អ្នក​ចាញ់​បោក​អ្នកស្រី ឡេង ចាន់ណា ទាមទារ​តុលាការ​ពន្លឿន​កាត់​ទោស លោក ស៊ាន បូរ៉ាត់

ក្រុមជនរងគ្រោះចាញ់បោកអ្នក​ស្រី ឡេង ចាន់ណា ទាមទារ​ឱ្យតុលាការ​ពន្លឿន​កាត់​ទោស លោក ស៊ាន បូរ៉ាត់ ជុំវិញ​ការ​អូសទាញ​ពួកគាត់​រាប់ពាន់​គ្រួសារ​ឱ្យធ្លាក់​ក្នុង​វិបត្តិ​បំណុល​ជាង​១ឆ្នាំ​ទៅ​នេះ ដើម្បី​បាន​លុយ​ដោះស្រាយ​វិបត្តិ​គ្រួសារ។

ការ​ជំរុញ​របស់​ជនរង​គ្រោះ​នេះ បន្ទាប់​ពីលោក ស៊ាន បូរ៉ាត់ បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្តសៀមរាប​ថ្មីៗ​នេះ ក្នុង​នាម​​ជា​សាក្សី ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ការ​ទាមទារ​យុត្តិធម៌​ ពី​សំណាក់​ជន​រងគ្រោះដែលចង់​ឱ្យ​ក្រុម​ឆបោក​សងលុយ​វិញ​នៅបន្ត​ជាប់​គាំង។

អ្នកនាំ​ពាក្យ​​សាលា​ដំបូង​​ខេត្ត​សៀមរាប លោក យិន ស្រាង អះអាង​​នៅ​​ថ្ងៃទី​២០ ខែធ្នូ​នេះ​​ថា តុលាការ​​​​កំពុង​​​ប​ន្ត​​ដំណើរ​ការ​រឿង​ក្តីនេះ​បន្ត​ទៀត ក្រោយ​លោក ស៊ាន បូរ៉ាត់ បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះមុខចៅក្រមស៊ើបសួរតាមដីការកោះ តែត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញសិន។

លោកថា៖ «កំពុងតែបន្តកិច្ចសួរ បន្តទៀត។យើងនឹងកោះហៅជនពាក់ព័ន្ធទាំងអស់មក មកស៊ើបសួរបន្តទៀតព្រោះរឿងនឹងវាច្រើន មិនទាន់ដឹងថា ត្រូវហៅអ្នកណាៗបន្តទៀត។ ក្រុមជនរងគ្រោះគាត់មានមេធាវីរដ្ឋាភិបាលជួយគាត់ ក្នុងការដាក់ពាក្យបណ្តឹងហើយ ចឹងបើគាត់មិនពេញចិត្ត អីយ៉ាងម៉េច ក្នុងកិច្ចរបស់ចៅក្រមស៊ើបហ្នឹង គាត់បា្រប់ទៅមេធាវីទៅ ឱ្យ គាត់បំពេញកិច្ចស្នើរសុំមកតុលាការ»។

ជនរងគ្រោះ​ម្នាក់ លោក យ៉ា សំអេង ចាញ់បោកលុយជាង ២ម៉ឺនដុល្លារ ប្រាប់ វីអូឌី ថា គាត់បាន​ស្តាប់ការ​អូសទាញ​របស់ ស៊ាន បូរ៉ាត ទើប​ជឿជាក់​ទៅ​ខ្ចី​លុយ​ធនាគារ ដើម្បី​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី។

លោកថា៖ «ខ្ញុំជឿជាក់​លើក្រុមហ៊ុន​នេះ ព្រោះ​ខ្ញុំ​តែងតែ​ឃើញ​វត្តមាន​ថ្នាក់​ដឹកនាំ​ផ្សេងៗ ដែល​គាត់​ចូលរួម​ ដូច​ជាឯកឧត្តម ស៊ាន បូរ៉ាត់ ហើយ​លោក ស ថាវី។ គាត់​តែងតែ​ចូលរួម ហើយ​លើក​ទឹកចិត្ត ឱ្យ​បងប្អូន​ជន​រងគ្រោះ​ខំ​ប្រឹង​ធ្វើការ​រ​កលុយ​កុំ​ខ្ជិល កុំ​គិត​តែ​គេ។ ដល់​ពេល​ឃើញ​ថា គេ​អ្នក​ធំ គេគិត​ថា​អាច​ជួយ​យើង​បាន ក្រុមហ៊ុន​មាន​ទំនួល​ខុសត្រូវ មាន​ខ្នង​បង្អែក​រឹងមាំ ចឹង​បាន​ខ្ញុំយក​លុយ​ទៅដាក់​ក្នុង​ក្រុមហ៊ុនហ្នឹង»។

លោកបញ្ចាក់ថា លុយជាង ២ម៉ឹនដុល្លារ នោះ មាន​លុយ​ចំនួន ១ពាន់ដុល្លារ ត្រូវ​បាន​បុគ្គល​ម្នាក់​ ដែល​ជា​មេក្រុម​របស់​លោក​ក្នុង​ក្រុមហ៊ុនប្រ៊ីលានស៊ីធី ឈ្មោះ ស៊ី វុឌ្ឍី បាន​កាត់​លុយ​ទុក​​ ហើយបាន​ស៊ី​ដាច់​គ្មាន​ការ​ទូទាត់​ឱ្យ​លោក​វិញ​ទេ មក​ទល់​ពេល​នេះ។

លោក យ៉ា សំអេង រៀបរាប់​បន្តថា បច្ចុប្បន្ន​លោក​បាន​បង្ខំចិត្ត​ស៊ីឈ្មួល​ធ្វើ​ជា​កម្មករ​ដកដំឡូង​ នៅ​ប្រទេស​វៀតណាម ទាំង​ប្រឈម​ការ​លំបាក​ក្រោយ​ចាញ់​បោក​ក្រុមហ៊ុន​នេះ និង​បាន​លក់ដី​ចម្ការ​ទំហំ​ ៤ហិកតា ដើម្បី​ដោះ​ស្រាយ​វិបត្តិ​បំណុល​នេះ​ផង​ដែរ។

លោកថា៖ «ស្នើ​សុំ​ទៅ​ដល់​ថ្នាក់​ដឹកនាំ ផ្សេងៗ​ដែល​មាន​តួ​នា​ទី ដោះ​ស្រាយ​រឿងក្តី​ករណី​ឆបោក ឡេង ចាន់ណា នេះ សូម​ឱ្យ​ជួយ​ពន្លឿន​រឿងក្តី រក​យុត្តិធម៌​ឱ្យ​ជនរងគ្រោះ វែក​ញែក រក​អ្នកបោក​ប្រាស់​ពិត​ប្រាកដ​ឱ្យ​អស់​ កុំឱ្យ​មាន​ការ​សង្ស័យ ដល់​បងប្អូន​ប្រជា​ពលរដ្ឋផ្សេង​ទៀត បើថា​ជន​រងគ្រោះ​ច្បាស់​ជា​ ជន​រងគ្រោះ ជន​ឆបោក​ច្បាស់ជា ជនឆបោក សាក្សី​ច្បាស់​ជា សាក្សី »។

ចំពេល​គ្មាន​ការ​ចាប់​ខ្លួន លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធ​​នឹង​លោក ហ៊ុន ម៉ាណែត នេះ ក្រុម​ជន​រងគ្រោះ​បន្ត​ទម្លាយ​ពី​ភស្តុតាង​ជា​សំឡេង​ថ្មី​ទៀត​ បង្ហាញ​ពី​ការ​ជាប់​ពាក់ព័ន្ធ​ស៊ី​ជម្រៅ​រវាង​លោក ស៊ាន បូរ៉ាត់ រួម​គំនិត​ជាមួយ​អ្នក​ស្រី ឡេង ចាន់ណា បោក​លុយ​ពលរដ្ឋ។

សារ​សំឡេង​នោះ បង្ហាញថា លោក ស៊ាន បូរ៉ាត់ បាន​ប្រាប់​អតីត​ឧកញ៉ា ឡេង ចាន់ណា ពី​ល្បិច​បោក​លុយ​ពលរដ្ឋ​យក​មក​រក​ស៊ី ឬហៅថា «របៀបធ្វើនំអត់ម្សៅ» ដែល​ជា​ផែនការ​ក្នុង​គំនិត​របស់​លោក ដើម្បី​ពង្រីក​ឥទ្ធិពល​ជំនួញ​ក្នុង​ក្រុមហ៊ុន​ឆបោក​ប្រ៊ីលាន​ស៊ីធី។

លោកថា៖«តិចទៀត​ធនាគារ​ប្រ៊ីលាន​ម៉ង អូន​ឯង​ចាំ​មើល​បើ​មិន​ជឿ​បង ដំបូង​យើង​យក​លុយ​គេ​មក​រកស៊ី តែ​ដល់​ពេល​ទី​បញ្ចប់​ទៅ យើង​យក​លុយ​យើង ឱ្យ​គេ​រក​ស៊ី​វិញ ដាក់​ឡាន​ដាក់​ផ្ទះ​ម៉ង។ ហ្នឹង​ហើយ​ដែលជា​ចំណុច​សំខាន់​ ដែល​យើង​ត្រូវធ្វើ ត្រូវតែ​មាន​ចក្ខុវិស័យ​ឱ្យ​វែង​ឆ្ងាយ​ ធនាគារ​ប្រ៊ីលាន​ត្រូវ​តែ​យក​ឱ្យបាន»។

ជន​រង​គ្រោះ​ម្នាក់​ទៀត​ ដែល​កំពុង​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ លោក អង យូហៃ ប្រាប់​ថា លោក​ចាញ់​បោក​ក្រុមហ៊ុន​នេះ កាល​ពីចុ​ងឆ្នាំ​២០២២ ជាង ២ម៉ឺនដុល្លារ ជា​កម្ចី​ឯកជន​ក្រៅ​ផ្លូវ​ការ ធ្វើ​ឱ្យ​លោក​ប្រឈម​បំណុល​វ័ន្តក ខណៈ​ក្នុង​គ្រួសារ​របស់​លោក​បាន​ចាញ់​បោក​សរុបជាង ៥ម៉ឹនដុល្លារ។

ការ​ហ៊ាន​យក​លុយ​រាប់ម៉ឺនដុល្លារ ទៅ​​ឱ្យ​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្រោម​រូបភាព​វិនិយោគ​នេះ ដោយ​សារ​លោក ជឿ​ជាក់​លើ​លោក​ ស៊ាន បូរ៉ាត់ ដែល​តែងតែ​ថ្លែង​នៅ​តាម​វេទិកា​សាធារណៈ​ជាមួយ អ្នកស្រី ឡេង ចាន់ណា ឃោសនា​ឱ្យ​ពលរដ្ឋ​ជឿ​ជាក់​លើ​ក្រុមហ៊ុន​ប្រ៊ីលានស៊ីធី។

លោកថា៖ «សុទ្ធ​តែជឿជាក់​លើ​ឯកឧត្តម ស៊ាន បូរ៉ាត់ ហើយ និង​ឡេង ចាន់ណា ព្រម​ទាំង​សម្តេច (ហ៊ុន ម៉ាណែត) ចុះ​ទៅ​សម្ពោធ។ ចឹង​ជឿ​ជាក់​ថា ពួក​គាត់​មិន​បោក​ពលរដ្ឋទេ តែ​ចុង​ក្រោយ​ពួកខ្ញុំ​ទឹក​ភ្នែក​មិន​ចេញ ប្រជា​ពលរដ្ឋ​ពិបាក​ខ្លាំងណាស់​បង​អើយ​ ម្នាក់ៗ​សឹង​តែ​ចងក​សម្លាប់​ខ្លួន​អស់ហើយ អ្នក​ខ្លះ​មក​ប្រទេស​ថៃ ទាំង​ខុស​ច្បាប់​ក៏​មាន​ដែរ។ សព្វ​ថ្ងៃ​រស់​ទាំង​ត្រដរ​ទេ បើ​យើង​មិន​ប្រឹង​មាន​អង្ករ​ណា​ច្រក​ឆ្នាំង បើ​សេចក្តី​សង្ឃឹម​យើង​ខំ​សន្សំ​រាប់​ឆ្នាំ​ គេបោក​អស់​រលីង​ ពឹង​ប្រាក់​ខែ​មួយ​ខែ​បាន​តែ ១ម៉ឺនបាត ខំ​រក​ចង់​ងាប់​ ចុង​ក្រោយ​គេ​មក​បោក ស្តាយ​គំនិត​ស្តាយ​ចិត្ត​ដែល​ធ្លាប់​ទុក​ចិត្ត»។

តុលាការ​ខេត្ត​សៀមរាប បាន​កោះ​ហៅ លោក ស៊ាន បូរ៉ាត់ ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ពី​ដំណើរ​រឿង​ឆបោក ពាក់​ព័ន្ធ​រឿង​ក្តី​អតីត​ឧកញ៉ា ឡេង ចាន់ណា។

ចំណាត់​ការ​នេះ ក្រោយ​ក្រុម​អ្នក​ចាញ់​បោក​បាន​លាត​ត្រដាង​ភស្តុតាង​ជា​ច្រើន​ បង្ហាញ​ពី​ផែន​ការ​របស់​លោក ស៊ាន បូរ៉ាត់ រួម​គំនិត​ជាមួយ​អ្នក​ស្រី ឡេង ចាន់ណា កៀរគរ​ពលរដ្ឋ​ឱ្យ​ដាក់​លុយ​វិនិយោគ​ក្នុង​ក្រុមហ៊ុន​ឆបោក​ប្រ៊ីលានស៊ីធី ធ្វើ​ឱ្យ​អ្នក​ចាញ់​បោក​ជួប​វិបត្តិ​បំណុល​វ័ន្តក។

លោក ស៊ាន បូរ៉ាត់ ជា​អនុប្រធាន​យុវជន​គណបក្ស​ប្រជាជនកម្ពុជា​ថ្នាក់​កណ្ដាល​មាន​លោក ហ៊ុន ម៉ាណែត ជាប្រធាន។ ក្នុង​ជួ​រ​រដ្ឋាភិបាល​វិញ លោក​ជា រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផងដែរ។

តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ លោក អ៊ំ សំអាន យល់​​ថា ការ​ដែល​ទុក​លោក ស៊ាន បូរ៉ាត់ ត្រឹម​ជា​សាក្សី​បែប​នេះ វា​គឺ​ជា​សញ្ញា​បើក​ដៃ​របស់​ស្ថាប័ន​តុលាការ​ដើម្បី​ឱ្យ​លោក ស៊ាន បូរ៉ាត់ អាច​រួច​ខ្លួន​ពី​សំណាញ់​ច្បាប់​តែប៉ុណ្ណោះ និង​ជាល្បិច​អូស​បន្លាយ​ពេល​ដើម្បី​រំលត់​កំហឹង​ពលដ្ឋ​រងគ្រោះ​តែប៉ុណ្ណោះ។ លោក​សង្កត់​ធ្ងន់​ថា នៅ​ចំពោះ​មុខ​នេះ អ្វី​ដែល​តុលាការ​ត្រូវ​ធ្វើ​គឺ រឹប​អូស​ទ្រព្យ​សម្បត្តិ​ជន​ឆបោក​ទាំង​នោះសង​ពលរដ្ឋ​វិញ។

លោកថា៖ «ទោះ​បីជា​ដំណើរ​ការ​ក្តី​យ៉ាង​ម៉េច ក៏​គ្មាន​បាន​ផល​ប្រយោជន៍​នោះ​ទេ គ្មាន​បាន​ការ​នោះ​ទេ  គឺ​ទាល់​តែ​រឹបអូស​ទ្រព្យសម្បត្តិ របស់​ឧកញ៉ា ឡេង ចាន់ណា មាន​ប៉ុន្មាន​ហ្នឹង មក​សង​ប្រជា​ពលរដ្ឋ។ ហើយ​បើសិន​ជា ផ្ទេរ​លុយ​របស់​ឧកញ៉ា ឡេង ចាន់ណា ហ្នឹង​ទៅ​ដល់ លោក ស៊ាន បូរ៉ាត់ ឬ​ក៏មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល ត្រូវ​តែ​ស៊ើប​អង្កេត​រឿង​ហ្នឹង ហើយ​យក​លុយ​ហ្នឹង​មក​សង ប្រជាពលរដ្ឋ អាហ្នឹង​ទើប​មាន​ដំណោះ​ស្រាយ ជូន​ប្រជាពលរដ្ឋ»។

ក្រុម​ហ៊ុន​ប្រ៊ីលាន​ស៊ីធី​របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា បាន​បង្កើត​ល្បិច​បោក​ពលរដ្ឋ តាម​យុទ្ធសាស្រ្ត​ប្រមូល​លុយ​ ដោយ​សន្យា​ឱ្យ​ការ​ប្រាក់​ ៤% ក្នុង​មួយខែ​នៃ​ប្រាក់ដើម។

អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួន​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយ​ពី​ជន​រង​គ្រោះ​ផ្ទុះការ​តវ៉ា​ជា​បន្ត​បន្ទាប់​រយៈ​ពេល ប្រមាណ​ ១ខែ ដែល​មាន​អ្នក​ចាញ់បោក​ប្រមាណ​ ៧០០០គ្រួសារ គិត​ទឹក​ប្រាក់​ជាង ៣០០លាន​ដុល្លារ​អាមេរិក។

បើ​តាម​តុលាការ​ខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវ​ជាប់​ចោទ​ច្រើន​បទ​ល្មើស រួម​មាន បទ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ជាក្រុម​មាន​ការ​ចាត់​តាំង បទ​សម្អាត​ប្រាក់ និង​បទ​មិន​​បំ​ពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន។

លោក គី តិច ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល ដែល​ជា​ចូល​ខ្លួន​ធ្វើ​ជា​តំណាង​ឱ្យ​ជន​រងគ្រោះ បាន​បញ្ជាក់​ក្នុង​សន្និសីទសារព័ត៌មាន កាលពី​ខែ​តុលា ថា មាន​ជន​រងគ្រោះ​ចំនួន​ជិត​ ៥ពាន់​នាក់ ស្ម័គ្រ​ចិត្ត​ឱ្យក្រុម​មេធាវី​លោក​ការពារ​សំណុំ​រឿង​របស់​ពួក​គេ និង​បន្ត​ប្រមូល​ឯកសារ​ពី​ក្រុម​អ្នក​ចាញ់​បោក​នៅ​ក្រៅ​ប្រទេស​បន្ត​ទៀត។ យន្តការ​នេះ ធ្វើ​ឡើង​តាម​បញ្ជារបស់​លោក ហ៊ុន ម៉ាណែត កាល​ពី​ខែឧសភា ឆ្នាំ២០២៤ តែ​ចាប់​ពី​មេធាវី​រូប​នោះជួយ​ការពារ​ក្តី​ជិត​មួយឆ្នាំ​ទៅ​នេះ ជន​រងគ្រោះ​នៅ​តែ​មិន​ទទួល​បាន​សំណង​មក​វិញ​នោះ​ទេ ខណៈ​ពួក​គេ​បាន​លក់​ដី​ស្រែ ខ្លះ​ចំណាក​ស្រុក ក្រោម​សម្ពាធ​បំណុល។

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ