អតីត​​ឧកញ៉ា​ម្នាក់​ថា​ខ្លួន​ត្រូវ​រដ្ឋាភិបាល​តាម​ចាប់​ ក្រោយ​លាត​ត្រដាង​ក្រុម​ឧក្រិដ្ឋ​ឆបោក​នៅ​កម្ពុជា

អតីតឧកញ៉ា ហេង សិទ្ធី អះ​អាង​ថា សមត្ថកិច្ច​កំពុង​រៀប​ល្បិច ដើម្បី​ចាប់​ខ្លួន​លោក ក្រោយ​លោក​បាន​​ព្យាយាម​​លាត​ត្រដាង​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អន​ឡាញ​ដែល​ប្រទាក់​ក្រឡា​គ្នា​ជា​មួយ​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​នៅ​កម្ពុជា រួមទាំង​អតីត​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន ជាដើម។

ការ​ទម្លាយ​នេះហាក់​ស៊ីគ្នា​ទៅ​នឹង​របាយណ៍ការ​នានា រក​ឃើញ​ថា កម្ពុជា​កំពុង​ក្លាយ​ជា​ជម្រក​ដែនដី​ឧក្រិដ្ឋជន​ចាប់​ជំរិត​តាម​អនឡាញ បង្កការ​ភ័យ​ខ្លាច​ដល់​ប្រទេស​ ក្នុង​តំបន់អាស៊ី និងអ៊ឺរ៉ុប។

តាម​រយៈ​សំណេរ​រៀប​រាប់​ជា​ភាសា​ខ្មែរ និងចិន នៅ​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​នៅ​ខែធ្នូនេះ អតីត​ឧកញ៉ា ហេង សិទ្ធី បាន​ទម្លាយ​ថា លោក គួច ចំរើន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ គឺ​ជា​ជន​ពុករលួយ​ដ៏​ស្ងៀមស្ងាត់ ដែល​ការពារ​ឧក្រិដ្ឋកម្ម​ល្បែង​ស៊ីសង​ខុសច្បាប់​នៅ​ព្រះសីហនុ​ ក្នុង​អាណត្តិ​របស់​លោក។

លោក​បន្តថា លោក គួច ចំរើន បាន​សង់​វិមាន​ដ៏​ធំ​នៅ​ខេត្ត​ព្រះសីហនុ គាំទ្រ​ដោយ​ពួក​ឧក្រិដ្ឋជន​តាម​រយៈ​ការ​ទទួល​បាន​រូបិយប័ណ្ណ​គ្រីប​តូ​ដូច​ជា USDT  USDC និង Bitcoin ជាដើម ហើយ ទ្រព្យ​សម្បត្តិ​របស់​លោក គួច ចំរើន មាន​ច្រើន​ជាង​ ១៥០លានដុល្លារ រួម​ទាំង​នៅ​ប្រទេស​ក្រៅ។

ជា​ការ​កត់​សម្គាល់​ប៉ុន្មាន​ថ្ងៃទៅ​នេះ អតីត​ឧកញ៉ា ហេង សិទ្ធី អគ្គនាយក​ក្រុមហ៊ុន Maritime Group បាន​ព្យាយាម​សរសេរ​សារ​ជា​ហូហែរ​ នៅលើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​មាន​ទាំង​បក​ប្រែ​ជា​ភាសា​ចិន និងអង់​គ្លេស​ផង ដើម្បីទម្លាយ​ពី​បទ​ឧក្រិដ្ឋ​ឆបោកតាម​អន​ឡាញ​នៅ​កម្ពុជា។

ក្នុងនោះលោក​ ហេង សិទ្ធី ឱ្យ​ដឹង​ដែរ​ថា បុរស​ជនជាតិ​សិង្ហ​បុរី​សញ្ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ជាឧក្រិដ្ឋជនលាងលុយកខ្វក់ និង​រកស៊ី​ខុស​ច្បាប់​នៅ​កម្ពុជា។

ក្រោយ​មក​នៅថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិខ្មែរ​រូប​នេះ បាន​ប្តឹង​លោក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំ​ពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់ ពី​បទ​បរិហារ​កេរ្តិ៍ និង​ទាម​ទារ​សំណង២លានដុល្លារ។ ​

កាល​ពី​​ថ្ងៃទី​២ ខែ​ធ្នូ ឆ្នាំ​​២០២៤ ព្រះ​មហាក្សត្រ​​ បាន​​ចេញ​​ព្រះរាជក្រឹត្យ​​សម្រេច​​លុប​​គោរមងារ​អ្នក​ឧកញ៉ា​ពី​លោក ហេង សិទ្ធី តាម​សំណើ​​របស់​​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។

វីអូឌី មិន​​ទាន់​​អាច​​រក​​ការ​​បញ្ជាក់​​បន្ថែម​​ពី​លោក ហេង សិទ្ធី បាន​នៅ​ឡើយទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

យ៉ាង​ណា លោក ហេង សិទ្ធី បញ្ជាក់​ថា មន្រ្តីពាក់ព័ន្ធនៅ​កម្ពុជា​កំពុង​រៀប​ចំ​ផែនការ ដើម្បីគំរាម ដាក់​ឈ្មោះ​លោក​នៅ​ក្នុង​និវេត​ក្រហម របស់ស្ថាប័ន​ប៉ូលិស​អ​ន្តរជាតិ (Interpol) ដើ​ម្បី​ចាប់ខ្លួន ខណៈ លោក​កំពុង​​​គេច​ខ្លួន​ទៅ​ក្រៅ​​ប្រទេស​។

លោក​ចោទ​​ថា បុរស​ជនជាតិ​សិង្ហ​បុរី​សញ្ជាតិខ្មែរ​ឈ្មោះ ភូ ហ្គិច សេង បាន​បង់​ប្រាក់​ ៥លាន​ដុល្លារ​ទៅ​ឱ្យ​លោក ស ថេត ជា​ថ្នូរ​នឹង​ផលិត​របាយការណ៍​ក្លែង​ក្លាយ ដើម្បី​ចាប់​ខ្លួន​លោក។

បើ​តាម​លោក ហេង សិទ្ធី ពួក​គេ​បាន​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ (Interpol) ដាក់​ឱ្យ​លោក​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​ក្រហម ឬ​ហៅថា​និវេត​ក្រហម​រួច​ហើយ ទាំង​គ្មាន​ភស្តុតាង ឬ​សំណុំ​រឿង​របស់​តុលាការ ផ្ទុយ​នឹង​ច្បាប់​អន្តរជាតិ។

ក្រោយ​មក ដោយ​បរាជ័យ​ក្នុង​សុំ​ដាក់​ឈ្មោះ​លោក​ក្នុង​និវេតក្រហម ពួក​គេ​ក៏​បាន​ស្នើ​សុំ​ឱ្យ ប៉ូលិស​អន្តរជាតិ ដាក់​ឱ្យ​ខ្ញុំ​នៅ​ក្នុង​និវេតពណ៌ខៀវ​វិញម្តង។

លោក​ក៏​បាន​ស្នើ​ឱ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់ លើ​ក្រសួង​មហាផ្ទៃ​អំពី​អំពើ​ពុក​រលួយ និង​ផ្តល់​ការ​ការពារ​ដល់​ឧក្រិដ្ឋ​ជន​ ក្នុង​នោះ​មាន រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​លោក ស សុខា រួម​ទាំង លោក ស ថេត លោក ជួន ណារិន លោក គួច ចំរើន ជាដើម។

វីអូឌី មិន​អាច​សុំការ​ឆ្លើយ​តប​ពី លោក ទូច សុឃៈ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ និង​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​លោក ឆាយ គឹមឃឿន បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​គ្មាន​អ្នក​ទទួល​ទូរសព្ទ។

យ៉ាង​ណា តាមរយៈ​វិ​ឌី​អូ ជិត​១នាទី​លើ​បណ្តាញ​សង្គម លោក គួច ចំរើន ដែល​ត្រូវ​បាន​ផ្ទេរ​ពី​អភិបាល​ខេត្ត​ព្រះសីហនុ មក​ជា​អភិបាល​ខេត្ត​កណ្តាល បាន​ឆ្លើយ​តប​ទៅ​កាន់​អតីត​អ្នក​ឧកញ៉ា ហេង សិទ្ធី ថា លោក​មិន​​មាន​ជាប់​ពាក់​ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​នោះទេ។

លោកថា៖ «ខ្ញុំ​ពុំមាន​លុយ​គ្រីប​តូ ដូច​ការ​សរសេរ​បំផ្លើស​បំផ្លោង ដូច​ការ​បង្ហោះ​ចែក​ចាយ​នោះ​ទេ បើសិន​អ្នក​ណា​ដឹង​ថា​លុយ​គ្រីប​តូ​របស់ខ្ញុំ​នោះ នៅ​កន្លែង​ណា​ សូម​ទៅ​យក​មក​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទៅ ចែក​ប្រជាជន​ក្រីក្រ​ទៅ សង់​សាលារៀន សង់​មន្ទីរ​ពេទ្យ​ឱ្យ​អស់​ម៉ង​ទៅ»

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រា​វ លោក សេក សុជាតិ យល់ថា​ការ​បែក​ធ្លាយ​ពត៌មាន​លើ​បណ្តាញ​សង្គម​វា​អាច​ជារឿង​ពិត និង​មិន​ពិត តែ​លោក​ថា ដើម្បី​បង្ហាញ​ពី​តម្លា​ភាព ស្ថាប័ន​ពាក់​ព័ន្ធ​ក៏​ត្រូវ​បើក​ការ​ស៊ើប​អង្កេត​រឿង​នេះ​បន្ទាន់​ផង​ដែរ។

លោក សេក សុជាតិ កត់​សម្គាល់​ថា កន្លង​ទៅរឿង​អំពើ​ពុក​រលួយ​ទុច្ចរិត​ របស់​មន្រ្តី​បក្ស​កាន់​អំណាច ការ​អនុវត្ត​ច្បាប់​ហាក់​មាន​ភាព​យឺត​យ៉ាវ និង​ទាល់​តែ​សម្ពាធ​ខ្លាំង​ពី​ពលរដ្ឋ​ថែម​ទៀត ទើប​មាន​ចំណាត់​ការ។

លោកថា៖ «កើត​មាន​ ឬមិន​កើត​មាន​ក៏​គួរ​តែ​ដោះ​ស្រាយ​ដោយ ឈរ​លើ​គោល​ការ​តម្លា​ភាព បើ​មិន​អ៊ី​ចឹង​ទេ សហគមន៍​អន្តរជាតិ នៅ​តែ​បន្តដាក់​សញ្ញា​សួរ​ ឬក៏​ចំណុច​ក្រហម​ទៅ​លើ​កម្ពុជា ពាក់​ព័ន្ធ​ជាមួយ​ថា​ប្រទេស​ដែល​ជា​សំបុក​នៃ​ការ​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ លើ​បណ្តាញ​អន​ឡាញ ហើយ​ក៏អាច​ហ្នឹង​ទទួ​លរង  ទណ្ឌកម្ម​ផ្សេងៗ​ទៀត ប្រសិន​បើ​នៅតែ​មិនមាន​ចំណាត់​ការ​ណា​មួយ​ ដែល​អាច​ផ្តល់​ទំនុក​ចិត្ត​ទៅ​ដល់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត»

អតីត​តំណាង​​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក អ៊ំ សំអាន លើក​ឡើង​ថា ​​​ការ​លាត​ត្រដាង​របស់​លោក ហេង សិទ្ធី នេះឆ្លុះ​បញ្ចាំង​ពីការ​ពិត​នៅ​កម្ពុជា ព្រោះ​ស៊ីគ្នា​ទៅ​នឹង​របាយការណ៍​នានា​របស់​អន្តរជាតិ​រក​ឃើញ​ថា​កម្ពុជា​ជា​សំបុក​ពួក​ឧក្រិដ្ឋជន។

លោកថា នៅ​កម្ពុជា​អ្នក​ដែល​ហ៊ាន​និយាយ​ពីរឿង​អាស្រូវ​ប៉ះពាល់​មន្រ្តី​បក្ស​កាន់​អំនាច តែង​តែ​រង​ការ​គំរាម​តាម​ផ្លូវ​ច្បាប់​ ដូច​ករណីលោក ហេង សិទ្ធិ នេះ​ជា​ដើម។

លោកថា​៖ «ឧកញ៉ា ហេង សិទ្ធី បាន​បញ្ជាក់​ហ្នឹង វា​កើត​ជាក់​ស្តែង​នៅ​កម្ពុជា​យើង។ ឃើញ​មាន​ការ​ចាប់​ជំរិត ការ​បង្ខាំង​មនុស្ស​ឱ្យ​ឆបោក​តាមអនឡាញ ការ​ជួញ​ដូរ​មនុស្ស ហ្នឹង​គឺ មាន​អ៊ីចឹង​មែន​ឯង ដូច​គាត់​ចោទ​ប្រកាន់​ចឹង​ឯង ដោយ​សារ​តែ​មាន​ការ​គប់​គិត​គ្នា​រវាង​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជាមួយ​ពួក​ឧក្រិដ្ឋជន​ហ្នឹង​ឯង បាន​ជា​បទល្មើស​ទាំង​អស់​នោះ​មិនអាច​បង្រ្កាប​បាន​នៅ​កម្ពុជា ផ្ទុយ​ទៅវិញ​បទ​ល្មើស ទាំងអស់នោះកាន់តែកើនច្រើនឡើងៗនៅកម្ពុជា ដោយ​សារ​តែ​មាន​មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល ចៅហ្វាយខេត្ត ទទួលសំណូក ពី​ពួក​ឧក្រិដ្ឋ​ទាំង​អស់​នោះ។ ខ្ញុំ​ជឿ​ថា លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ក៏​ដឹង​ដែរ គាត់​ចេះ​តែ​បិទ​ភ្នែក​ទៅ ដើម្បី​ឱ្យ​មន្រ្តី​ទាំងអស់​ហ្នឹង​រក​ស៊ី​មានបាន​រក​លុយ​ជួយ​ពង្រឹង​អំណាច​របស់​គាត់»

ក្រុម​ឧកញ៉ា​ដែល​អន្តរជាតិ​រក​ឃើញ​ថា​ជា​ឧក្រិដ្ឋជន សុទ្ធ​សឹង​តែ​ជា​មនុស្ស​ដែល​នៅកៀក​នឹង​គ្រួសារ​ហ៊ុន​រួម​មាន ឧកញ៉ា លី យ៉ុង ផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ហ៊ុន តូ និងឧកញ៉ា ជេន ស៊ី  ទីប្រឹក្សា​លោក ហ៊ុន សែន ដែល​ត្រូវ​តុលាការ​ចិន​រក​ឃើញ​ថា​ជា​ឧក្រិដ្ឋជន​លាង​លុយ និង​ឆបោក​តាម​អនឡាញ ជាដើម។ ឧកញ៉ា លី យ៉ុង​ផាត់ អ្នក​គ្រប់​គ្រង​លុយ​ឱ្យ​បក្ស​កាន់​អំណាច ត្រូវ​ក្រសួង​រតនាគារ​ជាតិ​មេរិក ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ ក្រោយ​មាន​ជាប់​​ព័ន្ធ​ការ​ជួញ​ដូរមនុស្ស ការ​រក​ស៊ី​ឆបោក​តាម​អន​ឡាញ។

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ