លោក ហ៊ុន ម៉ាណែត រងការ​ចោទ​ថា «ក្បត់ជាតិ តជំនាន់» បើ​មិន​ប្តឹង​ទាម​ទារ​កោះគុត

លោក ហ៊ុន ម៉ាណែត រងការ​ចោទ​ថា នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​តជំនាន់ ដោយ​គេ​មើល​ឃើញ​ថា ក្លាហាន​បង្ក្រាប​តែ​ខ្មែរ​គ្នាឯង ដើម្បី​ពង្រឹង​អំណាច តែ​មិន​ក្លាហាន​ប្រើ​យន្តការ​អន្តរជាតិ​ទប់ទល់​នឹង​បទេស​ឈ្លាន​ពាន ធ្វើឱ្យ​ទឹកដី​កម្ពុជា​បាត់បង់​ជា​បន្តបន្ទាប់​ ទៅ​ប្រទេស​ជិតខាង​រួម​ទាំង​ករណី​កោះគុត ដែល​ថៃ​កំពុង​ច្បាម​យក។

ករណី​កោះ​គុត អតីត​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ​ថា  អតីត​នា​​យក​​រដ្ឋមន្ត្រី លោក ហ៊ុន សែន ចុះ​អនុសារណៈ​នៃការ​យោគយល់គ្នា​ឆ្នាំ​២០០១  ជា​មួយ​មេដឹក​នាំ​ថៃ លោក ថា​ក់ស៊ី យល់ព្រម ឱ្យ​កោះ​គត់​ទៅ​ថៃ តាម​រយៈ​លោក សុខ អាន។

លោក​គូស​បញ្ជាក់​ថា នេះ​បើ​យោង​តាម​ផែនទី​ភ្ជាប់​អនុសារណៈ នៃ​ការ​យោគយល់​ឆ្នាំ​២០០១ ដែល​លោក​សំអាង​លើ​បន្ទាត់​គូស​វាង​កោះគុត ឬ​បន្ទាត់​គូស​ផត​ចូល​មក​ដែន​សមុទ្រ​ខ្មែរ ដែល​បាន​កាត់​ឆ្វៀល​កោះ​គុត​ចេញ។

សម្រាប់​លោក អ៊ុំ សំអាន បញ្ហា​ចម្បង​នេះ ដែល​ធ្វើ​ឱ្យ​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត មិន​បាន​និយាយ​ថា មួយ​ផ្នែក​នៃ​កោះ​គុត ជា​របស់​ខ្មែរ​នោះ​ទេ បើ​ទោះ​បី​នាយក​រដ្ឋមន្រ្តី​ថៃ លោក​ស្រី ផេ​ថង​ថាន បាន​និយាយ​ថា កោះគុត​ជា​របស់​ថៃ។

លោក​ថា បញ្ហា​នេះ បើលោក  ហ៊ុន ម៉ាណែត មិន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​កោះ​គុត​មកវិញ​នោះ​ទេ លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​ជន «ក្បត់ជាតិ តជំនាន់» ដូច​ត្រកូល​អភ័យវង្ស​បែន គឺ​ឪ​កាត់​កោះ​ត្រល់​ឱ្យ​យួន ឯ​កូន​កាត់​កោះ​គុត​ឱ្យ​ថៃ។

ការណ៍​នេះ លោក ទាម​ទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ត្រូវ​តែ​បញ្ជាក់​ថា មួយ​ផ្នែក​នៃ​កោះគុត ជា​របស់​កម្ពុជា ហើយ​ត្រូវ​លុប​ចោល អនុសារណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ បន្ទាប់​មក ត្រូវ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ទាមទារ​ចំណែក​កោះគុត​យ៉ាង​ហោច​ពាក់​កណ្តាល​មក​វិញ ទើប​អាច​គេច​ផុត​ពី​ទង្វើ​កាត់​ទឹកដី​ឱ្យ​បរទេស ដែល​ប្រឈម​នឹង​ទោស​ក្បត់ជាតិ។

លោកថា៖ ​«បើ​សិន​ជា​លោក ម៉ាណែត មិន​ប្រកាស​ថា​​កោះគុត​​មួយ​​ផ្នែក​ ជា​​កម្មសិទ្ធិ​​របស់​​កម្ពុជា​​នោះ​​ទេ ហើយ​គាត់​មិន​ទាមទារ​យក​កោះ​គុត​មក​វិញ​នោះ​ទេ ហើយ​គាត់​មិន​លុបចោល​អនុសារណៈ​នៃ​ការ​យោគយល់​ឆ្នាំ​២០០១ ដែល​បោះ​បង់​ចោល​កោះ​គុត​នោះ​ទេ ហើយ​មិន​ព្រម​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​កោះ​គុត​មក​វិញ​នោះ​ទេ លោក ហ៊ុន ម៉ាណែត នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​ទី​ពីរ​បន្ទាប់​ពី​ឳពុក​របស់​គាត់»

បន្ថែម​ពី​នេះ លោក អ៊ុំ សំអាន អះ​អាង​ថា លោក ហ៊ុន សែន ធ្លាប់​បម្រើ​មហិច្ចតា​វៀតណាម កាត់​កោះ​ត្រល់ ចង្កោម​កោះ​ក្រចក​សេះ និង​ដី​តាម​បន្ទាត់​ព្រំដែន​ជាច្រើន​រយហិកតា ឱ្យ​ទៅ​វៀត​ណាម ដែល​ជា​ការ​ដឹង​គុណ​វៀតណាម ដែល​បាន​លើក​បន្តុប​ឱ្យ​ឡើង​កាន់​អំណាច​ ចាប់​​ពី​ឆ្នាំ១៩៧៩ មក។

លោក​បន្តថា លោក ហ៊ុន សែន មិន​ត្រឹម​តែ​កាត់​ទឹក​ដី​ឱ្យ​ប្រទេស​ជិត​ខាង​ទេ គាត់​ធ្លាប់​គំរាម​អង្គ​ព្រះមហាក្សត្រ​ចង់​រំលាយ​របបរាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ចោល បើ​ព្រះអង្គ​មិន​ព្រម​ឡាយ​ព្រះហស្ថលេខា លើ​​សន្ធិសញ្ញា​ព្រំ​ដែន​​ខុស​ច្បាប់ ឆ្នាំ១៩៨២ ១៩៨៣ និង១៩៨៥ រស់​ឡើង​វិញ​នៅ​ឆ្នាំ២០០៥ ដើម្បី​សម្រេច​មហិច្ឆតា​វៀត​ណាម​លេប​ទឹកដី​ខ្មែរ ទាំង​លោក ហ៊ុន សែន ដឹង​ថា ទង្វើ​នេះ​បាន​បំពាន​លើ​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ២៣តុលា ឆ្នាំ១៩៩១ក្តី ។

លោកថា៖ «មេ​ដឹកនាំ​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ទៅ​ប្រទេស​ជិត​ខាង​ ឬ​កាត់​ទឹកដី​ឱ្យ​ប្រទេស​ជិត​ខាង​ហ្នឹង​គាត់​នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ ដូច​ឳពុក​របស់​គាត់ ដែល​ឳពុក​របស់​គាត់​កាត់​កោះត្រល់​ឱ្យ​យួន ហើយ​លោក ហ៊ុន ម៉ាណែត អាច​នឹង​កាត់​កោះគុត​ឱ្យថៃ ដូច្នេះ​ត្រកូល​ហ៊ុន​ នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ​តជំនាន់»

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក អ៊ុំ សំអាន។ លោកថា រដ្ឋាភិបាល​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទស​ជិត​ខាង​នោះ​ទេ។

មន្រ្តី​នាំពាក្យ​រូប​នេះ បាន​វាយ​បក​វិញ​ថា អ្នក​ដែល​ចោទ​ប្រកាន់​មេដឹកនាំ​បក្ស​កាន់​អំណាច​ ជា​ជន​ក្បត់​ជាតិ គឺ​ជា​ការ​ទម្លាក់​កំហុស​ដាក់​រដ្ឋាភិបាល ក្នុង​បំណង​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល។

លោកថា៖ «ការ​ចោទ​ប្រកាន់ ការ​ដែល​តវ៉ា​រឿង​ព្រំដែន​ នៅ​តាម​ហ្វេស​ប៊ុក ទៅ​តាម​វោហារ​សាស្រ្ត តាម​រលក​ធាតុ​អាកាស​ទាំង​អស់​ហ្នឹង​វា​អត់​ប្រយោជន៍​ទេ»

យ៉ាង​ណា​កាល​ពី​ចុង​សប្តាហ៍​នេះ  រដ្ឋាភិបាល​បាន​ដឹក​នាំ​ពលរដ្ឋ​ប្រមាណ​ជាង​២០០នាក់ ធ្វើ​ទស្សនកិច្ច​តាម​ខ្សែ​ក្រវាត់​ព្រំដែន​កម្ពុជា វៀត​ណាម ចាប់​ពី​បង្គោល​ព្រំ​ដែន​លេខ​៦៩ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុកស្នួល ខេត្តក្រចេះ រហូត​ដល់​បង្គោល​ព្រំដែន​លេខ​៦៥ ច្រក​ទ្វារ​ព្រំដែន​ឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា ការ​ដឹកនាំ​ពលរដ្ឋ​ចុះ​មើល​ព្រំដែននេះ ឆ្លុះ​បញ្ចាំង​ពី​កិច្ច​ការ​ពារ​អធិបតេយ្យ​ភាព បូរណភាព​ទឹក​ដី របស់​រាជ​រដ្ឋាភិបាល​ទាំង​ពីរ​ជំនាន់ ជាពិសេស​ចង់​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​បាត់​បង់​ទឹក​ដី​សូម្បី​មួយ​មីល្លីម៉ែត្រ។

ដោយ​ឡែក ប្រធាន​ក្រុមឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត និយាយថា ការ​ដឹក​នាំ​ពលរដ្ឋ​ទៅមើល​ព្រំដែន​ ជា​នយោបាយ​ប្រជាភិថុត៌​របស់គ្រួសារ​ហ៊ុន ចង់​បិទ​បាំង​ទង្វើ​អាក្រក់​របស់ខ្លួន​កាត់​ដី​ឱ្យ​បរទេស។

លោក​គូស​បញ្ជាក់​ថា  មេ​ដឹក​នាំ​ដែល​មាន​ឆន្ទៈ ការពារ​ជាតិ​ទឹក​ដី គេ​មិនដែល​យក​សន្ធិសញ្ញា​ខុស​ច្បាប់​ដែល​គូស​វាស​ដោយប្រទេស​ជិត​ខាង​ចង់​លេប​ទឹក​ដី ទៅ​កំណត់​បន្ទាត់​ព្រំដែន​ដូច​បច្ចុប្បន្ន​ទេ លោក​ថា ការ​នាំ​ពលរដ្ឋ​ទៅ​មើល​បង្គោល​បច្ចុប្បន្ន ជា​បង្គោល​ដែល​បោះ​ចូល​ដីខ្មែរ តាម​ការ​ចង់បាន​របស់​ប្រទេស​ជិត​ខាង មិនមែន​ជា​ព្រំដែន​ត្រឹម​ត្រូវ ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញទេ។

លោកថា៖ «ការដឹក​នាំ​ប្រជាពលរដ្ឋ​ទៅ​មើល​ព្រំដែន​ ហ្នឹង​វា​ជា​ការ​សម្ដែង​ទេ មិនមែន​ទៅ​នាំ​ប្រជាពលរដ្ឋ​ទៅ​ការពារ​បូរណភាព​ទឹក​ដី​ទេ។ គ្រាន់​ជា​វេទិកា​មួយ​ទៅ​សម្ដែង​នៅ​តាម​តំបន់​ព្រំដែន ហើយ​ថត​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​ព័ត៌មាន​របស់​ជាតិហ្នឹង។ ហើយ​អាហ្នឹង​ដូច​ជាការ​ជួយ​បំបាំង​រឿង​ពិត​នៅ​ពី​ខាង​ក្រោយ​ថែម​ទៀត»

អ្នក​ជំនាញ​ច្បាប់​ និងអភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន់ ចាន់ឡូត និយាយ​ប្រាប់​ វីអូឌី ថា អ្នក​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី ទៅ​ប្រទេស​ជិត​ខាង នឹង​ជាប់​ឈ្មោះ​ជាជន​ក្បត់ជាតិ ក្នុង​ប្រវត្តិសាស្រ្ត​ខ្មែរ​ត​ជំនាន់ និង​ក្បត់​ឆន្ទៈ​បុព្វបុរសខ្មែរ ។

លោកថា៖ «នៅពេល​ដែល​អ្នកដឹក​នាំ​ក្បត់ជាតិ ហើយ​មិន​អាច​ការពារ​នូវ​បូរណភាព​ទឹកដី​បាន អំណាច​អ្នក​ដឹក​នាំ​ នោះនឹង​ត្រូវ​អស់នៅ​ពេល​ណា​មួយ​មិនខាន។ វា​មិនមែន​ជា​រឿង​លេង​សើច​ទេ ហើយ​ក៏​ពលរដ្ឋ និង​មិន​បណ្ដោយ​ឲ្យ​មាន​មេដឹក​នាំ​ ដែល​មិន​អាច​ការពារ​នូវ​បូរណភាព​ទឹក​ដី ការពារ​នូវ​សុខ​សន្តិភាព ឬក៏​យុត្តិធម៌​សង្គម​សម្រាប់​ប្រជាពលរដ្ឋ​របស់​ខ្លួន​ហ្នឹង​ដែរ»

បន្ថែម​ពីនេះ លោក វ៉ន ចាន់ឡូត ក៏បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​កាលពីថ្ងៃទី២២ ខែធ្នូថា ប្រជាជាតិ​មួយ​ត្រូវតែ​មាន​កាតព្វកិច្ច​ការពារ​ឱ្យបាន​គត់មុត​ នូវ​អធិបតេយ្យ និងបូរណភាព​ទឹកដី​របស់ខ្លួន។

លោកថា អ្វីដែល​លោក ហ៊ុន ម៉ាណែត លើក​ឡើង​ថា រដ្ឋាភិបាល​នឹង​មិន​ទៅ​លេងល្បែង​ទឹកដី​ជាមួយ​ប្រទេសជិតខាង ទំនង​ជា​ទស្សនៈ​នយោបាយ​កំសាក​អន់ថយ និង​គ្មាន​ភាព​ស្មោះត្រង់​ចំពោះ​មុខ​ប្រជា​ជាតិខ្មែរ។

លោក​បន្តថា ពលរដ្ឋខ្មែរ​មួយ​ចំនួនធំ​បានដឹង​ជា​សច្ចៈថា «កោះគុត» មាន​ចំណែក​កម្មសិទ្ធិ​មួយផ្នែក​ ជារបស់​កម្ពុជា​សំអាង​លើ​សន្ធិសញ្ញា​បារាំង-សៀម ថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧។ ព្រំដែន​គោក​យកត្រឹម​បង្គោល​​លេខ៧៣ រីឯ​ព្រំដែន​សមុទ្រ​យក​ត្រឹម​ចំណុច​ខ្ពស់​បំផុត​នៃកោះគុត។

យ៉ាង​នេះក្តី អ្វីដែល​មិនអាច​ប្រកែក​បាន នាសម័យ​ទំនើប​នេះ គេចាំ​សារ​សំឡេង របស់​លោក ហ៊ុន សែន ដែល​បាន​គំរាម​រំលាយ​ស្ថាប័ន​ព្រះមហាក្សត្រ អំឡុងឆ្នាំ២០០៥ ដើម្បី​សម្រេច​មហិច្ឆតា​វៀតណាម​ លេប​ទឹក​ដី ដោយ​បាន​ប្រែក្លាយ ធ្វើឱ្យ​សន្ធិសញ្ញា​ខុស​ច្បាប់ ឱ្យ​រស់​ឡើង​វិញ​នេះ។

សំឡេង៖ «ខ្ញុំ​និយាយ​ជា​មួយ​សម្តេច​ក្រុមព្រះ​ហើយ ខ្ញុំ​ថា​ព្រះអង្គ និយាយ​ប្រាប់​ឯកឧត្តម ស៊ុន ចាន់ថុល កុល ផែង ស៊ីសុវត្ថិ សន្ថារ៉ា នៅលើយន្ត​ហោះ ហើយខ្ញុំ​ប្រាប់​សម្តេច​ក្រុមព្រះ​ពេល​ដែល​ជួប​តាម​ទូរស័ទ្ទ​ថា​ព្រះអង្គ​បើ​លើក​នេះ​វា​ពិបាក​ស៊ីញ៉េ ត្រូវ​ពិនិត្យ​ឡើង​វិញ យើង​គួរ​ទុក​រាជានិយម ឬ​ធ្វើ​សាធារណរដ្ឋ ឱ្យ​វា​មាន​ប្រធានាធិបតីម៉ង»

កម្តៅនេះ វាបាន​លេច​ឡើង នូវ​វិធាន​ប្រើ​តុលាការ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះជាតិ ចេញ​ពី​ឆាក​នយោបាយ ខណៈ​គណបក្សនេះ មាន​អាសនៈក្នុង​សភា​ជិត​ពាក់​កណ្តាល ដែល​ជា​រឿយៗ​តំណាង​រាស្ត្រ​គណបក្ស​នេះ​ តែង​តែ​ជំទាស់​នឹង​ការ​បោះបង្គោលព្រំដែននេះ  ។

យ៉ាងណាក្តី អ្នកឃ្លាំមើល ថា ទង្វើរបស់ លោក ហ៊ុន សែន ទាំងរំលាយគណបក្សសង្ក្រោះជាតិ ការរំកិលបង្គោលព្រំដែន និង​ការ​ធ្វើ​ឱ្យ​សន្ធិសញ្ញា​ព្រំដែន​ខុសច្បាប់ ឱ្យ​រស់​ឡើង​វិញ​នៅឆ្នាំ​២០០៥ បាន​រំលោភ រដ្ឋ​ធម្មនុញ្ញ​ត្រង់​មាន​ត្រា៥៥ និងក្រមព្រហ្មទណ្ឌមាត្រា ៤៤០។

មាតា​៥៥ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែង​ថា «សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី អព្យាក្រឹត្យភាព និង​ឯកភាព​ជាតិ​របស់​ព្រះរាជាណាចក្រកម្ពុជា ត្រូវ​លុប​ចោល»។ ដោយ​ឡែក ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៤០ ចែងថា «អំពើប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬភ្នាក់ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬមួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត»៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ