរបាល កងរាជអាវុធហត្ថ និងអាជ្ញាធរមូលដ្ឋាន។ ចំណែកឯអង្គការសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានដាក់កម្ពុជាជាប់ក្នុងចំណាត់ថ្នាក់ទី១៥១ ដែលជាចំណាត់ថ្នាក់អន់លើសន្ទស្សន៍សេរីភាពសារព័ត៌មានរបស់ពិភពលោក ក្នុងឆ្នាំ២០២៤ នេះ៕
ដោយ៖ កញ្ញា កែវ មរកត