ការដែលលោក ហ៊ុន សែន បន្ទន់ឥរិយាបទ នៅចំពោះសហរដ្ឋអាមេរិកនៅពេលនេះ បានក្លាយជាមន្ទិលថា អាចចារល្បិច ដើម្បីបន្ថយកម្តៅការទូតជាមួយមហាអំណាចលោកសេរីប៉ុណ្ណោះ មិនមែនជាចេតនាចង់ស្តារប្រជាធិបតេយ្យឡើងអ្វីនោះទេ ដោយមើលឃើញថា គ្រួសារហ៊ុន លែងហ៊ានប្រកួតអំណាច តាមគន្លងប្រជាធិបតេយ្យទៀតហើយ ព្រោះខ្លាចបាត់បង់អំណាច។
បើតាមហ្វេសបុករបស់ លោក ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបជាមួយភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោកស្រី ប្រៃហ្គេត អែល វ៉កឃឺ នៅវិមានព្រឹទ្ធសភា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហ៊ុន សែន ប្រាប់លោកស្រីថា រឿងចាស់ជាបទពិសោធន៍ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងអនាគតប្រទេសទាំងពីរ ជាពិសេសការកសាងទំនុកចិត្តគ្នា និងការពិនិត្យចំណុចអាទិភាព នៃកិច្ចសហប្រតិបត្តិការផ្សេងទៀត។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា លើកឡើងថា លោកភ្ញាក់ផ្អើលចំពោះសារលោក ហ៊ុន សែន នៅពេលនេះ។
ភ្ងាក់ផ្អើលនៅត្រង់ថា លោក ហ៊ុន សែន បានចោទ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិពីបទក្បត់ជាតិ មានសហរដ្ឋអាមេរិកនៅពីក្រោយ តែនៅពេលនេះ លោក ហ៊ុន សែន បន្ទន់ឥរិយាបទចំពោះអាមេរិកទៅវិញ។
បើតាម សួន សូរីដា ឥរិយាបទលោក ហ៊ុន សែននៅពេលនេះឆ្លុះបញ្ជាំងពីផ្លូវទាល់ច្រកនៃនយោបាយលារទូតរបស់លោក ធ្វើឱ្យសហរដ្ឋអាមេរិកដកប្រព័ន្ធអនុគ្រោះពន្ធ GSP ការប្រឈមរបូត EBA ទាំងស្រុង ពាក់ព័ន្ធការសម្លាប់ប្រជាធិបតេយ្យ ហើយមហាអំណាចចិន មិត្តដែកថែបមេដឹកនាំកម្ពុជានោះឈប់ឱ្យលុយខ្ជី ដែលជាហានិភ័យខ្ពស់ សម្រាប់ស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដែលកំពុងដុនដាបស្រាប់ផង។ ខណៈ រដ្ឋាភិបាលកម្ពុជាក៏កំពុងត្រូវការលុយ ២ពាន់លានដុល្លា ដើម្បីបង្រ្គប់ការចាយវាយសម្រាប់ថវិកាជាតិ ក្នុងឆ្នាំ២០២៥ ផងដែរ។
យ៉ាងណាសម្រាប់ សួន សូរីដា សង្កត់ធ្ងន់ថា បើលោក ហ៊ុន សែន មានឆន្ទៈពង្រឹងចំណងមិត្តភាពជាមួយអាមេរិកមែន ត្រូវដោះលែងលោក កឹម សុខា បើកលំហរប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ដោះលែងសកម្មជនសង្គម អ្នកនយោបាយកំពុងជាប់ឃុំ និងបើកឱ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុកឡើងវិញ។
លោកថា៖ «ទី១ ដោះលែង លោក កឹម សុខា ឱ្យមានសេរីភាពឡើងវិញ ទី២ បើកលំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីធ្វើម៉េចឱ្យមានការប្រកួតប្រជែងពីគណបក្សប្រឆាំងក្នុងការបោះឆ្នោត ដែលប្រព្រឹត្តទៅជារៀងរាល់ប្រាំឆ្នាំម្តង។ ចាំបាច់ណាស់ត្រូវដោះលែងសកម្មជន ទាំងសកម្មជននយោបាយ សកម្មជនបរិស្ថាន សកម្មជនសង្គម និងបើកលំហរឱ្យមានដំណើរការ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យឡើងវិញ ខ្ញុំគិតថាប្រទេសកម្ពុជា នឹងទទួលបានការគាំទ្រពីអាមរិក»។
តាមរយៈការបង្ហោះសាររបស់ លោក ហ៊ុន សែន បានបញ្ជាក់ថា លោករំពឹងថាកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិកនឹងកាន់តែត្រូវបានពង្រឹងបន្ថែមទៀត ស្របពេលការវិលត្រលប់ នៃរដ្ឋបាលរបស់ ដូណាល់ ត្រាំ ប្រធានធិបតីថ្មីរបស់អាមេរិក។
សម្រាប់វត្តមាននាវាចម្បាំងសហរដ្ឋអាមេរិកក្នុងពេលថ្មីៗនេះ ក្រោយអវត្តមាន៨ឆ្នាំ នៅកម្ពុជា លោក ហ៊ុន សែនថា វាក៏បង្ហាញពីទំនាក់ទំនងល្អ ក្នុងវិស័យការពារជាតិ និងកងទ័ព ការបង្កើនទំនុកចិត្តបន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដែលមានស្រាប់ផងដែរ។
ជាការកត់សម្គាល់ ការបង្ហាញភាពសិទ្ធិស្នាល ជាមួយអាមេរិកនៅពេលនេះ ក្រោយសារព័ត៌មានអន្តរជាតិ Reuters បានរាយការណ៍កាលពីថ្ងៃទី១១ ខែធ្នូ ថាចិនដែលជាម្ចាស់បំណុលឈរនៅលំដាប់ទី១ របស់កម្ពុជាបានផ្អាកអនុម័តផ្តល់កម្ចី ដល់កម្ពុជាក្នុងឆ្នាំ២០២៤។
បើតាម Reuters ការឈប់ឱ្យកម្ពុជាខ្ចីលុយនេះ អាចជាសញ្ញាប្រុងប្រយ័ត្នរបស់ប្រទេសចិន ចំពោះការវិនិយោគ ព្រោះគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ចិននៅបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ បានបរាជ័យជាបន្តបន្ទាប់។
យ៉ាងណាសម្រាប់ ប្រធានស្ថាប័នសារព័ត៌មាន វីអូឌី លោក ប៉ា ងួនទៀង យល់ថា លោក ហ៊ុន សែន គ្រាន់តែលេងល្បែងការទូតជាមួយអាមរិក ដើម្បីបន្ថយកម្តៅនយោបាយរវាងប្រទេសទាំងពីរតែប៉ុណ្ណោះ។ ហើយលោក ហ៊ុន សែន អាចគិតថាប្រធានាធិបតីអាមេរិកថ្មី គឺលោក ដូណាល់ ត្រាំ នឹងគិតពីរឿងសេដ្ឋកិច្ចជាជាងបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជា ដូចនេះលោក ហ៊ុន សែន ហាក់បោះដៃទៅអាមេរិកឡើងវិញ ក្នុងការពង្រឹងទំនាក់ទំនង។ មួយវិញទៀត ចំពេលចិនឈប់ឱ្យកម្ពុជាខ្ចីលុយផង ដូចនេះ លោក ហ៊ុន សែន ត្រូវពិចារណាទៅងាកអ៊ែបសហរដ្ឋអាមរិកវិញម្តង។
យ៉ាងណាលោក ប៉ា ងួនទៀង វិភាគថា លោក ហ៊ុន សែន មិនអាចងាកទៅដឹកនាំប្រទេសតាមបែបប្រជាធិបតេយ្យទេ ព្រោះតែប្រព័ន្ធដឹកនាំបែបផ្តាច់ការរបស់លោក ហ៊ុន សែន កំពុងចាក់ឫសជ្រៅនៅកម្ពុជាដែលធ្វើឱ្យមេដឹកនាំរូបនេះ បាត់បង់អំណាចបើហ៊ានប្រកួតប្រជែងនយោបាយ ដោយតម្លាភាពនោះ។
លោកថា ៖«ខ្ញុំថា គាត់មិនអាចវិលទៅរក ដំណើរការប្រជាធិបតេយ្យបានទេ ដោយសារ គាត់ជាប់ផុងនៅក្នុង ប្រព័ន្ធផ្តាច់ការជ្រៅ ប្រព័ន្ធបក្សពួកនិយម ប្រព័ន្ធពុករលួយនេះធ្ងន់ធ្ងរ។ ដូចច្នេះហើយគាត់អត់អាចងាកទៅរួច ហើយទី២ អំពើដែលគាត់ធ្វើក្នុងប្រព័ន្ធផ្តាច់ការ កន្លងមកមានកំហុសធ្ងន់ធ្ងរ បើសិនជាគាត់ងាកទៅរកប្រព័ន្ធប្រជាធិបតេយ្យវិញ អាចធ្វើឱ្យគាត់បាត់អំណាច ហើយធ្វើឱ្យគាត់មានគ្រោះថ្នាក់ ហើយប៉ះពាល់ផលប្រយោជន៍ក្រុមគ្រួសារគាត់ ជាការពិតចំពោះខ្ញុំ គិតថា គាត់អត់អាចរួចពីប្រព័ន្ធផ្តាច់ការនេះ»។
ជាមួយគ្នានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ថា ជាទូទៅក្នុងភាសាការទូត គេកំរប្រើប្រាស់ពាក្យដែលនាំឱ្យមានជម្លោះនឹងគ្នា ពោលគឺមានប្រើភាសារឹតចំនងមិត្តភាពយូរអង្វែង និងការប្តេជ្ញាផ្លាស់ប្តូរប្រយោន៍ឱ្យគ្នាទៅវិញទៅមកជាដើម។
ក្នុងន័យនេះលោក សេក សុជាតិ ហាក់ពិបាកជឿទុកចិត្តចំពោះសារមេដឹកនាំកម្ពុជានៅចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមរិកនោះ ដោយថាតាមបទពិសោធន៍ មេដឹកនាំអាមរិកតែងតែគិតគូរពីប្រជាធិបតេយ្យជាធំ ខណៈកម្ពុជាត្រូវអាមេរិកចាត់ទុកថា ជាប្រទេសរំលោភសិទ្ធិមនុស្ស រហូតដាក់ទណ្ឌកម្ម លើរដ្ឋាភិបាលកម្ពុជាផងដែរ ដោយមិនទាន់មានសញ្ញាវិជ្ជមានណាដកទណ្ឌកម្មលើកម្ពុជាវិញនោះទេ។
លោកថា៖ «សហរដ្ឋអាមរិកសម្រេចចិត្តដក GSP កន្លងមក ហើយនឹងបន្តដាក់ទណ្ឌកម្មទៅលើបុគ្គលសំខាន់ៗ ដែលមានទំនាក់ទំនងជាមួយគណបក្សកាន់អំណាច។ ក៏ប៉ុន្តែ យើងនៅតែឃើញថា សហរដ្ឋអាមេរិកនៅតែប្រើប្រាស់ភាសាទន់ភ្លន់ តាមភាសាការទូត ដើម្បីលើកទឹកចិត្តឱ្យកម្ពុជា មានការផ្លាស់ប្តូរក៏ប៉ុន្តែ បើកម្ពុជាមិនផ្លាស់ប្តូរឥរិយាបថនោះទេ សហរដ្ឋអាមេរិកនៅតែមិនអាចសហការណ៍ជាមួយនិងកម្ពុជាបានទេ។ ហើយគេនឹងនៅតែបន្ត គិតរកវិធី ដើម្បីដាក់ បន្ទុកកម្ពុជាឱ្យ រឹតតែធ្ងន់បន្ថែមទៀតបើ សិនជាកម្ពុជានៅតែបន្តឥរិយាបថ រឹងត្អឹងនៅក្នុង ការមិនព្រមបើកលំហរប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស »។
ជិត១០ឆ្នាំទៅនេះ កម្តៅការទូត រវាងកម្ពុជា និងអាមេរិក បានកើនឡើងជាញឹកញាប់ ក្រោយពីមេបក្សកាន់អំណាចកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ ចេញពីឆាកនយោបាយ អំឡុងចុងឆ្នាំ២០១៧។ បរិបទនេះ ប្រធានគណបក្ស លោក កឹម សុខា ត្រូវបានរដ្ឋាភិបាល ចោទថា ឃុបឃិត ជាមួយសហរដ្ឋអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាល។ ប៉ុន្តែ សហរដ្ឋអាមេរិក ធ្លាប់បានបដិសេធការចោទប្រកាន់នេះផងដែរ។ តែផ្ទុយទៅវិញ អាមេរិកចាត់ទុកលោក កឹម សុខា ជាមនុស្សស្អាតស្អំ ត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ ក្រោមការចោទប្រកាន់មិនពិត។ ជុំវិញវិបត្តិនេះ សហរដ្ឋអាមេរិកក៏បានដកប្រព័ន្ធអនុគ្រោះពន្ធ GSP ពីកម្ពុជាផងដែរ។ ដោយឡែកនៅខែវិច្ឆិកា ឆ្នាំ២០២៤ នេះ សភាអឺរ៉ុប បានជំរុញទៅគណៈកម្មការអឺរ៉ុប ឱ្យសើរើឡើងវិញ ពីការផ្តល់ការអនុគ្រោះពន្ធ ដែលនៅសេសសល់ ៨០% ជាមួយកម្ពុជា។ សេចក្តីសម្រេច ដែលសភាអឺរ៉ុបស្នើឡើងជាថ្មីទៀតនៅពេលនេះ ក្រោមហេតុផលថា អ្នកទោសនយោបាយទាំងអស់ របស់គណបក្សជំទាស់ ត្រូវតែដោះលែង ដោយគ្មានលក្ខខណ្ឌ។ បើមិនដូច្នេះទេ ប្រព័ន្ធអនុគ្រោះពន្ធ ដែលនៅសល់ចុងក្រោយ ៨០% នេះ គណៈកម្មការអឺរ៉ុបនឹងត្រូវដកហូត និងបិទផ្លូវសម្រាប់កម្ពុជា៕
ដោយ៖ លោក សែន សច្ចៈ