គ្រួសារ​យោធិន​ជិត ២០គ្រួសារ អំពាវនាវ​រក​យុត្តិធម៌​ករណី​មេ​បញ្ជាការ​កង​ពល​រំលោភ​យក​ដី

ក្រុមគ្រួសារ​កងទ័ព​ជិត ២០គ្រួសារ ទទូច​ឱ្យ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ការ​រំលោភ​ដី​ទំហំជាង ៣០ហិកតា ស្ថិត​នៅ​សង្កាត់​និមិត្ត ខេត្ត​បន្ទាយមានជ័យ ដោយ​សំអាង​ថា មេបញ្ជា​ការ​កង​ពល​របស់​ខ្លួន គប់គិត​គ្នា​រំលោភ​យក បើទោះ​បី​ដី​នោះ រដ្ឋាភិបាល​បាន​ចែក​ឱ្យ​សម្រាប់​អាស្រ័យ​ផល​ក្តី។

តាម​វីដេអូរ​​ ដែល​គេ​ចែក​ចាយ​លើ​បណ្តាញ​សង្គម លោក ស៊ាំង ដារ៉ាយុទ្ធ បាន​និយាយ​ថា លោក​ជា​អតីត​ទាហាន ដែល​បាន​មក​តាំង​ទីលំ​ នៅ​ក្នុង​ភូមិ​កូនដំរី​ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត តាំង​ពី​ជាង ៣០ឆ្នាំមុន ជា​មួយ​គ្រួសារ និង​យុទ្ធ​មិត្ត​ផ្សេង​ទៀត។

លោ​ក​បញ្ជាក់ នៅឆ្នាំ ១៩៩០ រូប​លោក និង​យុទ្ធមិត្ត​ជិត ២០គ្រួសារ ផ្សេងទៀត ត្រូវ​បាន​រដ្ឋាភិបាល​សម័យ​រដ្ឋកម្ពុជា​ចែក​ដី​នៅ​តំបន់​នោះ​ ក្នុង១គ្រួសារ ទំហំ​ជាង​ ១ហិកតា សម្រាប់​អាស្រ័យផល។

ប៉ុន្តែ​លោក​ថា​ឆ្នាំ១៩៩៤-៩៥ ពោល​គឺ​ប្រមាណ​ជាង ៥ឆ្នាំ ក្រោយ​មក ដី​ដែល​រដ្ឋាភិបាល​ចែក​ឱ្យ​ពួក​គាត់ ដើម្បី​អាស្រ័យ​នោះ ចាប់​ផ្តើម​មាន​វិវាទ ជាមួយ​មេ​បញ្ជាការ​កងពល​របស់​ខ្លួន។

ប្រភព​នោះ​គូស​បញ្ជាក់ ច្រើន​ឆ្នាំ​ទៅ​នេះ ពួកគាត់​មិន​បាន​អាស្រ័យ​ផល​លើ​ដី​នោះ​ទៀត​ទេ  ទោះ​បាន​ប្តឹង​ករណី​នេះ​​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​រក​យុត្តិធម៌​ក្តី ដែល​ការណ៍​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គាត់​ទាំង​ជិត ២០គ្រួសារ នោះ​បង្ខំ​ចិត្ត​ទម្លាយ​រឿង​នេះ។

បន្ថែម​ពី​នេះ ស៊ាំង ដារ៉ាយុទ្ធ អះ​អាង​ទៀត​ថា ពួក​គេ​គាត់​ពេល​នេះ ដី​ក៏​ត្រូវ​គេ​រំលោភ​យក ហើយ​ថែម​ទាំង​រង​ពាក្យ​បណ្តឹង ពីបទ​រារាំង​អចលនទ្រព្យ​ស្រប​ច្បាប់​ទៀត​ផង។

លោកថា៖ «កាន់​កាប់​តាំង​ពី១៩៩២ ហើយ​ដី​នៅ​ភូមិ​កូនដំរី​នេះ ឃុំ​យាម​នេះ ខ្ញុំ​ឈរ​ជើង​តាំង​ពី​ឆ្នាំ១៩៩០ តាំង​ពី​មិន​ទាន់​ធ្វើ​ផ្លូវ ហើយ​ប្រសិន​បើ​ច្បាស់​ ចូល​មក​​តតាំង​​ជា​មួយ​ខ្ញុំ អ្នក​ឯង​ធ្វើ​ទាហាន​នៅ​ឆ្នាំ​ណា? បាន​ដី​ឆ្នាំ​ណា? អ្នក​​ឯង​​ដែល​អះអាង​ថា​ដី​អ្នក​ឯង បាន​មក​ពី​ណា​អ្វី ខ្ញុំ​អត់​ដឹង​ទេ​ណា ទិញ​ពី​អ្នក​ណា ខ្ញុំអត់​ដឹង​ទេ ប៉ុន្តែ​បើ​អ្នក​ឯង​ច្បាស់​ពី​ប្រវត្តិ​ដី​នេះ ដី​ទា​ហាន បើ​អ្នក​មិន​មែន​ទាហាន​ទេ​ ខ្ញុំ​មិន​ដឹង​ទេ»

ជាមួយ​គ្នា​នេះ​ដែរ អ្នក​ស្រី កែវ លាវ និយាយ​ថា រដ្ឋកម្ពុជា ឬ​ទាហាន ង-៤២ បាន​ប្រគល់​ដី​ឱ្យ​គ្រួសារ​អ្នក​ស្រី​កាន់​កាប់ សម្រាប់​អាស្រ័យ​ផល តាំង​ពី​ឆ្នាំ១៩៩២ ខណៈ​ប្តី​អ្នក​ស្រី ជា​ទាហាន​ការពារ​ជាតិ។

អ្នក​ស្រីបន្ត​ថា វា​ជា​រឿង​អយុត្តិធម៌ សម្រាប់​គ្រួសារ​អតីត​យោធិន​ការពារ​ជាតិ ដែល​ខំ​ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ជាតិ​មាតុភូមិ តែ​បែរជា​រងគ្រោះ​បែប​នេះ​ទៅ​វិញ។

អ្នកស្រីថា៖«ដីខ្ញុំ​បាន​មក​ពី​រដ្ឋកម្ពុជា ទាហាន ង ៤២ ចែក​ឱ្យ ប្តី​ខ្ញុំ​គាត់​ធ្វើ​ទាហាន ឆ្នាំ១៩៩២ ខ្ញុំ​បាន​កាន់​កាប់​៤ឆ្នាំ ខ្ញុំ​បាន​ធ្វើ​ស្រែ​ធ្វើ​អី​នឹង ដូច​ប្អូន​បាន​រៀបរាប់​ចឹង កំពុង​តែ​ធ្វើៗ​ចឹង តា​កា​រ៉ា (កូនចៅឡាយវីរៈ) គេ​មក​ភ្ជូរ​ពី​លើ​ដី ហើយ​គេ​ដេញ​ពួក​ខ្ញុំ​ចេញ​មិន​ឱ្យនៅ»

យោធិន​ម្នាក់​ទៀត រស់​នៅ​ភូមិ​កូនដំរី សង្កាត់​និមិត្ត គឺលោក ញឹម ញាន អះអាង​ថា មេ​បញ្ជាការ​កង​ពល​ឈ្មោះ ឡាយ វិរៈ ជា​អ្នក​​រំលោភ​យក​ដី​ពួក​គាត់ ហើយ​បាន​បំភ្លៃ​ថា ពួក​គាត់​បាន​ផ្តិត​មេដៃ​លក់​ដី ទាំង​ពួក​គាត់​មិន​បាន​ដឹង​អ្វី​ទាំង​អស់។

លោក​ថា មេ​បញ្ជា​ការ​ឈ្មោះ ឡាយ វីរៈ គប់​គិត​គ្នា​ជា​ប្រព័ន្ធ​ លួច​លក់​ដី​ពួក​គាត់​ឱ្យ​ទៅ​ឈ្មួញ ខណៈ​ដី​នេះ​គឺ​ពួកគាត់​ខំ​លះ​បង់​ឈាម​ស្រស់​បម្រើ​ជាតិ ទើប​មេ​ដឹកនាំ​រដ្ឋកម្ពុជា​ចែក​ឱ្យ​គ្រួសារ​លោក​ម្នាក់​២ហិកតា សម្រាប់​បង្ក​បង្កើន​ផល។

លោកថា៖ «មួយ​គ្រួសារ​ទទួល​បាន​ដី​ក្បាល​៥០ បណ្តោយ​៤០០ គឺ​វា​ស្មើ​នឹង​ពីរ​ហិក​តា»

ការណ៍​នេះ លោក​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី លោក ហ៊ុន ម៉ាណែត អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ឱ្យ​ពួក​គាត់ ដែល​ធ្លាប់​ធ្វើ​ពលីកម្ម ដើម្បី​ជាតិ​មាតុភូមិ រួច​ផុត​ពី​ការ​ចោទ​ប្រកាន់ និង​បាន​ដី​នោះ​មក​អាស្រ័យ​ផល​ឡើង​វិញ។

ជុំវិញ​បញ្ហា​នេះ អតីត​តំណាង​រាស្រ្ត​បក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ហៅ​បញ្ហា​ដែល​បាន​លេច​ឡើង​នេះ ស​បញ្ជាក់​ថា របប​ដឹកនាំ​បែប​គ្រួសារ​​និយម គ្មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច វា​មិន​មែន​បង្ក​ការ​រង​គ្រោះ​តែ​ពលរដ្ឋ​សាមញ្ញ​ទេ តែ​ពេល​នេះ​វា​បាន​រាល​ដាល​ដល់​ជួរ​កង​ទ័ព​ផង​ដែរ។

លោក​យល់​ថា បញ្ហា​នេះ វា​នឹង​បន្ត​រីករាល​ដាល​ដល់​មន្ត្រី​បក្ស​កាន់​អំណាច​ផ្សេង​ទៀត​ នៅ​ថ្ងៃណា​មួយ បើ​ពួក​គេ​មិន​អើពើ​ជំរុញ​ឱ្យ​មេ​ដឹកនាំ មាន​ទំនួស​ខុសត្រូវ​ចំពោះ​មុខជាតិ និង​ពលរដ្ឋ​ជាម្ចាស់​ប្រទេស​នោះ។

លោកថា៖ «ខ្ញុំ​យល់​ថា​ អាច​អតីត​យុទ្ធជន​ទាំង​អស់​ហ្នឹង​គាត់ អត់​ទ្រាំ​មិនបាន​នូវ​ភាព​អយុត្តិធម៌​ ដែល​រឹប​អូស​យក​ដីធ្លី​គាត់ ​នៅ​ពេល​គាត់​ខំ​តស៊ូ​ដាច់​ដៃ​ដាច់ជើង​ហ្នឹង មើលទៅ​ដូច​ជា​អត់​ហ៊ាន​យក​ដី​គាត់​ទេ ប៉ុន្តែ​នៅ​ពេល​គាត់​អស់​តម្លៃ​ហើយ ចាប់​ផ្តើម​យក​ដី​របស់​គាត់ ដូច្នេះ​គាត់​អត់​ទ្រាំ​មិន​បាន​អាច​នឹង​ងើប​ឡើង​តស៊ូ​ជាមួយ​ទាហាន​ដទៃ​ទៀត ដើម្បី​ទម្លាក់​ត្រកូល​ហ៊ុន ចេញ​ពី​អំណាច​ហើយ ប្រសិន​បើ​រឿង​ហ្នឹង​គាត់​មិន​ដោះស្រាយ»

វីអូឌី មិន​ទាន់​អាច​ទាក់​ទង មេបញ្ជា​ការ​កង​ពល លោក ឡាយ វិរៈ ដើម្បី​សុំ​ប្រតិកម្ម​ជុំ​វិញ​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ខណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី និង​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា មិន​លើក​ទូរសព្ទ។

យ៉ាង​ណា ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ លោក យង់ គិមអេង ជំរុញ រដ្ឋាភិបាល​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ លើ​ក្រុម​គ្រួសារ​កងទ័ព។

លោកថា៖ «ខ្ញុំ​ថា​អ្វី​ដែល​សំខាន់ គឺ​ពាក់ព័ន្ធ​នឹង​រឿង​អតីត​យុទ្ធជន អតីត​យោធិន​នេះ គឺ​បើ​កាលណា​មាន​បញ្ហា​គឺ​ត្រូវ​តែ​មាន​ការ​បញ្ជូន​ក្រុម​ការងារ​ចុះ​ធ្វើការ​ស៊ើប​អង្កេត​ភ្លាម ដើម្បី​កុំ​ឱ្យ​ពួក​គាត់​ធ្លាក់​ទៅ​ក្នុង​ភាព​រ៉ាំរ៉ៃ​នៃជម្លោះ។ ហើយ​រឿង​ទី២​ទៀត​ បើ​សិន​ថា​មាន​ការ​រំលោភ​បំពាន​អ្វី​ចឹង​មែន គឺ​ត្រូវ​តែ​ដោះ​ស្រាយ​ឱ្យ​គាត់ ត្រូវ​តែ​ផ្តល់​នូវ​យុត្តិធម៌​សម្រាប់​គាត់»

យ៉ាង​ករណី​ប្រហាក់​ប្រហែល​គ្នា​នេះ បាន​កើត​ឡើង​លើ​គ្រួសារ​យោធិន​ និងពលរដ្ឋ​សរុប ១៣គ្រួសារ នៅ​ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ តែ​ត្រូវ​បាន​រដ្ឋាភិបាល​ចេញ​អន្តរាគមន៍ អំឡុង​ខែមីនា ឆ្នាំ២០២៤។ កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ពេល​នោះ ធ្វើ​ឡើង​បន្ទាប់​ពី មន្ត្រី​យោធា​បម្រើ​ការ​កង​ការពារ​ឃ្លាំង​ចំណុះ​យោធិ​ភូមិភាគ​ទី៤ លោក រ័ត្ន ទីណា បាន​ចេញ​ឡាយ​វីដេអូរ​លើ​បណ្តាញ​សង្គម ទម្លាយ​ពី​អ្នក​ពាក់​ព័ន្ធ និង​មាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម ក្នុង​ការ​ចែក​រំលែក​វីដេអូរ​នេះតៗគ្នា៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ