តុលាការខេត្តព្រៃវែង បានបង្គាប់ឱ្យប្រធានគណបក្សដើម្បីកម្ពុជា ចូលខ្លួនផ្តល់សក្ខីកម្មក្នុងសំណុំរឿងព្រហ្មទណ្ឌ កេងយកផលប្រយោជន៍ដោយខុសច្បាប់ ដែលប្រធានគណបក្សរូបនេះប្តឹងមន្រ្តី នៅថ្នាក់ក្រោមជាតិចំនួន១០នាក់ ពីបទកិបកេងលុយ តាមរយៈមធ្យោបាយបង់ពន្ធផ្លូវ និងបំពេញការងារខុសវិជ្ជាជីវៈ។
ព្រះរាជអាជ្ញារង នៃតុលាការខេត្តព្រៃវែងលោក យន់ សំណាង បានចេញដីកាបង្គាប់កាលពីថ្ងៃទី៩ ខែធ្នូ ឱ្យលោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ចូលឆ្លើយបំភ្លឺនៅថ្ងៃទី១៧ ខែធ្នូ នេះតបទៅនឹងបណ្តឹង ដែលប្តឹងមន្រ្តីចំនួន១០នាក់ នៅក្នុងខេត្តព្រៃវែង។
តាមរយៈសំណុំរឿងព្រហ្មទណ្ឌនេះ ប្រធានគណបក្សដើម្បីកម្ពុជា បានប្តឹងមន្រ្តីទាំងនោះ ដោយចោទប្រកាន់ពីបទ «កេងយកផលប្រយោជន៍ ដោយខុសច្បាប់ និងឆបោក»។
ហើយនៅក្នុងដំណាក់កាល នៃការ ផ្តល់សក្ខីកម្មនេះ តុលាការបានបង្គាប់ឱ្យប្រធានគណបក្សរូបនេះ ត្រូវភ្ជាប់មកនូវឯកសារដាក់បន្ទុកផ្សេងទៀត បើមានដើម្បីបានជាមូលដ្ឋាន ទុកឱ្យតុលាការពិចារណា។
ជុំវិញរឿងនេះ លោក ឯម សុខសុវណ្ណ ប្រាប់សំឡេងប្រជាធិបតេយ្យ វីអូឌី នៅថ្ងៃអង្គារនេះថា ក្នុងនាមជាដើមបណ្តឹង លោកបានចូលផ្តល់សក្ខីកម្មរួចហើយ នៅចំពោះមុខតំណាងអយ្យការ។ ប៉ុន្តែជោគវាសនា នៃរឿងក្តីនេះ មានដំណើរការបែបនេះ គឺត្រូវរង់ចាំនីតិវិធីបន្ទាប់ទៀត។
បើតាមលោក ឯម សុខសុវណ្ណ នៅក្នុងដំណាក់កាលនេះ ជានីតិវិធី នៃការស៊ើបអង្កេតរបស់តុលាការ ប៉ុន្តែក្នុងនាមជាម្ចាស់បណ្តឹង យ៉ាងណាលោកនឹងដាក់ភស្តុតាងថ្មីៗបន្ថែមទៀត នៅក្នុងសំណុំរឿងនេះ។
លោកថា៖ «ចំពោះរូបខ្ញុំ ខ្ញុំបានឆ្លើយអស់ហើយ ទាក់ទងអង្គហេតុ ក៏ជាសំណូមពរនានា។ ហើយសួរថាតើចំណាត់ការ និងនីតិវិធីរបស់តុលាការយ៉ាងណានោះ យើងអត់ដឹងថាយ៉ាងណាទេពីព្រោះស្ថិតនៅក្នុងដែនសមត្ថកិច្ច និងក្នុងដៃតុលាការ។ តុលាការគាត់នឹងសាកសួរហើយ និងស៊ើបអង្កេតបឋមបន្តទៅទៀត។ ព័ត៌មានយ៉ាងណានោះ ខ្ញុំនឹងជម្រាបជូន ហើយខ្ញុំនឹងដាក់ភស្តុតាងបន្ថែមទៅទៀត»។
ទាក់ទិនអង្គហេតុនេះ នៅក្នុងបណ្តឹងរបស់លោក ឯម សុខសុវណ្ណ បង្ហាញថា នៅឆ្នាំ២០២៣ លោកត្រូវជាប់ពន្ធលើមធ្យោបាយធ្វើដំណើរមិនទាន់បានទូទាត់ ប៉ុន្តែនៅក្នុងឆ្នាំដដែលនេះ លោកបានទូទាត់ពន្ធទាំងចាស់ និងថ្មីរួចរាល់ហើយ ដែលមានចំនួនសរុប១លាន ៦០ម៉ឺនរៀល។ ប៉ុន្តែក្នុងពេលដែលលោកបង់ពន្ធរថយន្ត ឬបង់ពន្ធលើមធ្យោបាយធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ ស្រាប់តែឈ្មោះរបស់លោកត្រូវនៅជាប់ពន្ធឆ្នាំចាស់មិនទាន់ទូទាត់អស់នៅឡើយ ដែលមានចំនួនសរុបទាំង២ឆ្នាំ ២លាន ៤០ម៉ឺនរៀលទៅវិញ។
តាមរយៈសាររៀបរាប់នៅលើបណ្តាញសង្គម ហ្វេសប៊ុក ប្រធានគណបក្សនយោបាយ ដែលទើបង្កើតឡើងថ្មោងថ្មីរួបនេះ បញ្ជាក់ថា ដោយមិនអស់ចិត្តចំពោះកាតព្វកិច្ចនៅជាប់ពន្ធ លើមធ្យោបាយធ្វើដំណើរផ្លូវគោកទៀតនេះ ខ្លួនបានហៅទូរស័ព្ទទៅអគ្គនាយកដ្ឋានពន្ធដារ តាមរយៈលេខ ១២៧៧ ហើយត្រូវបានបញ្ជាក់ត្រឡប់មកវិញថា ឈ្មោះរបស់លោកពិតជានៅជាប់ពន្ធឆ្នាំចាស់ ដែលមិនទាន់បានទូទាត់ពិតប្រាកដមែន។
ឆ្លើយតបរឿងនេះ លោក ឃឹម ហៀង ប្រធានការិយាល័យពន្ធដារខេត្តព្រៃវែង ធ្លាប់បដិសេធថាលោកមិនជាប់ពាក់ព័ន្ធ ដូចការចោទប្រកាន់នេះទេ។ ជុំវិញរឿងនេះ សំឡេងប្រជាធិបតេយ្យ វីអូឌី មិនទាន់អាចស្នើសុំការបំភ្លឺបាននៅឡើយ ពីលោក យន់ សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្ត។
ចំណែក លោក ហូរ ស៊ីឃ័រ ក្រឡាបញ្ជី នៃតុលាការខេត្តព្រៃវែង ដែលនៅស្តាប់ការសួរចម្លើយដោយផ្ទាល់ នៅព្រឹកនេះដែរ បដិសេធក្នុងការផ្តល់យោបល់ ដោយអះអាងថា កិច្ចការនេះជាការទទួលបន្ទុករបស់ស្ថាប័នអយ្យការ។
លោកថា៖ «ខ្ញុំអត់មានសិទ្ធិឆ្លើយតបទេ ព្រោះខ្ញុំអត់មែនជាព្រះរាជអាជ្ញាទេ។ ខ្ញុំសូមអាធ្យាស្រ័យផង។ ការងារនេះ បងអាចទាក់ទងទៅអ្នកនាំពាក្យទៅបង »។ នៅក្នុងបណ្តឹងដែលប្រធានគណបក្សដើម្បីកម្ពុជា ដាក់ប្តឹងទៅស្ថាប័នអយ្យការ អមតុលាការខេត្តព្រៃវែង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺមានមន្រ្តីចំនួន១០នាក់ ដែលជាប់ពាក់ព័ន្ធនៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ រួមមានលោក សេក វណ្ណា ប្រធានសាខាពន្ធដារខេត្ត លោក ឃឹម ហៀង ប្រធានការិយាល័យពន្ធដារស្រុកពាមរក៍ លោក ទីន ភារម្យ មន្រ្តីសាលាខេត្ត ឯម សុភាព ប្រធានការិយាល័យពន្ធដារស្រុកមេសាង លោក ខុន កុសល ប្រធានការិយាល័យពន្ធដារស្រុកព្រះស្តេច លោក កែវ ស៊ីយឿន ប្រធានការិយាល័យពន្ធដារស្រុកបាភ្នំ លោក នាថ តារា និងលោក រ៉ី ភារុន ជាមន្រ្តីការិយាល័យពន្ធដារស្រុកពាមរក៏ លោកវរសេនីយ៍ទោ ច្រឹក ហ៊ល នាយករងផ្នែក នៃការិយាល័យចរាចរណ៍ផ្លូវគោក និងអនុសេនីឯក លោក ហំ ចំរើន នាយការិយាល័យគីមីសាស្រ្ត ខេត្តព្រៃវែង៕
ដោយ៖ លោក ប៉ុល សម្បត្តិ