អ្នកឃ្លាំមើលកិច្ចការព្រំដែន និងអ្នកនយោបាយគណបក្សប្រឆាំង ចោទប្រកាន់ថា ដោយសារតែរដ្ឋាភិបាលរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ធ្លាប់មានចំណុចខ្សោយនៅក្នុងដៃ និងមានថៃជាបង្អែកដើម្បីជួយរក្សាអំណាចឱ្យក្រុមគ្រួសាររបស់លោកបានគ្រប់គ្រងប្រទេសតទៅមុខទៀត ហេតុនេះវាគឺជាមូលហេតុដ៏ចម្បងក្នុងចំណោមហេតុផលដទៃទៀត ដែលជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ត្រូវបង្ខំចិត្តរក្សាភាពស្ងប់ស្ងាត់ក្នុងវិវាទជម្លោះកោះគុតនេះ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លើកឡើងថា ការបន្តរក្សាជំហរមិនតបត និងគ្មានគោលការណ៍ផ្លូវច្បាប់ ប្រឆាំងភាគីថៃ រឿងវិវាទកោះគុតនេះ មិនមែនដើម្បីរក្សាមិត្តភាព ឬក្រោមហេតុអ្វីផ្សេង ដូចដែលលោក ហ៊ុន ម៉ាណែត ធ្លាប់អះអាងនោះទេ។
ផ្ទុយទៅវិញ បញ្ហានេះ អ្វីដែលលោកនាយករដ្ឋមន្រ្តី ឡើងតាមការលើកបន្តុប និងជ្រោមជ្រែងរបស់ឪពុក ក៏ព្រោះតែលោក ហ៊ុន ម៉ាណែត ត្រូវបង្ខំចិត្តជួយបិទបាំងទោសកំហុសឪពុករបស់ខ្លួន ដែលធ្វើឱ្យកោះគុតនេះ ត្រូវបាត់បង់ជាយូរមកហើយ។
ក្រៅពីនេះទៀត កំហុសប្រវត្តិសាស្រ្តដ៏ធំរបស់ក្រុមគ្រួសារលោក ហ៊ុន សែន គឺព្រោះតែអំណាច ហ៊ានលះបង់សព្វបែបយ៉ាងសូម្បីទឹកដី ធ្វើយ៉ាងណាឱ្យតែអាចរក្សាអំណាចនៅក្នុងដៃបាន។
លើសពីនេះទៅទៀត អ្វីដែលជារឿងមន្ទិលមែនទែននោះ គឺនៅត្រង់ក្រុមគ្រួសារលោក ហ៊ុន សែន និងក្រុមគ្រួសារលោក ថាក់ស៊ីន អតីតនាយរដ្ឋមន្រ្តីថៃ រាប់អានគ្នាជាបងប្អូនធម៌ ចាក់ទឹកមិនលិច។
នេះក៏ជាមូលហេតុមួយដែរ ដែលនាំឱ្យក្រុមគ្រួសាររបស់លោក ហ៊ុន សែន មិនហ៊ានមាត់កអ្វីទាំងអស់រឿងជម្លោះកោះគុតនេះ។
បន្ថែមពីលើនេះទៀត ការបន្តរក្សាជំហរស្ងប់ស្រៀមនេះ លោក ហ៊ុន សែន ក៏នៅមានផលប្រយោជន៍ពីភាគីថៃមួយទៀតដែរ គឺទុកផ្លូវក្រោយ ក្នុងការបំបាត់សំឡេងប្រឆាំង ដែលជ្រកកោននៅលើទឹកដីថៃ ហេតុនេះការចំណាយកោះគុតមួយ ក៏មិនមែនជាឧបសគ្គអ្វីឡើយ សម្រាប់លោក ហ៊ុន សែន។
លោកថា៖ «សន្ធិសញ្ញាបារាំង-សៀម គំនូសហ្នឹងគឺត្រូវគូស ត្រង់ពីបង្គោលលេខ៧៣ ពីឆ្នេរត្រង់ទៅកោះគុត ហើយត្រង់ទៅខ្ពង់រាបបាតសមុទ្រ។ ត្រង់ដូចគំនូសអតីតរបបលោក លន់ នល់ ហើយនិងរបបសម្តេច សីហនុ ដែលគាត់ធ្លាប់បានធ្វើ។ អញ្ចឹងហ្អាស គូសត្រង់អញ្ចឹង។ អញ្ចឹងយើងអាចគ្រប់គ្រង លើដែនសមុទ្រខ្មែរចំនួន ៣ម៉ឺនគីឡូម៉ែត្រក្រឡា។ តែចម្លែកអីលោក ហ៊ុន សែន គាត់គូសឆ្វៀលកោះគុតចេញ។ ត្រង់ហ្នឹងហើយ ដែលយើងដាក់ការសង្ស័យលោក ហ៊ុន សែន មានការឃុបឃិតជាមួយរដ្ឋាភិបាល ថាក់ស៊ីន ជំនាន់ហ្នឹងបោះបង់កោះគុតចោល មិនតវ៉ាទេ។ ចំណុចហ្នឹងហើយ បានជាមកដល់បច្ចុប្បន្ននេះ បានជាលោក ហ៊ុន ម៉ាណែត មិនហ៊ាននិយាយរឿងកោះគុតហ្នឹង ជាមួយថៃទេ ពីព្រោះចំណុចខ្សោយនៅក្នុងដៃរបស់ថៃ »។
កាសែតបាងកកប៉ុស្តិ៍ និងកាសែត The Nation របស់ថៃ បានបន្តចុះផ្សាយព្រោងព្រាត ក្នុងរយៈប៉ុន្មានថ្ងៃកន្លងទៅនេះ ពីជំហរមេដឹកនាំរបស់ភាគីថៃ ទាំងអតីតនាយករដ្ឋមន្រ្តី លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងនាយករដ្ឋមន្រ្តីបច្ចុប្បន្ន ដែលជាកូនស្រីរបស់លោក បានបន្តអះអាងថាកោះគុត គឺជារបស់ភាគីថៃ ដែលគ្មានភាគីណាមួយ អាចកាន់កាប់បានឡើយ។
លោក ថាក់ស៊ីន ដែលលោក ហ៊ុន សែន ធ្លាប់អះអាងពេញៗមាត់ថា ជាបងប្អូនធម៌នឹងគ្នា និងរាប់អានចាក់ទឹកមិនលិច បានបន្តឡើង តាមរយៈការចេញផ្សាយដោយកាសែត The Nation កាលពីថ្ងៃទី១៧ ខែធ្នូ ទៀតថា កោះគុតជាកម្មសិទ្ធិផ្តាច់មុខតែមួយគត់របស់ថៃ។
បើតាមលោក ម៉ែន ណាត នៅក្នុងអនុសារណៈ នៃការយោគយល់គ្នា ឬហៅថា MOU ដែលលោក ហ៊ុន សែន និងលោក ថាក់ស៊ីន ធ្លាប់ចុះកិច្ចព្រមព្រៀងជាមួយគ្នា កាលពីឆ្នាំ២០០១ គឺលោក ហ៊ុន សែន បានកាត់ឆ្វៀលកោះគុតនេះ ចេញពីតំបន់ត្រួតស៊ីគ្នា នៃឧបសម្ព័ន្ធ ដែលត្រូវគ្រប់គ្រងដោយកម្ពុជាទៅហើយ។
ស្ថិតក្រោមហេតុផលនេះហើយ ទើបធ្វើឱ្យលោក ហ៊ុន សែន និងកូនប្រុសរបស់លោក ដែលឡើងកាន់អំណាចតាមការខ្នះខ្នែងរបស់លោក ត្រូវបង្ខំចិត្តបន្តរក្សាភាពស្ងប់ស្ងាត់ និងធ្វើមិនដឹងមិនឮ ដូចនៅពេលនេះ។
បើទោះជាយ៉ាងនេះក្តី កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ាណែត បានថ្លែងការពាររឿងវិវាទកោះគុត នេះថា អ្វីដែលរដ្ឋាភិបាលរក្សាជំហរស្ងៀមស្ងាត់ នោះក៏ព្រោះតែចង់បង្ហាញពីភាព ការទូតក្នុងរឿងនយោបាយ។ មួយវិញទៀត ការបន្តភាពអត់ធ្មត់នេះ ក៏ជាវិធី និងជាយុទ្ធសាស្រ្ត ក្នុងការបញ្ចៀសកំហឹង ដែលនាំឱ្យប្រទេសទាំងពីរ ត្រូវខាតបង់ប្រយោជន៍ទាំងសង្ខាងដែរ។
ផ្ទុយទៅវិញ លោក ហ៊ុន ម៉ាណែត ចោទប្រកាន់ថា ការលើកយកបញ្ហាជម្លោះដីកោះនេះ ជានយោបាយបញ្ឆេះកំហឹង របស់ក្រុមអ្នកនយោបាយគណបក្សប្រឆាំងសុទ្ធសាធ។ ពួកគេព្យាយាមកែប្រែស្ថានការណ៍នេះ ដើម្បីបង្កឱ្យមានភាពវឹកវរ នៅក្នុងសង្គមប៉ុណ្ណោះ។
លោកថា៖ «ចំលើយគឺផ្អែកលើមូលដ្ឋានពីរ ទី១គឺចាស់ទុំខាងនយោបាយ និងទី២គឺការទទួលខុសត្រូវចំពោះជាតិ និងប្រជាជនក្នុងការ ការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ។ មូលដ្ឋានពីរនេះហើយ បានជារដ្ឋាភិបាលមិននិយាយស្តីរឿងនេះ ព្រោះវាមិនមែនជាភាពចាស់ទុំ »។
ផ្ទុយពីនេះវិញ លោក អ៊ំ សំអាន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ចាត់ទុកថា អ្វីដែលលោកនាយករដ្ឋមន្រ្តី លើកឡើងនេះ វាគ្រាន់តែជាផ្នែកមួយនៃការជួយបិទបាំងទង្វើឪពុករបស់លោកប៉ុណ្ណោះ ដែលបានសាងកំហុសជាប្រវត្តិសាស្ត្រ ចំពោះជាតិ និងប្រជាជន។ លោក អ៊ំ សំអាន ចំអកថា ក្នុងឋានៈជាមេដឹកនាំប្រទេសមិនហ៊ានថ្លែងការពារ ឬធ្វើកំណត់ទូតប្រឆាំងការតវ៉ា ទៅភាគីថៃ ផ្ទុយទៅវិញបែរជាទុកឱ្យភាគីថៃ បន្តអួតក្អេងក្អាងរឿងកោះគុតនេះ ស្រេចតែនឹងចិត្ត ក្រោមហេតុផលតែម្យ៉ាងថា ឥរិយាបថរបស់រដ្ឋាភិបាលធ្វើនេះ គឺជាការរក្សាភាពអត់ធ្មត់។
លោកថា៖ «ហ៊ុន ម៉ាណែត គាត់ថាគាត់ចាស់ទុំ គាត់មិននិយាយស្តីនោះទេ។ គាត់និយាយថាគាត់នឹងមិននិយាយថា ទាមទារកោះគុតអីនោះទេ។ អញ្ចឹងនេះមិនមែនបង្ហាញថាជាភាពចាស់ទុំទេ ការធ្វើរបៀបនេះគឺជាមនុស្សកំសាកទៅវិញទេ ដែលមិនហ៊ានការពារទឹកដីរបស់ខ្លួន។ ហើយយើងមើលនាយករដ្ឋមន្រ្តីថៃគេហ៊ាននិយាយថាកោះគុត ជារបស់គេ ហេតុអីបានជាយើងមិនហ៊ាននិយាយថាកោះគុតជារបស់យើង។ យើងអន់ជាងមនុស្សស្រីទៅទៀតហ្នឹង។ ដូច្នេះបើនិយាយពីនាយករដ្ឋមន្រ្តីថៃ គេនិយាយថាកោះគុតជារបស់គេហ្នឹង គេមិនមែនជាមនុស្សចាស់ទុំទេអញ្ចឹង »។
បើតាមលោក អ៊ំ សំអាន ផ្អែកសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និងផែនទីឧបសម្ព័ន្ធបានកំណត់ថា ព្រំដែនកម្ពុជា-ថៃ ដើរតាមចំណុចខ្ពស់បំផុតនៃកោះគុត។
ហើយបើផ្អែកលើសន្ធិសញ្ញានេះ មានន័យថាកម្ពុជានឹងត្រូវទទួលបានមួយផ្នែក នៃកោះគុតដែរ មិនមែនភាគីថៃជាអ្នកកាន់កាប់តែម្នាក់ឯងបែបនេះឡើយ។ ក្រៅពីនេះតាមរយៈសន្ធិសញ្ញាព្រំដែនទឹកប្រវត្តិសាស្រ្តឆ្នាំ១៩៨២ ក្នុងពេលវៀតណាមគ្រប់គ្រងកម្ពុជាលោក ហ៊ុន សែន បានចុះហត្ថលេខាប្រគល់កោះត្រល់ ឱ្យវៀតណាម និងប្រជុំកោះមួយចំនួនទៀត។
តាមរយៈសន្ធិសញ្ញានេះដែរ គឺជាមូលហេតុដែលនាំឱ្យកោះគុតត្រូវរបូតទៅភាគីថៃ រួមទាំងតំបន់ត្រួតស៊ីគ្នានៅក្នុងសមុទ្រចំនួន ៣ម៉ឺនគីឡូម៉ែត្រក្រឡាបន្ថែមទៀត។
លោក អ៊ំ សំអាត លើកឡើងថា តាមរយៈឯកសារ ស្តីពីដែនទឹកប្រវត្តិសាស្រ្ត ឆ្នាំ១៩៨២នេះ កម្ពុជាត្រូវបាត់បង់ដែនសមុទ្រ ទៅប្រទេសជិតខាងមានវៀតណាម និងថៃជិត១ម៉ឺនគីឡូម៉ែត្រក្រឡា។
ស្របពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អះអាងថា នៅចំពោះមុខនេះ ភាគីទាំងពីរកំពុងបន្តល្បឿនក្នុងការកំណត់បង្គោលព្រំដែន សម្រាប់លោក ម៉ែន ណាត វិញបានលើកឡើងថា តាមពិតទៅ អ្វីដែលលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បន្តរក្សាភាពស្ងប់ស្ងាត់នេះ ព្រោះតែនៅជាប់ជំពាក់ផលប្រយោជន៍ ទាំងលើផ្នែកហិរញ្ញវត្ថុ និងនយោបាយជាមួយក្រុមគ្រួសារត្រកូលលោក ថាក់ស៊ីន ទើបមិនខ្វល់ខ្វាយពីរឿងបាត់បង់ទឹកដីដូចនេះ។
ប្រភពដដែលបន្តថា នៅក្នុងសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ និងរបបសាធារណៈរដ្ឋខ្មែរ របស់លោកសេនាប្រមុខ លន់ នល់ កោះត្រល់ និងប្រជុំកោះមួយចំនួន រួមទាំងកោះគុត ព្រមទាំងតំបន់ត្រួតស៊ីគ្នាជាដើមនេះ គឺនៅតែជារបស់ខ្មែរនៅឡើយទេ។ ប៉ុន្តែក្រោយពីគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមេដឹកនាំ បានកាន់កិច្ចការប្រទេស ក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ កោះធំៗមានកោះត្រល់ជាដើម និងចុងក្រោយគឺកោះគុតនេះ ត្រូវរបូតទៅក្នុងដៃប្រទេសជិតខាង ដោយគ្មានការប្តឹងផ្តល់ ឬធ្វើកំណត់ទូតតវ៉ាអ្វីទាំងអស់។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជារូបនេះ ចាត់ទុកថា ប្រសិនបើលោក ហ៊ុន ម៉ាណែត នៅបង្ខំចិត្តជួយបិទបាំង សកម្មភាពឪពុករបស់លោក ដែលកាត់កោះគុតឱ្យទៅភាគីថៃ ដែលធ្វើឱ្យបាត់តំបន់ត្រួតស៊ីគ្នាចំនួន ៣ម៉ឺនគីឡូម៉ែត្រការ៉េបន្ថែមទៀតនេះ គ្រួសាររបស់លោកនឹងជាប់ឈ្មោះជាជនក្បត់ជាតិ៕
ដោយ៖ កញ្ញា កែវ មរកត