អ្នកឃ្លំាំមើលថា មន្រ្តីជំនិតរបស់លោក ហ៊ុន ម៉ាណែត គឺលោក ស៊ាន បូរ៉ាត់ ដែលត្រៀមខ្លួនចូលបំភ្លឺក្នុងនាមជាសាក្សីក្នុងអំពើឆបោកជាមួយអ្នកស្រី ឡេង ចាន់ណា អាចនឹងរួចផុតពីការចោទប្រកាន់ជុំវិញបទល្មើសឆបោក និងសំអាតប្រាក់ ធ្វើឱ្យអ្នកចាញ់បោកប្រឈមជីវភាពធ្ងន់ធ្ងរក្រោមសម្ពាធបំណុលបើជនរងគ្រោះបន្តស្ងៀមស្ងាត់ ។
ការលើកឡើងនេះ ចំពេលអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្ដាលលោក ស៊ាន បូរ៉ាត់ ត្រៀមខ្លួនចូលបំភ្លឺពាក់ព័ន្ធអំពើឆបោកជាមួយអ្នកស្រី ឡេង ចាន់ណា តាមការបង្គាប់របស់ តុលាការខេត្តសៀមរាបនៅទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ។
ចំណាត់ការនេះ ក្រោយក្រុមអ្នកចាញ់បោកបានលាតត្រដាងភស្តុតាងជាច្រើនបង្ហាញពីផែនការរបស់លោក ស៊ាន បូរ៉ាត់ រួមគំនិតជាមួយអ្នកស្រី ឡេង ចាន់ណា កៀងគរពលរដ្ឋឱ្យដាក់លុយវិនិយោគក្នុងក្រុមហ៊ុនឆបោកប្រ៊ីលានស៊ីធី ធ្វើឱ្យអ្នកចាញ់បោកជួបវិបត្តិបំណុលវ័ន្តករ។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន យល់ថាក្នុងសំណុំរឿងឆបោករបស់ អ្នកស្រី ឡេង ចាន់ណា បើតុលាការកោះហៅលោក ស៊ាន បូរ៉ាត់ បំភ្លឺក្នុងនាមជាសាក្សី ហើយដោះលែងឱ្យមានសេរីភាពវិញ មានន័យថាប្រព័ន្ធច្បាប់កម្ពុជាកំពុងក្លាយជាខ្នងបង្អែករបស់ជនឆបោកហើយពលរដ្ឋនៅតែរងគ្រោះដដែល។
លោកថា៖ «តុលាការត្រូវតែចាប់ខ្លួន លោក ស៊ាន បូរ៉ាត់ ដាក់ពន្ធនាគារ ហើយត្រូវរឹបអូសទ្រព្យសម្បត្តិរបស់គាត់មកប្រជាពលរដ្ឋ។ តុលាការ ត្រូវរឹបអូសទ្រព្យសម្បត្តិអតីតឧកញ៉ា ឡេង ចាន់ណា យកមកសងប្រជាពលរដ្ឋផងដែរ ហើយទ្រព្យសម្បត្តិអតីតឧកញ៉ា ឡេង ចាន់ណា ត្រូវលក់ឡៃឡុងដើម្បីសងប្រជាពលរដ្ឋ ហើយត្រូវស្វែងរកលុយ របស់លោក ស៊ាន បូរាត់ ឬអតីតឧកញ៉ា ឡេង ចាន់ណា ផ្ទេរទៅដល់អ្នកណាហើយ»។
បើតាមតុលាការខេត្តសៀមរាប បានកោះហៅ លោក ស៊ាន បូរ៉ាត់ ឱ្យចូលឆ្លើយបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ពីដំណើររឿងឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទចោទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ពាក់ព័ន្ធរឿងក្តីអតីតឧកញ៉ា ឡេង ចាន់ណា។
មន្រ្តីម្នាក់ទៀតគឹ លោក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ក៏ត្រូវចូលខ្លួនមកឆ្លើយបំភ្លឺក្នុងនាមជាសាក្សីដូចគ្នាកាលពីនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ នឹងត្រូវបានឱ្យត្រលប់មកផ្ទះវិញធម្មតា។
សម្រាប់ លោក អ៊ំ សំអាន យល់ថា លោក ស៊ាន ប៊ូរាត់ ដែលជាមន្រ្តីមានឥទ្ធិពលម្នាក់ក្នុងជួរបក្សកាន់អំណាច និងជាមនុស្សរបស់លោក ហ៊ុន ម៉ាណែត ផងនោះ នឹងអាចរួចផុតពីការចោទប្រកាន់ជុំវិញបទល្មើសឆបោក និងសំអាតប្រាក់ ជាមួយអតីតឧកញ៉ា ឡេង ចាន់ ណា។
លោកថា៖ « លោក ស៊ាន បូរ៉ាត់ គាត់ជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីលោក ហ៊ុន ម៉ាណែត អីចឹងជាមនុស្សស្និទ្ធនឹងលោក ហ៊ុន ម៉ាណែត ខ្ញុំជឿថា តុលាការមិនហ៊ាន ចាត់ការនោះទេព្រោះតុលាការស្រុកខ្មែរជាតុលាការតេឡេ ប៉ុន្តែយ៉ាងណាក៏ប្រជាពលរដ្ឋត្រូវ ចេញធ្វើបាតុកម្មដើម្បី ទាមទារឱ្យចាប់ខ្លួន លោក ស៊ាន បូរ៉ាត់។ សង្ឃឹមថា តុលាការនឹងស្តាប់តាមការទាមទាររបស់ប្រជាពលរដ្ឋ គឺ ថ្ងៃចូលទៅបំភ្លឺត្រូវចាប់ខ្លួនលោក ស៊ាន បូរ៉ាត់ដាក់ពន្ធនាគារ »។
លោក ស៊ាន បូរ៉ាត់ ជាអនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលមានលោក ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុងជួរដ្ឋាភិបាលវិញ លោកជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។
ក្នុងវីឌីអូមួយ បង្ហាញថា លោក ស៊ាន បូរ៉ាត់ និងអតីតឧកញ៉ា ឡេង ចាន់ណាបាន ទៅឃោសនានៅតាមសាលារដ្ឋមួយ ដោយនិយាយអូសទាញសិស្សឱ្យរកស៊ីក្នុងក្រុមហ៊ុនឆបោកប្រ៊ីលានស៊ីធី។
លោកថា៖ «ទីផ្សារប្រ៊ីលានដែលទីផ្សារនេះបើកទូលំទូលាយទូទាំងប្រទេស និងពិភពលោក។ ចឹងគឺខ្ញុំសុំបញ្ជាក់ប៉ុណ្ណឹង ដើម្បីឱ្យប្អូនៗទាំងអស់ថ្ងៃក្រោយមានការចាប់អារម្មណ៍ចូលជាសមាជិកសមាគម ប៉ុន្តែទាល់អាយុ១៨ឆ្នាំឡើងបានឱ្យចូលហើយមុនហ្នឹងចូលទាល់តែ អ្នកដែលមានចំណេះដឹង ខាងប្រើប្រាស់ប្រព័ន្ធទូរសព្ទ ដើម្បីឱ្យដឹងថាទីផ្សារសម្រាប់រកស៊ីវាយ៉ាងម៉េច»។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោក ម៉ែន ណាត និយាយថា លោក ស៊ាន បូរ៉ាត់ ជាអ្នករៀបចំយុទ្ធសាស្រ្តបោកប្រាស់ពលរដ្ឋជាមួយអ្នកស្រី ឡេង ចាន់ណា មិនមែនជាសាក្សីដូចតុលាការកោះហៅទេ។
លោក ម៉ែន ណាត ឱ្យជាយោបល់ថា មានតែភាពក្លាហានរបស់ក្រុមជនរងគ្រោះងើបតវ៉ាប្រឆាំងភាពអយុត្តិធម៌ទេ ទើបអាចដោះស្រាយវិបត្តិបំណុលរបស់ខ្លួនបាន បើនៅសង្ងំស្ងៀម នោះពួកគេនឹងក្លាយជាជនរងគ្រោះតជំនាន់ក្រោមដៃមន្រ្តីឆបោកដែលជ្រកក្រោមឥទ្ធិពលគ្រួសារហ៊ុន ខណៈ ច្បាប់កម្ពុជាលោកថាគ្រាន់តែជាឧបករណ៍របស់អ្នកមានអំណាចតែប៉ុណ្ណោះ។
លោកថា៖ «លោក ស៊ាន បូរ៉ាត់ មិនមែនជាសាក្សីទេ បញ្ជាក់ហើយបញ្ជាក់ទៀតថា មិនមែនជាសាក្សីទេ លោក ស៊ាន បូរ៉ាត់ គឺជាមេគំនិត នៅក្នុងអំពើឆបោក ជាអ្នកណែនាំជាអ្នកផ្តល់ប្រឹក្សាយោបល់ ឱ្យឡេង ចាន់ណា ប្រព្រឹត្តអំពើឆបោកដោយផ្ទាល់។ ប្រជាពលរដ្ឋមានតែបន្តតវ៉ាទាមទាររកយុត្តិធម៌ ហើយត្រូវនិយាយការពិត ចេញមកប្រាប់ អ្នកកាសែត ប្រាប់សាធារណៈជន ថាមនុស្សណាខ្លះដែល បោកពួកគាត់ បើពាក់ព័ន្ធលោក ហ៊ុន ម៉ាណែត ត្រូវនិយាយឈ្មោះ ហ៊ុន ម៉ាណែត បើពាក់ព័ន្ធ ស៊ាន បូរាត់ ត្រូវ និយាយឈ្មោះ ស៊ាន បូរ៉ាត់ ឱ្យបាន ទូលំទូលាយច្រើន ឡើងដើម្បីទាមទារយុត្តិធម៌ ដើម្បីឆ្នាំងបាយរបស់ពួកគាត់»។
អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយពីជនរងគ្រោះតវ៉ារយៈពេលប្រមាណ១ខែ ដែលមានអ្នកចាញ់បោកប្រមាណ៧០០០គ្រួសារ គិតទឹកប្រាក់ជាង៣០០លានដុល្លារអាមេរិក។
បើតាមតុលាការខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួមមាន បទ ឆបោកមានស្ថានទម្ងន់ទោស ជាក្រុមមានការចាត់តាំង បទសម្អាតប្រាក់ និងបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន។
អ្នកស្រី ឡេង ចាន់ណា ធ្លាប់បានប្រកាសដោយចំហរថា នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ជាខ្នងបង្អែកនៃការរកស៊ីរបស់ខ្លួន ក្រោយមកខុទ្ធការល័យ លោក ហ៊ុន ម៉ាណែត បានច្រានចោល តែមិនមានស្ងាប័នជាតិណាស៊ើបអង្កេតលើលោក ហ៊ុន ម៉ាណែតនោះទេ។ ដោយឡែក លោក ស៊ាន បូរ៉ាត់ ដែលជាមន្ត្រីសិ្នទ្ធិ លោក ហ៊ុន ម៉ាណែត ហើយបានអូសទាញមនុស្សឱ្យយកលុយទៅរកស៊ីក្នុងក្រុមហ៊ុនឆបោក របស់អ្នកស្រី ឡេង ចាន់ណា នោះ ត្រូវបានតុលាការចាត់ទុកថាជាសាក្សី បើទោះបីជាមានភស្តុតាងបង្ហាញថា មន្រ្តីរូបនេះជាមេខ្លោងនៅពីក្រោយអំពើឆបោកជាមួយអតីតឧកញ៉ា ឡេង ចាន់ណាក្តី។
ដោយ៖ លោក សែន សច្ចៈ












