អ្នកធ្វើការលើវិស័យព័ត៌មានមួយចំនួន នៅតែបង្ហាញការព្រួយបារម្ភ ពីការយាយីទៅលើអ្នកកាសែត ដែលធ្វើសេចក្តីរាយការណ៍ដើម្បីកែលម្អសង្គម បើទោះបីរដ្ឋាភិបាលផ្តល់ភ្លើងខៀវទទួលយកមតិរិះគន់ ដើម្បីបុព្វហេតុប្រជាធិបតេយ្យក្តី។
ក្តីបារម្ភនេះ បន្ទាប់ពីមានករណីបាញ់សម្លាប់អ្នកសារព័ត៌មានម្នាក់ នៅខេត្តសៀមរាបថ្មីៗនេះ និងមានករណីតុលាការខេត្តកណ្តាល បង្កាប់ឱ្យឃុំខ្លួន អ្នកកាសែតពីរនាក់ ក្រោយនគរបាលចាប់ខ្លួន។
នាយករដ្ឋមន្ត្រី្កកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈសារលិខិតមួយច្បាប់ ផ្ញើទៅកាន់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី២១ ហាក់បានផ្តល់ភ្លើងខៀវថា រដ្ឋាភិបាលរបស់លោក ត្រូវការអ្នកកាសែតដើរតួនាទីឆ្លុះបញ្ចាំងបញ្ហាសង្គម និងហ៊ាននិយាយ រិះគន់ក្នុងន័យស្ថាបនា ដើម្បីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ កសាងសង្គមមួយប្រកបដោយយុត្តិធម៌។
ចំនុចមួយក្នុងចំណោមចំនុចជាច្រើនទៀត ក្នុងសារលិខិត ដែលមានកម្រាស់ ៣ទំព័រ លោក ហ៊ុន ម៉ាណែត ជាឈាមថ្មីរបស់គណបក្សកាន់អំណាច បានគូសបញ្ជាក់ថារដ្ឋាភិបាលរបស់លោក ត្រូវការសារព័ត៌មាន ដែលមានថាមពល ប្រកបដោយការទទួលខុសត្រូវ និងមានវិជ្ជាជីវៈ ហ៊ាននិយាយការពិត រិះគន់ក្នុងន័យស្ថាបនា ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញ នូវគ្រប់តថភាពសង្គម ដើម្បីជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ។
លោកសង្កត់ធ្ងន់ថា៖ « រដ្ឋាភិបាលត្រូវការ នូវការរួមចំណែក ដើម្បីប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយ ប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែលជាបំណងប្រាថ្នា និងជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា»។
តែយ៉ាងណា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន ១៤ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ករណីបាញ់សម្លាប់អ្នកកាសែត លោក ឈឿង ឈឹង វ័យ ៦៣ឆ្នាំ ដែលគាត់ត្រូវបានជនសង្ស័យបាញ់ ដោយប្រើកាំភ្លើងកែច្នៃ ត្រូវចំ ពោះ បណ្តាលឱ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ហើយបានស្លាប់នៅថ្ងៃទី៧ ខែធ្នូ ការសង្គ្រោះមិនបានជោគជ័យ ក្រោយអ្នកកាសែតរូបនោះ រាយការណ៍ពីបទល្មើសព្រៃឈើ ដែលឃាតកម្មលើអ្នកសារព័ត៌មានវ័យ ៦៣ឆ្នាំ ស្ថិតក្នុងអាណត្តិដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ទាមទារឱ្យមានការស៊ើបអង្កេត ប្រកបដោយតម្លាភាព ដើម្បីដឹងមូលហេតុនៅពីក្រោយនៃឃាតកម្មនេះ។
ដោយឡែក នៅថ្ងៃទី១៣ និង១៤ ខែធ្នូនេះ អ្នកកាសែតទាំងពីររូបទៀត មានឈ្មោះ សូរ សំបូរ និង នឿប ប៊ុនត្រូវបានតុលាការខេត្តកណ្តាលចាប់ខ្លួន។
បន្ទាប់មកតុលាការ ខេត្តនេះ បានបង្គាប់ឱ្យឃុំខ្លួនពួកគេទាំងពីររូបជាបណ្ដោះអាសន្ន នៅពន្ធនាគារ ក្រោមបទចោទ «ការគំរាមកំហែង ហែកកេរ្តិ៍» ដោយសំអាងថា ការចុះផ្សាយព័ត៌មានមិនពិត ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះ របស់អាជ្ញាធរ និងថ្នាក់ដឹកនាំ និងបទជំរិតទារប្រាក់ចំនួន ២០០ដុល្លារ ពីគណនីតេឡេក្រាម ឈ្មោះ Veasna ជាថ្នូរមិនចុះផ្សាយ។
អតីតតំណាងរាស្ត្រ គណបក្សសង្ក្រោះជាតិ ដែលបច្ចុប្បន្នជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ត និយាយថាតាមការអង្កេតរបស់លោក សាររបស់លោក ហ៊ុន ម៉ាណែត ហាក់ផ្ទុយទៅនឹងសេចក្តីថ្លែងការណ៍នានា របស់សហគមន៍ជាតិ និងអន្តរជាតិ។
លោកគូសបញ្ជាក់ថា នៅប្រទេសប្រជាធិបតេយ្យជឿនលឿន អ្នកសារព័ត៌មានមិនត្រូវបានចាប់ចងដាក់ពន្ធនាគារ ដោយសារតែការធ្វើសេចក្តីរាយការណ៍ឆ្លុះបញ្ចាំងពីបញ្ហាសង្គម ដូចនៅកម្ពុជាទេ។
អតីតតំណាងរាស្ត្ររូបនោះផ្តល់យោបល់ថា ដើម្បីឱ្យអ្នកសារព័ត៌មានហ៊ានធ្វើសេចក្តីរាយការណ៍ ដោយគ្មានការភ័យខ្លាច ដើម្បីចូលរួមកែលម្អប្រព័ន្ធយុត្តិធម៌ និងដើម្បីការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យបាន រដ្ឋាភិបាលចាំបាច់ត្រូវមានវិធានការពីរ។
វិធានការទី១ រដ្ឋាភិបាលត្រូវប្រាកដខ្លួនឯងថា ប្រព័ន្ធតុលាការត្រូវជាស្ថាប័នឯករាជ្យ មិនត្រូវបានប្រើប្រាស់ ដើម្បីការពារប្រយោជន៍មន្ត្រីខិលខូច និងវិធានការទី២ ត្រូវធានាថា កំហុសអ្នកសារព័ត៌មាន មិនត្រូវបានចាប់ចង ដាក់ពន្ធនាគារនោះទេ ដោយអនុលោមទៅតាមច្បាប់ ស្តីពីរបបសារព័ត៌មាន។
លោកថា៖ «ទី២ ទាល់តែរដ្ឋាភិបាល មានវិធានការចំពោះជនខិលខូច ចំពោះអាជ្ញាធរខិលខូច ដែលមានការប៉ុនប៉ងធ្វើបាបអ្នកសារព័ត៌មាន ធ្វើទុក្ខបុកម្នេញអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋអ្នកចែករំលែកព័ត៌មានហ្នឹង ទាល់តែមានវិធានការក្តៅច្បាស់លាស់មែនទែន ព្រោះជួលកាលទៅអ្នកនៅមូលដ្ឋាន អាជ្ញាធរខ្លះនៅថ្នាក់ក្រោមជាតិ ឬក៏ថ្នាក់ជាតិក៏ដោយ ឱ្យតែពាក់ព័ន្ធរឿងផលប្រយោជន៍របស់គាត់ គាត់ធ្វើទុក្ខបុកម្នេញដល់អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋអ្នកចែកចាយព័ត៌មានហ្នឹង»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា គាំទ្រចំណាត់ការរដ្ឋាភិបាលដែលលើកទឹកចិត្តឱ្យអ្នកសារព័ត៌មានហ៊ាននិយាយការពិត ឬហ៊ានរិះគន់ចំពោះភាពខ្វះចន្លោះរបស់មេដឹកនាំ។
តែយ៉ាងណាលោកយល់ថា សេរីភាពសារព័ត៌មាន នៅកម្ពុជា នៅតែមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ជាពិសេសព័ត៌មាន ដែលរសើបពាក់ព័ន្ធការដឹកនាំនយោបាយរបស់រដ្ឋាភិបាលជាដើម។
ម្យ៉ាងវិញទៀតលោកថាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា នៅបន្តរងការរឹតត្បិតនៅឡើយ ហើយអ្នកសារព័ត៌មានមួយចំនួន តែងប្រឈមបញ្ហាក្នុងការអនុវត្តសិទ្ធិរបស់ពួកគេ អំឡុងចុះយកព័ត៌មានផ្ទាល់។
លោកថា៖ «នៅក្នុងសង្គមប្រជាធិបតេយ្យ គឺសារព័ត៌មាននឹងវាជាសរសរស្តម្ភមួយ នៅក្នុងសរសរស្តម្ភជាច្រើន នៃសរសរស្តម្ភប្រជាធិបតេយ្យ ព្រោះថាសេរីភាពសារព័ត៌មាន នឹងវាជាកញ្ចក់ឆ្លុះបញ្ចាំងអំពីអ្វីដែលរដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាល ឬក៏អាជ្ញាធរ នឹងបានប្រព្រឹត្តិតើវាមានលក្ខណៈត្រឹមត្រូវ ឬក៏មិនត្រឹមត្រូវ ដូច្នេះបើសិនជាយើងមិនបង្កលក្ខណៈឱ្យសារព័ត៌មាន ដែលហ៊ាននិយាយរិះគន់ ហ៊ាននិយាយស្ថាបនាពីកំហុសឆ្គងទេ អាហ្នឹងគឺវាមិនមែនជាកញ្ចក់ដែលត្រូវឆ្លុះបញ្ចាំងទេ វាផ្ទុយពីដំណើរការគោលការណ៍ប្រជាធិបតេយ្យ»។
រីឯអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយវិញយល់ថា វិធានការចាប់អ្នកសារព័ត៌មាន ដាក់ពន្ធនាគារ តិចឬច្រើន វានឹងបង្កឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាន។
ប៉ះពាល់នៅត្រង់ថា នៅពេលដែលអ្នកសារព័ត៌មាន ព្យាយាមចុះផ្សាយពីភាពអវិជ្ជមានក្នុងសង្គម ប៉ះពាល់ផលប្រយោជន៍មន្ត្រីខិលខូច ស្របពេលដែលប្រព័ន្ធតុលាការមិនឯករាជ្យនោះ អ្នកធ្វើសេចក្តីរាយការណ៍ដើម្បីឆ្លុះបញ្ចាំងសង្គម អាចក្លាយជាជនរងគ្រោះ ។
យ៉ាងណា ពួកគេចង់ឃើញរដ្ឋាភិបាល ជំរុញឱ្យមានការស៊ើបអង្កេតប្រកបដោយការជឿជាក់មួយ ទៅលើបុគ្គល ដែលសន្យាឱ្យលុយអ្នកកាសែត ជាថ្នូរមិនចុះផ្សាយ ដែលបានកើតឡើងថ្មីៗនេះផងដែរ ដើម្បីធានាយុត្តិធម៌ សម្រាប់គ្រប់ភាគី និងបង្ហាញជំនឿទុកចិត្ត លើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល។
លោក ណប់ វី នាយកសមាគម សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា មានប្រសាសន៍ថា អ្នកសារព័ត៌មានមួយចំនួនបានប្រឈមនឹងការចោទប្រកាន់តាមផ្លូវតុលាការ នៅពេលដែលពួកគេលាតត្រដាងពីបទល្មើសផ្សេងៗ ខណៈអ្នកជាប់ពាក់ព័ន្ធបានលួងលោមអ្នកកាសែត ឱ្យទទួលប្រាក់ដែលនាំឱ្យមានភស្តុតាងដើម្បីដាក់បន្ទុកក្នុងសំណុំរឿងសូកប៉ាន់ ឬគំរាមកំហែងជាដើម។
លោក និយាយថា៖ «ខ្ញុំថា តិចឬច្រើន មានផលប៉ះពាល់ហើយ ដោយសារតែយើងឃើញថា ការព្យាយាមនូវ ការបើកកកាយ ការបង្ហាញនូវបទល្មើសផ្សេងៗ នៅក្នុងសង្គមរបស់អ្នកសារព័ត៌មានជានិច្ចកាល ពួកគាត់ប្រឈមបញ្ហាច្រើន ជាពិសេសគឺថា អាចនឹងងាយក្នុងការប្ដឹងផ្ដល់ ពីបទកំហែងយក ឬទទួលសំណូកសូកប៉ាន់ ពីប្រភពព័ត៌មានអីចឹងជាដើម»។
ចំណែកលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា សង្កេតឃើញថា បទចោទលើអ្នកសារព័ត៌មាននេះ បានបង្ហាញថា កំហុសរបស់គេ គឺពុំជាប់ពាក់ព័ន្ធនឹងវិជ្ជាជីវៈនៅក្នុងការផ្សាយព័ត៌មាននោះឡើយ។
លោក សង្ឃឹមថា ការស៊ើបអង្កេតមួយដ៏ត្រឹមត្រូវ នឹងមានចំពោះអ្នកកាសែតទាំងពីររូបនេះ ដើម្បីធានាថា បទចោទប្រកាន់លើពួកគេនេះ ផ្អែកលើអង្គហេតុ និងអង្គច្បាស់ពិតមែន។
លោក និយាយថា៖ «ការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ទៅលើករណីនេះវាទាមទារ ដើម្បីឱ្យដឹងថាតើជាកំហុសបំពាននឹងវិជ្ជាជីវៈ ឬមួយក៏មានអ្វីដែលខុសពីវិជ្ជាជីវៈ ហើយក៏ទៅជារងគ្រោះទៅវិញ។ ចឹងការស៊ើបអង្កេតត្រូវចាំបាច់ហើយ ដើម្បីធ្វើយ៉ាងណាដើម្បីធានាថា មានភាពត្រឹមត្រូវនៅក្នុងការចោទប្រកាន់នេះ ទាំងសងខាង»។
ជុំវិញបញ្ហានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស លីកាដូ កាលពីថ្ងៃទី១១ ខែធ្នូនេះ បាននិយាយថា នៅក្នុងឆ្នាំ ២០២៤ នេះ មានការឃាត់ ចាប់ខ្លួន និងឃុំខ្លួនក្នុងពន្ធនាគារ យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅលើសកម្មជននយោបាយ សកម្មជនសហជីព សិស្សនិស្សិត សកម្មជនការពារបរិស្ថាន និងពលរដ្ឋសាមញ្ញដទៃទៀត។
សម្រាប់លីកាដូ បានគូសបញ្ជាក់ថា ឆ្នាំ២០២៤នេះ អាជ្ញាធរកាន់តែបន្តបំបិទសំឡេងអ្នកដែលតែងរិះគន់ដល់គោលនយោយបាយរបស់រាជរដ្ឋាភិបាល សកម្មជនដែលតែងតែធ្វើការតស៊ូមតិ ដើម្បីសិទ្ធិមនុស្ស និងពលរដ្ឋសាមញ្ញដែលតែងបញ្ចេញមតិ ឬបង្ហាញពីការយល់ឃើញរបស់ពួកគេជាដើម។
នេះជ្រុងមួយទៀត បញ្ជាក់ថា នៅអាណត្តិដឹកនាំរបស់ លោក ហ៊ុន ម៉ាណែត ហាក់រដ្ឋាភិបាលជាឈាមថ្មីរបស់បក្សកាន់អំណាចនេះ គ្មានចេតនា ទទួលយកមតិរិះគន់ ដើម្បីបុព្វហេតុប្រជាធិបតេយ្យទេ។ ជ្រុងមួយទៀត បើគេសង្កេតលើរបាយការណ៍ ថ្មីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលចេញផ្សាយកាលពីចុងខែវិច្ឆិកា បានវាយតម្លៃថា «សិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន នៅតែបន្តរងការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដោយអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស រងការបង្ក្រាប និងការដៅមុខសញ្ញាដោយសារតែការអនុវត្តសិទ្ធិស្របច្បាប់ក្នុងការរាយការណ៍ និងការតស៊ូមតិសំខាន់ៗរបស់ខ្លួន៕
ដោយ៖ លោក ប៉ុល សម្បត្តិ