ក្រសួងសុខាភិបាល បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះ វីរុសប្រភេទថ្មីឈ្មោះ ណូរ៉ូ ដែលកំពុងវាយលុកនៅក្នុងតំបន់អាស៊ី និងតំបន់បែកអឺរ៉ុប ខណៈប្រទេសជិតខាងកម្ពុជា ក៏មានការផ្សព្វផ្សាយថាកំពុងមានការចម្លង ដោយមេរោគប្រភេទថ្មីនេះដែរ។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃនេះ ឱ្យដឹងថាអ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ អាចនឹងត្រូវប្រឈមមុខធ្ងន់ធ្ងរ ពេលឆ្លងវីរុសប្រភេទនេះ។ ប្រភពបន្តថា មនុស្សគ្រប់វ័យសុទ្ធតែអាចឆ្លង និងឈឺដោយ វីរុសប្រភេទ ណូរ៉ូ នេះទាំងអស់គ្នា។ រោគសញ្ញាជាទូទៅ កើតមានចន្លោះពី ១២ ទៅ៤៨ម៉ោង បន្ទាប់ពីប៉ះពាល់ ឬប្រឈមមុខនឹងវីរុសនេះ។
ហើយអាការៈរោគ នៅពេលឆ្លងជំងឺនេះ មានដូចជា រាគ ក្អួត ចង្អោរ ចុកពោះ និងអាចមានក្តៅខ្លួន ឈឺក្បាល និងឈឺខ្លួនផង។ តាមសេចក្តីប្រកាសព័ត៌មានដដែល ឱ្យដឹងទៀតថា អាហារសមុទ្រ ជាពិសេស អយស្ទ័រឆៅ ជាប្រភព នៃការចម្លងដោយសារមានផ្ទុកវីរុស ប្រភេទនេះ។
អ្នកជំងឺអាចជាសះស្បើយឡើងវិញ ក្នុងរយៈពេលពី១ ទៅ៣ថ្ងៃ ប៉ុន្តែវីរុសនេះ នឹងចម្លងទៅអ្នកដទៃ បាន ក្នុងអំឡុង២សប្តាហ៍ ឬលើសពីនេះ បន្ទាប់ពីជាសះស្បើយ។ ជំងឺនេះ បង្កឱ្យកើតជារលាកក្រពះ ពោះវៀន ស្រួចស្រាវ។
អង្គការសុខភាពពិភពលោក រកឃើញថាជារៀងរាល់ឆ្នាំ នៅលើសកលលោក មាន ៦៨៥ករណី បង្កដោយវីរុស ណូរ៉ូ ដែលបណ្តាលឱ្យមានអ្នកស្លាប់ប្រមាណ ២០ម៉ឺននាក់ ក្នុងនោះ ២០០លានករណីកើតលើកុមារអាយុក្រោម ៥ឆ្នាំ ដែលមានកុមារចំនួន ៥ម៉ឺននាក់បានស្លាប់។ តាមការចុះផ្សាយដោយកាសែតក្នុងស្រុករបស់ថៃ បានឱ្យដឹងថាមានពលរដ្ឋថៃ ត្រូវស្លាប់ដោយជំងឺនេះ បន្ទាប់ពីឆ្លង។ ក្រសួងសុខាភិបាលកម្ពជា បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន និងក្រសួងអះអាងថានឹងបន្តតាមដានបន្តទៀត ការវិវត្តន៍ថ្មីៗនៃប្រភេទវីរុសប្រភេទថ្មីនេះ៕