ក្នុងសំណុំរឿងពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍ CLV មេធាវីការពារក្ដី និងមន្រ្តីសិទ្ធិមនុស្ស សម្ដែងការសោកស្ដាយ ចំពោះអវត្តមានរបស់ជនត្រូវចោទទាំង ៣៧រូប ដែលភាគច្រើនកំពុងឃុំខ្លួនក្នុងពន្ធនាគារ តែមិនមានវត្តមានក្នុងសវនាការរបស់ខ្លួន។ គេបានចាត់ទុក ករណីនេះ ថា ជាអំពើរំលោភសិទ្ធិក្នុងការទទួលបានយុត្តិធម៌ ដោយស្មើភាពគ្នាយ៉ាងធ្ងន់ធ្ងរ។
នៅព្រឹកថ្ងៃអង្គារនេះ សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ ក្នុងសំណុំរឿងដែលមានសកម្មជននយោបាយ បរិស្ថាន និងសង្គមជាច្រើនរូប ត្រូវរងការចោទប្រកាន់ពាក់ព័ន្ធនឹងការអត្ថាធិប្បាយ រួមទាំងសកម្មភាពរបស់គេទាក់ទិននឹងតំបន់ត្រីកោណអភិវឌ្ឍកម្ពុជា ឡាវ និងវៀតណាម។
ករណីតំបន់ត្រីកោណអភិវឌ្ឍនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា មានមនុស្ស៩៤នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធទៅនឹងការរិះគន់អំពីរឿងនេះ ហើយយ៉ាងហោចណាស់ ៥៩នាក់ ត្រូវបានចោទប្រកាន់ ឬស្ថិតនៅក្នុងការឃុំខ្លួនបណ្ដោះអាសន្ន និងរងបទចោទ ញុះញង់ ឬរួមគំនិតក្បត់។
មេធាវី ជូង ជូងី ដែលជាមេធាវីការពារចុងចោទមួយរូប បានថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីចាកចេញពីតុលាការថា ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចបំបែកសំណុំរឿងនេះទៅជាប្រាំ ៥សំណុំរឿង តាមការស្នើរបស់តំណាងអយ្យការ ប៉ុន្តែពុំបានបញ្ជាក់ជុំវិញការចាត់ចែងរឿងក្ដីទាំងនេះឡើយ។
តែទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាមេធាវីការពារក្ដីមួយរូប ក៏ដូចជាមេធាវីការពារចុងចម្លើយ ៦រូប ផ្សេងទៀតលោក ជូងី បានជំទាស់ទៅនឹងការស្នើសុំបំបែករឿងក្ដីពីតំណាងអយ្យការ ដោយលោកថា សំណុំរឿងនេះមានអង្គហេតុតែមួយ គឺការផ្សាយផ្ទាល់នៃវីដេអូរបស់លោក ស្រ៊ុន ស៊្រន និយាយពី CLV ដែលមិនបានស្មុគស្មាញដូចការលើកឡើងរបស់អយ្យាការទេ។ លោកក៏បានបន្ទោសតំណាងអយ្យការ ដែលទើបដាក់ពាក្យកាលពីម្សិលមិញចំពោះការស្នើសុំបំបែកសំណុំរឿង ខណៈមេធាវីចុងចោទពុំមានពេលវេលាគ្រប់គ្រាន់ ក្នុងការពិនិត្យលើរឿងនេះឡើយ។
លោក និយាយថា៖ «ខ្ញុំគិតថា សំណុំរឿងនេះវាអត់ស្មុគស្មាញពេកទេ ចឹងការបំបែកសំណុំរឿងអាច ពន្យាពេលវែងទៅទៀត។ ចឹងខ្ញុំជាមេធាវីការពារសិទ្ធិឱ្យជនត្រូវចោទ និងមេធាវីមួយចំនួនទៀត គាត់សុំថា កុំឱ្យបំបែកសំណុំរឿង ឱ្យដំណើរការនីតិវិធីរួមគ្នាទាំងអស់ម្ដងទៅ ប៉ុន្តែចុងក្រោយនេះ ចៅក្រមសម្រេចបំបែកសំណុំរឿង៥ផ្សេងគ្នា»។
ចំណែកមន្ត្រីសមាគមការពារសិទ្ធិមនុស្ស អាដហុក ដែលបានចូលស្ដាប់សវនាការព្រឹកនេះផងដែរ លោក យី សុខសាន្ត មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលនឹងបន្តឃ្លាំមើលសំណុំរឿងនេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយលោកក៏មានមន្ទិលសង្ស័យមួយចំនួនអំពីការបំបែកសំណុំរឿងរបស់តុលាការនេះផងដែរ។
លោក និយាយថា៖ «ការបំបែកសំណុំរឿងនេះ វាហាក់ដូចជាមានចេតនាមួយ តុលាការគាត់ចង់បំបែកវាមិនខុស ខ្លាចថាវាអាចថា អា[ល]លក មានធ្នាក់ មានស្អីៗចឹង»។
ជនត្រូវចោទទាំង ៣៧រូប នោះរួមមាន លោក ស្រ៊ុន ស្រ៊ន កញ្ញា ភឹង សោភា និងលោក សាន សិទ្ធិ ជាដើម។
វីអូឌី នៅពុំទាន់អាចសូមការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបាននោះទេ។ របាយការណ៍របស់គម្រោងយុត្តិធម៌ពិភពលោក World Justice Project ឆ្នាំ២០២៤ នេះ បានចាត់ថ្នាក់ប្រទេសកម្ពុជា នៅបាតតារាងជុំវិញកម្រិតយុត្តិធម៌នៅក្នុងសង្គម គឺលេខរៀងទី ១៤១ ក្នុងចំណោម ១៤២ប្រទេស។ គម្រោងយុត្តិធម៌ពិភពលោក អះអាងថា ហេតុផលដែលកម្ពុជាស្ថិតនៅចំណាត់ថ្នាក់អាក្រក់ផ្នែកប្រព័ន្ធយុត្តិធម៌ ដោយសារតែរដ្ឋាភិបាលនៅតែប្រើឥទ្ធិពលលើតុលាការ ជាពិសេសរឿងក្តីដែលទាក់ទងនឹងនយោបាយ។












