កសិករ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​ក្រោម​សារ​នយោបាយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ

ប្រជា​កសិករ​មួយ​ចំនួន បានស្នើ​ឱ្យ​រដ្ឋាភិបាល​បន្ត​រក្សា​តម្លៃ​ស្រូវជាង​១ពាន់រៀល​ក្នុងមួយគីឡូ ដូច​ឆ្នាំ​មុន ក្រោ​​ម​ហេតុផល​ថា តម្លៃ​នេះ ទើប​អាច​ទូទាត់​ថ្លៃ​ចំ​ណាយ​លើ​ជី ការភ្ជួរ​រាស់ និងកម្លាំង​ពលកម្ម​បាន។

កសិករ​ធ្វើ​ស្រែ​មួយ​រូប អ្នកស្រី ម៉ែន ដាវី និយាយ​ថា តម្លៃ​ស្រូវ​នៅ​ក្នុង​ឆ្នាំនេះ បាន​ធ្លាក់​ចុះ​ពី​១២០០រៀល​ក្នុង​មួយ​គីឡូ មក​នៅតែ​ជាង ៩០០រៀល​ក្នុង​មួយគីឡូ​ប៉ុណ្ណោះ។

 អ្នកស្រី បន្តថា ការចាប់​ផ្ដើម​ធ្លាក់ចុះ​នៃ​តម្លៃ​ស្រូវ​របស់​កសិករ​នេះ បាន​កើតមាន​រយៈ​ពេល​ជាង​ ១ខែ​មក​ហើយ ក្រោយ​ពេល​ដែល​រដូវ​ប្រមូល​ផល​បាន​ចូល​មក​ដល់។

ដែល​ការណ៍​នេះ អ្នកស្រី អះអាងថា ទាំង​អ្នកស្រី​ដែលមាន​ដី​ស្រែ​ទំហំ ​២ហិកតា ហើយ​អាច​ប្រមូល​ផល​បាន​ ៤តោន​ក្នុង​មួយ​ឆ្នាំ និងកសិករ​ផ្សេង​ទៀត ពុំអាច​ទូទាត់​ថ្លៃ​ចំណាយ​លើ​ជី ការ​ភ្ជួរ​រាស់ និង​កម្លាំង​ពលកម្ម​បាន​នោះទេ។

អ្នកស្រី ក៏បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ស្រូវ​នេះ​កុំឱ្យ​ស្ថិត​នៅក្រោម​ ១ពាន់រៀល​ក្នុង​មួយ​គីឡូ ដែលអ្នកស្រី យល់ថា តម្លៃប៉ុននេះទើបអាចសមរម្យសម្រាប់កសិករ។

ប្រ​ជាពលរដ្ឋ​រស់នៅ​ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្ត​ស្វាយរៀង អ្នកស្រី ដាវី និយាយថា៖ «យើង​ប្រឈម​នឹងការ​ខ្វះខាត​ខ្លាំង សូម្បីតែ​ការ​ហូបចុក​របស់​យើង​ ក៏​មានការ​កាត់​បន្ថយ​ដែរ ពេល​ខ្លះ​យើង​ទិញ​ម្ហូប​តែ​ប្រាំពាន់រៀល យើង​ហូប​មួយ​ថ្ងៃ​ពេញ ចឹង​ការ​ហូប​ចុក​របស់​យើង វា​ខ្វះ​សារធាតុវីតាមីន​មែនទែន​ហ្មង»

ចំណែក​កសិករ​មួយរូប​ទៀត នៅស្រុក​ថ្មគោល ខេត្ត​បាត់ដំបង អ្នកស្រី ម៉ៃ រស្មី និយាយថា អ្នក​ស្រី​ក៏​បាន​បង្ខំ​ចិត្ត​លក់​ស្រូវ​ទាំង​តម្លៃ​ថោក ពោលគឺ​បាន​តែជាង ៧០០រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​គីឡូ ដោយ​សារ​តែ​ត្រូវ​ទូទាត់​ថ្លៃ​ជី និងម៉ាស៊ីន​ច្រូត។

កសិករ​វ័យ ៤២ឆ្នាំ​រូប​នេះ បន្តថា ក្នុង​មួយ​ឆ្នាំ​អ្នក​ស្រី​អាច​ធ្វើការ​ដាំ​ដុះ​បាន​តែ​ម្ដង​ប៉ុណ្ណោះ​លើ​ផ្ទៃដី​ទំហំ ៤ហិកតា ដោយ​សារ​ដី​ស្រែ​នៅ​ឆ្ងាយ​ពី​តំបន់​មានទឹក ខណៈ​ការ​ប្រមូលផល​បាន​ចំនួន ១២តោន លើ​ផ្ទៃដី​ ៤ហិកតា​នេះ។ អ្នកស្រី ក៏បាន​ស្នើ​រដ្ឋាភិបាល​រក្សា​តម្លៃ​ស្រូវ​ឱ្យ​ដូច​ឆ្នាំ​មុន​ដែល​មួយគីឡូ​បាន​ជាង ១ពាន់រៀល។

អ្នកស្រី និយាយថា៖ «សម្រាប់​កសិករ​ឱ្យ​តែ​បាន​ស្រូវបានតម្លៃសមរម្យតែប៉ុណ្ណឹង»

វីអូឌី ពុំទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី លោក ឃឹម ហ្វីណង់ អ្នក​នាំពាក្យ​ក្រសួង​កសិកម្ម​បាន​តាម​រយៈ​ប្រព័ន្ធ​តេលេក្រាមនៅ​ឡើយ​ទេ ដោយ​លោក​ចូល​មើល​តែ​ពុំឆ្លើយ​តប។

កាល​ពី​សប្ដាហ៍​មុន ក៏​មាន​កសិករ​​ដាំ​ដំឡូង​​មី​​មួយ​​ចំនួន ត្អូញត្អែរ​​ជុំវិញ​​តម្លៃ​ដំឡូង​​មី​​ធ្លាក់​ថ្លៃ ដែល​ថា​​ពិបាក​ក្នុង​ការ​​ទូទាត់​​លើ​កា​​រ​ចំ​ណាយ​​​​ថ្លៃ​ដើម​ ​និង​​ពេល​វេលា​​ក្នុង​​ការ​​ដាំ​ដុះ រួម​ទាំង​ប្រឈម​​នឹង​​បញ្ហា​​ជីវភាព ដែល​ទាមទារ​​ឱ្យ​​រដ្ឋាភិបាល​​ជួយ​​រក​​ទីផ្សារ​​លក់​​ផលិត​ផល​​ក្នុង​​តម្លៃ​​សម​រម្យ​ផង​ដែរ។

បញ្ហា​គ្មាន​​ទីផ្សារ​ សម្រាប់​​លក់​ផលិតផល​​កសិកម្ម​ក្នុងតម្លៃ​សមរម្យ​នេះ ត្រូវ​បាន​​អ្នក​​ជំនាញ​ពាក់​ព័ន្ធ​​​បាន​លើក​ឡើ​ង​​​ថា បានក្លាយ​​ទៅ​​ជា​វិបត្តិ​សង្គម​ធំមួយ​ ដែល​ធ្វើ​ឱ្យកសិករខ្មែរ​ងើប​​មុខ​មិន​​រួច​​ថែម​​ទាំង​ធ្លាក់​​ខ្លួន​ជំ​ពា​ក់​​​​បំ​ណុ​ល​​ធនាគារ។

បញ្ហានេះ ជាផ្នែក​ជំរុញ​ឱ្យ​កសិករ​​ខ្លះ ​ធ្វើ​ចំណាកស្រុក​ ជះឥទ្ធិពលដំបូងគេលើកសិករងាយរងគ្រោះ  ជំរុញឱ្យមានការបោះបង់ការសិក្សា​ទាំងនៅ​វ័យក្មេង ​និង​​ក្លាយ​ទៅ​ជាក្មេង​មិន​ល្អក្នុង​សង្គមជាដើម។

ការ​បន្សល់​​ទុក នូវ​​វិបត្តិ​​ទីផ្សារ​ លក់​​ផលិតផល​​កសិកម្ម​​នេះ ហាក់​បង្ហាញ​​ថា បរាជ័យ​​ទៅ​​ការ​​អនុវត្ត​កម្មវិធី​នយោបាយ ដែល​បា​​ន​​អះ​អាង ពី​ការ​លើក​កម្ពស់​​ជីវភាព​​កសិករ  និង​​មិន​បាន​​បំពេញ​កាតព្វ​កិច្ច​តប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ផង​ដែរ។ កម្មវិធី​គោល​នយោបាយ​អាទិភាព​ចំនួន ៦របស់​រដ្ឋាភិបាល​ថ្មី​ចំនុចទី​៥បាន​និយាយ​ថា រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​យន្តការ​សម្រប​​​សម្រួល និង​កម្មវិធី​ហិរញ្ញប្បទាន សំដៅ​លើក​ស្ទួយ​ផលិត​កម្ម រក​ទីផ្សារ និង រក្សា​លំនឹង​ថ្លៃ​កសិផល​សំខាន់ៗ​ក្នុង​កម្រិត​សមរម្យ។
ដោយ​ឡែក​មាត្រា៦២និង ៦៣ នៃ​រដ្ឋធម្មនុញ្ញ​ចែង​ថា រដ្ឋ​យកចិត្ត​ទុកដាក់​ជួយ​ដោះ​ស្រាយ​មធ្យោបាយ​ផលិត ការពារ​ថ្លៃ​ផលិតផល ជូនកសិករ សិប្បករ និងជួយ​រក​ទីផ្សារ​លក់​ផលិតផល។ រដ្ឋ​យកចិត្ត​ទុក​ដាក់​គ្រប់​គ្រង​ទីផ្សារ ជួយ​ឱ្យ​ជីវភាព​រស់នៅ​របស់ប្រជាពលរដ្ឋ មានកម្រិតសមរម្យ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ