តុលាការក្រុងភ្នំពេញ សម្រេចបញ្ជូនសំណុំរឿងទីប្រឹក្សាជាន់ខ្ពស់ គណបក្សកម្លាំងជាតិ ទៅជំនុំជម្រះ ប៉ុន្តែនៅមិនទាន់បានកំណត់ពេលកាលបរិច្ឆេទ ទាក់ទងបទចោទថា មិនរាងចាល ដែលនីតិវិធីនេះ ត្រូវបានជនសង្ស័យនៅក្នុងរឿងក្តី ចាត់ទុកថាជាការចោទប្រកាន់ដែលមិនសមទំនង ហើយក៏មិនឆ្លុះបញ្ចាំងទៅនឹងសកម្មភាពជាក់ស្តែង នៃបទល្មើសដែរ។
ការរិះគន់នេះ ធ្វើឡើងស្របពេលដែល ចៅក្រមស៊ើបសួរ នៃតុលាការក្រុងភ្នំពេញ បញ្ជាក់ថាសំណុំរឿងព្រហ្មទណ្ឌនេះ ដល់ពេលកំណត់ដែលត្រូវលើកយកទៅជំនុំជម្រះហើយ។
បើទោះជាបែបណា តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃទី២៣ ខែធ្នូ នេះ លោក ទិតវិទ្ធី បូរ៉ាឆាត ជាចៅក្រមស៊ើបសួរ ដែលទទួលបន្ទុកនៅក្នុងរឿងក្តីនេះ បញ្ជាក់ដោយខ្លីថា តុលាការសម្រេចបញ្ជូនរឿងក្តីនេះ ទៅបើកសវនាការហើយ។
តាមរយៈលិខិតជូនដំណឹងដែលរៀបរាប់ច្រើន តែទៅលើការយល់ឃើញរបស់ចៅក្រមផ្ទាល់ និងអង្គហេតុខ្លះៗរបស់ជនត្រូវចោទ នៅក្នុងសំណុំរឿងព្រហ្មទណ្ឌនេះ គឺពុំមានអ្វីផ្សេងដែលអាចធ្វើឱ្យគេយល់បានថា សេចក្តីប្រកាសព័ត៌មានរបស់តុលាការនេះ ចង់នឹងត្រូវបើកសវនាការ នៅពេលណាឱ្យប្រាកដនោះឡើយ។
ជុំវិញរឿងនេះ លោក រ៉ុង ឈុន ដែលរងការចោទប្រកាន់ នៅក្នុងសំណុំរឿងនេះ ក៏បានបដិសេធដែរថា ថ្វីបើលោកបានទទួលលិខិតជូនដំណឹង ស្តីពីការត្រៀមខ្លួនដើម្បីចូលបំភ្លឺនៅតុលាការ ដូចការកំណត់របស់ចៅក្របស៊ើបសួរនេះមែន ប៉ុន្តែដំណឹងនេះ ហាក់គ្មានព័ត៌មានពេញលេញ ដែលជួយឱ្យរូបលោកក្នុងនាមជាភាគីនៅក្នុងសំណុំរឿងបានយល់ថា តើសវនាការនេះនឹងប្រព្រឹត្តិទៅបែបណា ហើយធ្វើឡើងនៅពេលណានោះដែរ។
ក្រៅពីនេះ បើតាមលោក រ៉ុង ឈុន ដែលជាទីប្រឹក្សារបស់គណបក្សកម្លាំងជាតិ យល់ឃើញថា បើផ្អែកទៅលើបទចោទប្រឆាំងរូបលោកវិញ វាហាក់ជារឿងគួរឱ្យអស់សំណើចថែមទៀត ព្រោះការចោទប្រកាន់នេះ មើលទៅ វាដូចមិនស៊ីគ្នាទាល់តែសោះ ទៅនឹងអ្វីដែលលោកបានធ្វើ។
បើតាមអ្នកនយោបាយរូបនេះ ផ្ទុយទៅវិញ លោកតែងចូលរួមសហការជានិច្ចជាមួយអាជ្ញាធរ និងតុលាការក្នុងការអនុវត្តនីតិវិធី អំឡុងពេលដែលជាប់បម្រាមតុលាការនេះ។
លោកថា៖«ចោទប្រកាន់ខ្ញុំថាមិនរាងចាល អញ្ចឹងមានន័យថាដាក់មនុស្សទៅហើយ ឱ្យចេញមកវិញឱ្យរាងចាល។ ហើយការប្រព្រឹត្តកន្លងទៅហ្នឹង ក៏មិនមានខុសអីដែរ បើគ្រាន់តែទៅជួប ជាមួយប្រជាពលរដ្ឋ ហើយ ប្រជាពលរដ្ឋបាននាំខ្ញុំទៅមើលដី ដែលពួកគាត់មានវិវាទដែលពួកគាត់បាត់បង់សព្វបែបយ៉ាង។ តាមពិតទៅ អាហ្នឹងវាអត់មានដែលខុសទេ។ យើងធ្វើការងារសង្គម យើងជួយអ្នកទន់ខ្សោយ។ យើងគ្រាន់តែការពារអ្នកទន់ខ្សោយ វាមានរឿងអីដែលត្រូវខុសច្បាប់ »។
គេសង្កេតឃើញថាបទចោទថ្មី ប្រឆាំងលោក រ៉ុង ឈុន កើតឡើង ក្នុងពេលគណបក្សកម្លាំងជាតិ ព្យាយាមរៀបចំសមាជវិសាមញ្ញម្តងជាពីរដង កាលពីពាក់កណ្តាលឆ្នាំ២០២៣។ លោក ទិតសុទ្ធី បូរ៉ាឆាត ចៅក្រមស៊ើបសួរ នៃតុលាការក្រុងភ្នំពេញ បាននិយាយនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទទួលបាននៅថ្ងៃនេះ ឱ្យដឹងថា ការមិនរាងចាលក្នុងបទមជ្ឈឹម បន្ទាប់ពីបានផ្តន្ទាទោសក្នុងបទមជ្ឈឹម លើបទចោទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម » ត្រូវបានតុលាការសម្រេចបិទបញ្ចប់ការស៊ើបសួរ។
យ៉ាងណាបទចោទ ក្នុងករណីមិនរាងចាលនេះ កើតឡើង នៅបន្ទាប់ពីគណបក្សកម្លាំងជាតិ បានព្យាយាមស្នើទៅសាលាក្រុងភ្នំពេញ ដើម្បីរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅលើទីលានប្រជាធិបតេយ្យ ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ មិនបានសម្រេច កាលពីអំឡុងខែ សីហា ឆ្នាំ២០២៣។ ការបដិសេធរបស់អាជ្ញាធរក្រុងភ្នំពេញ នៅពេលនោះ ក្រោមហេតុផលដែលគេហាក់ពិបាកជឿទុកចិត្តនោះគឺ បម្រាមនេះរដ្ឋាភិបាលព្រួយបារម្ភ មានជនមួយចំនួនចង់ផ្តួលរំលំរដ្ឋាភិបាល។
ដោយគ្មានជំរើស គណបក្សកម្លាំងជាតិ ក៏បានស្នើ សារជាថ្មីទៀត ដោយរៀបចំសមាជវិសាមញ្ញរបស់ខ្លួន នៅនឹងទីស្នាក់ការគណបក្ស ស្ថិតនៅក្នុងភូមិសាស្រ្តខណ្ឌឬស្សីកែវ រាជធានីភ្នំពេញដដែល។ ប៉ុន្តែការស្នើជាលើកទី២ទៀតនេះ សាលាក្រុងភ្នំពេញ បានបើកផ្លូវឱ្យមានការរៀបចំ តែត្រូវធានាសន្តិសុខ និងសុវត្ថិភាពដោយខ្លួនឯង។
សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្នើសុំការបញ្ជាក់បន្ថែម ជុំវិញរឿងនេះពីលោក អ៊ី រិន្ទ អ្នកនាំពាក្យតុលាការក្រុងភ្នំពេញ នៅថ្ងៃនេះដោយទូរស័ព្ទចូល តែគ្មានអ្នកទទួល។
យ៉ាងនេះក្តី សម្រាប់លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការ ការពារសិទ្ធិមនុស្ស លីកាដូ (Licadho) បានឱ្យដឹងថាតាមពិតទៅលោក រ៉ុង ឈុន ត្រូវទទួលរងបណ្តឹង និងចោទប្រកាន់តាមផ្លូវតុលាការនេះ ជាច្រើនសំណុំរឿងរួចមកហើយ។ លោកបន្តថា ការតស៊ូមតិដែលរងព្យុះភ្លៀងមិនមែនទើបតែក្នុងសកម្មភាពនយោបាយនេះទេ សូម្បីនៅក្នុងសហជីព និងសកម្មភាពផ្សេងទៀត អ្នកតស៊ូមតិដ៏សកម្មរូបនេះ ក៏ធ្លាប់ប្រឈមមុខនឹងការចាប់ខ្លួន និងគំរាមកំហែងដូចគ្នាដែរ។
ប៉ុន្តែអ្វីដែលជាបញ្ហានៅពេលនេះ សម្រាប់លោក រ៉ុង ឈុន បើតាមលោក អំ សំអាត គឺសេរីភាពនយោបាយរបស់លោក ត្រូវប្រឈមមុខ និងការរឹតត្បិតកាន់តែមានទំហំធំទៅៗ ដែលជារឿងគួរឱ្យព្រួយបារម្ភ។ម្យ៉ាងវិញទៀត ការអនុវត្តដូចនេះ វាក៏ជាផ្នែកមួយ ដែលប៉ះពាល់ក្នុងកម្រិតធ្ងន់ធ្ងរដែរ ទៅលើសកម្មភាព និងលំហរសេរីភាពខាងនយោបាយ ដែលធានាដោយច្បាប់។
លោកថា៖ «វាអាចទាក់ទងនឹងសកម្មភាព ដ៏សកម្មរបស់លោក រ៉ុង ឈុន។ ហើយដល់អញ្ចឹងទៅ ការជាប់បណ្តឹងនៅតុលាការ ហើយនិងការចោទប្រកាន់នាំឱ្យមានការដាក់លក្ខខណ្ឌដ៏តឹងរឹងសម្រាប់លោក រ៉ុង ឈុន។ហើយធ្វើឱ្យលោក រ៉ុង ឈុន បំពេញការងារជីវភាពនយោបាយហ្នឹង ក៏មិនបានពេញលេញ ដោយសារតែលក្ខខណ្ឌស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការអីហ្នឹងជាដើម »។
នៅក្នុងបញ្ញត្តិមាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ បានកំណត់ថា ពលរដ្ឋខ្មែរទាំងពីរភេទ ចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និវប្បធម៌របស់ប្រទេស។ ដោយឡែក បញ្ញត្តិមាត្រា ៥១ ថ្មី ក៏បានកំណត់ដែរថា ប្រទេសកម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស។ ពលរដ្ឋខ្មែរ ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។
ប៉ុន្តែសម្រាប់អ្នកវិភាគនយោបាយ ចាត់ទុកថា ខ្លឹមសារដ៏ល្អឯក នៃគោលការណ៍ច្បាប់ទាំងនេះ នៅតែនៅលើក្រដាស់ប៉ុណ្ណោះ ការអនុវត្តជាក់ស្តែងមិនដូច្នេះឡើយ។ គណបក្សប្រជាជនកម្ពុជា ដែលបន្តដឹកនាំរដ្ឋាភិបាល ប្រមាណ៤០ឆ្នាំមកនេះ តែងកម្ទេចគណបក្សនយោបាយណា ដែលស្វែងរកផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ និងការពារទឹកដី៕