ការ​​ប្រើពេទ្យ​​គ្មាន​​ជំនាញ​​​ធ្វើ​ឱ្យ​ម្តាយ ​និង​ទារក​ស្លាប់​ជាង​ ១០នាក់​​នៅ​មន្ទីរពេទ្យ​​បង្អែក​ប៉ោយ​ប៉ែត

បុគ្គលិក​មន្ទីរ​ពេទ្យ​​បង្អែក​​ប៉ោយ​ប៉ែត​ម្នាក់ ​​ដែល​​បដិសេធ​​ប្រាប់​​ឈ្មោះ​ និង​​មិន​​ឱ្យ​​ថត​​សំឡេង​ ដោយ​​​សារ​​តែ​ខ្លាច​​គេ​ប្តឹង​​ពីបទ​​បរិហារកេរ្តិ៍​សា្ថប័ន បាន​​អះអាង​​ថា កាល​ពី​​ខែ​មីនា ​ស្ត្រីម្នាក់​​ដែល​​​ឈឺ​ពោះ​​សម្រាលកូន​​ ដែល​​មាន​អាការៈ​​ធ្លាក់​ឈាម​​ខ្លាំង ត្រូវ​​បាន​​ក្រុម​គ្រួសារ​​បញ្ជូន​មក​​មន្ទីរ​ពេទ្យ ​ចំ​វេន​​ប្រ​ចាំ​ការ ​​របស់​អ្នក​គ្រូពេទ្យ​ ឡាយ អ៊ីជួង​ ដែល​​ជា​ប្រធាន​ផ្នែក​​សម្ពព និង​ជា​​អនុ​​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​​​ប៉ោយ​ប៉ែត​។

​ដោយ​​សារ​​តែ​អ្នក​​ស្រី អ៊ីជួង គ្មាន​​ជំនាញ​​​​ក្នុង​​ការ​​ជួយ​​សង្គ្រោះ ទាំង​​ដែល​​ស្ត្រី​អ្នក​​ជំងឺ​​អាច​​ជួយ​​សង្គ្រោះ​​បាន ទី​បំផុត​​ស្ត្រី​​ជា​ម្តាយ​ក៏​បាន​​ស្លាប់។

ប្រភព​នោះ​បន្ត​ថា ដោយ​​សារ​តែ​ស្ត្រី​​រង​គ្រោះ​​ជា​ប្រជាពលដ្ឋ​​ក្រីក្រ​ អត់​មាន​​ការ​​ប្តឹង​​រក​រឿង​​អ្វីទេ។ មក​ដល់​ដើម​​ខែ​មិថុនា ​គ្រូពេទ្យ​​ដដែល​​នេះ ​បាន​​ធ្វើឱ្យ​​ស្ត្រី​​​ម្នាក់​​ស្លាប់​​ទៀត ​ដោយ​ជួយ​បាន​តែកូន។

​ស្ត្រី​​អ្នក​​ជំងឺ​​​បាន​​ស្លាប់​នៅ​ក្នុង​បន្ទប់​​វះកាត់ ធ្វើ​ឱ្យ​​​គ្រួសារ​​ជន​​រង​គ្រោះ​ប្តឹង​​តវ៉ា ​ប៉ុន្តែ​គេ​ក៏​​សម្រប​​សម្រួល ​បញ្ចប់​រឿង​​ទៅ ហើយ​​ថ្នាក់​​ដឹក​នាំ​​មន្ទីរ​ពេទ្យ ​ព្យា​យាម​​គ្រប់​​យ៉ាង​ដើម្បី​បិទ​ព័ត៌មាន​​នេះ។

នៅ​ថ្ងៃទី​១៤ ​ខែធ្នូ ឆ្នាំ​២០២៤ ​នេះ​ទៀត​ អ្នក​​ស្រី ឃឿន អ៊ីន អាយុ​​៣៨​ឆ្នាំ រស់​នៅ​ភូមិ​​សូរិយា​ថ្មី ស្រុក​​អូរជ្រៅ ខេត្ត​​បន្ទាយ​មាន​ជ័យ បាន​​ចូល​​ទៅ​​សម្រាល​​កូន​​នៅ​មន្ទីរ​ពេទ្យ​បង្អែក​​​ប៉ោយ​​ប៉ែត ហើយ​​ទារក​​ដែល​​មាន​ទម្ងន់​៣,៨​គីឡូក្រាម ​ក៏​​បាន​​ស្លាប់។​ នេះ​​បើ​​យោង​​តាម​​ឯកសារ​​ពេទ្យ ​ដែល​​ប្រភព​ផ្ញើ​មក​​ឱ្យ វីអូឌី ​កាល​ពី​ថ្ងៃទី​១៧​ខែធ្នូ ​ឆ្នាំ២០២៤។

ប្រភព​ដដែល​​បន្ត​ថា ទារក​​ដែល​​មាន​​សុខភាព​ល្អ​​មានទម្ងន់​ ៣,៨គីឡូក្រាមនេះ អត់​ត្រូវ​ស្លាប់​​ទេ​ តែបែរ​ជា​ស្លាប់។ ខាង​មណ្ឌល​​សុខភាព​គេ​បញ្ជូន​​ស្រ្តី​រូប​​នេះ​ មក​មន្ទីរពេទ្យ​​បង្អែក ​ដោយ​​សារ​​ទារក​​ហ្នឹង​​ធំ​កើត​​តាម​​ធម្មជាតិ​​មិន​​រួច។

ប៉ុន្តែថា អ្នក​គ្រូពេទ្យ​ អ៊ីជួង គាត់​​អត់​ចេះ​​សង្គ្រោះ​ ស្បូន​​បើក​​អត់​​អស់ ហើយ​ចេះ​តែ​ឱ្យ​គេ​ខំ​​ប្រឹង​កើត​ គ្នា​​ខំ​ប្រឹង​មិន​​ចេញ ហើយ​​បូម​​៣​ដង​មិន​ចេញ​ ​ទើប​យក​ទៅ​វះ​កាត់​ នៅ​​​ចុង​បញ្ចប់ ​កូន​ហ្នឹង​ក៏​ស្លាប់​​ដោយ​សារ​​តែ​​ទុក​យូរពេក​។

ប្រភព​នោះ​បញ្ជាក់​ថា៖ «ស្ត្រី​​​អ្នក​​ជំងឺ​មាន​ការ​ឈឺ​ចាប់​​ខ្លាំង​ណាស់​ ​ពេល​មុន​​យក​​ទៅ​វះ​​កាត់​​ហ្នឹង​ព្រោះ​ឱ្យ​គ្នា​ប្រឹង​រយៈ​​ពេល​​យូរ​ អ៊ីចឹង​ទី​បំផុត​គ្នា​សុំ​ឱ្យ​តែ​រស់​ម្តាយ ធ្វើ​ម៉េច​​ធ្វើ​ទៅ​​​កូន​​ហ្នឹង ហើយ​​រហូត​​មក​ដល់​ថ្ងៃទី​១៧​ខែ​ធ្នូ ​ឆ្នាំ២០២៤​នេះ អ្នក​​ជំងឺ​​ជា​ម្តាយ​គ្នា​​មិន​​ដឹង​​អី​​ទេ ​ពេល​​ឈឺ​​រក​តែ​ពុទ្ធោ​ ឱ្យ​តែ​ខ្លួន​ឯង​រស់​លែង​​គិត​​ហើយ​រឿងកូន។​ តែខ្ញុំ[] មើល​​ទៅ​​​វាឃោរឃៅ​ ចុះ​បើ​ថ្ងៃ​ណា​មួយ​ប៉ះ​ចំ​ទៅ​លើ​សាច់​ញាតិ​យើង​បង​ប្អូន​យើង​ ជួប​គ្រូ​ពេទ្យ​​​ហ្នឹង​​ទៅ​​មិន​ងាប់​ទៅ​​ហើយ​​ទេ​​»

 ប្រភព​សុំ​លាក់​ឈ្មោះ​នោះ​បាន​ឱ្យ​សង្កត់​ធ្ងន់​ថា ដោយ​​សារ​​តែ​អត់​ទ្រាំ​លែង​បាន និង​​មិន​​ចង់​​ឃើញ​ស្ត្រី និង​ទារក​​ស្លាប់​​ជា​បន្ត​​បន្ទាប់ ​ក្រោម​​ដៃ​​អ្នក​​គ្រូពេទ្យ ​អ៊ីជួង ដែល​គ្មាន​​ជំនាញ​​នេះ​​ទៀត​ ទើប​បុគ្គលិក​​ពេទ្យ​​រូប​នោះ​បង្ខំ​​ចិត្ត​​ទម្លាយ​​រឿង​​នេះ​​ ប្រាប់វីអូឌី។

​ប្រភព​នោះ បានអះ​អាង​ទៀត​​ថា គាត់​គ្មាន​​បំណង​​ចង់​​ផ្តន្ទា​​ទោស​​អ្នក​ណា​ទេ ប៉ុន្តែអ្វី​ដែលគាត់​បង្ខំចិត្ត​ទម្លាយ​​រឿ​ង​នេះចេញ​មក​ក្រៅ គឺ​​ដោយ​សារ​​​តែ​អាណិត​ស្ត្រី និងទារក ​ដែល​​មក​ស្លាប់​​ជា​បន្ត​​បន្ទាប់ ​នៅ​​មន្ទីរ​​ពេទ្យ​​បង្អែក​ក្រុងប៉ោយ​ប៉ែត​នេះ។

គាត់ថា៖ «ខ្ញុំ​​និយាយ​​នេះ ​គឺ​​​ចង់​​​ជួយ​​​សង្គម​​ទេ​ មិនមែន​ផ្តន្ទា​អ្នក​ណាទេ​ តែ​​​រឿង​ចឹងៗ​​​បង​អ្នក​​កាសែត​ សូម​ជួយ​ថ្លឹងថ្លែង​មើល​ផង អារឿង​ចឹងៗ​​យើង​​បញ្ចេញ​ទៅ​​ក្រៅ​ វា​មាន​ទោស​ពី​​គេ​ហៅ​ថា បរិហារកេរ្តិ៍​​អង្គភាព ប៉ុន្តែ​​បើ​បង​អ្នក​​កាសែត​​មិន​ជួយ​ទេ ខ្ញុំ​បិទ​ភ្នែក​​ដែរ​ហើយ​ បង​គិត​មើល​​ទៅ ១ឆ្នាំ​ស្លាប់​​មនុស្ស​​ដល់​​ទៅ​​ជាង​១០​នាក់ ​ខណៈ​​ដែល​​ពួក​គេ​​សុទ្ធ​​តែ​អាច​​ជួយ​​សង្គ្រោះ​​បាន ​បែរជាស្លាប់។ ​ហី​ប្រធាន​មន្ទីរពេទ្យ​​ក៏​មិន​​អើពើ​ ប្រធាន​​មន្ទីរ​សុខា​ភិបាល​​ក៏​មិន​​អើពើ​ដែរ ពេល​​និយាយ​ឡើង​​គឺ​កៀប​សង្កត់​​បុគ្គលិក​​ពេទ្យ​​សុទ្ធ​​តែ​ថា ប្រយ័ត្ន​អញ់​ប្តឹ​ង​​ពីបទ​បរិហារកេរ្តិ៍​​អង្គភាព​ បង​គិត​​មើល​​ទៅ​​មាន​​ពី​ណា​គេ​​ហ៊ាន​​ចេញ​​មុខ​​បញ្ចេញ​ព័ត៌មាន»

ប្រភព​​ដដែល​​ចោទ​សួរ​​ថា តើ​ប្រធាន​​មន្ទីរពេទ្យ​​ និង​​ប្រធាន​​មន្ទីរ​សុខាភិបាល​​ខេត្ត​ រក្សា​​ទុក​​បុគ្គល​​ដែល​គ្មាន​ជំនាញ​​​បច្ចេកទេស​​ច្បាស់​​លាស់ ​​ខាង​សម្ភព​​បែប​​ហ្នឹង​​ដល់ណា​​ទៀត​ ជួយ​សង្គ្រោះ​ស្ត្រី​ឆ្លង​ទន្លេ ​បើ​​មិន​ស្លាប់​ម្តាយ​​ស្លាប់​​កូន? ក្រៅ​​ពីស្លាប់​ម្តាយ ​និង​ទារក​​ទាំង​​ជាង​​១០​នាក់ ​ក៏​នៅ​មាន​​ទារក​​ជា​ច្រើន​ផ្សេង​​ទៀត​បាន​ស្លាប់ ដោយ​​សារ​​តែ​​អ្នក​​ស្រី ​ឡាយ អ៊ីជួង​ ​បាន​​ធ្វើ​ការ​​វះកាត់​​ទាំង​​ដែល​​ស្ត្រី​ពរពោះ​​មិន​ទាន់​​​គ្រប់​ខែ​ហើយ​បញ្ជូន​​​ទា​រក​​​ទៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ជា​ ​ក្រោយ​​មក​​ក៏​​ធ្វើ​ឱ្យ​ឈ្លក់​ទឹក​ភ្លោះស្លាប់​។

គាត់បន្តថា៖ «វេជ្ជ​បណ្ឌិត​ផ្សេង​​ ដែល​​មាន​ជំនាញ​​ច្បាស់លាស់​​វេន​​គេ​​ធ្វើការ ​មិន​​ដែល​​បរាជ័យ​មិន​​ដែល​ភ្លាំង​ភ្លាត់​​ មិន​​ដែល​​បង្ក​ទុក្ខ​ទោស​​ឱ្យ​អ្នក​​ជំងឺ​ទេ។ ខ្ញុំ​ពិត​​ជា​មានការ​​សោក​​ស្តាយ​​ជា​ខ្លាំង ​ដែល​​ប្រធាន​​មន្ទីរពេទ្យ​និង​​ប្រ​ធា​ន​មន្ទីរ​​​សុខាភិបាល​​ព្រងើយ​​កន្តើយ​​ ទាក់​ទង​​ទៅ​​នឹង​ជំនាញ​បច្ចេក​ទេស​ ​ដែល​​គួរ​​តែ​មាន​ការ​​បណ្តុះ​បណ្តាល​​​ប​ន្ថែម ​និង​ជ្រើស​​រើស​​គ្រូពេទ្យ​​ថ្មី​​ដែល​​មាន​​ជំនាញ​​ច្បាស់​លាស់​ពីព្រោះ​​​មិន​ខ្វះ​​ទេ​​ធនធាន​មនុស្ស ប៉ុន្តែ​ហេ​តុ​អ្វី​​​ក៏កាង​​ម្នាក់​​នឹង ទុក​​មាន​ប្រយោ​ជន៍​​អ្វី​សម្រាប់​​ពួក​គាត់?»

វីអូឌី ​បាន​​ព្យា​យាម​​ទាក់​ទង ​​ដើម្បី​​សុំការ​បំភ្លឺ​​លើ​បញ្ហា​នេះ ​ពី​លោក ឱក ទីនណា ប្រធាន​មន្ទីរ​​ពេទ្យ​​បង្អែក​​ប៉ោយ​ប៉ែត កាល​ពី​ថ្ងៃទី​១៩ ​ខែធ្នូ ឆ្នាំ២០២៤​ ដោយ​​ទូរសព្ទ​តេ​ចូល​ជាច្រើន​​លើក ​​ប៉ុន្តែ​​ពុំ​មាន​​អ្នក​​ទទួល​​ ខណៈ​​អ្នក​គ្រូពេទ្យ​ ឡាយ អ៊ីជួង ​មិន​​អាច​​ទាក់​ទង​​បាន​។

​ចំណែក​​បុរស​​ម្នាក់ ​ដែល​​ទទួល​​ទូរសព្ទ​​​ទាន់​​ហេតុការ​ណ៍ ​របស់​​មន្ទីរ​​ពេទ្យ​​បង្អែក​​ប៉ោយ​ប៉ែត​​បាន​ប្រាប់​​ថា ខ្លួន​ជា​សន្តិសុខ​​មន្ទីរពេទ្យ ​ហើយ​ថា គាត់​​មិន​បាន​​ដឹង​​ពី​រឿងនេះ​​ទេ ​ពីព្រោះ​វា​​ជា​រឿង​របស់​គ្រូពេទ្យ។

លោកថា៖ «អត់​ផង​បង​ ខ្ញុំ​មក​ផ្ទះបាត់​ហើយ។ ខ្ញុំ​អត់​ទៅ​មន្ទីរពេទ្យ​ផង។ ខ្ញុំ​អត់​ដឹង​ដែរ ខាង​ក្រុម​គ្រួពេទ្យ»

ចំណែក​​លោកវេជ្ជ​បណ្ឌិត ​ឡេ ច័ន្ទសង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​​​ខេត្ត​​បន្ទាយ​មានជ័យ និង​លោកស្រី ឱ វណ្ណឌីន ក៏​​មិន​​អាច​​ទាក់​ទង ​ដើម្បី​​ស្នើ​​សុំ​​ធ្វើ​អត្ថាធិប្បាយ​​លើ​​បញ្ហា​​នេះ​បាន​ដែរ​។

យ៉ាង​ណាក្តី ​លោក ​ឡេ ច័ន្ទសង្វាត ធ្លាប់​​បាន​​សរសេរ​​បង្ហោះ​​ នៅ​​លើ​​ហ្វេស​ប៊ុក​​របស់​​លោក បន្ទាប់​ពី​លោក​បាន​​​ដឹកនាំ​​កិច្ច​ប្រជុំ​កាលពី​​ថ្ងៃ​ទី​២៦ ​ខែវិច្ឆិកា ​ឆ្នាំ២០២៤ ថា លោក​​បាន​​ជំរុញ​​ឱ្យថ្នាក់​​ដឹក​នាំ​​មន្ទីរ​​ពេទ្យ​ និង​បុគ្គលិក​​ពេទ្យ​​ទាំង​​អស់ ​នៃ​​មន្ទីរពេទ្យ​​បង្អែក​​​ប៉ោយ​ប៉ែត ​ត្រូវ​​ពង្រឹង​ការងារ​​បម្រើ​​សេវា ជូន​អ្នកជំងឺ​ដោយ​មិន​រើស​អើង មិន​គិត​​មាន ឬក្រ (មិនឲ្យ​គិត​ពី​​របាំង​ហិរញ្ញវត្ថុ ក្នុង​​ការ​​មក​ទទួល​សេវា​ឡើយ) ពិសេស​សមាជិក​មាន​បណ្ណ បសស និង​មូលនិធិសមធម៌។

ម៉្យាង​​ទៀត ចំពោះ​ការ​បង់ថ្លៃ​សេវា​ត្រូវ​អនុវត្ត​តាម​តារាង​​ហិរញ្ញប្ប​ទាន​​ផ្លូវការ ដែល​បាន​កំណត់ (មិន​អនុញ្ញាត​​ឲ្យ​​ទារ​កម្រៃ​សេវា ជាដាច់ខាត)។ លោក​បន្ត​ថា លើស​ពី​នេះ ត្រូវ​ផ្តល់​អាទិភាព និង​ជា​ករណី​​បន្ទាន់ និង​ចាំ​​បាច់​ចំពោះ​ជនពិការ មនុស្ស​ចាស់ ស្រ្តី​មាន​ផ្ទៃពោះ កុមារ​តូច ពិសេស​អ្ន​ក​​ជំងឺ​ធ្ងន់ធ្ងរ។

កិច្ច​​ប្រជុំ​​នៅ​មន្ទីរ​​ពេទ្យ​​បង្អែក​​ប៉ោយ​ប៉ែត​​នេះ ​បាន​​ធ្វើ​ឡើង​​បន្ទាប់​​ពី វីអូឌី ​កាល​​ពី​ថ្ងៃទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២៤​ ​បាន​​ដក​ស្រង់​សម្តី​​របស់​​កម្មករ​ក្រុងប៉ោយប៉ែត​ យក​​មក​​ចុះ​ផ្សាយ​​ដែល​​កម្មករ​​រូប​​នោះ​ បាន​អះ​អាង​​ថា គ្រូពេទ្យ នៅ​​មន្ទីរ​ពេទ្យ​​បង្អែក​​ប៉ោយ​ប៉ែត មិន​ឱ្យ​តម្លៃ​បណ្ណ ប.ស.ស ដែល​ជា​សេវា​គាំពារ​របស់​រដ្ឋ។

ប៉ុន្តែ​ការ​អះ​អាង​របស់​កម្មករ​នេះ ​ត្រូវ​​បាន​​មន្ទីរ​​សុខាភិបាល​​ខេត្ត​​បន្ទាយ​​មាន​ជ័យ ​ចេញ​​សេចក្តី​ប្រកាស​​បដិសេ​ធ​ថា​ ជា​ព័ត៌មាន​មិន​ពិត មួល​​បង្កាច់។

គួរ​​រំឭក​ថា នៅ​ក្នុង​​ពិធី​​បើក​ការដ្ឋាន​សាង​សង់​មន្ទីរ​ពេទ្យ សាកលវិទ្យាល័យ​​វិទ្យាសាស្ត្រ​សុខា​ភិបាល​ កាល​ពី​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត​ បាន​​ជំរុញ​​ឱ្យ​​មាន​​​​ការ​​​​យក​​ចិត្ត​​ទុក​​ដាក់​លើ​ការ​​ពង្រឹង​​​ធនធាន​មនុស្ស ក្នុង​វិស័យ​សុខាភិបាល គឺ​​ត្រូវ​​ពង្រឹង​​សមត្ថ​ភាព​គ្រូពេទ្យ​ បុគ្គលិក​​ពេទ្យ​​ឱ្យ​មាន​គុណ​ភាព ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ និង​ក្រម​ប្រតិបត្តិ​។​

លោក ហ៊ុន ម៉ាណែត ក៏​​​បាន​​ណែនាំ​ឱ្យ​ក្រសួង​​សុខាភិបាល ត្រូវ​បន្ត​ពង្រឹង​​ការ​​អនុវត្ត​យន្តការ​តាម​ដាន និង​ការ​កែ​​លម្អ​គុណភាព​សេវា នៅ​មូលដ្ឋាន​សុខាភិបាល​​គ្រប់​​កម្រិត​ផងដែរ។

បច្ចុប្បន្ន​​នៅ​​កម្ពុជា​​មាន​​មន្ទីរ​ពេទ្យ​បង្អែក​ចំនួន ១២៥កន្លែង មណ្ឌល​សុខ​ភាព​ចំនួន ១២១៦​​កន្លែង និង​ប៉ុស្តិ៍​សុខភាព​ចំនួន ១៣១កន្លែង។

យ៉ាង​ណា​ក្តី ប្រព័ន្ធ​​សុខាភិបាល​​កម្ពុជា​​ នៅ​ក្នុង​រយៈ​​ពេល​​ជាច្រើន​ឆ្នាំ​​កន្លង​​មក​​នេះ​​​ទទួល​​រង​​នូវ​​ការ​​រិះគន់​ជា​ច្រើន​ពី​ប្រជា​ពល​រដ្ឋ ​រហូត​ដល់​គ្រួសារ​​អ្នក​ជំងឺ​ខ្លះ ​​បាន​​ចោទ​ប្រកាន់​​គ្រូពេទ្យ​មួយ​ចំនួន​​ថា ​​មិន​​​យក​​ចិត្ត​​ទុក​ដាក់​​ព្យាបាល​​អ្នក​ជំងឺ ទុក​អ្នក​​ជំងឺចោល ចាក់​ថ្នាំ​ ឬផ្តល់​​ថ្នាំ​ឱ្យ​​អ្នក​ជំងឺ​​លេប​ ដោយ​​ពុំបាន​​ធ្វើរោគ​​វិនិច្ឆ័យ ធ្វើ​ឱ្យ​អ្នក​​ជំងឺ​ដែល​​មិន​គួរ​​ស្លាប់ ​បែរ​ជា​ស្លាប់​​​ជាដើម។

ជាក់​ស្តែង​​ដូច​ករណី​​បុរស​ម្នាក់ ​ដែល​​ត្រូវ​បាន​​ក្រុម​គ្រួសារ​​ដឹក​យក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​​មិត្តភាព​ខ្មែរ-សូវៀត ​កាល​ពី​ពាក់កណ្តាល​​អាធ្រាត្រ​​ថ្ងៃទី​២៨ ​ខែមករា បាន​​ស្លាប់​​នៅ​​ព្រឹក​​ថ្ងៃទី​២៩ ​ខែមករា ​ឆ្នាំ​២០​២៤ ​ដោយ​​កូន​​ស្រី​​របស់​​សព​​ឈ្មោះ កញ្ញា ស្រីពេជ្រ​ បាន​​តវ៉ា​​ថា ការ​ស្លាប់​​របស់​​ឪពុក​នាង​ ​គឺ​​ដោយ​​សារ​​មន្ទីរ​​ពេទ្យ​មិន​មាន​​ក្រុម​​គ្រូពេទ្យ​​ប្រចាំ​ការ ​ដើម្បី​​ជួយ​​​សង្គ្រោះ​បឋម។

​នាង​ថា ឪពុក​​របស់​​នាង​​ត្រូវគេ​​ទុក​ចោល​ និង​​តម្រូវ​​ឱ្យ​បង់ប្រាក់​​មុន​ ហើយ​​​ត្រូវ​​រង់ចាំ​​គ្រូពេទ្យ ដោយ​​ឪពុក​របស់​​នាង​​ត្រូវ​​គេ​​​ទុក​​ឱ្យ​សន្លប់ ​តាំង​​ពី​​ម៉ោង​២:00នាទី ​រហូត​​ដល់​​ម៉ោង ​៤:៣០នាទី​​​ព្រឹក ​ទើ​ប​​មាន​​គ្រូ​ពេទ្យ​មក​​ពិនិត្យ​​ហើយ​ប្រាប់​​ថា​ មិន​​អាច​​សង្គ្រោះ​​បាន​​ទេ។​

បន្ថែម​​ពី​នេះ​​កាល​ពី​ចុង​ខែមេសា​ ឆ្នាំ២០២៤ ស្រ្តីមាន​ផ្ទៃពោះ ៨ខែម្នាក់ បាន​ស្លាប់​នៅ​​​មន្ទីរ​​ពេទ្យ​​​បង្អែក​​​ខេត្ត​បាត់​ដំបង ​បន្ទាប់​​ពី​​សម្រាល​កូន​ប្រុស​រួច​បាន​៣ថ្ងៃ​។

កូន​ស្រី​ស្ត្រី​​រង​គ្រោះ​ អះអាង​ថា ម្តាយ​​របស់​​នាង​​ស្លាប់​ ដោយ​​សារ​​តែ​ការ​​​មិន​​យក​ចិត្ត​​ទុកដាក់​​របស់​​គ្រូពេទ្យ​ដោយ​​ទុក​ម្តាយ​នាង​​ចោល ​និង​​ឱ្យ​ថ្នាំ​​ម្តាយ​​នាង​​លេប​​ខុស ​ដោយ​​ពុំ​​បាន​​ទៅ​​ពិនិត្យ​​ផ្ទាល់​​ពី​អាការៈ​​ជំងឺ។​ ករណី​​នេះ​ ក្រោយ​​មក​​ធ្វើ​ឱ្យ​មាន​​ការ​​ផ្លាស់ប្តូរ ​​ប្រធាន​​​មន្ទីរពេទ្យ ​និង​​បុគ្គលិក​​ពេទ្យ​​មួយ​​ចំនួន។

​កាល​ពីថ្ងៃទី​១៨ ​ខែ​វិច្ឆិកា ​ឆ្នាំ២០២៤ ​ស្ដ្រី​វ័យ​ ៤១​ឆ្នាំ​​ម្នាក់ ​ត្រូវ​​បាន​​គ្លីនិក​ឯក​ជន​ឈ្មោះ​ ​​សុងហាក់ ​ម៉ារីណា នៅ​ស្រុក​បាទី ខេត្តតាកែវ ចាក់​​ថ្នាំ​ហើយ​​​បាន​​ស្លាប់ រួច​​ម្ចាស់​​គ្លីនិក ​បាន​​ដឹក​សាក​​សព​​​​ស្ត្រី​​រង​គ្រោះ​ និង​ក្មេង​ស្រី​​តូច​​ម្នាក់​​​អាយុ​៣ឆ្នាំ យក​ទៅ​​ប្លុង​​ចោល ​នៅ​ក្រោម​​​ដើម​​​ឈើ ​​ដែល​​មាន​​ចម្ងាយ​​ពីគ្លីនិក ​​៣០០ម៉ែត្រ។ សាលា​ដំបូង​ខេត្តតាកែវ នៅថ្ងៃទី២២ ខែ​វិច្ឆិកា បាន​​សម្រេច​ឃុំ​ខ្លួន ប្ដីប្រពន្ធ ​ដែល​​ជា​គ្រូពេទ្យ ​និង​ជាម្ចាស់​គ្លីនិក​នេះ ពី​បទ​​​មនុស្ស​ឃាត​ដោយ​ចេតនា និង​​បទ​ចោទ​​មួយ​ចំនួន​​ទៀត​។

​ក្រៅ​​ពីនេះ​​នៅ​​មាន​​ករណី​​ភាព​​មិន​​ប្រក្រតី​​ជា​ច្រើន​​ទៀត ​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ស្លាប់ ក្នុង​​នោះ​​ក៏​​មាន​​ករណី​​ជន​រងគ្រោះ​​​ដែល​​រង​​របួស​​ដោយ​​សារ​គ្រោះថ្នាក់​​ចរាចរណ៍​ផង​ដែរ ​​ករណី​ខ្លះ ​ឡាន​​សាមុយ​​ដឹក​អ្នក​រង​របួស​​យក​ទៅ​​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​​ពេទ្យ​ តែ​ត្រូវ​​បាន​​គេ​ទុក​អ្នក​រង​គ្រោះ​​ចោល ​បណ្តាល​​ឱ្យ​ហូរ​ឈាម ​រហូត​ដល់​ស្លាប់​​ប្រសិន​​បើ​​ពុំ​​មាន​​តំណាង​ ​ក្រុម​​គ្រួសារ​​ជន​​រង​គ្រោះ​ ទៅ​​បង់​​ប្រាក់​​ជា​មុន​​ទេ​នោះ។

បញ្ហា​នេះ​ត្រូវបាន​សមាជិក​គ្រួសារ​ជន​រង​​គ្រោះ ផ្តល់​ព័ត៌មាន​មក​ប្រហាក់​ប្រហែលគ្នា​ថា មូលហេតុ​ចម្បង​ពី​ព្រោះ​​​មន្ទីរ​ពេទ្យ​​ស្រុកខ្មែរ​ ​ស្ទើ​​តែ​​ទាំង​អស់​​ ទាល់​តែ​បង់​​ប្រាក់​​រួច​​រាល់​​ជាមុន​ ​ទើប​​មាន​​គ្រូពេទ្យ​​​ចេញ​មក​​ព្យា​បាល​​​តាម​​ក្រោយ​ ដែល​​ករណី​​នេះ ​ត្រូវ​បាន​​គេ​​រិះគន់​​ថា មន្ទីរ​​ពេទ្យ​​ស្រុក​ខ្មែរ ​យក​​លុយ​​ធំ​​ជាង​អាយុជីវិត​មនុស្ស។

ដោយ​​សារ​​តែ​កេរ្តិ៍​ឈ្មោះ​គ្រូពេទ្យ​​ខ្មែរ​ តែង​តែ​ជះក្លិន​​មិន​​ល្អ ទើប​​បច្ចុប្បន្ន​​​ពល​រដ្ឋ​​ខ្មែរ ​ដែល​​មាន​​​ជីវភាព​សមរម្យ​ជា​ច្រើន ​បាន​សម្រេច​​ចិត្ត​​​ចាក​​ចេញ​​ទៅ​ព្យាបាល​​ជំងឺ ​ឬ​ក៏​ពិនិត្យ​​សុខភាព​​​នៅ​​ប្រទេស​ថៃ និង​វៀត​ណាម​។

កាល​​ពី​​ពេល​​ថ្មីៗ​​នេះ រដ្ឋ​មន្ត្រី​​ក្រសួង​​សុខាភិបាល លោក ឈាង រ៉ា ​បាន​ថ្លែង ហាក់​ទទួល​ស្គាល់​ ពីភាព​មិន​ប្រ​ក្រ​តី ដែល​បាន​កើត​ឡើង​ រួមទាំង​ភ្ជាប់​សារ​បែប​ការពារ។

​​​លោក​គូស​បញ្ជាក់​ថា ​ កាល​​ពី​​ឆ្នាំ​២០២៣​ មាន​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​​ចន្លោះ​​ពី​២០ម៉ឺន ទៅ២៥ម៉ឺន​នាក់ បាន​​ទៅ​រក​​សេវា​​ព្យាបាល​​ជំងឺ​​​នៅ​​ប្រទេស​ថៃ​ និង​​វៀត​ណាម​។

លោក​​ថា​ ករណី​​នេះ​ ប្រហែល​​ជា​​ពលរដ្ឋ​​ពេញ​​ចិត្ត​​ទៅ​​លើ​​ការ​​យក​ចិត្ត​​ទុក​ដាក់ ​របស់​​បុគ្គលិក​​ពេទ្យ ឬ​អាច​ថា​​ពួក​​គាត់​​ចង់​​បាន​​បទ​ពិសោធន៍​​ថ្មី ​ក្នុង​ការ​​ព្យាបាល​​នៅ​​ក្រៅ​ប្រទេស​។

ទោះ​​យ៉ាង​ណា​ លោក ​ឈាង រ៉ា បាន​​ជំរុញ​​ឱ្យ​មន្រ្តី​សុខាភិបាល​​គ្រប់​​ជាន់ថ្នាក់​ បន្ត​ពង្រឹង​​វិស័យ​សុខាភិបាល​កម្ពុជា​​ឱ្យបាន​​កាន់តែ​ល្អ​​ប្រសើរ ដើម្បី​ធ្វើ​​ឱ្យ​អត្រា​​ពលរដ្ឋ​ចេញ​​ទៅ​ព្យាបាល​​នៅ​​ក្រៅប្រទេស​​ថយចុះ។

 អ្នក​ជំនាញ​ផ្នែក​សុខភាព លោក​វេជ្ជបណ្ឌិត គួច ម៉េងលី ដែល​ជា​អគ្គនាយក​ប្រត្តិបត្តិ​​ក្រុម​ហ៊ុន​​ ម៉េង​លី ជេ​គួច អេឌ្យូ​ខេសិន​បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា មូលហេតុ​ដែល​មន្ទីរ​​ពេទ្យ​នៅ​ប្រទេស​ជិត​ខាង​នៅតែ​ស្រូប​ទាញ​អ្នក​ជំងឺ​ពី​កម្ពុជា ដោយ​សារ​គ្រូពេទ្យ​គេ​ផ្ដល់​សេវាកម្ម​​បែប​ទន់​ភ្លន់ រួសរាយ​រាក់​ទាក់ ប្រើ​ប្រាស់​សម្ភារ​ទំនើប និង​មាន​អនាម័យ​ខ្ពស់ រួម​ទាំង​មាន​​បច្ចេកទេស​ខ្ពស់​ក្នុង​ការ​ព្យាបាល​ជំងឺ។

 លោក​ថា ដើម្បី​ឱ្យ​ការ​ព្យាបាល​នៅ​ក្នុង​ស្រុក​​មាន​​ជំនឿ​ទុក​ចិត្ត​ពី​ពលរដ្ឋ កម្ពុជា​ត្រូវការ​ពេល​វេលា​ច្រើន​បន្ថែម​​ទៀត ទាំង​ការ​អប់រំ និង​​ការ​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ​ ក្នុង​វិស័យ​សុខាភិបាល​ជាពិសេស​នៅ​តាម​មន្ទីរ​ពេទ្យ​នានា ​ត្រូវ​តែ​មាន​ការ​បំពាក់​ឧបករណ៍​ទំនើប។ បើ​កម្ពុជា​មាន​​ពេទ្យ​​ល្អ​ច្រើន មាន​អ្នក​ជំនាញ​ឯក​ទេស​​ច្បាស់លាស់​គ្រប់មុខ ហើយ​ផ្តល់​សេវាកម្ម​មាន​វិជ្ជា​ជីវៈ​ច្បាស់​លាស់ បូករួម​ទាំង​គ្រូពេទ្យ​​មាន​​ក្រម​សីលធម៌​ល្អ នោះ​ប្រជាពលរដ្ឋ​នឹង​មិន​ទៅ​​ព្យា​បាល​នៅ​ក្រៅ​ប្រទេស​ច្រើន​ឡើយ៕

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ