ក្រុមអ្នករងគ្រោះ ចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង បានធ្វើយុទ្ធនាការលើបណ្តាញសង្គមបង្ហាញមុខមន្ត្រីពាក់ព័ន្ធមួយចំនួន ក្នុងជួរគណបក្សកាន់អំណាច ក្នុងនោះមានលោកស្រី ម៉ែន សំអន ដើម្បីជំរុញយុត្តិធម៌ ខណៈវិបត្តិបំណុលបានសម្លាប់ពួកគេកើនដល់ ១៦នាក់ គ្មានការធានាយុត្តិធម៌។
មន្ទិលរបស់ក្រុមជនរងគ្រោះហាក់ស៊ីគ្នា ទៅនឹងទំនាក់ទំនងគ្នា រវាងអតីតឧកញ៉ា ហ៊ី គឹមហុង ជាមួយលោក ហេង សំរិន ខណៈ អនុក្រឹតចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា លោក ហ៊ី គឹមហុង គឺជាទីប្រឹក្សារបស់លោក ហេង សំរិន កាលនៅជាប្រធានរដ្ឋសភា។
តាមរយៈរូបភាពជនរងគ្រោះបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនោះ លោក ហ៊ី គឹមហុង និងភរិយារបស់ខ្លួន គឺលោកស្រី សាន សុទ្ធាវិន បានឈរថតជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន ជាដើម។
ជនរងគ្រោះម្នាក់ លោក មុច ពិសី ប្រាប់ វីអូឌី ថាដោយសារលោក ហ៊ី គឹមហុង យកអំណាចរបស់មន្រ្តីជាន់ខ្ពស់ក្នុងជួរបក្សកាន់អំណាចមកបង្ហាញពលរដ្ឋ ទើបធ្វើឱ្យមានការជឿជាក់យកលុយទៅវិនិយោគក្នុងក្រុមហ៊ុនឆបោកពិភពដីមាសនេះ។
លោកថា៖ «ដោយសារតែរូបភាពប៉ុន្មានសន្លឹក ដែលគាត់បានថតជាមួយថ្នាក់ដឹកនាំ កំពូលនៅក្នុងប្រទេសហ្នឹងហើយ យកមកបង្ហាញប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ជឿទុកចិត្តកក់ក្តៅ ថា បងប្អូនមិនបាច់ភ័យខ្លាច មិនបាច់ព្រួយបារម្ភទេ មានអ្នកធំនៅពីក្រោយជួយជ្រោមជ្រែង ជួយអីចឹងទៅ»។
លោកប្រាប់ថា បច្ចុប្បលោកបានចំណាកស្រុកមករាជធានីភ្នំពេញ ធ្វើជាសន្តិសុខ ក្រោយចាញ់បោកក្រុមហ៊ុនពិភពដីមាសជិត ៥ម៉ឺនដុល្លារ ជាលុយខ្ចីពីធនាគារ ធ្វើឱ្យលោកជួបវិបត្តិបំណុលវ័ន្តកក្នុងពេលបច្ចុប្បន្ន។
បើតាមលោក មុច ពិសី មានអ្នកស្លាប់កើនដល់ ១៦នាក់ហើយ ក្រោមសម្ពាធបំណុល ដែលវិបត្តិនេះលោកបានស្នើឱ្យរឹបអូសទ្រព្យសម្បត្តិលោក ហ៊ឺ គឹមហុង មកសងជនរងគ្រោះវិញ។
លោកថា៖ «ជាលុយកាក់សងមកប្រជាពលរដ្ឋវិញ តាមដែលអាចធ្វើទៅបាន ព្រោះថា ប្រជាពលរដ្ឋ មានអ្នកស្លាប់រាល់ថ្ងៃកើនដល់ ១៦នាក់ហើយ និងកំពុងតែមានជំងឺបាក់ទឹកចិត្ត ធ្លាក់ខ្លួនឈឺច្រើន ដោយសារវិបត្តិបំណុលធ្ងន់ធ្ងរ»។
តំណាងជនរងគ្រោះលោក សេង ហាន់ បានសរសេសារលើបណ្តាញសង្គមក្នុងន័យដើមថា៖ «ខ្ញុំធ្លាប់ឮថា ម្ចាស់ក្រុមហ៊ុនពិភពដីមាស មានអ្នកធំនៅពីក្រោយខ្នង មានខ្សែធំៗ ធ្លាប់ឮ។ ឥឡូវឃើញរូបថតពិត តើជាការពិត ឬយ៉ាងណា។ សូមថ្នាក់ដឹកនាំប្រទេសជួយបកស្រាយផង ប្រជាពលរដ្ឋរងគ្រោះដោយសារចាញ់បោកក្រុមហ៊ុនពិភពដីមាសនេះរាប់ពាន់គ្រូសារចំនួនប្រាក់ខាតបង់រាប់រយលានដុល្លារលុយយកទៅណារយៈពេលជិត ២ឆ្នាំហើយមិនទាន់បានយុត្តិធម៌»។
បន្ថែមលើនេះហ្វេសប៊ុកឈ្មោះ Dara Chanro រៀបរាប់ថា៖ «ដោយសារតែរូបភាពប៉ុន្មានសន្លឹកនេះហើយ ទើបលោក ហ៊ី គឹមហុង មានឱកាសបោកប្រាស់ប្រជាពលរដ្ឋមួយចំហៀងប្រទេសបែបនេះ។ ដូច្នេះសូមថ្នាក់ដឹកនាំមេត្តាជួយរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ទាំងអស់គ្នានេះផង»។
ក្រុមជនរងគ្រោះ ក៏បានទម្លាយសារសំលេងផ្តល់ឱ្យ វីអូឌី ដែលពួកគេអះអាងថា ជាសំលេងគំរាមរបស់បក្សពួកក្រុមហ៊ុនពិភពដីមាសដែលថា អតីតឧកញ៉ា ហ៊ី គឹមហុង មានបក្សកាន់អំណាចជាខ្នងបង្អែក ជាពិសេសលោកស្រី ម៉ែន សំអន ដែលជាអនុប្រធានបក្ស។
លោកថា៖ «ក្រុមហ៊ុនបក្សជួយហើយ។ ម្សិលម៉ិញនេះ តុលាការហៅ សេង ហាន់ (តំណាងជនរងគ្រោះ) ចូលបំភ្លឺរឿងក្រុមហ៊ុនដាក់ពាក្យបណ្តឹង ហើយ សេង ហាន់ ឡើងគ្នាភ័យខ្លួន។ ក្រុមហ៊ុន អត់ដូចក្រុមហ៊ុនមុនទេ អ្នកឧកញ៉ា លោក ជំទាវបីថ្ងៃនេះ ដើរជួបគេច្រើនណាស់ ទៅជួប ថ្នាក់ដឹកនាំកំពូលៗ សម្តេច ហ៊ុន សែន លោកជំទាវ ម៉ែន សំអន ប្រហែលជាបក្សជួយហើយ ទោះបីគាត់ប្រកាសក្ស័យធន់ ក្រុមហ៊ុនដីមាសមួយ តែក្រុមហ៊ុន នៅ១៥ក្រុមហ៊ុនទៀត»។
កន្លងទៅ លោកស្រី ម៉ែន សំអន ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រតាមរយៈហ្វេសប៊ុករបស់ខ្លួន ក៏ធ្លាប់កោតសរសើរចំពោះ ក្រុមហ៊ុនឆបោកពិភពដីមាស ដែលចូលរួមយ៉ាងសកម្ម ជាមួយរដ្ឋាភិបាលក្នុងសកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំរបស់លោក ហ៊ី គឹមហុង។ ការសសើរនេះដោយ លោកស្រីបានទទួលអង្ករចំនួន២០តោន ពីអតីឧកញ៉ា ហ៊ី គឹមហុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។
ពាក់ព័ន្ធអំពើឆបោកក្នុងក្រុមហ៊ុនពិភពដីមាសនេះ ព្រះមហាក្សត្របានចេញរាជក្រឹត្យនៅខែមេសា ឆ្នាំ២០២៤ បញ្ចប់គោរមងារអ្នកឧកញ៉ាពីលោក ហ៊ី គឹមហុង តាមស្នើពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
វីអូឌី មិនអាចរកការឆ្លើយតបពីលោក ហេង សំរិន និងលោក ស្រី ម៉ែន សំអន បានទេគិតត្រឹមម៉ោងផ្សាយនេះ ខណៈអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មិនអាចទាក់ទងតាមប្រព័ន្ធទូរសព្ទបាន។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្ស លីការដូ និយាយថា រឿងក្តីអតីតឧកញ៉ា ហ៊ី គឹមហុង នេះ តុលាការគួរពន្លឿននីតិវិធី រឹបអូសទ្រព្យមកសងជនរងគ្រោះវិញ ព្រោះ ពលរដ្ឋកំពុងរងភាពអយុត្តិធម៌ទ្វេរដង គឺដោយសារអំពើឆបោកផង និងវិបត្តិបំណុលផល។
លោកសង្គត់ធ្ងន់ថា បើតុលាការមិនពន្លឿនយុត្តិធម៌សម្រាប់ជនរងគ្រោះទេ ការសង្ស័យថាមានមន្រ្តីមានអំណាចកាងនៅពីក្រោយក្រុមហ៊ុនឆបោកនេះ នៅតែកើតមានដែលវាប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាលផងដែរ។
លោកថា៖ «មន្ទិលសង្ស័យនៅតែបន្តថាហេតុអីក្រុមហ៊ុនមួយចំនួនមានការរឹបអូសទ្រព្យសម្បត្តិមានការចាប់ខ្លួន ហើយដំណើរការតាមនីតិវិធី! ហើយចុះហេតុអីបានជាក្រុមហ៊ុនពិភពដីមាស ជាពិសេសអតីតឧកញ៉ាហ្នឹង! ម៉េចក៏មិនឃើញមានដំណើរការនីតិវិធីដូចគ្នា។ ជាការមួយសង្ស័យហើយវាធ្វើឱ្យប៉ះពាល់ផងដែរចំពោះមុខមាត់ដល់ថ្នាក់ដឹកនាំ ដល់មន្រ្តីជាន់ខ្ពស់ដែល អ្នកទាំងអស់ហ្នឹងយករូបភាពទៅប្រើប្រាស់ក្នុងការឆបោក ឬធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះ ដើម្បីបំបាត់មន្ទិលទាំងអស់នេះ វាត្រូវតែមាន ចំនាត់ការច្បាប់ឱ្យខានតែបាន»។
អ្នកចាញ់បោកមានសរុបចំនួន ៨០០០នាក់ បាត់បង់ថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក។
អតីតឧកញ៉ារូបនេះ ត្រូវបានឃុំខ្លួនប្រមាណ ៤ខែ តែត្រូវតុលាការដោះលែងវិញ ក្រោយជនឆបោករូបនេះ ឱ្យជនរងគ្រោះផ្តិតមេដៃ ដើម្បីបាននៅក្រៅឃុំរកលុយសងពលរដ្ឋវិញ តែពេលបាននៅក្រៅឃុំ លោកមិនបានគោរពតាមសន្យារកលុយសងពលរដ្ឋនោះទេ។
ក្រុមជនរងគ្រោះបានឱ្យដឹងថា ក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនឆបោកពិភពដីមាស ក្រៅពីអតីតឧកញ៉ា ហ៊ី គឹមហុង នៅមានបក្សពួកមានងារជាឧកញ៉ា ៣រូប ទៀត ដែលបានបោកពលរដ្ឋដែលរួមមាន ឧកញ៉ា ចេង សង្ហាក់ ឧកញ៉ា ហ៊ី វាសនា និងឧកញ៉ា ឧកញ៉ា ថូ វុទ្ធី ដែលឧកញ៉ាទាំងនោះកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។
បើតាមក្រុមអ្នកចាញ់បោក ក៏បានព្រមានពីរលកតវ៉ាទ្រង់ទ្រាយធំដែរ បើគ្មានការចាប់ខ្លួនឧកញ៉ាឆបោកទាំងនោះដាក់ពន្ធនាគារ និងរឹបអូសទ្រព្យសម្បត្តិមកសងពួកគេវិញទេនោះ ខណៈមានអ្នកស្លាប់ដោយសារវិបត្តិបំណុលកើនដល់១៦នាក់។
ដោយ៖ លោក សែន សច្ចៈ