វិបត្តិទីផ្សារលក់កសិផលបន្តគំរាមកំហែងជីវិតកសិករដល់អាណត្តិរដ្ឋាភិបាលថ្មី

កសិករ​ដាំដំឡូង​មី​មួយ​ចំនួន ត្អូញត្អែរ​ជុំវិញ​តម្លៃដំឡូង​មី​ធ្លាក់ថ្លៃ ដែលថា​ពិបាក​ក្នុងការ​ទូទាត់​លើកា​រចំ​ណាយ​​​ថ្លៃដើម​ ​និង​ពេលវេលា​ក្នុង​ការ​ដាំដុះ ប្រឈម​នឹង​បញ្ហា​ជីវភាព ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល​ក្នុង​តម្លៃ​សម​រម្យ ដើម្បី​កុំឱ្យ​ពួក​គេ​រួម​រឹត​ដោយវិបត្តិ​បំណុល។

ការ​បន្សល់​ទុក​វិបត្តិ​ទីផ្សារ​សម្រាប់​លក់​កសិក​ផល ក្នុង​វិស័យ​កសិកម្ម​ច្រើន​ឆ្នាំ​ទៅ​នេះ វា​បា​នឆ្លុះ​បញ្ចាំង​ថា រដ្ឋា​ភិ​បាល​គ្រួសារហ៊ុន បាន​បរាជ័យ​ការ​អ​នុវ​ត្ត​គោលនយោបាយ​គាំពារ​កសិករ មិន​បាន​បំពេញ​កា​តព្វកិច្ច​ ដើ​ម្បី​ប​ម្រើ​ប្រជា​ពលរដ្ឋ តប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ទៀតផង។

កសិករ​ជាជនជាតិ​​ដើម​​ភាគតិច​​ព្នង រស់​នៅ​ក្នុង​ភូមិ​​ឡៅ​កា​ សង្កាត់សុខ​ដុម ក្រុង​សែន​មនោរម្យ ខេត្ត​​មណ្ឌលគិរី ដែល​ជា​ខេត្តជាប់​ព្រំដែន​វៀតណាម អ្នកស្រី ភ្លឹក ភារម្យ មានប្រសាសន៍ថា នៅខេត្តមណ្ឌលគិរី តម្លៃ​ទីផ្សារ​ដំឡូងមី​ស្រស់​បាន​ធ្លាក់​ថ្លៃ​ពី ៥៣០រៀលក្នុងមួយគីឡូ កាលពីឆ្នាំមុន មក​ត្រឹម ​៣១០រៀល​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំនេះ។

កសិករ​មាន​ផ្ទៃដី​ដាំដំឡូង​មី​ ទំហំ៣ហិកតា​រូប​នេះ បានអះ​អាង​ថា តម្លៃ​ត្រឹម​ជាង ​៣០០រៀល​ក្នុង​មួយ​គីឡូ​នេះ ពុំ​អាច​ទូទាត់​លើការ​ចំណាយ​ថ្លៃដើម ថ្លៃដក​ដំឡូង​ ៧ម៉ឺនរៀល​ក្នុង​មួយ​តោន និង​ថ្លៃ​ដឹក​ជញ្ជូន ៧ម៉ឺនរៀល​​ក្នុង​មួយតោន នោះទេ។

 អ្នកស្រី បន្តថា នៅ​ក្នុង​តំបន់​របស់​អ្នក​ស្រី លុះត្រា​តែ​ដំឡូង​មី​ស្រស់ មាន​តម្លៃ ៦០០រៀល ទើប​ជា​តម្លៃ​សមរម្យ និង​អាច​ទប់​ទល់​នឹង​ការ​ចំណាយ​បាន។​

អ្នក​ស្រី ថា បច្ចុប្បន្ន​ដំឡូង​មី​កំពុង​ចុះ​ថោក ហេតុ​នេះ​​អ្នកស្រី​ពុំទាន់​ជីក​គាស់​យក​មក​លក់​នោះ​ទេ ដោយ​រង់​ចាំ​​មើល​មួយរយៈ​ពេល​សិន  ខណៈ​អ្នកស្រី​ ក៏​កំពុង​ប្រឈម​នឹង​ជីវភាព និង​បំណុល​ធនាគារ​ផងដែរ។

ទន្ទឹមនេះ អ្នកស្រី សង្កេត​ឃើញ​ថា កសិករ​ជា​ច្រើន​បាន​បង្ខំ​ចិត្ត​ប្រមូល​ផល​ដំឡូងមី​ស្រស់​ទាំង​តម្លៃ​កំពុង​ធ្លាក់​ថ្លៃ ដោយ​សារ​ជីវភាព​របស់​គេ​មាន​ការ​លំបាក​ខ្លាំង ថែម​ទាំង​រងការ​គំរាម​កំហែង​ រឹប​អូស​ទ្រព្យសម្បត្តិ​ពី​ធនាគារ​ទៀត​ផង។

អ្នកស្រីថា៖ «សូម​អោយ​រាជរដ្ឋាភិបាល​លោក​ជួយ​គិត​មែន​ទែន​ ចំពោះរឿង​ទាំង​អស់​ហ្នឹង ចំពោះ​តម្លៃ​ដំឡូង​មី តម្លៃ​ស្រូវ ជាពិសេស​រដូវ​ដំឡូងមី ចឹង​ខ្ញុំ​គិត​ថា សូម​អោយ​អាជ្ញាធរ រដ្ឋាភិបាល​ជួយ​គិតគូរ​កសិករ​ដែល​​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដាំ ទី២ ដំណោះ​ស្រាយ​បាន​ថ្លៃ​ពួក​គេ​អាច​សង​ធនាគារ​បាន​ខ្លះ ចឹង សូម​អោយ​គាត់​ដំឡើង​ថ្លៃ​ទៅ សូម​អោយ​គាត់​និយាយ​ជាមួយ​ឈ្មួញ»

ដោយឡែក​សិករ​មួយ​រូប​ទៀត​នៅ​ខេត្ត​បាត់ដំបង ដែល​ជា​ខេត្ត​ជាប់​ប្រទេស​ថៃ លោក សួស រីនណា  បាន​និយាយ​ថា បច្ចុប្បន្ន នៅ​តំបន់​របស់​លោក​ ដំឡូង​មី​ស្រស់​ក្នុង​មួយគីឡូ​បានតែ​២០០រៀល ប៉ុណ្ណោះ ដែល​ថា ពុំ​​អាច​ទ​ទួល​​បាន​ប្រាក់​ចំណេញ​ឡើយ។

លោក​បញ្ជាក់​ថា សម្រាប់​គ្រួសារ​លោក ដែល​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​ដោយ​ខ្លួន​ឯង តម្លៃ​ដំឡូងមី​ស្រស់ ចន្លោះ ២៧០រៀល ទៅ ៣០០រៀល ទើប​លោក​អាច​ចំណេ​​​​​​​​​​​​​​​​​​​ញខ្លះ ព្រោះ​លោក​មាន​គ្រឿងចក្រ​ផ្ទាល់​ខ្លួន និង​គោយ​ន្ត​សម្រាប់​ដឹក​ជញ្ជូន​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំ​បាច់​ត្រូវ​ចំណាយ​លើថ្លៃ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​នោះទេ ។

កសិករ​រូប​នោះ អះអាង​ថា ករណី​ធ្លាក់​ថ្លៃ​ដំឡូងមី បាន​ធ្វើ​អោយ​លោក​ប្រឈម​នឹងបញ្ហាថវិកា ដោយត្រូវចំ​ណា​យ​លើ​កម្មករ ហើយ​ថែម​ទាំង​ខាតបង់​ពេល​វេលា​បន្ត​ទៀត ដោយ​សារ​លោក​ពុំ​ទាន់​គាស់​ដំឡូង​មី​លក់​នៅ​ពេល​នេះ​ឡើយ។

លោក ក៏បាន​ស្នើ​អោយ​អាជ្ញាធរ​ចុះមក​ពិនិត្យ​ចំពោះ​ការ​ទិញ​លក់​របស់​ឈ្មួញ​កណ្ដាលមួយចំនួន ដែល​លោក​​មាន​មន្ទិល​ថា បាន​បន្លំ​ភ្នែក​ជញ្ជីង​ ដើម្បី​កេង​ប្រវ័ញ្ច​ប្រជា​កសិករ​ស្រប​ពេល​ដែល​តម្លៃ​ដំឡូង​មី​ក៏​កំ​ពុង​ចុះ​ថោកទៀត។

លោកថា៖ «ទៅ​ជួយ​ពង្រឹង​តាម​ឈ្មួញ​កណ្ដាល ពង្រឹង​ពី​របៀបរបប​ទិញ​ហ្នឹង​ទៅ កុំ​គ្នា​លក់​បាន​ថោក​ហើយ​ទៅ​លួច​នេះ​លួច​នោះ​គ្នាទៀត ដើម្បី​បំពេញ​តែ​ការ​ចំណេញ​ខ្លួន​អែង​ហ្នឹង​ទៀត អា​ហ្នឹង​គ្នា​មិន​រឹត​តែ​ងាប់​»

វីអូឌី នៅពុំទាន់អាចសូមការ​អត្ថា​ធិប្បាយ​ពី​អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម លោក ឃឹង ហ្វីណង់ បានទេ​គិត​ត្រឹម​​ម៉ោង​ផ្សាយ​នេះ។

យ៉ាង​ណា ក្នុង​ចំណោម​កម្ម​វិធី​នយោបាយ​អាទិភាព​ទាំង​៦​​​ចំណុច ​របស់​រដ្ឋាភិបាល​​នៅ​​អាណត្តិ​​ទី​៧ គឺកម្ម​វិធី​លេខ​រៀង​ទី៥ បាន​បញ្ជាក់ ពី​ការ​ដាក់​ចេញ​ នូវ​កញ្ចប់​ថវិកា​ជាក់​​ស្តែង​​ចំនួន ​១០០លានដុល្លារ ដើម្បី​លើក​ស្ទួ​យ​ការ​ដាំដុះ និងរក​ទីផ្សារ​ ហើយថា​ចំនួន​ថវិកា​នេះ​​អាច​ដាក់​ចេញ​បន្ថែម​ទៀត​ក្នុង​ករណី​តម្រូវ​ការ​ចាំ​បាច់។

បន្ថែម​ពី​នេះ លោក គឹម មាសសុខសីហា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​​ថ្លែង​​កាល​​ពី​ពេល​​ថ្មីៗ​​នេះ​​ថា លោក​ក៏​​ទទួល​បាន​ព័ត៌មាន ជុំវិញ​ដំឡូង​មី​ធ្លាក់​ថ្លៃ​ដល់​ក្រោម ២០០រៀល​​ក្នុង​១គីឡូ​ក្រាម​​ផងដែរ​។

​លោក​ពន្យល់​ថា ការ​​ធ្លាក់​ថ្លៃនេះ​ គឺ​​ដោយ​សារ​ដំឡូង​មី​​របស់​​កសិករ​កម្ពុជា ​ក្នុង​​ឆ្នាំ​នេះ​​​មាន​​​គុណ​ភាព​មិន​សូវ​ល្អ​ដោយ​សារ​ភ្លៀង និង​អា​កាសធាតុ​​ក្តៅ​ខ្លាំង និង​​ស្រប​​ពេល​​ដែល​​​​ប្រទេស​វៀត​ណាម និង​ថៃ​មិន​មាន​តម្រូវ​ការ​ផង​ដែរ​ ពី​ព្រោះ​​​​កសិករ​​នៅ​ប្រទេស​​ទាំង​​២​​នេះ ក៏​ឥឡូវ​គេ​​ដាំ​​ដំឡូង​​មី​​ផង​ដែរ។

របាយការណ៍​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញ​ថា នៅ​​ក្នុង​​រយៈ​ពេល​៥​ខែ​ ដើម​ឆ្នាំ២០២៤​នេះ​ កម្ពុជា​​បាន​នាំ​​ចេញ​​ដំឡូងមី ជាង ១​លាន​ ៥​សែនតោន ដែល​ចំនួននេះ​​កើន​ឡើង​​បើ​ប្រៀប​​ធៀប​នឹង​រយៈពេល​៥ខែ ដូចគ្នា​​​ក្នុងឆ្នាំ​២០២៣ ​​ដែលការនាំចេញ​មានតែ​ជាង ២សែន​តោន​តែប៉ុណ្ណោះ​។

ដំឡូងមី​កម្ពុជា​​ត្រូវ​​បាន​​​នាំចេញ​ទៅ​កាន់​ប្រទេស​ថៃ  វៀតណាម និង​ចិន។ បច្ចុប្បន្ន​ កម្ពុជា​មាន​ផ្ទៃ​ដី​អាច​ដាំ​ដំឡូងមី​បាន​ជាង​ ១​លានហិកតា នៅក្នុង​ខេត្ត​​គោល​ដៅ​ចំ​នួន​១៧។

បញ្ហា​​គ្មាន​​ទីផ្សារ​ សម្រាប់​​លក់​ផលិតផល​​កសិកម្ម​ ក្នុង​តម្លៃ​សមរម្យ​នេះ ត្រូវ​​បាន​​អ្នក​​ជំនាញពាក់​ព័ន្ធ​​​បាន​លើក​ឡើ​ង​​​ថា បានក្លាយ​ទៅ​ជាវិបត្តិសង្គមធំមួយដែល​ធ្វើឱ្យកសិករខ្មែរ​ងើប​មុខមិន​រួច​ថែម​ទាំងធ្លាក់​ខ្លួន​ជំពា​ក់​​​​បំ​ណុ​ល​ធនាគារ។

បញ្ហានេះ ជាផ្នែកជំរុញឱ្យ​កសិករ​ខ្លះ​ទុកដីចោល​ ហើយងាក​ទៅ​​ធ្វើ​​ចំណាក​ស្រុក​ ទៅ​​រក​ការងារ​ធ្វើនៅ​ប្រទេស​ថៃ ឬកូរ៉េ ដែល​ ធ្វើឱ្យ​កើត​មាន​​វិបត្តិ​​សង្គម​ផ្សេងទៀត។

វិបត្តិនេះ បាន​ជះ​ឥទ្ធិពល​ដំបូង​គេលើ​ពលរដ្ឋ​ក្រីក្រ ​ជា​ពិសេស​​កូនៗ ​នៃគ្រួសារ​​ទាំង​​នោះ ​រស់​នៅ​​គ្មាន​​ភាព​កក់​​​ក្តៅ​ គ្មាន​​​​អ្នក​​មើល​ថែ ធ្វើ​ឱ្យ​​ពួក​គេ​បោះបង់​ការ​សិក្សា​​ទាំង​នៅ​វ័យ​ក្មេង ​និង​​ក្លាយ​ទៅ​ជា​ក្មេង​​មិន​​ល្អ​ក្នុង​សង្គម​ជា​ដើម ។

ការបន្សល់​ទុក​វិបត្តិ​ទីផ្សារ​សម្រាប់​កសិករ វា​មិន​​ត្រឹម​​តែ​​គំរាម​​កំហែង​​ជីវិត​ក​សិករ​ និង​ធ្វើឱ្យ​ពួក​គេ​រួម​រឹត​​ដោយ​បំ​ណុ​​​ល​​​​ប៉ុណ្ណោះ​ទេ វា​ក៏​ឆ្លុះ​​បញ្ចាំង​​ពី​ការ​​បរាជ័យ​​លើការ​​អនុវត្ត​​កម្ម​វិធី​​នយោបាយ និង​មិន​​បាន​​បំពេញ​​កាតព្វកិ​ច្ច តប​​តាម​​រដ្ឋ​​ធម្មនុញ្ញ ដែល​​ជា​​ច្បាប់​​កំពូល​​របស់​​ជាតិ​​ផង​​ដែរ។ មាត្រា៦២ នៃរដ្ឋធម្មនុញ្ញ​បាន​ចែង​ថា រដ្ឋ​យក​ចិត្ត​ទុក​ដាក់​ជួយ​ដោះ​ស្រាយ​មធ្យោបាយពិត ការពារ​ថ្លៃ​ផលិត​​ជូន​កសិករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល។

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ